Thursday, August 19, 2021

អភិបាលខេត្តត្បូងឃ្មុំ នាំយកអំណោយចែកជូនដល់កងកម្លាំងនគរបាល ដែលកំពុងប្រតិបត្តិការ ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំង ទប់ស្កាត់ នៃការរីករាលដាលជំងឺកូវីដ-១៩

ត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ្ឌ អភិបាលខេត្តត្បូងឃ្មុំ និងលោកស្រី ម៉េង វ៉ាន់ដានីន បានអញ្ជើញនាំយកអំណោយ រួមមាន៖ អង្ករ  ២៥០០គីឡូក្រាម ម៉ាស៥០០០ អាកុល ៦០លីត្រ ទឹកបរិសុទ្ធ ១០០កេស បន្លែធម្មជាតិមួយចំនួន និងថវិកាចំនួន ០៥លានរៀល ចែកជូនដល់កងកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីជាការលើកទឹកចិត្ត ឆ្លើយតបទៅនឹងកិច្ចខិតខំប្រឹងប្រែង ក្នុងការអនុវត្តកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជូនប្រជាពលរដ្ឋ ឱ្យរស់នៅប្រកបដោយសេចក្តីសុខក្សេមក្សាន្ត មានស្ថេរភាពពេញលេញ និងបង្កលក្ខណៈងាយស្រួលក្នុងការប្រកបមុខរបរ អាជីវកម្ម ចិញ្ចឹមជីវិតជូនប្រជាពលរដ្ឋ ជាពិសេស ការទប់ស្កាត់បាននូវរាល់បទល្មើសនានា ព្រមទាំងបានចូលរួមយ៉ាងសកម្មក្នុងយុទ្ធការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ (COVID-19) សម្រេចបាននូវលទ្ធផលផ្លែផ្កាជាវិជ្ជមាន នាពេលកន្លងមក។

ពិធីនេះ ប្រារព្ធធ្វើនៅស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដោយទទួលបានការអញ្ជើញចូលរួមពីសំណាក់ អភិបាលរងខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត នាយកទីចាត់ការ និងប្រធានអង្គភាពចំណុះរដ្ឋបាលខេត្ត ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនផងដែរ៕









កម្មវិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់កុមារចាប់ពីអាយុ ១២ឆ្នាំដល់ក្រោម ១៨ឆ្នាំ ក្នុងស្រុកត្រពាំងប្រាសាទ

ឧត្ដរមានជ័យ៖ លោក ឌី រ៉ាដូ អភិបាលរងខេត្ត  តំណាងដ៏ខ្ពង់ខ្ពស់លោក  ប៉ែន  កុសល្យ  អភិបាល  នៃគណៈអភិបាលខេត្តឧត្តរមានជ័យ ដោយមានការចូលរួមពីលោក  អភិបាលស្រុក  អនុប្រធានមន្ទីរព័ត៌មានខេត្ត  មេបញ្ជាការអាវុធហត្ថស្រុក  មេឃុំ បានអញ្ជើញក្នុងកម្មវិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់កុមារដែលមានអាយុចាប់ពី ១២ឆ្នាំដល់ក្រោម ១៨ឆ្នាំ ក្នុងស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ នៅព្រឹកថ្ងៃទី១៨ ខែសីហា  ឆ្នាំ២០២១នេះ។

លោកអភិបាលរងខេត្ត បានមានប្រសាសន៍លើកឡើងថា យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នាពេលនេះ គឺបានមកពីការគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅដល់ក្មួយៗ ដើម្បី ឲ្យមានសុខភាពមាំមួន ក្នុងការបង្កើនភាពស៊ាំ ឬអង់ទីករការពារ ប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩ ដើម្បីបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។

យ៉ាងណាមិញ លោក ក៏បានណែនាំ និងផ្តាំផ្ញើ ដល់ក្មួយៗទាំងអស់ដែលទទួលបានការចាក់វ៉ាក់សាំងបង្ការការពារជំងឺ កូវីដ-១៩ រួចរាល់ហើយសូមជៀសវាងការធ្វើការងារធ្ងន់ ហាមប៉ះពាល់កន្លែងចាក់ សម្រាកឲ្យបានច្រើន ត្រូវញ៉ាំអាហារបំប៉ន អោយបានគ្រប់គ្រាន់ ជាពិសេសត្រូវតែគោរពនូវវិធានការ ៣ការពារ ៣កុំ របស់រាជរដ្ឋាភិបាលឲ្យមានប្រសិទ្ធភាពផងដែរ។

គួរបញ្ជាក់ថា សម្រាប់ស្រុកត្រពាំងប្រាសាទ កុមារដែលមានអាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ ដែលនឹងត្រូវទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សរុបមានចំនួន ៩,៦៤៨ នាក់ (ស្រី ៤,៧៤៧នាក់)។

ឆ្លៀតក្នុងឱកាសនោះផងដែរ  លោកអភិបាលរងខេត្ត  ក៏បាននាំយកមកនូវអំណោយជាសម្ភារគ្រឿងឧបភោគបរិភោគរួមមាន៖  មី 10កេស  ត្រីខ 10យួរ  ទឹកត្រី 10យួរ  ទឹកសុទ្ធ 20យួរ  និងថវិកា 20ម៉ឺនរៀល  ប្រគល់ជូនដល់ក្រុមគ្រូពេទ្យ  និងក្រុមការងារសម្របសម្រួលដំណើរការការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់កុមារនេះផងដែរ៕






លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ផ្តល់អំណោយមនុស្សធម៌មានទឹកសុទ្ធវីតាល់ សាប៊ូលាងដៃ និងដុសខ្លួន ឧបត្ថម្ភដល់រដ្ឋបាលខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ៖ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ លោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្តបន្ទាយមានជ័យ លោក ឈឿន ក្រៃយ៉ុង នាយករដ្ឋបាលសាលាខេត្ត តំណាងលោក អ៊ុ រាត្រី អភិបាលខេត្ត បានអញ្ជើញទទួលអំណោយមនុស្សធម៌របស់លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ដែលបានឧបត្ថម្ភទឹកសុទ្ធវីតាល់ចំនួន ២៥០០កេស ព្រមទាំងសាប៊ូលាងដៃ និងដុសខ្លួនចំនួន ២៥០០កញ្ចប់ សម្រាប់ពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃកំពុងធ្វើចត្តាឡីស័ករាប់ពាន់នាក់ នៅខេត្តបន្ទាយមានជ័យ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការទប់ទល់ប្រឆាំងនឹងការឆ្លងជំងឺកូវីដ-១៩ ។

លោក ជេត ណារ៉ែន ទីប្រឹក្សា និងជានាយកខុទ្ទកាល័យលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ជាតំណាងលោកឧបនាយករដ្ឋមន្ត្រី ប្រគល់អំណោយទាំងអស់នេះ ដល់លោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្តបន្ទាយមានជ័យថ្ងៃពុធទី១៨ ខែសីហា ឆ្នាំ២០២១ នៅវេលាម៉ោង ០៩:០០ព្រឹក នៅទីធ្លាអាគារមិត្តភាពនៃទីស្តីការគណៈរដ្ឋមន្ត្រី។

ក្នុងនាមរដ្ឋបាលខេត្តបន្ទាយមានជ័យ និងប្រជាពលរដ្ឋសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ លោកឧបនាយករដ្ឋមន្ត្រី  ដែលបានចូលរួមឧបត្ថម្ភអំណោយថវិកាសម្រាប់ខេត្តប្រេីប្រាស់ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩  ក្នុងខេត្តការចូលរួមផ្តល់អំណោយនាពេលនេះ គឺជាសកម្មភាពមនុស្សធម៌មួយដែលបង្ហាញពីការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល រដ្ឋបាលខេត្ត និងប្រជាពលរដ្ឋដែលកំពុងត្រូវការផ្គត់ផ្គង់នូវគ្រឿងឧបភោគបរិភោគនិងសំភារៈជូនពួកគាត់ កំពុងធ្វើច័ត្តាឡីស័ក និង កំពុងសម្រាកព្យាបាលជំងឺកូវីត-១៩ បច្ចុប្បន្នក្នុងខេត្ត។   

នាឱកាសលោក បានសម្តែងនូវការគោរពអរគុណ និងជូនពរ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និង លោកស្រី ព្រមទាំងគ្រួសារ  ជួបតែសេចក្ដីសុខ គ្រប់ប្រការ សុខភាពមាំមួន ជៀសផុតពីជំងឺកាចសាហាវទាំងឡាយ និងជួបតែពុទ្ធពរទាំង ៤ ប្រការគឺអាយុ វណ្ណៈ សុខៈ ពៈលៈ កុំបីឃ្លៀងឃ្លាតឡើយ៕





កម្ពុជាបានប្រគល់ជំនួយជាគ្រឿងបរិក្ខារពេទ្យជូនប្រទេសមីយ៉ាន់ម៉ារួចហើយ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែសីហា ឆ្នាំ២០២១នេះ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល តំណាងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រគល់គ្រឿងបរិក្ខារពេទ្យដែលជាជំនួយរបស់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋកម្ពុជា ជូនដល់ប្រទេសមីយ៉ាន់ម៉ារួចហើយ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ១៩។

គ្រឿងបរិក្ខារដែលរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋកម្ពុជា ឧបត្ថម្ភទៅមីយ៉ាន់ម៉ានេះ រួមមាន៖ ម៉ាស់ចំនួន ៣លាន, ឧបករណ៍តេស្ដរហ័ស ចំនួន ៥០០,០០០, សំលៀកបំពាក់សុវត្ថិភាព PPE ចំនួន ២,០០០, ឈុតម៉ាស៊ីនផលិតអុកស៊ីហ្សែនស្វ័យប្រវត្តិចំនួន១០០គ្រឿង, ម៉ាស៊ីនជំនួយដកដង្ហើមចំនួន ២០គ្រឿង និងម៉ាស៊ីនតាមដានសញ្ញា ជីវិតចំនួន ២០គ្រឿង។ ក្រៅតែពីការផ្តល់ជាជំនួយបរិក្ខារពេទ្យនេះទៅ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានឧបត្ថម្ភថវិកាប្រមាណ ២០ម៉ឺនដុល្លារ ជូនប្រទេសមីយ៉ាន់ម៉ាផងដែរ។ កម្ពុជា ក៏បានផ្តល់ថវិកាប្រមាណ ១០ម៉ឺនដុល្លារ តាមរយៈសហគមន៍អាស៊ាន ជូនមីយ៉ាន់ម៉ាផងដែរ។ ជាមួយគ្នានោះ ដើម្បីរួមចំណែកជួយដោះស្រាយការលំបាករបស់រដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ាពីវិបត្តិជំងឺកូវីដ១៩នេះ លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏បានឧបត្ថម្ភថវិកា ១០ម៉ឺនដុល្លារជូនដល់កាកបាទក្រហមមីយ៉ាន់ម៉ាផងដែរ។
កម្ពុជាដ្បិតតែជាប្រទេសតូច ហើយស្ថានភាពសេដ្ឋកិច្ចនៅមានកម្រិតយ៉ាងណាក្តី តែស្មារតីនៃការចូលរួមក្នុងសហគមន៍ ធម៌មេត្តា និងមនោសញ្ចេតនាក្នុងការជួយរំលែកការលំបាកនានា មានលំហរធំទូលាយ ដែលជាវប្បធម៌ដ៏មហស្ចារ្យនៃជាតិសាសន៍នៅអាស៊ីមួយនេះ។កាលពីខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅ រាជរដ្ឋាភិបាលកម្ពុជា ក៏បានផ្តល់ម៉ាស់ប្រមាណ ២លានម៉ាស់ និងបរិក្ខារពេទ្យមួយចំនួនទៅកាន់ប្រទេសមីយ៉ាន់ម៉ាផងដែរ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងការរាតត្បាតជំងឺកូវីដ១៩។ ក្រៅតែពីប្រទេសមីយ៉ាន់ម៉ា កម្ពុជា ក៏បានចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ជាមួយប្រទេសសមាជិកអាស៊ាន និងមិនមែនសមាជិកអាស៊ានមួយចំនួនទៀតផងដែរ។
ក្នុងនោះកាលពីខែកក្កដា ឆ្នាំ២០២១ លោកនាយករដ្ឋមន្រ្តីកម្ពុជា បានឧបត្ថម្ភថវិកា ២០ម៉ឺនដុល្លារ និងម៉ាសចំនួន ១លាន ១សែនម៉ាស់ ព្រមទាំងម៉ាស៊ីនផលិតអុកស៊ីសែន ១០០គ្រឿង ជូនទៅរដ្ឋាភិបាលវៀតណាម។ កាលពីឆ្នាំ២០២០ លោកនាយករដ្ឋមន្រ្តីកម្ពុជា ក៏បានឧបត្ថម្ភម៉ាស់ និងបរិក្ខារពេទ្យទៅកាន់ប្រទេសឡាវ នេប៉ាល់ និងទីម័រផងដែរ៕




Wednesday, August 18, 2021

វិភាគអន្តរជាតិ៖ តើការដួលរលំរបស់អាហ្វហ្កានីស្ថាន មានន័យដូចម្ដេចចំពោះកោះតៃវ៉ាន់?


(វ៉ាស៊ីនតោន)៖ ការដួលរលំនៃរបបដឹកនាំអាហ្វហ្កានីស្ថានគាំទ្រដោយសហរដ្ឋអាមេរិក ក្រោមដៃក្រុមតាលីបង់ បាននិងកំពុងបង្កឱ្យមានការព្រួយបារម្ភថាកោះតៃវ៉ាន់អាចនឹង មានវាសនាដូចគ្នា ដោយនឹងត្រូវបានទីក្រុងវ៉ាស៊ីនតោនបោះបង់ចោលនៅថ្ងៃណាមួយ។ តួយ៉ាងនៅថ្ងៃអង្គារសប្ដាហ៍នេះ សារព័ត៌មានរដ្ឋចិន Global Times បានព្រមានចំៗឱ្យ កោះតៃវ៉ាន់មើលអាហ្វហ្កានីស្ថានជាគំរូថាប្រសិនជាសង្រ្គាមផ្ទុះឡើងពិតមែន សហរដ្ឋអាមេរិកមិនអាចមកជួយពួកគេបានទេ ហើយជាការគាំទ្របន្ថែមលើការព្រមាននេះ កងទ័ពរំដោះប្រជាជនចិន (PLA) បានធ្វើសមយុទ្ធយោធានៅក្បែរកោះតៃវ៉ាន់ក្នុងថ្ងៃតែមួយ។


តែទោះជាយ៉ាងណាក៏ដោយ នាយករដ្ឋមន្ត្រីតៃវ៉ាន់ លោក ស៊ូ សិន ឆាង (Su Tseng-chang) បាននិយាយថាការយកកោះតៃវ៉ាន់ទៅប្រដូចជាមួយអាហ្វហ្កានីស្ថាន វាមិនត្រឹមត្រូវទេ ពីព្រោះថាតៃវ៉ាន់នឹងមិនចុះញ៉ម ឬចុះចាញ់ដូចដែលរដ្ឋាភិបាលអាហ្វហ្កានីស្ថានបានធ្វើនៅក្នុងសង្រ្គាមជាដាច់ខាត។ «ប្រសិនជាមហាអំណាចណាមួយចង់បំផ្លាញតៃវ៉ាន់ យើងនឹងមិនខ្លាចស្លាប់ ឬត្រូវបានចាប់ខ្លួនឡើយ ហើយយើងនឹងធ្វើអ្វីៗគ្រប់យ៉ាងដែលយើងអាចធ្វើទៅបានដើម្បីការពារកោះតៃវ៉ាន់»។ នេះជាការគូសបញ្ជាក់ បន្ថែមរបស់លោក Su Tseng-chang។

ជាការពិតណាស់ ឈរនៅលើទីតាំងភូមិសាស្ត្រខុសគ្នាស្រឡះ គេមិនអាចយកកោះតៃវ៉ាន់ទៅប្រដូចនឹងអាហ្វហ្កានីស្ថានបានទេ។ ប៉ុន្តែអ្នកជំនាញភាគច្រើនយល់ថាទាំងតៃវ៉ាន់ និងអាហ្វហ្កានីស្ថានមានចំណុចមួយដូចគ្នា នោះគឺសុទ្ធតែពឹងផ្អែកខ្លាំងលើសហរដ្ឋអាមេរិកដើម្បីការពារសន្តិសុខរបស់ពួកគេ។ នៅលើឆាកអន្តរជាតិ សហរដ្ឋអាមេរិកតែងតែ បង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះកោះតៃវ៉ាន់ តែនៅចំពោះមុខចិន រដ្ឋបាល និងប្រធានាធិបតីអាមេរិករាប់ចាប់តាំងពីលោក បារ៉ាក់ អូបាម៉ា រហូតមកដល់លោក ចូ បៃដិន តែងតែអះអាងថាទីក្រុងវ៉ាស៊ីនតោនគោរពតាមជានិច្ចនូវ «គោលនយោបាយចិនតែមួយ»។

សហរដ្ឋអាមេរិកមិនដែលបាននិយាយថាតើនឹងធ្វើអន្តរាគមន៍យោធាជួយកោះតៃវ៉ាន់ នៅពេលមានការវាយប្រហារណាមួយពីចិននោះទេ? ហើយលើសពីនេះទៅទៀត អ្នកសម្របសម្រួលកិច្ចការតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក លោក ឃើត ខាំបែល (Kurt Campbell) ក៏បានលើកឡើងកាលពីខែកក្កដាកន្លងទៅផងដែរថាសហរដ្ឋអាមេរិកនឹងមិនគាំទ្រ ឱ្យកោះតៃវ៉ាន់ប្រកាសឯករាជ្យជាដាច់ខាត។ ការប្រកាន់ជំហរបែបនេះរបស់សហរដ្ឋអាមេរិក ជាផ្នែកមួយនៃគោលនយោបាយមិនច្បាស់លាស់របស់អាមេរិកចំពោះកោះតៃវ៉ាន់។ គោលនយោបាយមិនច្បាស់បែបនេះត្រូវបានរដ្ឋបាលអាមេរិកគ្រប់ជំនាន់ជឿជាក់ថាអាចរក្សាស្ថានភាពដើមនៅតំបន់ច្រកសមុទ្រតៃវ៉ាន់ ពោលគឺចិននៅតែជាចិន រីឯកោះតៃវ៉ាន់ នៅតែជាកោះតៃវ៉ាន់។ ប៉ុន្តែផ្ទុយទៅវិញ ជំហរមិនច្បាស់របស់អាមេរិកបានធ្វើឱ្យប្រជាជន និងថ្នាក់ដឹកនាំតៃវ៉ាន់ នៅមិនសុខបក់មិនល្ហើយដូចគ្នាដែរ ដ្បិតពួកគេនៅតែបារម្ភ ហើយចោទសួរថាតើអាមេរិកនឹងលូកដៃជួយពួកគេពេញទំហឹងដែរឬទេ នៅក្នុងករណីសង្រ្គាមជាមួយចិនផ្ទុះឡើងនៅថ្ងៃណាមួយ។

ពិតមែនទៅ តៃវ៉ាន់មានសម្ព័ន្ធមិត្តតែជាង១៥ប្រទេសប៉ុណ្ណោះ ហើយប្រទេសទាំងនោះទៀតសោត សុទ្ធតែជាប្រទេសដែនកោះតូចតាច ខណៈប្រទេសជាច្រើន ក្នុងនោះរួមទាំង សហរដ្ឋអាមេរិក និងអឺរ៉ុប ថ្វីបើតែងតែមិនត្រូវគ្នាជាមួយចិន តែនៅពីក្រោយឆាក ពួកគេសុទ្ធតែសម្លឹងឃើញប្រយោជន៍សេដ្ឋកិច្ចដ៏ធំពីទីផ្សារចិន។ នៅត្រង់នេះនិយាយឱ្យងាយ ស្ដាប់ថាតើមានប្រទេសណាមួយខ្លះសុខចិត្តបោះបង់ប្រយោជន៍ជាតិរបស់ខ្លួន ដោយចាប់យកតៃវ៉ាន់ដែលមានប្រជាជនតែជាង ២៣លាននាក់ ចោលទីផ្សារចិនដែលមាន ប្រជាជន ១.៤ពាន់លាននាក់។ ទីក្រុងប៉េកាំងតែងតែព្រមានជារឿយៗថានឹងប្រើប្រាស់កម្លាំងយោធាវាយយកកោះតៃវ៉ាន់ នៅក្នុងករណីចាំបាច់។ ករណីចាំបាច់នៅត្រង់នេះ គឺជា «បន្ទាត់ក្រហម» ដែលចិនបានគូសវាសសម្រាប់តៃវ៉ាន់ និងសហរដ្ឋអាមេរិក។ ឧត្ដមនាវីឯក ហ្វីលីព ដាវីដសុន (Philip Davidson) ជាអតីតមេបញ្ជាការនៃទីបញ្ជាការ យោធាអាមេរិកប្រចាំតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ធ្លាប់បានព្រមានកាលពីខែកម្ភៈកន្លងទៅថាចិនអាចនឹងប្រើប្រាស់កម្លាំងយោធាវាយយកកោះតៃវ៉ាន់នៅឆ្នាំ២០២៧ ខណៈចិនកំពុងពង្រឹងសមត្ថភាពយោធារបស់ខ្លួនដើម្បីដណ្ដើមតំណែងជាមហាអំណាចយោធានៅក្នុងតំបន់អាស៊ីពីសហរដ្ឋអាមេរិកនៅឆ្នាំ២០៥០។

សង្រ្គាមនៅច្រកសមុទ្រតៃវ៉ាន់ផ្ទុះឡើងនៅពេលណា គ្មាននរណាម្នាក់អាចទាយទុកមុនបានឡើយ។ ប៉ុន្តែអ្វីដែលគេដឹង នោះគឺថាចិនរង់ចាំតែឱកាសល្អ ឬមានហេតុផល សមស្របណាមួយដើម្បីអាចប្រើកម្លាំងយោធាលើតៃវ៉ាន់។ ចិនសព្វថ្ងៃកំពុងផ្ដោតលើយុទ្ធសាស្ត្រធ្វើឱ្យកោះតៃវ៉ាន់ឯកោ ដើម្បីបង្ខំឱ្យដែនកោះនេះសុខចិត្តចុះញ៉មជាមួយខ្លួន តាមរយៈការប្រើប្រាស់អំណាចសេដ្ឋកិច្ច និងប្រាក់យ័នអូសទាញឱ្យប្រទេសនានាផ្ដាច់ទំនាក់ទំនងជាមួយទីក្រុងតៃប៉ិ ខណៈជម្រើសយោធាត្រៀមនៅលើតុរួចជាស្រេច។

ការព្រមានប្រើកម្លាំងយោធារបស់ចិនត្រូវបានក្រុមអ្នកជំនាញយល់ថាមិនមែនជាការនិយាយឱ្យរួចតែពីមាត់នោះទេ ដ្បិតតៃវ៉ាន់នៅក្នុងភ្នែកថ្នាក់ដឹកនាំចិន និងសហរដ្ឋអាមេរិក មានសារៈសំខាន់បំផុតសម្រាប់ភូមិសាស្ត្រនយោបាយពង្រីកឥទ្ធិពលរបស់ពួកគេនៅលើពិភពលោក។ ម្ខាងចិនចាត់ទុកតៃវ៉ាន់ជាទឹកដីរបស់ខ្លួន និងជាទ្រនាប់ការពារការឈ្លានពានរបស់អាមេរិក រីឯម្ខាងទៀត គឺសហរដ្ឋអាមេរិកចាត់ទុកតៃវ៉ាន់ជាតំបន់យុទ្ធសាស្ត្រដ៏សំខាន់មិនអាចខ្វះបាន ក្នុងការខ្ទប់ឥទ្ធិពលចិន និងត្រូវតែការពារឱ្យបាន។

ចិនធ្លាប់បានពលីជីវិតកងទ័ពរបស់ខ្លួនរាប់សែននាក់ដើម្បីការពារកូរ៉េខាងជើងដែលមិនបានជាប់សាច់ឈាមនឹងគ្នាផង។ តើមកពីហេតុអ្វី? ហេតុផលគ្មានអ្វីក្រៅពី «ប្រយោជន៍ភូមិសាស្ត្រនយោបាយ» ទេ។ ថ្នាក់ដឹកនាំចិនចាត់ទុកតៃវ៉ាន់ ឬកូរ៉េខាងជើងជាទ្រនាប់ការពារមួយដ៏សំខាន់ពីការឈ្លានពានរបស់កងទ័ពអាមេរិក។ ពោលគឺប្រសិន បើបាត់បង់កូរ៉េខាងជើង ឬកោះតៃវ៉ាន់ នោះនៅក្បែររបងផ្ទះចិន នឹងមានសុទ្ធតែវត្តមានកងទ័ពអាមេរិក។ តែយ៉ាងណាក៏ដោយក្រុមអ្នកជំនាញភាគច្រើនយល់ថាសហរដ្ឋអាមេរិក ក្នុងរយៈពេលខ្លី ឬមធ្យមអាចនឹងនៅតែបន្តដើរតាមនយោបាយមិនច្បាស់លាស់ចំពោះតៃវ៉ាន់ ដើម្បីរក្សាស្ថានភាពដើម ដោយមិនឱ្យចិនមានលេសប្រើកម្លាំងយោធាទេ ឬអាច និយាយម្យ៉ាងទៀតបានថាទាំងអាមេរិក និងចិនដែលមានអាវុធនុយក្លេអ៊ែរក្នុងដៃ សុទ្ធតែត្រូវគិតជាមុន ពីរ ទៅបីដងដែរ មុននឹងសម្រេចថាត្រូវធ្វើសង្គ្រាមជាមួយគ្នា។


*មេរៀនពីអាហ្វហ្កានីស្ថាន

គេមិនអាចបន្ទោសសហរដ្ឋអាមេរិកតែម្នាក់ឯងថាជាដើមចមនៃការដួលរលំរបស់អាហ្វហ្កានីស្ថានបានឡើយ។ តែថ្នាក់ដឹកនាំអាហ្វហ្កានីស្ថានខ្លួនឯងក៏ត្រូវទទួលខុសត្រូវចំពោះ រឿងនេះដែរ ដោយសារតែមិនចេះចាប់យកឱកាសពង្រឹងសមត្ថភាព។ លោក អាឡិចហ្សាន់ដ័រ ហួង ឆៀ ឈិន (Alexander Huang Chieh-cheng) ជាសាស្ត្រាចារ្យម្នាក់ផ្នែក ទំនាក់ទំនង និងការសិក្សាយុទ្ធសាស្ត្រអន្តរជាតិ មកពីសាកលវិទ្យាល័យ Tamkang មានមូលដ្ឋាននៅកោះតៃវ៉ាន់បាននិយាយថាការដួលរលំរបស់អាហ្វហ្កានីស្ថានបានផ្ដល់ មេរៀនដ៏សំខាន់មួយឱ្យកោះតៃវ៉ាន់ និងប្រទេសដទៃ នោះគឺការគិតពិចារណាជាថ្មីថាតើពួកគេគួរតែយកជោគវាសនារបស់ខ្លួនឯងទៅផ្ញើនឹងអ្នកផ្សេងដែរឬក៏យ៉ាងណា?

ការដកកងទ័ពអាមេរិកចេញពីអាហ្វហ្កានីស្ថាន គឺមានជាប់ពាក់ព័ន្ធនឹងការប្ដូរយុទ្ធសាស្ត្រងាកមកផ្ដោតសំខាន់លើតំបន់អាស៊ី ជាពិសេសគឺការខ្ទប់ការកើនឡើងឥទ្ធិពលចិនរបស់ សហរដ្ឋអាមេរិក។ យុទ្ធសាស្ត្របែបនេះមានតាំងតែពីសម័យអតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ាមកម្លេះ ហើយកំពុងត្រូវបានយកមកអនុវត្តបន្តក្រោមរដ្ឋបាល

របស់លោកប្រធានាធិបតី ចូ បៃដិន។ ប៉ុន្តែវាមិនមែនមានន័យថាប្រទេសនៅអាស៊ីទាំងអស់សុទ្ធតែទទួលបានការថែទាំ និងយកចិត្តទុកដាក់ខ្ពស់ពីអាមេរិកនោះទេ។

ជាក់ស្ដែងនៅក្នុងយុទ្ធសាស្ត្រខ្ទប់ឥទ្ធិពលចិន សហរដ្ឋអាមេរិកត្រូវបានគេមើលឃើញថាផ្ដោតសំខាន់ជាងគេតែទៅលើក្រុមប្រទេសជាសមាជិកកិច្ចសន្ទនាសន្តិសុខចតុភាគី ឬគេស្គាល់ថា Quad រួមមាន អាមេរិក ជប៉ុន, អូស្ត្រាលី និងឥណ្ឌា បូករួមទាំងប្រទេសមួយចំនួនទៀតដែលអាមេរិកយល់ថាសំខាន់មិនអាចខ្វះបានសម្រាប់យុទ្ធសាស្ត្រ ខ្ទប់ឥទ្ធិពលចិនតែប៉ុណ្ណោះ។ ត្រង់នេះអាចពន្យល់បានតាមរយៈការបំពេញទស្សនកិច្ចកាលពីពេលថ្មីៗនេះរបស់មន្ត្រីកំពូលអាមេរិកមកកាន់តំបន់អាស៊ីដោយចុចចំឈ្មោះលើ ប្រទេសវៀតណាម, សិង្ហបុរី និងហ្វីលីពីន ដែលទីក្រុងវ៉ាស៊ីនតោនចាត់ទុកថាគាំទ្រ និងអាចជួយពង្រឹងឥទ្ធិពកអាមេរិកនៅក្នុងតំបន់។

គួរបញ្ជាក់ថា បើតាមក្រុមអ្នកជំនាញ ការដួលរលំរបស់រដ្ឋាភិបាលអាហ្វហ្កានីស្ថានអាចនឹងធ្វើឱ្យសម្ព័ន្ធមិត្តមួយចំនួនសង្ស័យចំពោះការប្ដេជ្ញាចិត្តការពារសម្ព័ន្ធមិត្តខ្លួនឯងរបស់ សហរដ្ឋអាមេរិក។ តែនេះមិនមែនមានន័យថាពួកគេលែងត្រូវការអាមេរិកនោះទេ គ្រាន់តែចង់ ឬមិនចង់ពួកគេនឹងចាប់ផ្ដើមគិតគូរឡើងវិញពីការពង្រឹងសមត្ថភាព។ ការដួលរលំ របស់រដ្ឋាភិបាលទីក្រុងកាប៊ុល ក៏ត្រូវបានព្យាករទុកជាមុនពីទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកដែរ។ មានន័យថាអាមេរិកដឹងមុនថាអាហ្វហ្កានីស្ថាននឹងដួលរលំក្រោយ

កងទ័ពអាមេរិកត្រូវបានដកចេញ គ្រាន់តែថាគេមិននឹកស្មានដល់ថាទីក្រុងកាប៊ុលដួលរលំរហ័សបែបនេះសោះ៕

ប្រភព៖ Diplomat, Times Magazine (ថ្ងៃពុធ ទី១៨ ខែសីហា ឆ្នាំ២០២១)

ដោយ៖ Fresh News




រដ្ឋបាលខេត្តក្រចេះ ចេញសេចក្តីណែនាំស្តីពីការអនុវត្តកាតព្វកិច្ចពាក់ម៉ាស់ និងកាតព្វកិច្ចរក្សាគំលាតសុវត្តិភាពក្នុងភូមិសាស្ត្រខេត្តក្រចេះ

រដ្ឋបាលខេត្តក្រចេះ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ស្តីពីភូមិសាស្ត្រដែលត្រូវអនុវត្តកាតព្ចកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគំលាតសុវត្តិភាព ដែលបានកំណត់ដាក់ភូមិសាស្ត្រខេត្តក្រចេះ ជាភូមិសាស្ត្រមានការឆ្លងរាលដាលជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភះ។

ព័ត៌មានលម្អិតសូមអានសេចក្ដីប្រកាសខាងក្រោម÷


 

អង្ករចំនួន ១៨តោន ជាអំណោយមនុស្សធម៌របស់លោក អ៊ុក រ៉ាប៊ុន ដើម្បីចែកជូនប្រជាពលរដ្ឋ ជួបការលំបាកដែលរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩

កំពង់ឆ្នាំង៖ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១  លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងលោក អម សុភា អភិបាលរងខេត្ត អញ្ជើញចូលរួមអមដំណើរលោក ប៉ា សុខុម អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ នាំយកអង្ករ១៨តោន របស់លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ទៅប្រគល់ជូនរដ្ឋបាលស្រុកសាមគ្គីមានជ័យ សម្រាប់ចែកជូនប្រជាពលរដ្ឋជួបការលំបាកដែលរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ ។
លោក ប៉ា សុខុម អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានមានប្រសាសន៍ថា ដោយមើលឃើញប្រជាពលរដ្ឋរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ លោករដ្ឋមន្រ្តី បានឧបត្ថម្ភនូវអង្ករដល់ឃុំទាំង០៩ ក្នុងស្រុកសាមគ្គីមានជ័យ សម្រាប់យកទៅចែកជូនប្រជាពលរដ្ឋដែលជួបការលំបាកបំផុតនៅតាមមូលដ្ឋានទទួលខុសត្រូវរបស់ខ្លួន។

មានប្រសាសន៍ក្នុងឱកាសនោះលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានផ្តាំផ្ញើដល់អាជ្ញាធរស្រុក និងឃុំទាំង០៩ សូមយកអំណោយរបស់លោក អ៊ុក រ៉ាប៊ុន យកទៅបែងចែក ឬផ្ដល់ជូនក្រុមគ្រួសារប្រជាពលរដ្ឋជួបការលំបាក ជាពិសេសប្រជាពលរដ្ឋដែលកំពុងរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ ពោលគឺត្រូវបែងចែកឱ្យចំគោលដៅ និងប្រកបដោយតម្លាភាព។

លោក ក៏បានជម្រុញដល់អាជ្ញាធរឃុំទូទាំងស្រុកត្រូវគ្រប់គ្រងឱ្យបានច្បាស់លាស់និងម៉ត់ចត់បំផុតនូវចំនួនប្រជាពលរដ្ឋដែលចំណូលថ្មី ព្រមទាំងបន្ដជម្រុញផ្សព្វផ្សាយឲ្យបានទូលំទូលាយអំពីសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗពាក់ព័ន្ធនឹងការគ្រប់គ្រងជំងឺកូវីដ-១៩ធ្វើយ៉ាងដើម្បីចូលរួមកាត់ផ្ដាច់ខ្សែចម្លងវីរុសកូវីដ-១៩។ ជាងនេះទៅទៀត ដោយក្នុងបរិការណ៍កូវីដ-១៩ អាជ្ញាធរមូលដ្ឋាន ត្រូវបន្តផ្សព្វផ្សាយ និងណែនាំដល់បងប្អូនប្រជាពលរដ្ឋ សូមបង្កើនការងារបង្កបង្កើនផល និងចិញ្ចឹមសត្វដើម្បីទ្រទ្រង់ជីវភាពរស់នៅឲ្យកាន់តែប្រសើរឡើងថែមទៀត ៕