ក្រោមគំនិតផ្តួចផ្តើមខ្ពង់ខ្ពស់បំផុតពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៣ គណៈកម្មាការ រៀបចំបុណ្យដែលរួមមាន ឯកឧត្តមឧបនាយករដ្ឋមន្រ្ដី ស ខេង និងលោកជំទាវ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អានឧបនាយករដ្ឋមន្រ្ដី និងលោកជំទាវឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ទៀ បាញ់ និងលោកជំទាវ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង និងលោកជំទាវ ឯកឧត្តមឧបនាយករដ្ឋមន្រ្ដី គាត ឈុន និងលោកជំទាវ លោកជំទាវឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន និងស្វាមី ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី យឹម ឆៃលី និងលោកជំទាវ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន និងលោកជំទាវ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ប៊ិន ឈិន និងលោកជំទាវ ព្រមទាំងឯកឧត្តម លោកជំទាវ ជាទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ គណៈអភិបាលខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ដ្រីរាជការរួមជាមួយប្រជាពុទ្ធបរិស័ទចំណុះជើងវត្តជាច្រើនរូបទៀត បានដង្ហែអង្គកឋិនទានសាមគ្គីមួយនាំយកបច្ច័យទេយ្យទាន យកទៅវេប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុងពុទ្ធសិមា វត្តមរតក តេជោបុរីស្វារៈស្ថិតក្នុងភូមិធម្មជាតិសម្ដេចតេជោ ស្ថិតឃុំកន្ទួត ស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ។
តាមគន្លងប្រពៃណីព្រះពុទ្ធសាសនានៅរសៀលថ្ងៃ១៣រោច ខែអស្សុជ ឆ្នាំម្សាញ់ បញ្ចស័កព.ស២៥៥៧ ត្រូវនឹងថ្ងៃសុក្រទី១ ខែវិច្ឆិកា ឆ្នាំ២០១៣ ថ្នាក់ដឹកនាំមន្ដ្រីរាជការទាំងអស់បានរៀបចំពិធីចំរើនព្រះបរិត្តសមាទានសីល និងសម្ដែងព្រះធម៌ទេសនានៅអាគារមិត្តភាព នៃទីស្ដីការគណៈរដ្ឋមន្ដ្រីក្រោមអធិបតេយភាពឯកឧត្តម ស ខេង ឧបនាយករដ្ឋមន្រ្តី និងលោកជំទាវតំណាងដ៍ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន។ លុះព្រឹកឡើងថ្ងៃ១កើតខែកក្ដិក ត្រូវនឹងថ្ងៃ អាទិត្យ ទី៣ ខែវិច្ឆិកា ឆ្នាំ ២០១៣ អង្គកឋិនទានបានដង្ហែឆ្ពោះទៅកាន់វត្តមរតកតេជោបុរីស្វារៈដែលជាវត្តប្រវត្តិសាស្ដ្រស្ថិតនៅទឹកដីខេត្តព្រះវិហារ ដើម្បីយកទៅវេប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាស។
អង្គកឋិនទាននេះប្រមូលបច្ច័យបានសរុបចំនួន១៣ម៉ឺន៥ពាន់ ៥រយដុល្លារអាមេរិក និងទ័យវត្ថុផ្សេងៗ ជាពិសេសត្រ័យចីវរជាដើម សំរាប់យកទៅបន្ដកសាងទីអារាមមរតកតេជោបុរីស្វារៈឲ្យ សក្តិសមជាទីកន្លែងសំរាប់ប្រជាពុទ្ធបរិស័ទ្ធគ្រប់រូបមកគោរពប្រតិបត្តិ និងសិក្សារៀនសូត្រធម៌វិន័យនៅក្នុងទឹកដីក្បែរតំបន់ប្រាសាទព្រះវិហារជាទីសក្ការៈរបស់ប្រជាពលរដ្ឋ និងរបស់មនុស្សជាតិ។ តាមការបញ្ជាក់ពីគណៈកម្មាការសាងសង់បានឲ្យដឹងថា៖ ដោយមានការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាល និងប្រជាពុទ្ធបរិស័ទជិតឆ្ងាយតាមរយៈកឋិនទានចំនួន ៤ លើកជាប់ៗគ្នា បានធ្វើឲ្យទីអារាម វត្តមរតកតេជោបុរីស្វារៈមានការរីកចំរើនយ៉ាងឆាប់រហ័ស ក្នុងនោះបានកសាងកុដិព្រះចៅអធិការវត្ត ព្រះវិហារ រោងស្រង់នាគដែលជាអាស្រមសំរាប់សូត្រមន្ត ស្រោចទឹករំដោះគ្រោះ តាមបែបគំរូដូនតានៅភ្នំគូលេន ដងទង់ញី ឈ្មោល ព្រមទាំងកុដិព្រះសង្ឃ កុដិសីលវ័ន សីលវតី ក្លោងទ្វារ ឧបដ្ឋានសាលា ព្រមទាំងសមិទ្ធិផលផ្សេងៗជាច្រើនទៀត។
បន្ទាប់ពីបញ្ចប់ពិធីបុណ្យកឋិនទាន ឯកឧត្តមឧបនាយករដ្ឋមន្រ្ដី ស ខេង និង ឯកឧត្តមឧបនាយករដ្ឋមន្រ្ដី សុខ អាន ព្រមទាំងឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំរួមដំណើរ បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំលោកគ្រូ អ្នកគ្រូព្រមទាំងសិក្ខាកាមមជ្ឈមណ្ឌលបណ្ដុះបណ្ដាលព្រះវិហារយ៉ាឡាយ ដោយឯកឧត្តម ស ខេងបាននាំយកប្រសាសន៍ ផ្ដាំផ្ញើរសាកសួរសុខទុក្ខ អំពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ជូនបងប្អូន ប្រជាពលរដ្ឋ។ ឯកឧត្តម ស ខេង បានលើកឡើងថា បច្ចុប្បន្នក្រៅពីការអភិវឌ្ឍន៍ប្រទេស ជាតិឲ្យមានការរីកចំរើនរាជរដ្ឋាភិបាលក៍យកចិត្តទុកដាក់ការពារអធិបតេយ្យភាពជាតិ ដោយបានធ្វើការដោះស្រាយជំលោះព្រំដែននៅតំបន់ប្រាសាទព្រះវិហារនៅលើឆាកអន្តរជាតិ ដោយពឹងផ្អែកលើមូលដ្ឋានច្បាប់ នៅតុលាការអន្តរជាតិក្រុងឡាអេ ដើម្បីតទល់ជាមួយនឹងភាគីថៃ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្ដី បានចាត់ទុកថា ភូមិធម្មជាតិសម្ដេចតេជោហ៊ុន សែន មានលក្ខណៈពិសេសជាងគេ នៅក្នុងខេត្តព្រៈវិហារ ដោយសារតំបន់នេះ មានសាលារៀន មន្ទីរពេទ្យ វត្តអារាម និងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈ សំរាប់ជួយធ្វើការបណ្ដុះបណ្ដាល ដល់កូនចៅប្រជាពលរដ្ឋ និងកូនចៅយោធិន មានឱកាសចូលរៀនជំនាញផ្សេងៗ ដើម្បីប្រកបមុខរបរចិញ្ចឹមជីវិត ព្រោះតំបន់នេះជាតំបន់ដែលមានសក្តានុពលទេសចរមួយដ៍សំខាន់ផងដែរ។
ក្នុងឱកាសនោះឯកឧត្តម ឧបនាយករដ្ឋមន្រ្ដី និងលោកជំទាវបានចែកជូននូវអំណោយមានក្រណាត់ស សារ៉ុង និងថវិការបស់សម្តេចតេជោ និងលោកជំទាវ កិត្តិព្រឹទ្ធបណ្ឌិតជូនដល់សីលវ័នសីលវតី ប្រជាពលរដ្ឋ គ្រូបង្រៀនព្រមទាំងសិស្សដែលជាសិក្ខាកាមសាលាបណ្ដុះបណ្ដាលនាឱកាសនោះផងដែរ៕
No comments:
Post a Comment