នៅព្រឹកថ្ងៃចន្ទ ៨កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយឯកឧត្តម មិកាមិ ម៉ាសាហ៉ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវកំណាត់ផ្លូវជាតិលេខ៥ ពីខេត្តបាត់ដំបងទៅក្រុងសិរីសោភណ្ឌ ខេត្តបន្ទាយមានជ័យ។
Monday, January 10, 2022
សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ កំណាត់ផ្លូវជាតិលេខ៥ បាត់ដំបង-សិរីសោភ័ណ
សម្តេចតេជោ ហ៊ុន សែន៖ ខ្ញុំមិនដែលមានជំនឿថា យកសង្រ្គាមទៅបញ្ចប់សង្រ្គាមបានទេ
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា តំបន់សង្រ្គាមក្តៅគឺនៅខេត្តបាត់ដំបង និងបន្ទាយមានជ័យនេះឯង ហើយអ្វីដែលគួរឱ្យស្តាយនោះគឺសង្រ្គាមសម្លាប់គ្នាឯងរវាងខ្មែរនិងខ្មែរ ដូច្នេះសម្តេចមិនដែលមានជំនឿថា អាចយកសង្រ្គាមទៅបញ្ចប់សង្រ្គាមបាននោះឡើយមានតែការចរចាស្វែងរកសន្តិភាព។ សម្តេចបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៥ ពីខេត្តបាត់ដំបង ទៅក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលជប៉ុន។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា សម្តេចបានចាប់ផ្តើមចរចាស្វែងរកសន្តិភាពតាំងពីឆ្នាំ១៩៨៧មក រហូតដល់មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងដំណាក់កាលក្រោយពីអ៊ុនតាក់ដកចេញហើយ ក៏នៅតែបន្តមានសង្រ្គាមទៀត។ កម្ពុជា អាចបញ្ចប់សង្រ្គាមទៅបានដោយសារនយោបាយឈ្នះឈ្នះនៅចុងឆ្នាំ១៩៩៨។
សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា បន្ទាប់ពីបញ្ចប់សង្រ្គាមនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ហើយ សម្តេច បានដាក់ចេញគោលនយោបាយយុទ្ធសាស្រ្តពីរទៀត គឺប្រែក្លាយតំបន់អតីតសមរភូមិឱ្យទៅជាទីផ្សារនិងតំបន់អភិវឌ្ឍន៍ និងប្រែក្លាយតំបន់ព្រំដែនជាមួយប្រទេសជិតខាង ទៅជាតំបន់សន្តិភាពនិងសហប្រតិបត្តិការ៕
សម្តេចតេជោ ហ៊ុន សែន៖ ជប៉ុន ចូលរួមចំណែកយ៉ាងច្រើននៅក្នុងដំណើរការស្វែងរកសន្តិភាព និងអភិវឌ្ឍនៅកម្ពុជា
សម្តេចតេជោ ហ៊ុន សែន បានថ្លែងរំលឹកពីការចូលរួមចំណែកយ៉ាងធំធេងរបស់ប្រទេសជប៉ុននៅក្នុងដំណើរការស្វែងរកសន្តិភាព និងការអភិវឌ្ឍរបស់កម្ពុជា។ សម្តេចបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៥ ពីខេត្តបាត់ដំបង ទៅក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលជប៉ុន។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការចុះហត្ថលេខាបង្កើតក្រុមប្រឹក្សាជាតិជាន់ខ្ពស់ (SNC) ក៏ត្រូវបានចុះហត្ថលេខានៅទីក្រុងតូក្យូ ប្រទេសជប៉ុនផងដែរ។ ដូច្នេះជប៉ុន ចូលរួមចំណែកយ៉ាងខ្លាំងក្នុងដំណើរការកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។
សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា រហូតមកដល់សព្វថ្ងៃនេះ ជប៉ុននៅតែបន្តជួយកម្ពុជានៅក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជាផងដែរ៕
សារលិខិតសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា ២០២១-២០២២
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២នេះ បានចេញសារលិខិតក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា ២០២១-២០២២។
ក្នុងឱកាសដ៏មានអត្ថន័យ នៃថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២១-២០២២ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលនៃកម្ពុជា សូមសម្តែងនូវក្តីសោមនស្សរីករាយក្រៃលែង និងប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនជនរួមជាតិ លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ ក្មួយៗសិស្សានុសិស្ស ទាំងអស់គ្រប់ភូមិសិក្សា ដែលកំពុងអបអរសាទរការបើកបវេសន កាលឆ្នាំសិក្សាថ្មី នៅទូទាំងកម្ពុជា នាថ្ងៃទី១០ ខែមករា ឆ្នាំ២០២២នេះ។
សម្តេចតេជោ ហ៊ុន សែន សូមថ្លែងអំណរគុណដ៏ស្មោះ ចំពោះថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី មាតាបិតា អ្នកអាណាព្យាបាល សប្បុរសជន គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា ជាពិសេសលោកគ្រូ អ្នកគ្រូ ដែលបានពុះពារឧបសគ្គគ្រប់បែបយ៉ាងប្រកបដោយស្មារតីសាមគ្គីភាព ភក្តីភាព និងមុះមុត ក្នុងការឧបត្ថម្ភគាំទ្រ និងធានាផ្តល់នូវការរៀនសូត្រ តាមគ្រប់រូបភាពដល់សិស្សានុសិស្ស ក្នុងអំឡុងពេលនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ អស់រយៈពេលជិត២ឆ្នាំកន្លងមកនេះ៕
សូមអានសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ទាំងស្រុង៖
Saturday, January 08, 2022
អ្នកវិភាគចៅចាក់ស្មុក៖ ប្រជាពលរដ្ឋ ការផ្សះផ្សារជាតិនិងបង្រួបបង្រួមជាតិ សន្តិភាព និងអំពើមនុស្សធម៌ដែលទទួលបានផលប្រយោជន៍ពិតប្រាកដពីភាពជោគជ័យការទូតរបស់កម្ពុជាចំពោះបញ្ហាមីយ៉ាន់ម៉ា
(ភ្នំពេញ)៖ មជ្ឈដ្ឋានជាតិនិងអន្តរជាតិបានវាយតម្លៃខ្ពស់ថាកិច្ចការការទូតដែលកម្ពុជាក្នុងនាមប្រធានអាស៊ានប្តូរវេនឆ្នាំ ២០២២ បានធ្វើតាមរយៈលទ្ធផលដ៏ត្រចះត្រចង់នៃដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នៅប្រទេសមីយ៉ាន់ម៉ា និងទទួលបានការបញ្ជាក់ពីការប្រកាសបទឈប់បាញ់គ្នារបស់រដ្ឋាភិបាលរហូតដល់ដំណាចឆ្នាំ ២០២២ គឺជាជោគជ័យផ្នែកការទូតមួយយ៉ាងសំខាន់ និងជាការត្រួសត្រាយផ្លូវឆ្ពោះទៅរកការផ្សះផ្សារជាតិ បង្រួបបង្រួមជាតិ និងកសាងមូលដ្ឋានគ្រឹះសន្តិភាពឡើងវិញនៅមីយ៉ាន់ម៉ា ក៏ដូចជាពង្រឹងសាមគ្គីភាព និងគោលការណ៍កុងសង់ ស៊ីសក៏ដូចជាគោលការណ៍អាស៊ាន ១០ ប្រទេស។ វាគឺជាដំណើរឆ្ពោះទៅយកប្រក្រតីភាពមកឱ្យមីយ៉ាន់ម៉ាវិញ ខណៈជម្លោះប្រដាប់អាវុធរវាងរដ្ឋាភិបាល និងភាគីជនជាតិដើមភាគតិចជាច្រើនក្នុងប្រទេសនេះកំពុងតែផ្ទុះឡើងក្រោយមានរដ្ឋប្រហារកាលពីដើមឆ្នាំ ២០២១។ លទ្ធផលនៃដំណើរទស្សនកិច្ច ២ ថ្ងៃជាមួយនឹងលទ្ធផលផ្លែផ្កាក៏ជាសារមួយយ៉ាងសំខាន់ឆ្លើយតបទៅនឹងមជ្ឈដ្ឋានមួយចំនួនដែលបានធ្វើបុរេវិនិច្ឆ័យថាដំណើរទស្សនកិច្ចនេះនឹងមិនទទួលលទ្ធផលអ្វីឡើយ ចំណែកក្រុមជនជាតិភូមា ដែលមានភក្តីភាពទៅលោកស្រី អ៊ុងសាន ស៊ូជី មួយចំនួន បានធ្វើបាតុកម្មប្រឆាំងវត្តមានសម្តេចតេជោនិងគណៈប្រតិភូនៅភូមា និងបានប្រើប្រាស់បច្ចេកវិទ្យាតាមចូលវាយប្រហារលើហ្វេសប៊ុកសម្តេចតេជោនាយករដ្ឋមន្ត្រីថែមទៀត។
តើនរណាជាអ្នកទទួលផលប្រយោជន៍ពិតប្រាកដពីដំណើរទស្សនកិច្ចការទូតលើកនេះ និងកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតផ្សេងទៀតរបស់ប្រធានអាស៊ានឆ្នាំ២០២២ ជាមួយប្រទេសមីយ៉ាន់ម៉ា?
អ្នកនយោបាយបរទេសខ្លះ រួមនឹងមជ្ឈដ្ឋានប្រឆាំងរបស់ភូមា និងក្រុមអមិត្តដែលស្រឡាញ់សង្គ្រាមនិងមានផលប្រយោជន៍ភូមិសាស្ត្រនយោបាយ បានធ្វើការប្រមាថ ចំពោះកិច្ចការការទូតរបស់សម្តេចតេជោ ហ៊ុន សែន ប៉ុន្តែអ្វីដែលសម្តេចតេជោនាយករដ្ឋមន្ត្រីបានធ្វើសុទ្ធតែ បានប្រឹក្សាយោបល់ជាមួយបណ្តាថ្នាក់ដឹកនាំមួយចំនួន របស់អាស៊ាន ហើយការចូលរួមដោះស្រាយវិបត្តិមីយ៉ាន់ម៉ានេះ កម្ពុជាគ្មានទទួលប្រយោជន៍អ្វីឡើយ តែជាទំនួលខុសត្រូវក្នុងនាមជាប្រធានអាស៊ាន និងមិនចង់ឃើញសោកនាដកម្មរបស់ប្រជាជនមីយ៉ាន់ម៉ាបន្តកើតមាន ពលរដ្ឋស៊ីវិល និងយោធាបន្តបាត់បង់ជីវិត ហើយប្រជាពលរដ្ឋជនភៀសខ្លួន និងជនងាយរងគ្រោះត្រូវរងទុក្ខ វេទនាដោយសារតែការខ្វះស្បៀងនិងថ្នាំសង្កូវសម្រាប់ព្យបាលជំងឺឡើយ។ ប្រសិនបើគ្មានដំណោះស្រាយលើ ចំណុចសំខាន់ ២ គឺការឈប់បាញ់គ្នារវាងភាគីក្នុងជម្លោះ និងការផ្តល់នូវជំនួយមនុស្សធម៌ដល់អ្នកត្រូវការទេ នោះ ពលរដ្ឋមីយ៉ាន់ម៉ានឹងបន្តបាត់បង់ជីវិតរាល់ថ្ងៃ ហើយនឹង មានវិបត្តិមនុស្សធម៌កើតឡើង ពលរដ្ឋរងគ្រោះត្រូវការ ជំនួយបន្ទាន់នឹងប្រឈមមុខខ្លាំង។ នេះគឺជាស្ថានភាពដែលកម្ពុជាក្នុងនាមជាប្រធានអាស៊ាន និងជាប្រទេស មិត្តភ័ក្តិមីយ៉ាន់ម៉ា មិនអាចឈរឱបដៃមើលវិបត្តិទាំងនេះ បន្តបំផ្លាញជីវិតពលរដ្ឋមីយ៉ាន់ម៉ាដោយមិនស្វះស្វែងរក ដំណោះស្រាយឡើយ។ មេរៀនបទពិសោធនេះ កម្ពុជា បានជួបប្រទះរួចអស់ហើយ ហើយសម្តេចតេជោ ហ៊ុន សែន ដែលកំពុងស្វះស្វែងជួយប្រទេសមីយ៉ាន់ម៉ា នៅពេលនេះ គឺជាតួអង្គមួយយ៉ាងសំខាន់ក្នុងការទ្រស្ថានការណ៍ទាំងនេះកាលពីអតីតកាល ប្រឹងត្រដររស់ដោយដៃម្ខាងកសាងប្រទេស ធ្វើឱ្យប្រជាពលរដ្ឋរស់ក្រោមសម្ពាធទណ្ឌកម្មជុំទិសរបស់បស្ចឹមប្រទេស និងដៃម្ខាងទប់ស្កាត់ការវិលត្រឡប់មកវិញនៃរបបខ្មែរក្រហមប្រល័យពូជសាសន៍ ដែល នៅតែទទួលបានការគាំទ្រឱ្យកាន់កាប់អាសនៈនៅអង្គការសហប្រជាជាតិ និងជំនួយអាវុធដើម្បីបន្តបំផ្លាញកម្ពុជា ក្រោយរបបខ្មែរក្រហមត្រូវបានផ្តួលរំលំនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។
តាមពិត អ្នកដែលទទួលបានផលប្រយោជន៍ពិតប្រាកដពី ភាពជោគជ័យដំណាក់កាលដំបូងនៃកិច្ចការទូតដែលអាច ប្រសិទ្ធនាមថា «ការទូតឈ្នះ-ឈ្នះ» របស់សម្តេចតេជោ ហ៊ុន សែន នៅពេលនេះគឺទី១-ផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋមីយ៉ាន់ម៉ាផ្ទាល់តែម្តង ដែលបានទទួលការប្រកាសពីថ្នាក់ដឹកនាំរដ្ឋាភិបាលមីយ៉ាន់ម៉ាបច្ចុប្បន្ន ឧត្តមសេនីយ៍ មីន អោងឡាំង ពីបទឈប់បាញ់គ្នាពីពេលនេះរហូតដល់ចុងឆ្នាំ២០២២ ដែលមានន័យស្មើនឹងការធានាបានអាយុជីវិត ឬកាត់បន្ថយការស្លាប់របស់ពលរដ្ឋ កាត់បន្ថយការឈឺចាប់ក្នុងចំណោមជាតិសាសន៍របស់មីយ៉ាន់ម៉ា កាត់បន្ថយកំហឹង ការសងសឹក និងសោនាដកម្មផ្សេងទៀតដែលមិននឹកស្មានដល់។ ទី២-ជាច្រកទ្វារថ្មីមួយសម្រាប់ដំណើរការបង្រួបបង្រួមជាតិ ផ្សះផ្សារជាតិរវាងជាតិសាសន៍នានាដែលកំពុងរស់នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលបច្ចុប្បន្នបាននិងកំពុងបែកបាក់ធ្ងន់ធ្ងរ ហើយប្រសិនបើមិនអាចគ្រប់គ្រងបានទេ ក្តីព្រួយបារម្ភដែលខ្លាចថាប្រទេសមីយ៉ាន់ម៉ាធ្លាក់ចូលភ្នក់ភ្លើងសង្គ្រាមស៊ីវិល វានឹងក្លាយជាការពិត ហើយវិនាសកម្មមនុស្ស ហេដ្ឋារចនាសម្ព័ន្ធប្រទេសនឹងកាន់តែមានទំហំធំ តម្លៃធំធេង។ ការបែកបាក់ជាតិក៏នឹងកើតឡើង ដែលអាចប្រឈមនឹងភាពបែកបាក់កាន់តែធ្ងន់ធ្ងរ ហើយសុខសន្តិភាព ការអភិវឌ្ឍសព្វបែបយ៉ាងត្រូវបានបំផ្លិចបំផ្លាញ មីយ៉ាន់ម៉ានឹងបន្តរាប់សាកសពពលរដ្ឋខ្លួនជារៀងរាល់ថ្ងៃ។ ប្រសិនបើបទឈប់បាញ់គ្នាត្រូវបានថែរក្សាបានល្អ និងមានការចូលរួមយ៉ាងសកម្មពីកក្រុមជនជាតិជាច្រើនទៀតដែលកំពុងប្រកាសសង្គ្រាមជាមួយរដ្ឋាភិបាល នោះវាគឺជាភាពជោគជ័យធំធេងសម្រាប់មនុស្សជាតិ។ ទី៣-ផលប្រយោជន៍បើកផ្លូវសម្រាប់សកម្មភាពមនុស្សធម៌ ព្រោះបច្ចុប្បន្ននេះជំនួយ មនុស្សធម៌មាន តែមិនទាន់បានចែកជូនដល់អ្នកដែលត្រូវ ការជំនួយនោះឡើយ ដែលជាហេតុធ្វើឱ្យវិបត្តិមនុស្សមានទម្ងន់បន្ថែមទៀតដាក់សម្ពាធលើវិបត្តិនយោបាយ និងជម្លោះប្រដាប់អាវុធ។
ការយល់ព្រមអនុវត្តបទឈប់បាញ់ ការបញ្ឈប់អំពើហិង្សា និងទទួលយកជំនួយមនុស្សធម៌របស់មីយ៉ាន់ម៉ា រួមទាំងការស្វាគមន៍ចំពោះប្រេសិតពិសេសប្រធានអាស៊ានឆ្នាំ២០២២នេះ ជាការវិវឌ្ឍថ្មីស្របទៅតាមគោលការណ៍កុងសង់ស៊ីស ៥ចំណុច ដែលត្រូវបានដាក់ចេញ ក្នុងជំនួបកំពូលពិសេស កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ នៃប្រមុខរដ្ឋាភិបាលនិងប្រមុខរដ្ឋនៃបណ្តាប្រទេសសមាជិកអាស៊ាន ដើម្បីឆ្លើយតបទៅនឹងវិបត្តិនយោបាយនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ គួររំឭកថាគោលការណ៍ទាំង ៥ចំណុចនេះរួមមាន៖
ទី១៖ ត្រូវបញ្ឈប់ជាបន្ទាន់នូវអំពើហិង្សា នៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយគ្រប់ភាគីទាំងអស់ត្រូវបង្កើនការអត់ធ្មត់ ឱ្យដល់កម្រិតខ្ពស់បំផុត។
ទី២៖ ចាប់ផ្តើមការសន្ទនាប្រកបដោយការស្ថាបនា ក្នុង ចំណោមភាគីពាក់ព័ន្ធទាំងអស់ ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី ដើម្បីផលប្រយោជន៍របស់ប្រជាជន។
ទី៣៖ ប្រេសិតពិសេសរបស់ប្រធានអាស៊ាន នឹងសម្រួលដល់ការសម្រុះសម្រួល នៃដំណើរការរៀបចំកិច្ចសន្ទនា ដោយមានជំនួយពីអគ្គលេខាធិការអាស៊ាន។
ទី៤៖ អាស៊ានត្រូវផ្តល់ជំនួយមនុស្សធម៌តាមរយៈមជ្ឈមណ្ឌល AHA។
ទី៥៖ ប្រេសិតពិសេស និងគណៈប្រតិភូនឹងធ្វើទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា ដើម្បីជួបជាមួយភាគីពាក់ព័ន្ធទាំងអស់។ ក្និងការស្វះស្វែងដំណោះស្រាយលើបញ្ហាមីយ៉ាន់ម៉ានេះ នឹងអាចមានកិច្ចប្រជុំ ការចរចា និងកិច្ចការងារការទូតច្រើនបន្ថែមទៀត ទោះបីជា កិច្ចការការទូតដំបូងនៅដើមឆ្នាំ២០២២ របស់កម្ពុជាជាប្រធានអាស៊ានមានភាពវិជ្ជមានទៅមុខ ពោលគឺត្រូវការពេលវេលាត្រូវការភាពអត់ធ្មត់ និងត្រូវការភាពជាក់ស្តែង។
មជ្ឈដ្ឋានជាតិនិងអន្តរជាតិបានកំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើការវិវឌ្ឍស្ថានការណ៍នៅភូមា ហើយក្រសែភ្នែកពិភពលោកបានសំឡឹងមកលើសម្តេចតេជោ ហ៊ុន សែន លើតួនាទីជាអ្នកសម្របសម្រួលនិងស្វែងរកដំណោះស្រាយបញ្ហាមីយ៉ាន់ម៉ា ព្រោះសម្តេចតេជោ ហ៊ុន សែន ត្រូវបានពិភពលោកទទួលស្គាល់ថា ជាស្ថាបនិកសន្តិភាពនៅកម្ពុជា បិតានយោបាយឈ្នះឈ្នះដែលបានបញ្ចប់សង្គ្រាមដ៏រ៊ាំរ៉ៃនៅកម្ពុជាជិត ៣ ទសវត្សរ៍។ ជាមួយនឹងការជ្រើសរើសការទូតបែបទន់ភ្លន់ និងតម្កល់ផលប្រយោជន៍រួមជាធំ ផលប្រយោជន៍សន្តិសុខ ស្ថិរភាព សន្តិភាពតំបន់និងពិភពលោកជាធំ គួបផ្សំនឹងបទពិសោធដ៏សម្បូណ៌បែបក្នុងសមរភូមិសង្គ្រាម និងការទូតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គេជឿជាក់ថាបញ្ហាមីយ៉ាន់ម៉ានឹងត្រូវដោះស្រាយបាន ហើយគោលការណ៍អាស៊ាន ១០ និងកុងសង់ស៊ីសនឹងត្រូវពង្រឹងមកវិញ ឥទ្ធិពលនិងគោលការណ៍អាស៊ាននឹងត្រូវបានការពារ មិនអាចនរណាមកបំបែកបំបាក់អាស៊ានបាន ឡើយ។ អ្វីដែលសំខាន់ ជំហានការទូតជ្រើសរើសដើរដោយប្រុងប្រយ័ត្នរបស់កម្ពុជានឹងអាចធ្វើឱ្យភាគីនានាក្នុងជម្លោះនៅភូមាងាកមករកតុចរចា និងថែរក្សាបទឈប់បាញ់គ្នាដែលប្រកាសឡើងដោយរដ្ឋាភិបាល។ នេះគឺជាការបង្ហាញយ៉ាងច្បាស់ពីឆន្ទៈនិងចិត្តស្មោះសរបស់កម្ពុជា ក្នុងការជួយប្រទេសជាមិត្តឱ្យបញ្ចប់បញ្ហាជម្លោះទាំងឡាយ ព្រោះកម្ពុជាធ្លាប់បានរងគ្រោះដោយសារសង្គ្រាមស៊ីវិល និងបានស្គាល់ច្បាស់នូវសោកនាដកម្មជូរចត់នៃសង្គ្រាមស៊ីវិល និងលទ្ធផលនៃសង្គ្រាមស៊ីវិល ដែលអូសបន្លាយអស់ជិត ៣ទសវត្សរ៍ ហើយទម្រាំឱ្យកម្ពុជាងើបបានដូចសព្វថ្ងៃនេះ ត្រូវប្រើប្រាស់ពេលយូររ។ ចេតនាដ៏ស្មោះត្រង់របស់កម្ពុជាគឺចង់ឱ្យប្រជាជនមីយ៉ាន់ម៉ា ជៀសផុតពីសោកនាដកម្មដែលកម្ពុជាធ្លាប់ឆ្លងកាត់និងស្គាល់រសជាតិដ៏ល្វីងជូរចត់នេះ។
ក្នុងនាមជាប្រធានអាស៊ាន កម្ពុជាបានបំពេញតួនាទី ភារកិច្ចដ៏ល្អឥតខ្ចោះប្រកបដោយការទទួលខុសត្រូវ ក្នុងការជួយគ្រួសារអាស៊ានជាមួយគ្នា ហើយប្រសិនបើសិនប្រទេសមីយ៉ាន់ម៉ា ធ្លាក់នៅក្នុងវិបត្តិសង្គ្រាមស៊ីវិលដូចអ្វីដែលគេកំពុងតែបារម្ភនោះ វានឹងមានឥទ្ធិពលអាក្រក់រហូតដល់សមាគមអាស៊ានទាំងមូល បង្កកេរ្តិ៍ឈ្មោះអាក្រក់ដល់អាស៊ាន អាក្រក់រហូតដល់ការឯកភាពរបស់អាស៊ាន។ ហេតុដូច្នេះបានជាប្រមុខការទូតកម្ពុជាបានបញ្ជាក់ថា៖«យើងជួយមីយ៉ាន់ម៉ា ក៏ដូចជួយអាស៊ានអញ្ចឹង ក្នុងឋានៈជាប្រធានត្រូវតែមានការទទួលខុសត្រូវខ្ពស់ចំពោះកាតព្វកិច្ចរបស់ខ្លួនយើងជាប្រធានអាស៊ាននេះ»។ ការទូតឈ្នះ-ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានបោះជំហានទៅមុខលើការស្វែងរកដំណោះស្រាយភូមា ត្រូវបានពលរដ្ឋខ្មែរទទួលស្វាគមន៍ និងអបអរសាទរយ៉ាងកងរំពង និងបង្ហាញមោទកភាពចំពោះមេដឹកនាំខ្លួន គឺសម្តេចតេជោ ហ៊ុន សែន ដែលជាអគ្គមគ្គុទ្ទេសក៏នៃនយោបាយឈ្នះ-ឈ្នះ និងការទទួលស្វាគមន៍ពីមន្ត្រីការទូតនៃបណ្តាប្រទេសអាស៊ានមួយចំនួន។ ចំពោះក្រុមប្រឆាំងរបស់មីយ៉ាន់ម៉ាក៏មានសភាពស្ងប់ស្ងាត់ ទៅវិញរកពាក្យនឹងថ្លែងគ្មាន ខណៈអ្វីដែលគេបានទស្សន៍ទាយពីមុនដំណើរទស្សនកិច្ចទៅភូមារបស់សម្តេចតេជោ ហ៊ុន សែន គឺខុសទាំងស្រុង ហើយការបញ្ចេញសារជេរប្រមាថសម្តេចតេជោនៅលើបណ្តាញសង្គមក៏ថយចុះ ខណៈការអត្ថាធិប្បាយគាំទ្រ និងអបអរសាទរជ័យជម្នះនៃកិច្ចការទូតសម្តេចតេជោនៅភូមា ត្រូវបានផ្សព្វផ្សាយយ៉ាងភ្លូកទឹកភ្លូកដីនៅលើប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងបណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម។ នេះគឺជាសាមគ្គីភាព និងការលើកទឹកចិត្ត លើកតម្កើង ឆន្ទៈស្មោះសរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាក្និងការរកដំណោះស្រាយលើបញ្ហាមីយ៉ាន់ម៉ាបច្ចុប្បន្ន។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា៖ «ខ្ញុំបានបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ាក្នុងគោលបំណងចូលរួមចំណែកបញ្ចៀសប្រទេសនេះពីអំពើហឹង្សានិងសង្រ្គាមសុីវិលតាមរយៈបទឈប់បាញ់ព្រមទាំងវិបត្តិមនុស្សធម៍តាមរយៈការផ្តល់ជំនួយដល់អ្នកដែលត្រូវការដោយគ្មានការរើសអើង។ អាស៊ាននិងដៃគូដែលចង់ចូលរួមក៍ដូចជា
មីយ៉ាន់ម៉ាខ្លួនឯងនៅមានកិច្ចការជាច្រើនដែលត្រូវ ធ្វើដើម្បីឱ្យការឈប់បាញ់និងការផ្តល់ជំនួយអនុវត្តទៅបានប្រកបដោយប្រសិទ្ធភាព។ អ្នកដែលប្រឆាំងជាមួយនិងបទឈប់បាញ់មានន័យថាអ្នកចង់ឱ្យមនុស្សស្លាប់និងរបួសដោយសារសង្រ្គាម។ អ្នកដែលប្រឆាំងជាមួយនិងការផ្តល់ជំនួយមានន័យថាអ្នកចង់ឱ្យមនុស្សស្លាប់ដោយអត់បាយ អត់ថ្នាំពេទ្យនិងអត់វ៉ាក់សាំងចាក់ការពារជំងឺរាតត្បាតកូវីដ១៩»៕
ដោយចៅចាក់ស្មុក
រាជធានីភ្នំពេញ ថ្ងៃទី៨ ខែមករា ឆ្នាំ២០២២
លិខិតមិត្តអ្នកអាន៖ «នាយករដ្ឋមន្រ្តី ហ៊ុន សែន ចុចគន្លឹះបើកផ្លូវឆ្ពោះ ទៅរកដំណោះស្រាយបញ្ហាមីយ៉ាន់ម៉ា»
(ភ្នំពេញ)៖ ដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងនាមប្រមុខដឹកនាំកម្ពុជានិងជាប្រធានប្តូរវេនអាស៊ានផង ទៅកាន់ប្រទេសមីយ៉ាន់ម៉ា គឺជាគន្លឹះ ដ៏សំខាន់មួយក្នុងការត្រួសត្រាយផ្លូវទៅរកដំណោះស្រាយបញ្ហាវិបត្តក្នុងប្រទេសនេះ។
យោងសេចក្តីប្រកាសរួមដែលបានចេញផ្សាយកាលពីយប់ថ្ងៃទី៧ មករា ឆ្នាំ២០២២ «លោក មីន អោង ឡាំង បានប្រកាសបទឈប់បាញ់គ្នាជា មួយអង្គការប្រដាប់អាវុធជនជាតិភាគតិចទាំងអស់ក្នុងរយៈ ពេល៥ខែ រហូតដល់ចុងខែកុម្ភៈ ឆ្នាំ២០២២ និងបានសម្រេចពន្យារបទឈប់បាញ់គ្នាបន្ថែមទៀតរហូត ដល់ចុងឆ្នាំ ២០២២។ ទន្ទឹមនឹងនេះមេដឹកនាំយោធាជាន់ខ្ពស់មីយ៉ាន់ម៉ារូបនេះ ក៏បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ឱ្យទទួលអនុវត្តបទឈប់បាញ់គ្នាដើម្បីជាផលប្រយោជន៍ប្រទេសជាតិ និងប្រជាជនបញ្ឈប់រាល់អំពើហិង្សា និងប្រកាន់នូវភាពអត់ធ្មត់ខ្ពស់បំផុត។ ហើយលោក មីន អោងឡាំង ក៏បានធានាថា នឹងសម្របសម្រួលដល់ដំណើរទស្សនកិច្ចរបស់ប្រេសិតពិសេស ប្រធានអាស៊ានឆ្នាំ២០២២ ក្នុងពេលបំពេញភារកិច្ច នៅប្រទេសមីយ៉ាន់ម៉ា ដើម្បីឱ្យបានជួបជាមួយនឹងភាគីពាក់ព័ន្ធទាំងអស់»។ នេះគឺជាខ្លឹមសារដ៏សំខាន់បំផុតខ្លះៗដែលសម្រេចបានក្នុងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តី ហ៊ុន សែន ទៅកាន់ប្រទេសមីយ៉ាន់ម៉ាក្នុងរយះពេល២ថ្ងៃនេះ។
ហេតុអ្វីបានជាចំណុចនេះវាមានសារះសំខាន់? ពីព្រោះបទឈប់បាញ់ និងការបញ្ឈប់អំពើហិង្សារួចហើយ ការសម្របសម្រួលឲ្យមានកិច្ចសន្ទនារវាងភាគីពាក់ព័ន្ធ គឺជាចំណុចស្នូល ដើម្បីឈានទៅរកដំណោះស្រាយបញ្ហានៅមីយ៉ាន់ម៉ា។ បើគ្មានបទឈប់បាញ់ បើមិនបញ្ឈប់អំពើហិង្សា និងគ្មានការសម្របសម្រួលឲ្យមានកិច្ចសន្ទនាគ្នាទេ បញ្ហាទាំងឡាយពិតជានឹងមិនអាចដោះស្រាយបាននោះឡើយ។ មកដល់ចំណុចនេះគេប្រាកដជានៅចងចាំបានអំពីដំណោះស្រាយស្វែងរកសន្តិភាព និងការបញ្ចប់សង្គ្រាមនៅកម្ពុជាកាលពីជាង៣០ឆ្នាំកន្លងទៅ។
កាលណោះចំណុចចាប់ផ្តើមក៏បានចេញដំណើរពីបទឈប់បាញ់គ្នា និងការបើកផ្លូវឲ្យមានកិច្ចសន្ទនារវាងភាគីពាក់ព័ន្ធនេះដែរ។ តាំងពីកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ថ្ងៃ២៣ តុលា ឆ្នាំ១៩៩១ រហូតដល់ការសម្រេចនយោបាយឈ្នះឈ្នះផ្តួចផ្តើមនិងដឹកនាំការអនុវត្តដោយផ្ទាល់របស់នាយករដ្ឋមន្រ្តី ហ៊ុន សែន គឺសុទ្ធសឹងតែបានផ្តើមចេញ «ពីការឈប់បាញ់ ការបញ្ឈប់អំពើហិង្សា និងការបើកផ្លូវឲ្យមានកិច្ចសន្ទាទាំងអស់»។ ដូច្នេះប្រាកដណាស់ថា បទពិសោធន៍នេះពិតជាមានសារសំខាន់ ខ្លាំងណាស់សម្រាប់រកដំណោះស្រាយបញ្ហាមីយ៉ាន់ម៉ា។
ជាក់ស្តែងក្នុងសេចក្តីប្រកាសរួមក៏មានចែងដែរថា នាយករដ្ឋមន្រ្តី ហ៊ុន សែន បានចែករំលែកអំពីភាពជោគជ័យនៃគោលនយោបាយឈ្នះ-ឈ្នះ របស់កម្ពុជា ដែលសម្រេចបាននូវការផ្សះផ្សាជាតិ សន្តិភាពយូរអង្វែង ស្ថិរភាព ការអភិវឌ្ឍ និងវិបុលភាព។ ដូច្នេះលទ្ធផលដែលសម្រេចបាននៅក្នុងដំណើរទស្សនកិច្ចដំបូង និងរយៈពេលខ្លីរបស់នាយករដ្ឋមន្រ្តី ហ៊ុន សែន នៅមីយ៉ាន់ម៉ា «ពិតជាកូនសោរមាសដែលបានចុចចំគន្លឹះបើកផ្លូវឆ្ពោះទៅរកដំណោះស្រាយបញ្ហា មីយ៉ាន់ម៉ាយ៉ាងពិតប្រាកដ»។ អំណឹះតទៅបេសកជនពិសេសអាស៊ានគឺឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងបន្ត ជាអ្នកដើរតួនាទីក្នុងការសម្របសម្រួល ជាមួយភាគីពាក់ព័ន្ធនានា នៅក្នុងជម្លោះមីយ៉ាន់ម៉ាដើម្បីឈានទៅរកដំណោះស្រាយយូរអង្វែងមួយនៅក្នុងប្រទេសនេះ។
ជាការពិតបញ្ហាមីយ៉ាន់ម៉ាគឺជារឿងដ៏ស្មុគស្មាញមិនងាយដោះស្រាយនោះឡើយ។ កាលពីឆ្នាំ២០២១ ពេញមួយអាណត្តិដែលប្រទេសព្រុយណេធ្វើប្រធានអាស៊ាន ក៏មិនអាចដោះស្រាយបានដែរ។ ផ្ទុយទៅវិញ អាស៊ានបានទុកមីយ៉ាន់ម៉ាឲ្យនៅម្នាក់ឯង ហើយបានដំណើរការប្រជុំកំពូលតែ ៩ប្រទេសដែលជារូបភាពមួយបង្ហាញអំពីការបែក
បាក់ក្នុងសមាគ អាស៊ាននិងខុសពីគោលការណ៍កុងសង់ស៊ុសរបស់អាស៊ានថែមទៀត។ ក្នុងន័យនេះ កម្ពុជាដែលទទួលធ្វើជាប្រធានអាស៊ានឆ្នាំ ២០២២ មានបេសកកម្មសំខាន់ណាស់ក្នុងការ ដោះស្រាយបញ្ហាមីយ៉ាន់ម៉ា ដើម្បីយកមីយ៉ាន់ម៉ាចូលក្នុងកិច្ចប្រជុំនានារបស់អាស៊ានវិញ។ តាមពិតលោក ហ៊ុន សែន បានចូលរួមចំណែកយ៉ាងសំខាន់រួចហើយក្នុងការរកដំណោះស្រាយបញ្ហាមីយ៉ាន់ម៉ាតាំងពីប្រទេសព្រុយណេធ្វើ ជាប្រធានអាស៊ានម៉្លេះ។
ជាក់ស្តែងក្នុងចំណោមកុងសង់ស៊ុស ៥ចំណុច របស់អាស៊ានយ៉ាងហោចណាស់មាន៣ ចំណុចដែលជាគំនិតផ្តួចផ្តើមរបស់ប្រមុខដឹកនាំកម្ពុជា។ដោយឡែកលទ្ធផលដែលកើតចេញពី ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តី ហ៊ុន សែន នាពេលនេះក៏បានឆ្លុះបញ្ចាំងស្ទើរតែគ្រប់ចំណុចអស់ទៅ ហើយ។
កិច្ចខិតខំប្រឹងប្រែង របស់កម្ពុជានិយាយជារួម និងកិច្ចខិតខំប្រឹងប្រែងរបស់នាយករដ្ឋមន្រ្តី ហ៊ុន សែន និយាយដោយឡែក គឺដើម្បីតែភាពសុខដុមរមនារបស់អាស៊ានផង ក៏ដូចជាដើម្បីភាពសុខដុមរមនារបស់មីយ៉ានម៉ាផងដែរ។
ដូច្នេះកិច្ចខិតខំប្រឹងប្រែងនេះ ពិតជានឹងទទួលបាននូវការលើកទឹកចិត្តយ៉ាងខ្លាំងពីសំណាក់អ្នក ស្រឡាញ់សន្តិភាព ស្រឡាញ់អាស៊ាន និងស្រឡាញ់សេចក្តី
សុខសាន្តរបស់ប្រជាជនមីយ៉ាន់ម៉ា៕
ដោយ៖ អ្នកនយោបាយតុកាហ្វេ, ភ្នំពេញ, ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២២
សម្តេចតេជោ ហ៊ុន សែន៖ អ្នកដែលប្រឆាំងជាមួយបទឈប់បាញ់មានន័យថា អ្នកចង់ឱ្យមនុស្សស្លាប់ និងរបួសដោយសារសង្រ្គាម ចំណែកអ្នកប្រឆាំងជាមួយការផ្តល់ជំនួយមានន័យថា អ្នកចង់ឱ្យមនុស្សស្លាប់ដោយអត់បាយ និងអត់ថ្នាំពេទ្យ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា អ្នកដែលប្រឆាំងជាមួយនឹងបទឈប់បាញ់មានន័យថាអ្នកនោះចង់ឱ្យមនុស្សស្លាប់ និងរបួសដោយសារសង្រ្គាម ហើយអ្នកដែលប្រឆាំងជាមួយនឹងការផ្តល់ជំនួយមានន័យថាអ្នកចង់ឱ្យមនុស្សស្លាប់ដោយអត់បាយ អត់ថ្នាំពេទ្យនិងអត់វ៉ាក់សាំងចាក់ការពារជំងឺរាតត្បាតកូវីដ១៩។
តាមរយៈបណ្តាញសង្គម Facebook នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងអំពីការទៅបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ា ក្នុងគោលបំណងចូលរួមចំណែកបញ្ចៀសប្រទេសនេះពីអំពើហិង្សា និងសង្រ្គាមសុីវិលតាមរយៈបទឈប់បាញ់ព្រមទាំងវិបត្តិមនុស្សធម៌តាមរយៈការផ្តល់ជំនួយដល់អ្នកដែលត្រូវការដោយគ្មានការរើសអើង។
សម្តេចលើកឡើងដូច្នេះថា៖ «អាស៊ាន និងដៃគូដែលចង់ចូលរួមក៏ដូចជាមីយ៉ាន់ម៉ាខ្លួនឯង នៅមានកិច្ចការជាច្រើនដែលត្រូវធ្វើដើម្បីឱ្យការឈប់បាញ់ និងការផ្តល់ជំនួយអនុវត្តទៅបានប្រកបដោយប្រសិទ្ធភាព។ អ្នកដែលប្រឆាំងជាមួយនឹងបទឈប់បាញ់មានន័យថា អ្នកចង់ឱ្យមនុស្សស្លាប់និងរបួសដោយសារសង្រ្គាម។ អ្នកដែលប្រឆាំងជាមួយនិងការផ្តល់ជំនួយមានន័យថាអ្នកចង់ឱ្យមនុស្សស្លាប់ដោយអត់បាយ អត់ថ្នាំពេទ្យនិងអត់វ៉ាក់សាំងចាក់ការពារជំងឺរាតត្បាតកូវីដ១៩»។
បើតាមសេចក្តីប្រកាសរួមរបស់កម្ពុជា-មីយ៉ាន់ម៉ា អំពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន កាលពីម្សិលមិញ បានឱ្យដឹងថា នៅក្នុងឱកាសបំពេញទស្សនកិច្ចនេះ មេដឹកនាំកំពូលយោធាមីយ៉ាន់ម៉ា លោក មីន អោងឡាំង បានសម្រេចពន្យារពេលបទឈប់បាញ់រហូតដល់ចុងឆ្នាំ២០២២ ហើយលោកបានអំពាវនាវ ដល់ភាគីពាក់ព័ន្ធទាំងអស់បញ្ឈប់អំពើហិង្សា។ បន្ថែមពីនេះលោកបានប្រកាសគាំទ្រឲ្យមានកិច្ចប្រជុំដើម្បីសម្របសម្រួលដល់ការផ្ដល់ជំនួយ ព្រមទាំងធានា និងធានាសម្របសម្រួលដល់ដំណើរទស្សនកិច្ចរបស់ប្រេសិតពិសេសប្រធានអាស៊ានឆ្នាំ២០២២ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដើម្បីបានជួបភាគីពាក់ព័ន្ធទាំងអស់ផងដែរ។
ទោះបីជាដំណើរទស្សនកិច្ចនេះ បានហុចផ្លែផ្កាយ៉ាងច្រើនដល់នយោបាយនៅក្នុងតំបន់ និងពិភពលោក ជាពិសេសសម្រាប់មីយ៉ាន់ម៉ាក៏ដោយ ប៉ុន្តែលទ្ធផលនេះហាក់ដូចជាដំណឹងអាក្រក់សម្រាប់ក្រុមប្រឆាំងមួយចំនួន។ តាមបណ្តាញសង្គម Facebook លោក សម រង្ស៉ី បានវាយប្រហារចំពោះជំនួបរវាង សម្តេចតេជោ ហ៊ុន សែន និង លោក មីន អោង ឡាំង។ ដោយឡែកនាយករងអង្គការឃ្លាំមើលសិទ្ធិមនុស្ស អន្តរជាតិយូមែនរ៉ៃត៍ រ៉ច្ឆ (Human Right Watch) ប្រចាំតំបន់អាស៊ី លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) បែរជាចាត់ទុកថា ទស្សនកិច្ចនេះគឺការប្រមាថមើលងាយចំពោះពលរដ្ឋមីយ៉ាន់ម៉ាទៅវិញ។
ការយល់ព្រមអនុវត្តបទឈប់បាញ់ បញ្ឈប់អំពើហិង្សា និងទទួលយកជំនួយរបស់មីយ៉ាន់ម៉ា រួមទាំងស្វាគមន៍ចំពោះប្រេសិតពិសេសប្រធានអាស៊ានឆ្នាំ២០២២នេះ ជាការវិវឌ្ឍថ្មីស្របទៅតាមគោលការណ៍កុងសង់ស៊ីស ៥ចំណុច ដែលត្រូវបានដាក់ចេញ ក្នុងជំនួបកំពូលពិសេស កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ ដើម្បីឆ្លើយតបទៅនឹងវិបត្តិនយោបាយនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ គោលការណ៍ទាំង៥ចំណុចនេះរួមមាន៖
ទី១៖ ត្រូវបញ្ឈប់ជាបន្ទាន់នូវអំពើហិង្សា នៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយគ្រប់ភាគីទាំងអស់ត្រូវបង្កើនការអត់ធ្មត់ ឲ្យដល់កម្រិតខ្ពស់បំផុត។
ទី២៖ ចាប់ផ្តើមការសន្ទនាប្រកបដោយការស្ថាបនា ក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់ ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី ដើម្បីផលប្រយោជន៍របស់ប្រជាជន។
ទី៣៖ ប្រេសិតពិសេសរបស់ប្រធានអាស៊ាន នឹងសម្រួលដល់ការសម្រុះសម្រួល នៃដំណើរការរៀបចំកិច្ចសន្ទនា ដោយមានជំនួយពីអគ្គលេខាធិការអាស៊ាន។
ទី៤៖ អាស៊ានត្រូវផ្តល់ជំនួយមនុស្សធម៌តាមរយៈមជ្ឈមណ្ឌល AHA។
ទី៥៖ ប្រេសិតពិសេស និងគណៈប្រតិភូនឹងធ្វើទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា ដើម្បីជួបជាមួយភាគីពាក់ព័ន្ធទាំងអស់។
សូមឆ្លៀតឱកាសនេះ សម្តេចតេជោ បានបញ្ជាក់ជូនផងដែរថា ថ្ងៃដំណើរទស្សនកិច្វនេះ គឺជាខួបទី៤៣ឆ្នាំនៃថ្ងៃដែលសម្តេចបានទទួលតំណែងជារដ្ឋមន្រ្តីក្រសួងការបរទេស (៨មករា១៩៧៩-៨មករា២០២២) ក្នុងវ័យមិនទាន់គ្រប់២៧ឆ្នាំផង ហើយដែលអាចចាត់ទុកថា ជារដ្ឋមន្ត្រីការបរទេសដែលមានវ័យក្មេងជាងគេនៅលើពិភពលោកនាពេលនោះផងដែរ។
សម្តេចបញ្ជាក់បន្ថែមថា៖ «ជាក់ស្ដែង ៤៣ឆ្នាំក្រោយមក ខ្ញុំនៅតែបន្តធ្វើកិច្ចការបរទេសដដែល ទោះបីបានក្លាយខ្លួនជានាយករដ្ឋមន្ត្រីអស់រយៈពេល៣៧ឆ្នាំហើយក៍ដោយ ព្រោះនាយករដ្ឋមន្ត្រីត្រូវធ្វើការដឹកនាំ នយោបាយទាំងក្នុងនិងក្រៅប្រទេស។ ដូចនេះខ្ញុំត្រូវប្រើពេលវេលាជាងពាក់ កណ្តាលជីវិតរបស់ខ្ញុំសម្រាប់ កិច្ចការ មួយនេះ»៕