Friday, June 06, 2014

បទវិភាគនយោបាយ៖ កម្ពុជាក្រោម និងដែនដីអតីតកាល

រ័ត្ន​ សណ្ដាប់

នៅក្នុងសម្រែកបន្លឺទ្បើង យ៉ាងព្រោងព្រាតតាម​​បណ្ដោញព៌ត័មានសង្គម កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៤​ ដែលបងប្អូនខែ្មរកម្ពុជាក្រោម​បានធ្វើពិធី គម្រប់ ៦៥ឆ្នាំ នៃការបាត់បង់ទឹកដី កម្ពុជាក្រោម ក្នុងនោះខ្ញុំក៏បានចាប់អារម្មណ៍អ្វី ​ដែលពួក​គេ រៀបចំប្រារព្វពិធីរំលឹកខួប ទឹកដីនោះ ​​ ដែលបានប្រព្រឹត្ដិនៅវត្ដសាមគ្គីរង្ស៊ី ក្នុងរាជធានីភ្នំពេញ ហាក់ញាំងចិត្ដខ្ញុំឲ្យនឹក ឃើញទៅដល់ រឿងរ៉ាវ ប្រវត្ដិសាស្រ្ដ កាលពីសម័យអាណាចក្របារាំង ដែលជាអាណានិគមលើ​ប្រទេស ឥណ្ឌូចិន និងមក លើ ប្រទេសកម្ពុជា ពី « ឆ្នាំ១៨៦៣ ដល់ឆ្នាំ ១៩៥៣ » ពិសេសការសម្រេចរបស់បារាំង នៅឆ្នាំ១៩៤៩ ​ប្រគល់​ទឹកដីមួយភាគធំជាចុងក្រោយ គ្របដណ្ដប់លើភូមិសាស្រ្ដចំនួន ២១ខេត្ដ ដែលហៅថា «​ កម្ពុជាក្រោម» នោះឯង ។

            ព្រឹត្ដិការណ៍នៃការប្រារព្ធខួបនេះ បានប្រព្រឹត្ដទៅជារៀងរាល់ឆ្នាំ ក្រោយពីមានកិច្ចព្រម ព្រៀងសន្ដិភាពទីក្រុងប៉ារីសថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ដែលបានចុះហត្ថលេខា​ព្រមព្រៀង​រវាង​ប្រទេស​១៨ ​​ក្នុងនោះ​មានមហាអំណាច​ធំៗទាំង៥​ រួមទាំងអង្គការ​សហប្រជាជាតិ​ និងប្រទេស វៀតណាម ផងដែរ​ ។

ខ្ញុំតែងតែតាមដាន​កម្មវិធីនេះ យ៉ាងយកចិត្ដទុកដាក់​ ព្រោះជាបទពិសោធន៍មួយនៃ ប្រវត្ដិសាស្រ្ដ ដែលយើង​ជាខ្មែរ​​ត្រូវ​ចង​ចាំនូវ​មេរៀន​ដ៏​ជូរចត់នៃ​ការបែកបាក់សាមគ្គីជាតិ​ដែលបាន​កើតមាន​កាលពីអតីតកាល​ ប៉ុន្ដៃដែលបែរជា ធ្វើឲ្យខ្ញុំ​មានការ​ភ្ញាក់​ផ្អើល​​ និងខកចិត្ដ​យ៉ាងខ្លាំងនា​ពេលនេះ គឺនៅពេល​ឃើញ​មេដឹក​នាំ ​គណបក្សសង្រ្គោះ​ជាតិ​​យក​វេទិកា​នេះ ​ទៅបំភ្លៃ​ ឲ្យ​ទៅ​ជា វេទិកា​របស់គណបក្សខ្លួនទៅវិញ ​​​ក្នុងន័យកេងចំណោញផលប្រយោជន៍ នយោបាយរបស់ខ្លួន ដោយធ្វើការបំភាន់មតិជាតិ និង អន្ដរជាតិ​ ញុំាង​ដល់​សារព៌ត័មាន​បរទេស​ដែលបោះ​ទីតាំង​ក្នុងស្រុកមួយចំនួន​ សរសេរ​ពីរឿងនយោបាយ​​ អធិបតេយ្យ​របស់ប្រទេស​​ប្រាសចាក ​ច្បាប់ជាតិ នឹងច្បាប់អន្ដរជាតិ ទាំងស្រុង។ ​មេដឹកនាំបក្សប្រឆាំង​ទាំងពីររូប​ លោកសម រង្ស៊ី និង         លោក កឹម សុខា ​បានលើកចំណុច​សំខាន់ៗមួយចំនួន​ ដែល​ញុំាំងដល់ការបញ្ជោះ​ឲ្យ​មានកំហឹង​រវាង ប្រជាជាតិ​នៃប្រទេស​ទាំង​ពីរ​ និងយកច្បាប់អន្ដរជាតិ​ស្ដីពី​ព្រំដែន​មក​ជាន់ឈ្លី​នោះគឺ៖​

            -​ បានចោទថា​ រដ្ឋាភិបាល​បច្ចុប្បន្ន​ បានអនុញ្ញាត​ឲ្យវៀតណាម​​ រំកិល​ព្រំដែន​។​ ត្រង់ចំណុចនោះ​ សម្ដេចនាយករដ្ឋមន្រ្ដី ហ៊ុន សែន​ បានធ្វើ​ការឆ្លើយ​បំភ្លឺ​​យ៉ាងគ្រប់ជ្រុង​ជ្រោយ​​ នៅក្នុងកិច្ច​ប្រជុំសភា​ កាលពីថ្ងៃទី​​០៩ ខែសីហា  ឆ្នាំ​​២០១២​ គឺរាល់​ការចុះកិច្ច​ព្រម​ព្រៀង​គ្នា​ពី​បញ្ហា​ព្រំដែន​កម្ពុជា តែង​តែ​ឈរ​លើ​គោលជំហរ​ ផែន​​ទី​ដែល​ព្រះ​ករុណា​សម្ដេច​ ព្រះបាទ​នរោត្ដម​សីហនុ​ (ព្រះបរមរតនកោដ្ឋ)​ ព្រះ​អង្គ​បានយកទៅតម្កល់នៅ​អង្កការសហប្រជាជាតិនៅឆ្នាំ១៩៦៤។​​

            -​ បានចោទ​​រាជរដ្ឋាភិបាល​ថា​​ បានអនុញ្ញាត​ឲ្យប្រជា​ជន​វៀត​ណាម​ ហូរចូល មករស់នៅក្នុងប្រទេសកម្ពុជា។ ត្រង់ចំណុច​នេះ​ ត្រូវបាន​គេនឹកឃើញ​ដល់​សំដី​អួត​កេ្អងក្អាងរបស់​មេបក្សប្រឆាំងថា ពេល​បក្សខ្លួន​ជាប់ឆ្នោត​ ខ្លួន​នឹង​ធ្វើ​ច្បាប់​អនុញ្ញាត​ឲ្យ​ប្រជាជនវៀតណាម​ចំនួន​២៥០០០០នាក់​ឲ្យបាន​ចូល​សញ្ជាតិកម្ពុជា។ ត្រង់ចំណុច​នេះ តើជា អ្វីទៅវិញ ?​

            - បានសន្សាថាបើបក្សប្រឆាំងជាប់ឆ្នោត​ និងធ្វើច្បាប់ឲ្យ​​កម្ពុជាក្រោម​ទៅជាខេត្ដមួយ របស់ ព្រះរាជាណាចក្រកម្ពុជា​។ ត្រង់ចំណុចនេះគឺ​កាន់តែធ្វើឲ្យខ្ញុំហួសចិត្ដទៅទៀត​ ព្រោះជាការ ប្រមាថជាន់ឈ្លី​​អធិបតេយ្យ​នៃប្រទេស​នីមួយៗ​ ដែលផ្ទុយពីច្បាប់អន្ដរជាតិទាំងស្រុង។

 ​ក្នុងនាមខ្ញុំជាអ្នកប្រវត្ដិសាស្រ្ដ ជាប្រជាពលរដ្ឋខ្មែរមួយរូប ដែលរស់នៅលើទឹកដី ដែលមាន អធិបតេយ្យ​ពេញលេញ មានខ្សែព្រំដែនអន្ដរជាតិច្បាស់លាស់ ត្រូវបានសម្ដេចព្រះបាទនរោត្ដម សីហនុព្រះប្រមុខរដ្ឋ (ព្រះបរមរតនកោដ្ឋ) ដែល​ព្រះអង្គបានតម្កល់ទុកផែនទីរបស់ប្រទេសខ្មែរ នៅ អង្គការសហប្រជាជាតិកាលក្នុងឆ្នាំ ១៩៦៤កន្លង មកនេះ។​ ​ការតម្កល់នេះ មានន័យយ៉ាង ជាក់ស្ដែងថា កម្ពុជាបានស្នើសុំឲ្យបណ្ដាលប្រទេសទាំងឡាយក្នុងពិភពលោកទទួលស្គាល់ព្រំដែន បច្ចុប្បន្នរបស់កម្ពុជា បន្ទាប់ពីឆ្លងកាត់សម័យសង្គ្រាម​ជា​មួយប្រទេសជិតខាងកន្លងមក ឆ្លងកាត់ អាណានិគមរាប់ទស្សវត្សរ៍ ឆ្លងកាត់សង្គ្រាមលោកទាំងពីរលើកព្រះមហាក្សត្រខ្មែរ កាលណោះ​ទ្រង់ ចង់ឃើញ ព្រះរាជាណាចក្រកម្ពុជាមួយ នៅគង់វង្សស្ថិតស្ថេរ តកូន តចៅ រៀងទៅ។

            ជាការពិត​ណាស់​នរណា​ក៏ដឹងដែរថា​  នាសម័យអង្គរ ពូជពង្សខ្មែរជា​អាណាចក្រមួយ ធំធេង ណាស់ ល្បីរន្ទឺពាសពេញពិភពលោក ដែលជាអាណាចក្រមួយមាន​អនុភាពនៅក្នុងភូមិភាគ អាស៊ីអាគ្នេយ៍។ អាណាចក្រខ្មែរ ដោយសារតែមានវិបត្ដិផ្ទៃក្នុង ដោយសារ​តែការដណ្ដើមឥទ្ធិពល ពី ជាតិសាសន៍នៃប្រទេសជិតខាង ទើបមានព្រឹត្ដិការណ៍អាណា​និគមន៍​មកលើកម្ពុជាពីឆ្នាំ ១៨៦៣ នេះឡើង។ ក្នុងកាលៈទេសៈនោះ កម្ពុជាបានឆ្លងកាត់សង្គ្រាមដណ្ដើម ផលប្រយោជន៍នៃ  ប្រទេសធំៗក្នុងពិភពលោក​ និងសង្គ្រាមក្នុងតំបន់ជាច្រើនលើក ច្រើនសារជាបន្ដបន្ទាប់ ដែលជា​កត្ដាញ៉ាំងឲ្យមាតុភូមិដ៏បឋររបស់យើង ត្រូវបាត់បង់ដោយសារសេចក្ដីសម្រេច របស់អាណានិគម បារាំង។

            បើងាកមកនិយាយពី​ប្រទេស​ទាំងទ្បាយ  ដែលរស់នៅលើភូមិភាគអាស៊ីអាគ្នេយ៍​កាល ណោះ ពុំមាន​បច្ចេក​ទេស​ និង ឯកទេសច្បាប់អន្ដរជាតិច្បាស់លាស់ ទើបការ បែងចែកខ្សែបន្ទាត់ព្រំ​ដែន​ឲ្យមាន​លក្ខណៈជាអន្ដរជាតិ ដែលប្រទេសសាមីទាំងអស់អាចទទួលបាននោះ គឺអា​ស្រ័យ​ទៅ​លើ​ការចរចារ  ពឹងផ្អែកទៅលើបច្ចេកទេសរបស់មហាអំណាចទាំងអស់  ក្នុងនោះរួមមាន  បារាំង ជប៉ុន និងអាមេរិក។ល។  
            ក្នុងន័យនេះ តាមទស្សនៈរបស់អ្នកប្រវត្ដិសាស្ដ្រ ក៏ដូចជាអ្នកឯក​ទេសផ្នែកច្បាប់​អន្ដរ​ជាតិ​ ​ជំនាញខាងកំណត់ខ្សែបន្ទាត់ព្រំដែននោះ គឺពុំអាចបកក្រោយ​វិញបាន​ឡើយ។ ខ្សែបន្ទាត់​ព្រំដែនដែលចែកខ័ណ្ឌសីមា រវាងប្រទេសជិតខាងមួយ និងប្រទេសជិតខាងមួយ គឺត្រូវតែខិត​ខំថែរក្សាឲ្យបានភ្ជាប់ខ្ជួនចាប់ពីថ្ងៃចុះហត្ថលេខាដែលបានព្រមព្រៀងរួចហើយនះ​។

            ការព្រមព្រៀងលើខ្សែបន្ទាត់ព្រំដែនថ្មី តែងតែមានប្រទេសខ្លះត្រូវបាត់បង់ទឹកដីដូន​តា​​របស់ ខ្លួននិងប្រទេសខ្លះបានកើនទំហំផ្ទៃដីរបស់ខ្លួន។ ឧទាហរណ៍ ខ្មែរបានដណ្ដើមមក​វិញ​នូវខេត្ដ មួយចំរៀកបាត់ដំបង សៀមរាប ព្រះវិហារ ស្ទឹងត្រែង។ល។ ដែលត្រូវសៀមដណ្ដើមយកនោះ​បង្ខំបង្វែរមកឲ្យខ្មែរវិញ ប៉ុន្ដែជាអកុសល គឺបារាំងបានសំរេចកាត់ដែនដីកូសាំងស៊ីន និងដែនដី កោះ​ខ្មែរមួយចំនួនទៀតឲ្យទៅវៀតណាម។

            ហេតុដូច្នោះហើយ​បានជាយើងឃើញថា ជនជាតិខ្មែររាប់លាននាក់ដែលគេហៅ រត់មាត់ថា ខ្មែរសូរិនបាន​ស្ថិតក្នុង​ទឹកដីព្រះរាជាណាចក្រថៃ រីឯជនជាតិខ្មែររាប់លាននាក់ទៀត ដែលគេហៅថា ​ខ្មែរកម្ពុជា​ក្រោមនោះនៅក្នុងប្រទេសវៀតណាម។ ជាក់ស្ដែងយើងឃើញថា​ វប្បធ៌ម សាសនា ទំនាមទំលាប់ ប្រពៃណី អក្សរសាស្រ្ដ​របស់ជនជាតិមួយ​ គឺមិនអាចក្លាយ​ទៅជាជាតិសាសន៍ ដទៃទៀតបានឡើយ។

            ខ្ញុំយល់ថា អ្វីដែលបាន​រៀបរាប់ខាងលើ មិនគួរ​ពួកបក្សប្រឆំាង​យករឿងរ៉ាវ​ពីអតីត​កាលមករក ស៊ី​បោក​ប្រាស​ប្រជាពលរដ្ឋ​ខ្មែរ​​ ពិសេស​អ្នក​ដែលបាន​បោះឆ្នោត​គាំទ្រ​បក្សខ្លួន​ និង បោក ប្រាស​បងប្អូន​ខ្មែរ​កម្ពុជា​ក្រោម​ និងអុចបញ្ជោះកំហឹងនៃជនជាតិ​ទាំង​ពីរ​គឺ​ខ្មែរ​ និង វៀតណាម ​ដែលបច្ចុប្បន្នកំពុងរស់នៅយ៉ាងសុខក្សេមក្សាន្ដ​ជា​ប្រទេស​​ជិតខាង​គ្នានោះទេ​។ ព្រោះ ថាអ្វីៗដែល អតីតអ្នកដឹកនាំរបស់ខ្មែរយើងក្ដី របស់ប្រទេសជិតខាងក្ដី ក្រោម​ការសំរបសំរួល របស់មហាអំណាច នាពេលនោះក្ដី​ គឺចង់ឃើញប្រជាជន ប្រជាជាតិទាំងអស់​ចេះរស់នៅជាមួយគ្នា យោគយល់គ្នា រកស៊ីជាមួយគ្នា ដោយសន្ដិភាពក្នុងរង្វង់ខ្សែបន្ទាប់ព្រំដែនមួយ​ដែលជាខ័ណ្ឌ សីមាអន្ដរជាតិ។

No comments:

Post a Comment