Sunday, May 22, 2022

វីដេអូ៖ សមរង្ស៊ី ក្បត់ជាតិខ្មែរហើយ

 

វីដេអូ៖ «កម្ពុជាទទួល ជោគជ័យលើ នយោបាយវ៉ាក់សាំងប្រឆាំងកូវីដ ១៩»

 

លិខិតមិត្តអ្នកអាន៖ «មរតកតេជោ» ចាប់ផ្តើមពីជ័យជម្នះ ៧ មករា

 ស្មារតី ៧មករា បានស្ថិតនៅក្នុងដួងចិត្ត និងការចងចាំជាប្រវត្តិសាស្រ្តនៃរបបប្រល័យពូជសាសន៍ និងចាប់ផ្តើមរស់ឡើងវិញនៃជាតិសាសន៍ខ្មែរ គឺរស់ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរជាមនុស្ស និងកេរ្តិ៍ឈ្មោះរបស់ខ្មែរបានល្បីរន្ទឺលើឆាកអន្តរជាតិ ក្នុងកិត្យានុភាពជាតិ ប្រជាជនកម្ពុជាទាំងមូលមានមោទនភាពបំផុត និងមានជោគវាសនាបានរស់ក្នុងសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ ការរីកចម្រើនស្ទើរគ្រប់វិស័យ ជីវភាពប្រជាជនខ្មែរម្នាក់ៗបានកាន់តែល្អប្រសើរឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាប្រមុខ អស់រយៈពេល៤២ឆ្នាំមកហើយ បន្ទាប់ពីប្រជាជនកម្ពុជា និងជាតិមាតុភូមិទាំងមូល ត្រូវបានរំដោះរួចផុតពីរបបប្រល័យពូជសាសន៍ នៅថ្ងៃ ៧ មករា ឆ្នាំ១៩៧៩។

មាតុភូមិអង្គរជាទីស្នេហានៃយើងបានផ្លាស់ប្តូរមុខមាត់ថ្មីយ៉ាងស្រស់បំព្រង ក្នុងស្មារតីមហាសាមគ្គីជាកម្លាំងរបស់ប្រជាជន និងការជឿទុកចិត្ត បន្តគាំទ្រការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។ ស្មារតី ៧ មករា ពិតជាបានធ្វើឲ្យប្រជាជនកម្ពុជាគ្រប់រូប ជាពិសេសប្រជាជនវ័យក្មេង កាន់តែយល់ជ្រួតជ្រាបច្បាស់អំពីប្រវត្តិ និងអត្ថន័យជាប្រវត្តិសាស្ត្រនៃទិវាជ័យជម្នះ ៧ មករា ព្រមទាំងសមិទ្ធផលធំៗ ដែលប្រជាជនកម្ពុជា សម្រេចបានក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ក្នុងរយៈពេល៤២ ឆ្នាំ មកនេះ។

ស្មារតី ៧មករា បានធ្វើឲ្យប្រជាជនយល់ដឹងពីតម្លៃដែលពុំអាចកាត់ថ្លៃបាននៃសុខសន្តិភាព ដែលបានមកពីការបូជាសាច់ស្រស់ ឈាមស្រស់របស់ថ្នាក់ដឹកនាំ យុទ្ធជន យុទ្ធនារី និងប្រជាជនយើងច្រើនឥតគណនា ប្រកបដោយវីរភាពក្នុងការតស៊ូសង្គ្រោះជាតិពីរបបប្រល័យពូជសាសន៍ និងថែរក្សាការពារការរស់ឡើងវិញរបស់ប្រជាជាតិ។ ស្មារតី ៧ មករា បានធ្វើឱ្យអង្គការចាត់តាំងនយោបាយ និងយោធាខ្មែរក្រហមត្រូវបានរំលាយទាំងស្រុង ហើយបានប្រែក្លាយប្រទេសកម្ពុជាទាំងមូលមានសុខសន្តិភាព ឯកភាពទឹកដីទាំងស្រុង ដែលពុំធ្លាប់កើតមានក្នុងប្រវត្តិសាស្រ្តខ្មែររយៈពេលជាងប្រាំរយឆ្នាំ។

ប្រជាជនកម្ពុជាយើងពិតជាមានមោទនភាពយ៉ាងក្រៃលែងចំពោះសមិទ្ធផលដ៏ច្រើនឥតគណនា ដែលបានកើតឡើងពីការខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នាក្នុងការស្តារ និងកសាងប្រទេសជាតិមួយដែលត្រូវបំផ្លាញខ្ទេចខ្ទីអស់នៅសល់តែគំនរផេះផង់ឲ្យក្លាយទៅជាទឹកដីដែលមានការរីកចម្រើនរស់រវើក ស្រស់បំព្រងដូចសព្វថ្ងៃ និងកំពុងបោះជំហានទៅមុខយ៉ាងស្វាហាប់ ឆ្ពោះទៅកាន់អនាគតដ៏រុងរឿង។ សមិទ្ធផលធំៗជាប្រវត្តិសាស្ត្រដែលត្រូវបានគេប្រសិទ្ធនាមថាជា «មរតកតេជោ» ទាំងនោះរួមមានដូចជា៖

  • ទី១- ការរំដោះអាយុជីវិតប្រជាជនចេញពីរបបប្រល័យពូជសាសន៍ និងការទប់ស្កាត់មិនឲ្យរបបប្រល័យពូជសាសន៍អាចវិលត្រឡប់មកវិញ ហើយដណ្តើមបានមកវិញនូវសិទ្ធិសេរីភាព កិត្តិយស សេចក្តីថ្លៃថ្នូរ និងលទ្ធិប្រជាធិបតេយ្យ ដែលត្រូវបាត់បង់ទាំងស្រុងក្នុងរបបប្រល័យពូជសាសន៍។
  • ទី២- ការទទួលបានមកវិញនូវសិទ្ធិ សេរីភាពគ្រប់យ៉ាង ជាពិសេសសិទ្ធិមានជីវិតរស់នៅ និងបានក្លាយជាអ្នកធ្វើជាម្ចាស់លើជោគវាសនារបស់ជាតិខ្លួនពិតប្រាកដ ហើយបានចូលរួមយ៉ាងសកម្មក្នុងការការពារ និងការស្តារ និងកសាងជាតិលើគ្រប់វិស័យ ដោយចាប់ផ្តើមកសាងជាតិឡើងវិញចេញពីបាតដៃទទេ។
  • ទី៣- សន្តិភាព និងការបង្រួបបង្រួមជាតិ ដែលជាបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជនកម្ពុជាដែលបានឆ្លងកាត់គ្រោះមហន្តរាយដោយសារសង្គ្រាមដ៏រ៉ាំរ៉ៃ និងរបបប្រល័យពូជសាសន៍។ តាំងពីក្រោយថ្ងៃរំដោះ ៧ មករា មក រដ្ឋអំណាចនៃសាធារណរដ្ឋប្រជាមានិតកម្ពុជា បានពុះពារជំរុញការអនុវត្តមាគ៌ាមហាសាមគ្គីជាតិដើម្បីផ្សះផ្សារជម្លោះផ្ទៃក្នុងបង្រួបបង្រួមខ្មែរពីគ្រប់និន្នាការនយោបាយរួមគ្នាបង្កើតសន្តិភាពឡើងវិញតាមរយៈគោលនយោបាយប្រកបដោយមនុស្សធម៌ ហើយបានដាក់ចេញគោលនយោបាយបង្រួបបង្រួមជាតិនៅឆ្នាំ១៩៨៧ ជាមួយនឹងសម្តេចព្រះនរោតត្តម សីហនុ នៅ Fère-en-Tardenois ប្រទេសបារាំង។ ឈរលើមូលដ្ឋាននៃជំនួបចរចាដើម្បីស្វែងរកសន្តិភាព រវាងសម្តេចព្រះនរោត្តម សីហនុ និងលោក ហ៊ុន សែន បានចាប់ផ្តើមនៅថ្ងៃ ២ ធ្នូ ឆ្នាំ១៩៨៧ ហើយបានបន្តនូវដំណើរការចរចាច្រើនលើកច្រើនសារឆ្លងកាត់ការលំបាកស្មុគស្មាញយ៉ាងច្រើន រហូតសម្រេចបានកិច្ចព្រមព្រៀងទីក្រុងប៉ារីស នៅថ្ងៃ២៣ ខែតុលា ឆ្នាំ១៩៩១។
  • ទី៤- ការបោះឆ្នោតជាតិលើកទី១ តាមស្មារតីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ក្រោមការចាត់ចែង និងត្រួតពិនិត្យរបស់អាជ្ញាធរបណ្តោះអាសន្ននៃអង្គការសហប្រជាជាតិនៅកម្ពុជា (UNTAC) បានប្រព្រឹត្តទៅនៅថ្ងៃទី២៣-២៨ ខែឧសភា ឆ្នាំ១៩៩៣ ដែលបង្កើតបាននូវសភាធម្មនុញ្ញ ហើយសភាធម្មនុញ្ញបានអនុម័តរដ្ឋធម្មនុញ្ញថ្មី ដែលបានកំណត់ថា ប្រទេសកម្ពុជាប្រកាន់របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និងប្រព័ន្ធនយោបាយប្រជាធិបតេយ្យសេរី ពហុបក្ស។ ក្រោយពេលសភាធម្មនុញ្ញបានអនុម័តរដ្ឋធម្មនុញ្ញថ្មីហើយ សភាធម្មនុញ្ញបានប្រែក្លាយជាស្វ័យប្រវត្តិទៅជារដ្ឋសភានីតិកាលទី១។ បន្ទាប់ពីរដ្ឋសភា និងរាជរដ្ឋាភិបាលសម្រាប់នីតិកាលទី១ ត្រូវបានបង្កើតឡើង កម្ពុជាបានឈានចូលដំណាក់ថ្មីមួយទៀត គឺសន្តិភាព បង្រួបបង្រួមជាតិ ប្រជាធិបតេយ្យ សហប្រតិបត្តិការ និងការអភិវឌ្ឍ។
  • ទី៥- នយោបាយឈ្នះ-ឈ្នះ ដែលបាននាំមកនូវសន្តិភាពពេញលេញ និងឯកភាពជាតិ ឯកភាពទឹកដីទាំងស្រុងចាប់ពីចុងឆ្នាំ១៩៩៨ តាមរយៈជោគជ័យនៃនយោបាយឈ្នះ-ឈ្នះ របស់លោក ហ៊ុន សែន ដែលមានខ្លឹមសារស្នួល ៣៖ គឺ «ជីវិត កម្មសិទ្ធិ និងអាជីព» ដោយធានាសុវត្ថិភាពទាំងផ្លូវកាយ និងអាយុជីវិត ធានាអាជីព និងមុខរបរ និងធានាកម្មសិទ្ធិ ទ្រព្យសម្បត្តិ ដែលបានធ្វើឲ្យអង្គការចាត់តាំងទាំងខាងនយោបាយ និងយោធារបស់ពួកឧទ្ទាមខ្មែរក្រហមត្រូវរលំរលាយជាស្ថាពរ បង្កើតបានសន្តិភាពពេញលេញ និងការឯកភាពជាតិ ឯកភាពទឹកដីទាំងស្រុងចាប់ពីចុងឆ្នាំ១៩៩៨មក។ សន្តិភាព និងស្ថិរភាពនយោបាយ បានផ្តល់ឱកាសដ៏មានតម្លៃបំផុតដែលពុំធ្លាប់មានដល់ប្រជាជនកម្ពុជាក្នុងការអភិវឌ្ឍសង្គមជាតិ។
  • ទី៦- ហេដ្ឋារចនាសម្ព័ន្ធសង្គម និងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តដែលបម្រើដល់ផលប្រយោជន៍រួមរប ស់ជាតិនិងប្រជាជនកកម្ពុជារូមមានដូចជា ស្ពាន ផ្លូវថ្នល់ ប្រព័ន្ធធារាសាស្ត្រ វារីអគ្គីសនី សាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាព ។ល។ បានរីកដេរដាសពាសពេញទឹកដីអង្គរនៃយើង។

សរុបមកវិញ ដូចចំណុចដែលបានរៀបរាប់សង្ខេបត្រួសៗទាំងនេះហើយ ដែលអាចគូសបញ្ជាក់ពីការដឹកនាំត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ដែលមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនជាប្រមុខ បានពុះពារជម្នះរាល់ឧបសគ្គទាំងពួងទម្រាំ ទទួលបាននូវអ្វីៗដូចសព្វថ្ងៃនេះ។ ដូចនេះ ខ្មែរគ្រប់រូប ទាំងយុវជន យុវនារីកម្ពុជាជំនាន់ក្រោយត្រូវចេះសាមគ្គីគ្នាស្រឡាញ់សន្តិភាព និងការអភិវឌ្ឍដែលកំពុងកើតមាននៅលើទឹកដីរបស់ខ្លួន និងចូលរួមថែរក្សាការពារមរតកទាំងអស់នេះសម្រាប់កូនចៅយើងជំនាន់ក្រោយៗទៀត៕

ដោយ៖ តាំង ករុណា



លិខិតមិត្តអ្នកអាន៖ «សមត្ថភាពពិសេសរបស់ លោក ហ៊ុន សែន ស្តែងឡើងក្នុងបរិបទ កូវីដ-១៩!»

 ម្តងហើយម្តងទៀត លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញពីសមត្ថភាពពិសេសៗ របស់ខ្លួនក្នុងការគ្រប់គ្រង ចាត់ចែង និងដឹកនាំប្រទេសក្នុងកាលៈទេសៈដ៏លំបាកណាមួយដែលបានកើតឡើង។ ជាក់ស្តែង ក្នុងដំណាក់កាលកូវីដ-១៩នេះ មេដឹកនាំរបស់កម្ពុជាដ៏មានបទពិសោធន៍រូបនេះបានបញ្ចេញទេពកោសល្យដ៏ប៉ិនប្រសប់ជាបន្តបន្ទាប់។

ក្រៅពីបញ្ចៀសការឆ្លងរីករាលដាលនៃកូវីដ-១៩ ក្នុងសហគមន៍ និងបញ្ចៀសមិនឲ្យមានណាម្នាក់ស្លាប់ដោយសារកូវីដ-១៩ លោក ហ៊ុន សែន ក៏បាន «បង្ហាញទេពកោសល្យពិសេសរបស់ខ្លួន» ក្នុងការដោះស្រាយបញ្ហាសេដ្ឋកិច្ចជាតិ និងប្រជាជនដើម្បីកុំឲ្យរងផលប៉ះពាល់ខ្លាំងពីវិបត្តិសាកលមួយនេះថែមទៀត។

ទោះបីជាកម្ពុជាទទួលរងផល ប៉ះពាល់ពីវិស័យទេសចរណ៍ វិស័យឧស្សាហ៍កម្ម និងវិស័យពាណិជ្ជកម្មមួយចំនួនដោយសារតែកូវីដ-១៩ ប៉ុន្តែមេដឹកនាំកម្ពុជារូបនេះកំពុងបង្វែរទិសដៅទៅរកវិស័យកសិកម្មដែលជាជីពចរដ៏សំខាន់សម្រាប់ចិញ្ចឹមសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារខ្មែរក្នុងពេលមានវិបត្តិ។

ចាប់តាំងពីការផ្ទុះកូវីដដំបូងមកម៉្លេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្លឹងឃើញរួចជាស្រេចនូវការខូចខាតសេដ្ឋកិច្ចរបស់ពិភពលោកដោយសារមេរោគដ៏កាចសាហាវនេះ។ ដូច្នេះហើយបានជាមេដឹកនាំកម្ពុជាបានបង្ហាញទស្សនៈវិស័យតាំងពីដំបូងទីថា «វិស័យកសិកម្មគឺជាប្រភពរស់មិនចេះរីងស្ងួតរបស់ប្រជាពលរដ្ឋខ្មែរ» ដោយបានតម្រង់ទិសរួចជាស្រេចឲ្យប្រជាពលរដ្ឋ ជាពិសេសអ្នកវិលត្រឡប់ពីចំណាកស្រុក និងអ្នកដែលរងផលប៉ះពាល់ពីវិស័យផ្សេងៗឲ្យផ្តោតលើវិស័យកសិកម្មវិញ។

ក្រោយពីការបង្ហាញផ្លូវ ចង្អុលទិសពីសំណាក់មេកម្ពុជាដឹកនាំ ប្រជាពលរដ្ឋខ្មែរជាច្រើនក៏បានងាកទៅរកវិស័យចិញ្ចឹមសត្វ វារីវប្បកម្ម និងដំណាំបន្លែគ្រប់ប្រភេទ។

ដោយយល់ឃើញថា ពលរដ្ឋកំពុងមានការចាប់អារម្មណ៍ខ្លាំងឡើងៗ លោកនាយករដ្ឋមន្ត្រី ក៏បានចុះជំរុញវិស័យកសិកម្មដោយផ្ទាល់ជាមួយកសិករដោយផ្តើមពីការជំរុញវិស័យវារីវប្បកម្មក្នុងខេត្តព្រៃវែងកាលពីព្រឹកថ្ងៃទី ១៤ កក្កដានេះ។

ដើម្បីជំរុញវិស័យនេះ លោកហ៊ុន សែន បានចុះទៅជួបជាមួយកសិករអ្នកចិញ្ចឹមត្រីនិងចិញ្ចឹមកង្កែបដោយផ្ទាល់ដើម្បីស្វែងយល់ពីបញ្ហារបស់ពួកគេ មុននឹងដាក់ចេញជាដំណោះស្រាយឲ្យចំគោលដៅ។ នេះគឺជាភាពឆ្លាតវៃរបស់មេដឹកនាំដែលមិនរង់ចាំស្តាប់តែរបាយការណ៍ឡើយ ប៉ុន្តែត្រូវចុះជួបផ្ទាល់ជាមួយពលរដ្ឋដើម្បីយល់ឲ្យបានច្បាស់ពីបញ្ហារបស់ពួកគេទើបការដាក់ចេញដំណោះស្រាយមានប្រសិទ្ធភាពដូចដែលលោកធ្លាប់បានធ្វើជាយូរមកហើយ។

ថ្ងៃទី ២១ កក្កដា ខាងមុខនេះ លោកនាយករដ្ឋមន្ត្រីក៏គ្រោងនឹងចុះទៅស្រុកព្រៃកប្បាសនៃខេត្តតាកែវដើម្បីច្រូតស្រូវស្រាលផងនិងជាពិសេសបន្តជំរុញការដាំដុះស្រូវនិងដំណាំកសិកម្មផ្សេងទៀត។

វត្តមានរបស់មេដឹកនាំកំពូលជាមួយកសិករនាពេលនេះ ពិតជាបានបង្ហាញថា យុទ្ធនាការជំរុញវិស័យកសិកម្មក្នុងបរិបទកូវីដ-១៩ បានចាប់ផ្តើមហើយ។ យុទ្ធនាការនេះនឹងក្លាយជាចលករដ៏មានថាមពលក្នុងការដោះស្រាយបញ្ហាចំពោះមុខផង និងបញ្ហាយូរអង្វែងផងសម្រាប់ប្រជាពលរដ្ឋខ្មែរទាំងមូល។

អ្វីជាការកត់សម្គាល់មុនឈានដល់យុទ្ធនាការនេះ លោកនាយករដ្ឋមន្ត្រីក៏បានចង្អុលទិស ប្រាប់មុនរួចជាស្រេចដើម្បីឲ្យពលរដ្ឋចាប់អារម្មណ៍លើវិស័យកសិកម្ម ក៏ដូចជាការផ្ញើសារដល់មន្ត្រីថ្នាក់ក្រោមឲ្យត្រៀមលក្ខណៈជាស្រេចដើម្បីដោះស្រាយបញ្ហាចំពោះមុខ ដោយផ្តោតលើវិស័យកសិកម្ម។ ការដឹកនាំដែលតែងតែគ្រោងទុក ជាមុននិងមានផែនការយុទ្ធសាស្ត្រត្រឹមត្រូវ ចំទិសដៅ និងទាន់សភាពការណ៍ នេះហើយគឺជាចំណុចខ្លាំងរបស់លោក ហ៊ុន សែន ជាពិសេសគឺការ ប្រែក្លាយបញ្ហាឲ្យទៅជាឱកាស។

ក្នុងគោលដៅនេះ វិបត្តិកូវីដ-១៩ បានក្លាយជាឱកាសដែលកម្ពុជា កំពុងបង្កើនការនាំផលិតផលកសិកម្មទៅលក់នៅក្រៅប្រទេសយ៉ាងច្រើនទៀតផង។ នេះគឺជាទស្សនៈវិស័យរបស់លោក ហ៊ុន សែន ដែលស័ក្តិសមនឹងទទួលរហ័សនាមថាជា «បុរសខ្លាំងរបស់កម្ពុជា»

ជាការពិត ចាប់តាំងពីវិបត្តិកូវីដ-១៩ផ្ទុះឡើងភ្លាម លោកនាយករដ្ឋមន្ត្រីរូបនេះហាក់ក្តាប់បានសភាពការណ៍យ៉ាងណែនក្នុងដៃ ហើយដោះស្រាយតាមដំណាក់កាលនីមួយៗដោយមិនតក់ស្លុត មិនតក់ក្រហល់ ស្របតាមការវិវត្តន៍របស់កូវីដ-១៩ ដោយរលូន។ ភាពឈ្លាសវៃនេះហើយដែលរហូតមកដល់ពេលនេះ កម្ពុជាអាចបញ្ចៀសបានទាំងការឆ្លងរាលដាល ទាំងការស្លាប់បាត់បង់ជីវិតមនុស្ស និងទាំងការរងគ្រោះធ្ងន់ធ្ងរផ្នែកសេដ្ឋកិច្ច។

តើមានមេដឹកនាំពិភពលោកប៉ុន្មាននាក់ដែលអាចទប់ទល់បានបែបនេះ? ចម្លើយតបនឹងសំណួរ នេះគឺជាទឡ្ហីករណ៍ដែលបញ្ជាក់ បានពី «ទេពកោសល្យនិងសមត្ថភាពពិសេសរបស់លោក ហ៊ុន សែន » ៕

ដោយ : អ្នកនយោបាយតុកាហ្វេ



វីដេអូ៖ «កម្ពុជាពិត ខុសពីកម្ពុជា ប្រឌិត»

 

Saturday, May 21, 2022

ទស្សនៈមិត្តអ្នកអាន៖ ការគ្រប់គ្រងស្ថានភាពជំងឺកូវីដ-១៩បាន របស់ប្រទេសកម្ពុជាមិនមែនជារឿងចៃដន្យឡើយ

 នៅទីបំផុតទៅ ប្រទេសកម្ពុជា អាចគ្រប់គ្រងស្ថានភាពជំងឺកូវីដ-១៩ បានទាំងស្រុង គឺបន្ទាប់ពីអ្នកជំងឺចុងក្រោយបង្អស់របស់ប្រទេសកម្ពុជា ត្រូវបានក្រសួងសុខាភិបាល ប្រកាសថា បានជាសះស្បើយឡើងវិញពីជំងឺកូវីដ-១៩។ ការគ្រប់គ្រងបានស្ថានភាពជំងឺកូវីដ-១៩ នាពេលនេះ មិនមែនជារឿងចៃដន្យ ឬកើតឡើងដោយឯកឯងនោះឡើយ ប៉ុន្តែវាជាការខិតខំប្រឹងប្រែងទាំងកម្លាំងកាយចិត្ត ស្មារតី ថវិកា របស់រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយលោក ហ៊ុន សែន នាយករដ្ឋមន្ត្រី។

នៅពេលដែលប្រទេសចិន បានប្រកាសពីការរកឃើញករណីជំងឺកូវីដ-១៩ នៅចុងឆ្នាំ២០១៩ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា មិនបានព្រងើយកន្តើយឡើយ គឺបានចាត់វិធានការជាជំហានៗឆ្លើយតបទៅនឹងការគំរាមកំហែ ងនៃមេរោគដ៏កាចសាហាវនេះ។ វិធានការទាំងនោះមានដូចជា៖ ការបិទទីតាំងដែលមានការប្រមូលផ្តុំមនុស្សច្រើន ដែលមានហានិភ័យខ្ពស់ក្នុងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដូចជា សាលារៀន ទីកន្លែងកម្សាន្ត ក្លឹប ខារ៉ាអូខេ សារមន្ទីរ រោងភាពយន្ត ការប្រគុំតន្ត្រីតាមទីសាធារណៈនានាជាដើម។ កម្ពុជា បានបិទជើងហោះហើរជាមួយនឹងប្រទេសដែលមានហានិភ័យខ្ពស់ក្នុងការចម្លងជំងឺកូវីដ-១៩ មកក្នុងព្រះរាជាណាចក្រកម្ពុជា។ ការធ្វើចត្តាឡីស័ក្តរបស់ប្រជាពលរដ្ឋខ្មែរដែលវិលត្រឡប់មកពីប្រទេសដែលមានហានិភ័យជំងឺកូវីដ-១៩ ដោយដាក់ឲ្យនៅដាច់ដោយឡែកពីគេរយៈពេល ១៤ថ្ងៃ ដើម្បីធានាថា ពួកគេគ្មានជំងឺកូវីដ-១៩ និងម្យ៉ាងទៀតក្នុងករណីសង្ស័យថា បើពួកគាត់មានជំងឺនេះ គឺអាចបញ្ជូនទៅកាន់មន្ទីរពេទ្យបានភ្លាមៗដើម្បីព្យាបាល។ ការបិទខេត្តក្នុងរយៈពេលខ្លីទប់ស្កាត់ការបម្លាស់ទីរបស់កម្មករ កម្មការិនី រោងចក្រកាត់ដេរ នៅថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងការធ្វើចត្តាឡីស័ក្តបងប្អូនកម្មករ កម្មការិនីមួយចំនួន ដែលវិលត្រឡប់ចូលមកបម្រើការងារវិញក្រោយចូលឆ្នាំខ្មែរ ជាពិសេសការធ្វើចត្តាឡីស័ក្តបងប្អូនពលករខ្មែរមកពីក្រៅប្រទេសដែលអាជ្ញាធរខេត្តនីមួយៗជាអ្នកទទួលខុសត្រូវរៀងខ្លួន។ ការធ្វើចត្តាឡីស័ក្តនេះ មានសារៈសំខាន់បំផុត ដើម្បីការពារការចម្លងជំងឺកូវីដ-១៩ ចូលទៅក្នុងសហគមន៍។ តាំងពីដើមរៀងទីមក នៅកម្ពុជា គ្មានការចម្លងនៅក្នុងសហគមន៍ឡើយ។

ការគ្រប់គ្រងស្ថានភាពជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា គេអាចនិយាយបានថា ជាករណីកម្របំផុតមួយ ដែលកម្ពុជាខ្លួនឯងផ្ទាល់អាចគ្រប់គ្រងបានយ៉ាងល្អ ហើយមានប្រសិទ្ធភាពខ្ពស់បំផុត បើធៀបទៅនឹងបណ្តាប្រទេសជឿនលឿនតូច-ធំក្នុងពិភពលោក ដែលមានប្រព័ន្ធសុខាភិបាលទំនើប តែមានអ្នកស្លាប់ និងឆ្លង ច្រើនលើសលុបបំផុត។ ជោគជ័យរបស់ប្រទេសកម្ពុជារួមមាន៖ ទី១- អ្នកឆ្លងមានចំនួនតែ ១២២ នាក់ ទី២- អ្នកឆ្លងជំងឺទាំងនោះមានចម្រុះជាតិសាសន៍ចាស់ក្មេង មានជំងឺប្រចាំកាយផ្សេងៗ ដែលមានហានិភ័យខ្ពស់បំផុតក្នុងការស្លាប់បាត់បង់ជីវិត ក៏ត្រូវបានក្រុមគ្រូពេទ្យខ្មែរព្យាបាលឲ្យជាសះស្បើយទាំងអស់គ្នា ដោយគ្មានអ្នកជំងឺកូវីដ-១៩ ណាម្នាក់ស្លាប់បាត់បង់ជីវិតឡើយ។ ចំណុចនេះដែលអន្តរជាតិ បានកោតសរសើរស្ញប់ស្ញែង ពីសមត្ថភាពរបស់កម្ពុជា ពិសេសគឺក្រុមគ្រូពេទ្យកម្ពុជាតែម្តង។ ទី៣- ការបង្ការទប់ស្កាត់បានការចម្លងជំងឺកូវីដ-១៩ ទៅក្នុងសហគមន៍។

អ្វីដែលជាការរៀបរាប់លើនេះ គ្រាន់តែជាចំណុចខ្លះៗប៉ុណ្ណោះនៃវិធានការស្ថិតក្នុងសេណារីយ៉ោជាដំណាក់ៗ របស់រាជរដ្ឋាភិបាលកម្ពុជាប៉ុណ្ណោះ ក្នុងការបង្ការ ការពារ ទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសទប់ស្កាត់ការចម្លងជំងឺដ៏កាចសាហាវនេះចូលទៅក្នុងសហគមន៍។ ក៏ប៉ុន្តែមិនមែនបានន័យថា កម្ពុជា បានលុបបំបាត់ជំងឺកូវីដ-១៩ មិនឲ្យឆ្លងចូលមកក្នុងប្រទេសជាថ្មីម្តងទៀតឡើយ ហេតុដូច្នេះតោងមានការប្រុងប្រយ័ត្នទាំងអស់គ្នាឲ្យបានជាប់ជានិច្ចដោយត្រូវចេះកែប្រែទម្លាប់ និងឥរិយាបថនៃការរស់នៅរបស់ខ្លួនឲ្យស្របទៅតាមសភាពធម្មតា តាមបែបគន្លងថ្មីក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជាចាំបាច់ ដូចជា ការប្រកាន់យកនូវការអនុវត្តអនាម័យដៃស្អាត ពាក់ម៉ាស់ (ក្នុងករណីចាំបាច់) ប្រើក្រមា កន្សែង ឬក្រដាសជូតមាត់ ខ្ទប់មាត់ពេលមានក្អក ឬកណ្តាស់ បន្តអនុវត្តគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល មិនត្រូវមានការជួបជុំ ឬរៀបចំពិធីណាមួយដែលមានគ្នាច្រើនកុះករពេក ដូចជា ការជួបជុំស៊ីផឹកដែលមានគ្នាច្រើន ឬការជួបជុំតាមបែបសាសនាជាដើម។
សរុបមកវិញ ទោះប្រទេសកម្ពុជាតូច ធនធានមនុស្សតិចក្តី តែប្រទេសកម្ពុជា ត្រូវបានពិភពលោកចាត់ទុកថា មានប្រព័ន្ធការពារប្រឆាំងនឹងមេរោគឆ្លងនានាបានយ៉ាងជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់ទៀតផង។ ឧទាហរណ៍ជាក់ស្តែងការទប់ស្កាត់ជំងឺឆ្លងរាតត្បាតសកលកូវីដ-១៩ មិនឲ្យមានការចម្លងក្នុងសហគមន៍ ដែលទទួលស្គាល់ពីអង្គការសុខភាពពិភព។ កម្ពុជា ជាប្រទេសតូច តែមានមេដឹកនាំមានទឹកចិត្តធំទូលាយ ជម្នះឧបសគ្គគ្រប់បែបយ៉ាង ដើម្បីរំដោះប្រទេសជាតិ និងប្រជាជនឲ្យរួចផុតពីការលំបាកទាំងឡាយ ទោះស្ថិតក្នុងកាលៈទេសៈបែបណាក៏ដោយ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មេដឹកនាំកម្ពុជា ដែលបានយកជីវិតធ្វើដើមទុន ដើម្បីសង្គ្រោះជាតិ និងប្រជាជនកម្ពុជា តែងមានវត្តមានជានិច្ចដោះស្រាយបញ្ហារបស់ប្រទេសកម្ពុជា និងប្រជាជន។ លោកនាយករដ្ឋមន្ត្រី ត្រូវបានជនបរទេសដាក់រហ័សនាមថា ជាបុរសខ្លាំងរបស់កម្ពុជា។ ចំណុចខ្លាំងរបស់លោក គឺស្ថិតនៅត្រង់ថា គាត់មិនត្រឹមតែជាស្ថាបនិកសន្តិភាព និងការអភិវឌ្ឈប៉ុណ្ណោះទេ ប៉ុន្តែគាត់អាចឈរយ៉ាងរឹងមាំដើម្បីការពារសន្តិភាព ការពារការអភិវឌ្ឍ និងការពារសេចក្តីសុខសាន្តរបស់ពលរដ្ឋខ្មែរ មិនឲ្យមានអ្នកណាអាចមកបំផ្លាញបានឡើយ។

ពីព្រឹត្តិការណ៍មួយទៅព្រឹត្តិការណ៍មួយ វត្តមានរបស់ សម្តេចតេជោ ហ៊ុន សែន បានផ្តល់ភាពកក់ក្តៅយ៉ាងខ្លាំងដល់ពលរដ្ឋខ្មែរគ្រប់ទិសទី ជាពិសេសជនរងគ្រោះដោយហេតុការណ៍ណាមួយ។ បុរសរូបនេះហើយ ដែលជាវីរៈបុរសរបស់ពលរដ្ឋខ្មែរយ៉ាងពិតប្រាកដ នោះគឺតេជោសែន ដ៏ជាទីកក់ក្តៅរបស់ពលរដ្ឋនិងជាពិសេសយុវជនខ្មែរ៕

ដោយ៖ សុខ សុវណ្ណ



វីដេអូ៖ ត្រកូលអ្នកនយោបាយក្បត់ជាតិ សាសនា និងព្រះមហាក្សត្រ