សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៤នេះ បានដឹកនាំប្រតិភូជាន់ខ្ពស់ទៅកាន់សាធារណៈរដ្ឋប្រជាមានិតចិន ដើម្បីចូលរួមបើកពិព័រណ៍ អាស៊ាន ចិន លើកទី១១ និងកិច្ចប្រជុំ កំពូលស្តីពីធុរៈកិច្ចនិងវិនិយោគ អាស៊ាន ចិន ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងណាន់និញ ខេត្តក្វាងស៊ី នៃសាធារណៈរដ្ឋប្រជាមានិតចិន។ពិព៍រណ៍នេះ នឹងចាប់ផ្តើមនៅថ្ងៃទី១៦ខែកញ្ញា។
ឯកឧត្តម ស៊្រី ថាមរ៉ុង្គ រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី បានឱ្យដឹងថា៖យោងតាមកម្មវិធី ក្នុងឱកាសស្នាក់នៅប្រទេសចិន ពីថ្ងៃទី១៥ដល់ថ្ងៃទី១៦កញ្ញា សម្តេចតេជោ នាយករដ្ឋមន្ត្រី នឹងទទួលជួបជាមួយឯកឧត្តម ហ្សាង កាលី ឧបនាយករដ្ឋមន្ត្រីចិន ,ជួបជាមួយលោកអភិ បាលខេត្តក្វាងស៊ី ,និងទទួលជួបជាមួយឯកឧត្តម ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាមនិងឯកឧត្តម ឧត្តមសេនីយ៍ Tanasak Patimapragon ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសថៃ ហើយនៅល្ងាចនេះដែរ សម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏នឹងអញ្ជើញចូលរួមក្នុងពិធីជប់លាងដែលរៀបចំដោយរដ្ឋាភិបាលចិនផងដែរ។
តមក នៅថ្ងៃទី១៦ខែកញ្ញា សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងអញ្ជើញបើកពិព័រណ៍ អាស៊ាន ចិន លើកទី១១ និងកិច្ចប្រជុំ កំពូលស្តីពីធុរៈកិច្ចនិងវិនិយោគ អាស៊ានចិន ដែលនៅក្នុងឱកាសនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏នឹង អញ្ជើញឡើងថ្លែងសុន្ទរកថា ផងដែរ។ បន្ទាប់មក សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏នឹងអញ្ជើញទស្សនាពន្លាជាតិនិងស្តង់ពិព័រណ៍នានារបស់កម្ពុជា។
សម្តេចតេជោ នាយករដ្ឋមន្ត្រី នឹងអញ្ជើញនិវត្តន៍មកកម្ពុជាវិញនៅរសៀលថ្ងៃទី១៦ខែកញ្ញា។ឯកឧត្តម ស៊្រី ថាមរ៉ុង្គ បានរំលឹកបញ្ជាក់ថា ពិព័រណ៍អាស៊ាន ចិន គឺបានចាប់ ផ្តើមតាំងពីឆ្នាំ២០០៤ ហើយរហូតមកដល់ពេលនេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួម ដោយផ្ទាល់ ចំនួន៨ដងមកហើយ ដោយបានបង្ហាញពីតួនាទីយ៉ាងសកម្មរបស់កម្ពុជានៅក្នុងឱកាសពិព័រណ៍នោះ ក៏ដូចជាការលើកទឹកចិត្តនិងគាំទ្រយ៉ាងសកម្មរបស់កម្ពុជានៅក្នុងការរៀបចំពិព័រណ៍នេះផងដែរ៕
No comments:
Post a Comment