Friday, June 06, 2014

បទអត្ថាធិប្បាយ​ ៖ សម្តី​បំភ្លើស​ការ​ពិត​របស់​មេបក្ស​ប្រឆាំង​ គឺ​ដើម្បី​បិទបាំង​នូវភាព​បរាជ័យ

ទោះបី​ ជាបក្ស​ប្រឆាំង​ខំ​ប្រឹង​បើក​យុទ្ធនា​ការ​ បំពុល​បរិយាកាស​នយោ​បាយ​ទាំង​នៅក្នុង​ និង​ក្រៅ​ប្រទេស​ ក៏​លទ្ធផល​របស់​ពួកគេ​ ត្រូវ​ទទួល​បរាជ័យ​ជាបន្តបន្ទាប់​។ នយោបាយ​អុច​អាល​ ញុះ​ញង់​ប្រជាពលរដ្ឋ​ឲ្យ​ធ្វើ​បាតុកម្ម​នៅក្នុងប្រទេស​ ក៏​ត្រូវ​សហគមន៍​អន្តរជាតិ​មិន​គាំ​ទ្រ​ ហើយ​ត្រូវ​បាន​ប្រទេស​ទាំង​នោះ​ ជំរុញ​ឲ្យ​មាន​ការ​ចរចា​នយោបាយ​វិញ​ទើ​បជាការ​ប្រសើរ​។

មក​ដល់​ពេលនេះ​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៥​ បាន​ដឹក​នាំ​ប្រទេស​ជិត​មួយឆ្នាំ​ទៅ​ហើយ​ និង​មិនមាន​ការជាប់​គាំង​ សេដ្ឋកិច្ច​ ឬការ​មិនទទួល​ស្គាល់​ពី​បណ្តា​ប្រទេស​នានា ដូច​ការ​ស្រែក​អះអាង​របស់​ បក្ស​ប្រឆាំង​ឡើយ​។ ជាក់​ស្តែង​ ពីធីប្រកាស​ប្រគល់ ទទួល​បដិមា​ បីអង្គ​ត្រូវ​បាន​ប្រារព្ធ​ធ្វើ​នៅទី​ស្តីការ​គណៈរដ្ឋ​មន្ត្រី នាពេល​ថ្មីៗនេះ​ ពិត​ជា​កើត​ចេញ​ពី​​កិច្ច​ខិត​ខំប្រឹងប្រែង​ប្រកប​ដោយ​ជោគជ័យ​របស់រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំប្រកប​ដោយ​គតិ​បណ្ឌិតរបស់សម្តេច​តេជោ ហ៊ុន សែន និង​ដោយ​មាន​ការចូលរួម​ជាដៃគូ និង​ការ​ទទួល​ស្គាល់រាជរដ្ឋាភិបាល​ស្រប​ច្បាប់​អាណត្តិ​ទី​៥​នេះ​ ​ពី​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក អង្គការយូណេស្កូ សាលា​បារាំង​ចុងបូព៌ា(EFEO) និងអ្នក​ជំនាញ​ដទៃទៀត​ជាច្រើន​នាក់​ផង​នោះ​ ទើប​ឈាន​ដល់​​​ការ​ប្រកាស​ប្រគល់បដិមាដ៏​ធំទាំង​បី​​ គឺ ទុរយោធន៍ ភីម និង​ ពលរាម ​ត្រឡប់​មកកាន់​ប្រទេស​របស់ខ្លួនវិញ ដោយ​សុវត្ថិភាព​ បន្ទាប់​ពី​​​វត្ថុ​បុរាណ​ទាំង​នោះ​បាន​បាត់​បង់​ទៅ​អស់​រយះ​ពេល​ជាង​៤០ឆ្នាំ​​ ។​ 

ជោគជ័យ​ថ្មី​មួយទៀត​ របស់​រាជរដ្ឋាភិបាល​ គឺ​ពិធី​បើក​កិច្ច​ប្រជុំ​បច្ចេ​កទេស​លើក​ទី២៣​របស់ គណៈ​កម្មាធិការ​អន្តរជាតិ សម្រ​ប​សម្រួល​កិច្ច​គាំពារ​និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​ប្រវត្តិ​សាស្រ្ត​អង្គរ (អាយ ស៊ី ស៊ី អង្គរ) នៅ​ខេត្ត​សៀម​រាប​ ដែលមាន​ការ​ចូល​រួម​ពី​បណ្តាប្រទេសជាច្រើន​​លើពិភព​​លោក​។​ ដូច្នេះ តើ​ជារាជរដ្ឋាភិបាល​បច្ចុប្បន្ន​ មិន​ស្រប​ច្បាប់​ដូច​បក្ស​ប្រឆាំង​ឃោសនា​ដែរឬទេ​?​​

ដោយសារ​​តែ​ភាព​​ចចេស ​រឹង​រូស​ មានៈ​ មិន​ព្រម​​ទទួល​ស្គាល់​នូវ​បរាជ័យ ពីការ​បោះឆ្នោត​​របស់​ខ្លួន​ មេបក្ស​​ព្រះអាទិត្យ​ទាំ​ង​ពីរ​នាក់​ កាន់​តែក្រពុល​មុខ​ ម្លោះ​ហើយ​តែង​ឆ្លៀត​យក​គ្រប់​វេទិកា​ វាយ​ប្រហារ​​​មក​លើ​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​ជាគណបក្ស​ឈ្នះ​ឆ្នោត​ ដោយ​ភ្លេច​គិត​ពី​ប្រយោជន៍​​ជាតិ​​​ ។​ វោហាសាសន៍​របស់ លោក កឹម សុខា និង​លោក សម រង្ស៊ី​ ដែល​បាន​និយាយ​នៅ​​វត្ត​សាមគ្គី​រង្សី​ កាល​ពី​ថ្ងៃ​ទី០៤ ខែមិថុនា​ ឆ្នាំ​២០១៤ ថ្មីៗនេះ​ គឺ​ជាសម្តី​ឥត​ខ្លឹមសារ​ គ្មាន​គិត​ពី​អធិបតេយ្យ​ជាតិ​ បន្ត​​នយោបាយ​ភូត​កុហក​ សន្យាខ្យល់​ជាមួយ​ប្រជាពលរដ្ឋ​​ម្តង​ហើយ​​ម្តង​ទៀត។
 
 លោក​ សម រង្ស៊ី ​សន្យា​ទៀត​ហើយ​​ថា ប្រសិន​បើ​គណបក្ស​ខ្លួន​ឈ្នះ​ នឹង​អនុញ្ញាត្តិ​ឲ្យខ្មែរ​ក្រោម​ ដែល​បច្ចុប្បន្ន​ គឺ​ជា​​ប្រជាជន​វៀត​ណាម​ ​​រស់​នៅ​អតីតកម្ពុជា​ក្រោម​ចូល​មក​ទឹក​ដី​កម្ពុជា​ដោយ​សេរី​ មិន​ចាំ​បាច់​មាន​លិខិត​ស្នាម​ ឬលិខិត​ឆ្លង​ដែន​អ្វី​ទាំងអស់​​ ​ហើយ​សន្យា​ផ្តល់​អត្តសញ្ញាណប័ណ្ណ​ឲ្យ​គ្រប់​ៗ​គ្នា​ថែម​ទៀតផង​​ ទន្ទឹម​ពេល​ដែល​ខ្លួន​ទៅ​ជួប​ប្រជាពលរដ្ឋ​នៅ​តាម​បណ្តា​ខេត្ត​ផ្សេង​ៗ​និយាយថា​ បើ​ខ្លួន​ឈ្នះ​នឹង​មិន​អនុញ្ញាត្តិ​ឲ្យ​ជន​ជាតិ​វៀត​ណាម​ហូរ​ចូល​កម្ពុជា​ ជាដាច់​ខាត​​ ឬ​ថា​នឹង​ប្រើ​ច្បាប់​អន្តោ​ប្រវេសន៍្ត​ ចំពោះ​ពួក​គេ​ ឬលើក​ពី​ការ​បន្លំ​ចុះឈ្មោះឲ្យ​ជន​ជាតិ​វៀតណាម​ ដើម្បី​បាន​បោះឆ្នោត​​។ល។​​ នយោបាយ​ឡប់​ៗ​ ម្តង​ទៅ​មុខ ម្តង​ថយក្រោយ​ មិន​ច្បាស់​លាស់​​បែប​នេះ​ តើ​ប្រជា​ពលរដ្ឋ​​គួរ​បោះ​ឆ្នោត​ឲ្យ​ដឹក​នាំ​ប្រទេស​​ដែរ​ឬទេ?​ តាមពិត​ វាជាពាក្យ​ដើម្បី​បិទបាំង​នូវ​ការ​បរាជ័យ​របស់​បក្ស​សង្គ្រោះ​ជាតិ​តែ​ប៉ុណ្ណោះ​។​

ចំណែក លោក កឹម សុខា វិញ​ រឹត​តែ​ពុល​ទឹក​មាត់​ថែម​ទៀត​។​ ដើម្បី​ឲ្យ​លើស​លោកប្រធាន​ សម រង្ស៊ី​ ក្នុង​ន័យ​ទាក់​ទាញ​ប្រជាប្រិយភាព​ពី​ប្រជាពលរដ្ឋ​ លោក​បាន​និយាយរហូត​​ដល់​ហ៊ាន​ស្នើ​ច្បាប់​ក្នុង​រដ្ឋ​សភា​ ដើម្បី​ឲ្យ​ប្រជាជន​វៀតណាម​ទាំង​នោះ​មក​រស់​នៅ​ក្នុងទឹក​ដី​កម្ពុជា​ ដោយ​​ស្រប​ច្បាប់​ទៀត​ផង​។ ចំណុច​នេះ​បញ្ជាក់​ថា​ ដោយ​សារ​តែ​ភាព​ចង់​ឈ្នះ​ ចង់​ឡើង​កាន់​អំណាច​ និង​ដើម្បី​កេង​ចំណេញ​ខាង​នយោបាយ​ លោក​ កឹម​ សុខា​ ហ៊ាន​យកអធិបតេយ្យជាតិ​ ទៅ​សន្យា​​ដោះ​ដូរ ដោយ​បើក​ចំហរ​ឲ្យ​ខ្មែរ​ក្រោម​ ដែល​ជាប្រជាជន​វៀត​ណាម​ ហូរ​ចូលមក​​កម្ពុជា​ដោយ​សេរី​​ ។ ឧបមាថា បើ​បក្ស​​សង្គ្រោះ​ជាតិ​ កាន់​អំណាច​ នៅពេល​ដែល​ឈ្នះ​ឆ្នោត​ ហើយ​ប្រសិន​បើ​ ​រដ្ឋាភិបាល​វៀត​ណាម​ បញ្ជូន​ជន​ជាតិ​របស់​គេ​ ពី​តំបន់​ផ្សេងៗ​ទៀត​ មក​រស់​នៅ​តំបន់​កម្ពុជា​ក្រោម​ ហើយ​ធ្វើ​លិខិត​​បញ្ជាក់​ថា​ពិត​ជាខ្មែរ​ក្រោម​ ពេល​នោះ​ជន​ជាតិ​វៀត​ណាម​ អាច​មក​រស់​នៅ​យ៉ាង​ស្រប​ច្បាប់​ ដូច​ការ​សន្យា​របស់​ លោក កឹម សុខា និង​លោក សម រង្ស៊ី​ ជា​មិន​ខាន​។ តើ​ពួក​លោកទាំង​ពីរ​ ​ជាអ្នក​ស្នេហា​ជាតិ ឬជាអ្នក​រៀប​គម្រោង​លក់​ជាតិឲ្យ​វៀតណាម​ ​ដោយ​ឈាម​ត្រជាក់?​ ដូច្នេះ​ សូម​បងប្អូន​ប្រជាពលរដ្ឋ​ ពិចារណា​ឲ្យ​បាន​ច្បាស់លាស់​​ ចំពោះ​នយោបាយ​ បោកប្រាស់ ភូត​កុហក សន្យាខ្យល់ ​របស់​មេបក្ស​ទាំង​ពីរ​។​​

មេ​បក្សទាំង​ពីរ​ ថែម​ទាំង​បាន​បំភ្លើស​អំពី​រឿង​ឧបទ្ទវហេតុ​នៅស្ពាន​​កោះពេជ្រ​ថា​ជាគម្រោង​ សម្លាប់​មនុស្ស​របស់​រាជរដ្ឋាភិបាល​ថែម​ទៀត​ ។ ពាក្យ​ចោទប្រកាន់​ថា រាជរដ្ឋាភិបាល​បាន​បង្កើត​ព្រឹត្តិការណ៍​​សម្លាប់​ខ្មែរ​នៅ​កោះ​ពេជ្រ​ និង​មាន​គោលបំណង​សម្លាប់​នៅពេល​ថ្ងៃបុណ្យ​អ៊ុំទូក​ ដើម្បី​យក​ហេតុ​ការណ៍​បំបិទ​ចោល​ពិធីបុណ្យ​អ៊ុំ​ទូក គឺ​ជាបទ​បរិហារ​បំភ្លើស​ការពិត​ របៀប​ប្រជាភិថុត​ ដើម្បី​កេង​ចំណេញ​នយោបាយ សុទ្ធសាធ​។ ​​ការ​ចោទប្រកាន់ដោយ​ងងើល​បែប​នេះ​ មិន​គួរ​អត់​ឱន​ដោយ​ផ្លូវ​ច្បាប់​ឡើយ​ យើង​សង្ឃឹម​ថា​រាជ​រដ្ឋាភិបាល​ នឹង​ពិនិត្យ​មើល​អំពី​ការ​ចោទ​ប្រកាន់​តាម​ផ្លូវ​ច្បាប់​ចំពោះ​ជន​ ដែល​បាន​និយាយមួល​បង្កាច់​ បំភ្លើសការ​ពិត​នោះ​។​​ 

ការ​ផ្អាក​ប្រារព្ធពិធី​បុណ្យ​អ៊ុំទូក​ គឺ​ជាការ​ចូល​រួម​រំលែក​ព្រះរាជ​​មរណៈទុក្ខ​ ចំពោះ​ការ​ចូល​ទី​វង្គត​របស់​អតីត​ព្រះ​មហាវីរៈក្សត្រនៃ​យើង​ ដែល​ព្រះអង្គ​មាន​គុណ​បំណាច់​ដ៏​ខ្ពង់​ខ្ពស់​មិនអាច​កាត់​ថ្លៃ​បាន​ចំពោះ​ប្រទេស​ជាតិ​។ ម្យ៉ាង​ទៀត​ ការ​ផ្អាក​នូវ​ព្រះ​រាជ​ពិធី​បុណ្យ​នេះ​ម្តង​ទៀត​ កាល​ពី​ឆ្នាំ​២០១៣ ក៏​​ដើម្បី​បច្ចៀស​នូវ​អសន្តិសុខ​របស់​​​ប្រទេស ដែល​ទើប​តែ​បាន​រៀប​ចំ​នូវ​ការ​បោះ​ឆ្នោត​សកលហើយ​ដែល​ត្រូវ​គណបក្ស​ប្រឆាំង​បង្ក​ព្យុះ​ភ្លៀង ហេតុ​នេះ​រាជ​រដ្ឋាភិបាល​ផ្អាក​ធ្វើ​ពិធី​នៅ​ខាង​មុខព្រះ​បរម​រាជ​វាំង​ ប៉ុន្តែ អនុញ្ញាតិអោយ​ប្រជា​ពល​រដ្ឋធ្វើ​ពិធី​នោះ​នៅ​តាម​បណ្តាខេត្ត​ជា​ធម្មតា វាមិន​មែន​ជា​ការ​អាក់​ខាន​ប្រារព្ធ​ពិធី​ដោយ​សារ​វៀត​ណាម​ជា​អ្នក​បញ្ជា​មក​លើ​រាជ​រដ្ឋាភិបាល ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ​។

ជារួម​ ការ​លើក​ឡើង​របស់​លោក កឹម​ សុខា​ និង​លោក សម រង្ស៊ី​ គឺ​ជារឿង​ភូត​កុហក​ ដើម្បី​ទាក់​ទាញ​​ប្រជា​ប្រិយភាព​​ នៅ​គ្រប់​​វេទិកា​ដែល​ខ្លួន​បានចូល​រួមតែ​ប៉ុណ្ណោះ​​ ដោយ​មិន​បាន​គិត​ពី​កិត្តិយស​របស់​ខ្លួន បន្តិច​​សោះ​ឡើយ​​។ រហូត​មក​ដល់​ពេល​នេះ​ ការ​សន្យាខ្យល់​របស់​មេ​បក្ស​ប្រឆាំង​ គឺ​បាន​ត្រឹម​នៅ​តែ​​ជា​​ពាក្យ​​​សន្យា​​​ខ្យល់​​​ដដែល​ ហើយ​​សូម្បី​តែ​ក្រុម​តំណាង​រាស្ត្រ​របស់​ខ្លួន​ ក៏​អស់​កម្លាំង​កាយ​ កម្លាំង​ចិត្ត ក្នុង​ការ​ចុះ​មូល​ដ្ឋាន​ដែរ​ ព្រោះ​ម្នាក់​ៗ​រីង​ខ្លួន​អស់​ទៅ​ហើយ​ ដោយ​ការ​នាំ​គ្នា​ដើរតត្រុក​តាម​មេៗរបស់​ពួក​គេ៕​​​​​​

ដោយ ៖ ពង្ស សុក្រឹត្យ

No comments:

Post a Comment