Saturday, May 21, 2022

ទស្សនៈមិត្តអ្នកអាន៖ ការគ្រប់គ្រងស្ថានភាពជំងឺកូវីដ-១៩បាន របស់ប្រទេសកម្ពុជាមិនមែនជារឿងចៃដន្យឡើយ

 នៅទីបំផុតទៅ ប្រទេសកម្ពុជា អាចគ្រប់គ្រងស្ថានភាពជំងឺកូវីដ-១៩ បានទាំងស្រុង គឺបន្ទាប់ពីអ្នកជំងឺចុងក្រោយបង្អស់របស់ប្រទេសកម្ពុជា ត្រូវបានក្រសួងសុខាភិបាល ប្រកាសថា បានជាសះស្បើយឡើងវិញពីជំងឺកូវីដ-១៩។ ការគ្រប់គ្រងបានស្ថានភាពជំងឺកូវីដ-១៩ នាពេលនេះ មិនមែនជារឿងចៃដន្យ ឬកើតឡើងដោយឯកឯងនោះឡើយ ប៉ុន្តែវាជាការខិតខំប្រឹងប្រែងទាំងកម្លាំងកាយចិត្ត ស្មារតី ថវិកា របស់រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយលោក ហ៊ុន សែន នាយករដ្ឋមន្ត្រី។

នៅពេលដែលប្រទេសចិន បានប្រកាសពីការរកឃើញករណីជំងឺកូវីដ-១៩ នៅចុងឆ្នាំ២០១៩ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា មិនបានព្រងើយកន្តើយឡើយ គឺបានចាត់វិធានការជាជំហានៗឆ្លើយតបទៅនឹងការគំរាមកំហែ ងនៃមេរោគដ៏កាចសាហាវនេះ។ វិធានការទាំងនោះមានដូចជា៖ ការបិទទីតាំងដែលមានការប្រមូលផ្តុំមនុស្សច្រើន ដែលមានហានិភ័យខ្ពស់ក្នុងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដូចជា សាលារៀន ទីកន្លែងកម្សាន្ត ក្លឹប ខារ៉ាអូខេ សារមន្ទីរ រោងភាពយន្ត ការប្រគុំតន្ត្រីតាមទីសាធារណៈនានាជាដើម។ កម្ពុជា បានបិទជើងហោះហើរជាមួយនឹងប្រទេសដែលមានហានិភ័យខ្ពស់ក្នុងការចម្លងជំងឺកូវីដ-១៩ មកក្នុងព្រះរាជាណាចក្រកម្ពុជា។ ការធ្វើចត្តាឡីស័ក្តរបស់ប្រជាពលរដ្ឋខ្មែរដែលវិលត្រឡប់មកពីប្រទេសដែលមានហានិភ័យជំងឺកូវីដ-១៩ ដោយដាក់ឲ្យនៅដាច់ដោយឡែកពីគេរយៈពេល ១៤ថ្ងៃ ដើម្បីធានាថា ពួកគេគ្មានជំងឺកូវីដ-១៩ និងម្យ៉ាងទៀតក្នុងករណីសង្ស័យថា បើពួកគាត់មានជំងឺនេះ គឺអាចបញ្ជូនទៅកាន់មន្ទីរពេទ្យបានភ្លាមៗដើម្បីព្យាបាល។ ការបិទខេត្តក្នុងរយៈពេលខ្លីទប់ស្កាត់ការបម្លាស់ទីរបស់កម្មករ កម្មការិនី រោងចក្រកាត់ដេរ នៅថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងការធ្វើចត្តាឡីស័ក្តបងប្អូនកម្មករ កម្មការិនីមួយចំនួន ដែលវិលត្រឡប់ចូលមកបម្រើការងារវិញក្រោយចូលឆ្នាំខ្មែរ ជាពិសេសការធ្វើចត្តាឡីស័ក្តបងប្អូនពលករខ្មែរមកពីក្រៅប្រទេសដែលអាជ្ញាធរខេត្តនីមួយៗជាអ្នកទទួលខុសត្រូវរៀងខ្លួន។ ការធ្វើចត្តាឡីស័ក្តនេះ មានសារៈសំខាន់បំផុត ដើម្បីការពារការចម្លងជំងឺកូវីដ-១៩ ចូលទៅក្នុងសហគមន៍។ តាំងពីដើមរៀងទីមក នៅកម្ពុជា គ្មានការចម្លងនៅក្នុងសហគមន៍ឡើយ។

ការគ្រប់គ្រងស្ថានភាពជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា គេអាចនិយាយបានថា ជាករណីកម្របំផុតមួយ ដែលកម្ពុជាខ្លួនឯងផ្ទាល់អាចគ្រប់គ្រងបានយ៉ាងល្អ ហើយមានប្រសិទ្ធភាពខ្ពស់បំផុត បើធៀបទៅនឹងបណ្តាប្រទេសជឿនលឿនតូច-ធំក្នុងពិភពលោក ដែលមានប្រព័ន្ធសុខាភិបាលទំនើប តែមានអ្នកស្លាប់ និងឆ្លង ច្រើនលើសលុបបំផុត។ ជោគជ័យរបស់ប្រទេសកម្ពុជារួមមាន៖ ទី១- អ្នកឆ្លងមានចំនួនតែ ១២២ នាក់ ទី២- អ្នកឆ្លងជំងឺទាំងនោះមានចម្រុះជាតិសាសន៍ចាស់ក្មេង មានជំងឺប្រចាំកាយផ្សេងៗ ដែលមានហានិភ័យខ្ពស់បំផុតក្នុងការស្លាប់បាត់បង់ជីវិត ក៏ត្រូវបានក្រុមគ្រូពេទ្យខ្មែរព្យាបាលឲ្យជាសះស្បើយទាំងអស់គ្នា ដោយគ្មានអ្នកជំងឺកូវីដ-១៩ ណាម្នាក់ស្លាប់បាត់បង់ជីវិតឡើយ។ ចំណុចនេះដែលអន្តរជាតិ បានកោតសរសើរស្ញប់ស្ញែង ពីសមត្ថភាពរបស់កម្ពុជា ពិសេសគឺក្រុមគ្រូពេទ្យកម្ពុជាតែម្តង។ ទី៣- ការបង្ការទប់ស្កាត់បានការចម្លងជំងឺកូវីដ-១៩ ទៅក្នុងសហគមន៍។

អ្វីដែលជាការរៀបរាប់លើនេះ គ្រាន់តែជាចំណុចខ្លះៗប៉ុណ្ណោះនៃវិធានការស្ថិតក្នុងសេណារីយ៉ោជាដំណាក់ៗ របស់រាជរដ្ឋាភិបាលកម្ពុជាប៉ុណ្ណោះ ក្នុងការបង្ការ ការពារ ទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសទប់ស្កាត់ការចម្លងជំងឺដ៏កាចសាហាវនេះចូលទៅក្នុងសហគមន៍។ ក៏ប៉ុន្តែមិនមែនបានន័យថា កម្ពុជា បានលុបបំបាត់ជំងឺកូវីដ-១៩ មិនឲ្យឆ្លងចូលមកក្នុងប្រទេសជាថ្មីម្តងទៀតឡើយ ហេតុដូច្នេះតោងមានការប្រុងប្រយ័ត្នទាំងអស់គ្នាឲ្យបានជាប់ជានិច្ចដោយត្រូវចេះកែប្រែទម្លាប់ និងឥរិយាបថនៃការរស់នៅរបស់ខ្លួនឲ្យស្របទៅតាមសភាពធម្មតា តាមបែបគន្លងថ្មីក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជាចាំបាច់ ដូចជា ការប្រកាន់យកនូវការអនុវត្តអនាម័យដៃស្អាត ពាក់ម៉ាស់ (ក្នុងករណីចាំបាច់) ប្រើក្រមា កន្សែង ឬក្រដាសជូតមាត់ ខ្ទប់មាត់ពេលមានក្អក ឬកណ្តាស់ បន្តអនុវត្តគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល មិនត្រូវមានការជួបជុំ ឬរៀបចំពិធីណាមួយដែលមានគ្នាច្រើនកុះករពេក ដូចជា ការជួបជុំស៊ីផឹកដែលមានគ្នាច្រើន ឬការជួបជុំតាមបែបសាសនាជាដើម។
សរុបមកវិញ ទោះប្រទេសកម្ពុជាតូច ធនធានមនុស្សតិចក្តី តែប្រទេសកម្ពុជា ត្រូវបានពិភពលោកចាត់ទុកថា មានប្រព័ន្ធការពារប្រឆាំងនឹងមេរោគឆ្លងនានាបានយ៉ាងជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់ទៀតផង។ ឧទាហរណ៍ជាក់ស្តែងការទប់ស្កាត់ជំងឺឆ្លងរាតត្បាតសកលកូវីដ-១៩ មិនឲ្យមានការចម្លងក្នុងសហគមន៍ ដែលទទួលស្គាល់ពីអង្គការសុខភាពពិភព។ កម្ពុជា ជាប្រទេសតូច តែមានមេដឹកនាំមានទឹកចិត្តធំទូលាយ ជម្នះឧបសគ្គគ្រប់បែបយ៉ាង ដើម្បីរំដោះប្រទេសជាតិ និងប្រជាជនឲ្យរួចផុតពីការលំបាកទាំងឡាយ ទោះស្ថិតក្នុងកាលៈទេសៈបែបណាក៏ដោយ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មេដឹកនាំកម្ពុជា ដែលបានយកជីវិតធ្វើដើមទុន ដើម្បីសង្គ្រោះជាតិ និងប្រជាជនកម្ពុជា តែងមានវត្តមានជានិច្ចដោះស្រាយបញ្ហារបស់ប្រទេសកម្ពុជា និងប្រជាជន។ លោកនាយករដ្ឋមន្ត្រី ត្រូវបានជនបរទេសដាក់រហ័សនាមថា ជាបុរសខ្លាំងរបស់កម្ពុជា។ ចំណុចខ្លាំងរបស់លោក គឺស្ថិតនៅត្រង់ថា គាត់មិនត្រឹមតែជាស្ថាបនិកសន្តិភាព និងការអភិវឌ្ឈប៉ុណ្ណោះទេ ប៉ុន្តែគាត់អាចឈរយ៉ាងរឹងមាំដើម្បីការពារសន្តិភាព ការពារការអភិវឌ្ឍ និងការពារសេចក្តីសុខសាន្តរបស់ពលរដ្ឋខ្មែរ មិនឲ្យមានអ្នកណាអាចមកបំផ្លាញបានឡើយ។

ពីព្រឹត្តិការណ៍មួយទៅព្រឹត្តិការណ៍មួយ វត្តមានរបស់ សម្តេចតេជោ ហ៊ុន សែន បានផ្តល់ភាពកក់ក្តៅយ៉ាងខ្លាំងដល់ពលរដ្ឋខ្មែរគ្រប់ទិសទី ជាពិសេសជនរងគ្រោះដោយហេតុការណ៍ណាមួយ។ បុរសរូបនេះហើយ ដែលជាវីរៈបុរសរបស់ពលរដ្ឋខ្មែរយ៉ាងពិតប្រាកដ នោះគឺតេជោសែន ដ៏ជាទីកក់ក្តៅរបស់ពលរដ្ឋនិងជាពិសេសយុវជនខ្មែរ៕

ដោយ៖ សុខ សុវណ្ណ



No comments:

Post a Comment