ទស្សនៈវិភាគ
រត្ន័ សណ្ដាប់
តើពេលណាទើបបក្សឆាំងភ្ញាក់ខ្លួនឈប់ឆបោកខ្មែរ
និងឈប់បំផ្លាញជាតិឯង?
ថ្មីៗនេះ គណបក្សប្រឆាំងបានធ្វើលិខិតចំហមួយ ផ្សព្វផ្សាយដល់បណ្ដាប្រទេសនានា
ស្ថាប័នផ្ដល់ប្រាក់កម្ចី និងក្រុមវិនិយោគ
ក្នុងគោលបំណងខ្ទប់ដង្ហើមសេដ្ឋកិច្ចជាតិ។ ទង្វើនេះប្រៀបបាននឹងការទម្លាក់គ្រាប់បែកបរមណូមួយគ្រាប់មកលើប្រទេសកម្ពុជា តែគ្រាប់បែកបរមណូនេះ
ជាគ្រាប់បែកសិប្បនិមិ្មតសោះ។
នរណាក៏គេដឹងដែរថា ចាប់តាំងពីពេលបដិសន្ធិរបស់បក្សប្រឆាំង
នាឆ្នាំ១៩៩៨ មក បក្សប្រឆាំងបានប្រើនូវគ្រប់ឧបាយកល មានការបោកបញ្ឆោត ភូតភរកុហក
អំពើហិង្សា គៀងគរប្រជាពលរដ្ឋឲ្យធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលជាដើម
ដើម្បីធ្វើយ៉ាងណាបន្ទុចបង្អាក់នូវចរន្ដកសាងជាតិ និងកសាងសេដ្ឋកិច្ច។
ជាការពិតណាស់ ចាប់តាំងពីឆ្នាំ១៩៩៣ គឺជាឆ្នាំដែលប្រទេសនានានៅលើសកលលោក
ប្រទេសមហាអំណាចទាំង ៥ រួមទាំងអង្គការសហប្រជាជាតិ បានខិតខំធ្វើយ៉ាងណា
ជួយស្រោចស្រង់កម្ពុជាឲ្យរស់រានមានជីវិតឡើងវិញ ទាំងផ្នែកសង្គម
សេដ្ឋកិច្ច និងនយោបាយ។
លិខិតចំហនេះបានពន្លិចយ៉ាងច្បាស់
នូវមហិច្ឆតារបស់បក្សប្រឆាំងដែលកំពុងតែស្រមើស្រមៃស្រេកឃ្លានអំណាចយ៉ាងខ្លាំង ទោះបីខ្លួនឯងចាញ់ឆ្នោតហើយក្ដី ក៏នៅតែបន្ដទ្បាំប៉ា
គួរឲ្យធុញទ្រាន់។
ឈានមកដល់ឆ្នាំ២០១៣ នេះ គេបានសង្កេតឃើញរាជរដ្ឋាភិបាលកម្ពុជា
បានខិតខំប្រឹងប្រែងដឹកនាំប្រទេសមានរយៈពេល ២០ឆ្នាំហើយ។ បើគេមើលសើៗ
ឃើញថា ២០ឆ្នាំកន្លងទៅមានរយៈពេលដូចមួយប៉ព្រិចភ្នែក
តែបើគេអង្គុយពិចារណាពីមួយឆ្នាំទៅមួយឆ្នាំទៅលើចលនា សកម្មភាព
ដែលជំរុញឲ្យប្រទេសមួយដែលខ្ទេចខ្ទីអស់ទៅហើយ ចាប់ផ្ដើមពីសូន្យមិនមែនជាការធម្មតាទេ។
ប្រទេសមហាអំណាចទាំងអស់ រួមទាំងមហាអំណាចសេដ្ឋកិច្ចផង
គេបានផ្ដល់ជំនួយយ៉ាងសន្ធឹកសន្ធាប់រាប់រយលាន រាប់ពាន់លានដុល្លារមកឲ្យកម្ពុជា
ដែលញ៉ាំងឲ្យកម្ពុជាក្លាយទៅជាប្រទេសមួយថ្មីស្រឡាង
ទាំងការលូតលាស់ផ្នែកសង្គម ការចូលរួមចំណែករបស់ពលរដ្ឋគ្រប់ស្រទាប់
ទាំងបុរស ទាំងស្រ្តី ចូលប្រឡូកក្នុងឆាកនយោបាយ ធ្វើឲ្យមានការវិវត្តក្នុងសហគមន៍ ហើយក៏ត្រូវបានអ្នកឯកទេសសេដ្ឋកិច្ចវាយតម្លៃថា
កំណើនសេដ្ឋកិច្ចកម្ពុជាមានសន្ទុះលឿនជាងគេនៅក្នុងពិភពលោក
ថ្វីត្បិតតែពិភពលោកកំពុងជួបប្រទះនឹងវិបត្តិសេដ្ឋកិច្ចក៏ដោយ។
ក្នុងន័យនេះ ទង្វើដែលបក្សប្រឆាំងបានខិតខំប្រឹងប្រែងផ្សព្វផ្សាយមនោគមវិជ្ជារបស់ខ្លួន
ធ្វើឲ្យប្រជាពលរដ្ឋជឿតាមខ្លួន ដុតបញ្ឆេះជាចលនាមហាជនធ្វើឲ្យកម្ពុជាដើរថយក្រោយវិញ
តើនេះពុំមែនជាបំណងដ៏ខ្មៅកខ្វក់ប្រកបដោយពិសពុល
បែបអាត្មានិយម ដើម្បីខ្ទប់ដង្ហើមសេដ្ឋកិច្ចសង្គមជាតិ និងសេដ្ឋកិច្ចជាតិទេឬអ្វី?
ម្យ៉ាងវិញទៀត លិខិតចំហរបស់បក្សប្រឆាំងក៏បានបង្ហាញយ៉ាងច្បាស់
អំពីមាយាទ ចរិតពុតត្បុត ភូតភរកុហក ប្រឌិតរឿងរ៉ាវដែលមិនពិត។ល។
ដើម្បីធ្វើឲ្យសង្គមមួយច្របូកច្របល់ពិសេសបន្ទាប់ពីការបោះឆ្នោតសកល។
គេយល់ច្បាស់ថា បក្សប្រឆាំង និងអង្គការក្រៅរដ្ឋាភិបាល
គឺខុមហ្រ្វែល និង NDIបានឃុបឃិតបានបំភ្លៃតួលេខអ្នកចុះឈ្មោះបោះឆ្នោតដោយចោទប្រកាន់គ.ជ.ប ថាបានធ្វើឲ្យបាត់ឈោ្មះអ្នកបោះឆោ្នតប្រមាណជាង១លាននាក់
ប៉ុន្ដែនៅពេលដែល គ.ជ.បទាមទារឲ្យអង្គការទាំងនេះបង្ហាញអំពីឈោ្មះដែលចោទថាបាត់
គេបដិសេធដោយយកលេសថា “រក្សាការសម្ងាត់”ទៅវិញ។ ប្រសិនបើអង្គការក្រៅរដ្ឋាភិបាលទាំងនេះដែលជាអង្គការទទួលបានការផ្គត់ផ្គង់ជំនួយពីបរទេសយ៉ាងសន្ធឹកសន្ធាប់នោះ
ពិតជាមានភាពសុចរិតមែន ហេតុអ្វីក៏គេមិនផ្ដល់ឈោ្មះឲ្យ គ.ជ.ប ដើម្បីធ្វើការផ្ទៀងផ្ទាត់។
តើនេះពុំមែនជាទង្វើឆបោកទេឬអ្វី?
រឿងបំភ្លៃមួយទៀត
ដែលបក្សប្រឆាំងបានដើរជាន់កែងឯងនោះ គឺប៉ុន្មានថ្ងៃមុនបោះឆ្នោតក្រុមប្រឆាំងបានធ្វើឯកសារក្លែងបន្លំ
ទាយថាបក្សប្រឆាំងនឹងទទួលបាន៦៤អាសនៈ រីឯគណបក្សប្រជាជនទទួលបាន៥៩ អាសនៈ។ នេះគឺជាការជួនគ្នាយ៉ាងជាក់ស្ដែង
ដូចគេបានរំពឹងទុកមែន ព្រោះថានៅល្ងាចថ្ងៃទី២៨ កក្កដា នៅពេលដែល
គ.ជ.ប ចាប់ផ្ដើមរាប់សន្លឹកឆ្នោតបានប្រហែលកន្លះម៉ោងប៉ុណ្ណោះ បក្សប្រឆាំងបានស្ទុះកញ្រ្ជោលប្រកបដោយហិង្សាយ៉ាងសាហាវស្រែកក្ដែងៗថាក្រុមខ្លួនឈ្នះបាន
៦៣ អាសនៈ។ ក៏ប៉ុន្ដែថ្ងៃក្រោយមកអ្នកដឹកនាំបក្សប្រឆាំងបានប្រកាសក្ដែងៗម្ដងថា
ខ្លួនឈ្នះ ៦៣ ម្ដងថា ឈ្នះ ៧៣ ម្ដងថា ឈ្នះ៧៦អាសនៈ។ល។
តើនេះបានន័យយ៉ាងដូចម្ដេច?
ក្នុងន័យនេះ
គេគួរពិចារណាពីខ្លឹមសារលិខិតចំហផ្លូវការរបស់បក្សប្រឆាំងដែលបញ្ជាក់យ៉ាងនេះថា
«ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រនីតិកាលទី៥
នេះ មានភាពមិនប្រក្រតីយ៉ាងធ្ងន់ធ្ងរ
ហើយនិងមានភាពចម្រូងចម្រាស់រវាងគណបក្សនយោបាយពីរ
ដែលទទួលបានសម្លេងឆ្នោតប្រហាក់ប្រហែលគ្នា គឺគណបក្សប្រជាជនកម្ពុជា
និងគណបក្សសង្រ្គោះជាតិ ជុំវិញលទ្ធផលនៃការបោះឆ្នោតនេះ »។
ការសរសេរលិខិតជាផ្លូវការនេះ គឺបានបង្ហាញយ៉ាងច្បាស់ថា
លទ្ធផលដែល គ.ជ.ប បានប្រកាសកាលពីថ្ងៃទី ១២ ខែសីហា គណបក្សប្រជាជនកម្ពុជាបានទទួលសន្លឹកឆ្នោត
៣លាន២សែនសម្លេង រីឯគណបក្សសង្រ្គោះជាតិទទួលបានសន្លឹកឆ្នោត ២លាន៩សែនសម្លេងដែលខុសគ្នាតែប្រមាណ
៣សែនសម្លេង ស្មើនឹងអាសនៈដែលគណបក្សប្រជាជនកម្ពុជាទទួលបាន ៦៨អាសនៈ
គណបក្សសង្រ្គោះជាតិទទួលបាន ៥៥អាសនៈ ប្រាកដជាត្រឹមត្រូវមែន។ ហេតុនេះការឡាំប៉ា
ការបោកបញ្ឆោតមតិប្រជាជនថាម្ដង ៦៣ ម្ដង៧៣ ឬ៧៦ នោះ គឺជាតម្រិះជិះកឯងតែប៉ុណ្ណោះ។
ដូចបានអធិប្បាយខាងលើ
តើបក្សប្រឆាំងគួរបញ្ចប់នូវចរិតឆបោក ភូតភរកុហក
និងចលនាបំផ្លិចបំផ្លាញសង្គម សេដ្ឋកិច្ចរបស់ប្រទេសជាតិខ្លួនឯងតទៅទៀត
ឬយ៉ាងណា?
កំណត់អ្នកនិពន្ធ:
បុរាណវិទូ ៖ អតីតអនុប្រធានអាជ្ញាធរជាតិទេសចរណ៍កម្ពុជា,
សាស្ដ្រាចារ្យ និងជាអ្នកនិពន្ធសៀវភៅប្រវត្តិប្រដាល់ក្បាច់គុនខ្មែរ
(E-mail:
rathsandab@yahoo.com)
No comments:
Post a Comment