Friday, November 02, 2018

អបអរសាទរសមិទ្ធផលថ្មីៗ របស់រដ្ឋបាលខេត្តស្វាយរៀងសម្រេចបាន ដែលឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ

ស្វាយរៀង៖ ក្រោមការដឹកនាំរបស់ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ពិសេស ការខិតខំយកចិត្តទុកដាក់​របស់លោក ម៉ែន វិបុល អភិបាលខេត្ត ក្នុងនាមក្រុមប្រឹក្សាខេត្ត បានធ្វើឲ្យខេត្តស្វាយរៀង មានការអភិវឌ្ឍរីក ចម្រើនលើគ្រប់វិស័យ ឆ្លើយតបទៅនឹងសេចក្តីត្រូវការ និងសំណូមពរ របស់ប្រជាពលរដ្ឋ។ ជាពិសេសការអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធសាធារ ណៈ ផ្លូវអ៊ុតបេទីមAC ចំនួន៥ខ្សែបន្ថែមទៀត នៅក្នុងក្រុងស្វាយរៀង បាននឹងកំពុងចាប់ផ្តើមស្ថាបនាចាប់ពី ថ្ងៃទី២ ខែវិច្ចិកា ឆ្នាំ២០១៨នេះ ។
បន្ទាប់ពីមានការសាងសង់សួនច្បារ ការដាក់ភ្លើងស្តុបនៅតាមដងផ្លូវ សំខាន់ៗមួយចំនួនក្នុងក្រុងស្វាយរៀង ការសាងសង់ច្រាំងទន្លេវ៉ៃគោ (ទំនប់តាណេង) រដ្ឋបាលខេត្ត ក៏បានធ្វើការជួសជុលផ្លូវអ៊ុតបេទីម AC ចំនួន ៥ខ្សែបន្ថែមទៀតនៅចុងឆ្នាំ២០១៨នេះ។ បន្ទាប់ពីបានជួសជុល អ៊ុតបេទីមAC ចំនួន៩ខ្សែរួចហើយ​នាឆ្នាំ​កន្លងទៅ ស្ថិតក្នុងក្រុងស្វាយរៀង យើងនេះ ដើម្បីកែលម្អសោភ័ណភាព និងភាពស្រស់បំព្រង ចូលរួម ចំណែកការប្រឡងប្រណាំងទីក្រុងស្អាតប្រចាំឆ្នាំផងដែរ ។
ដោយឡែក ចំពោះផ្លូវជនបទ នៅតាមមូលដ្ឋានភូមិ ឃុំ សង្កាត់មួយចំនួន ដែលរងការខូចខាតដោយសារ​ជំនន់ទឹកភ្លៀងនារដូវវស្សា ឆ្នាំ២០១៨នេះ អាជ្ញាធរខេត្ត ក៏មានការគិតគូរធ្វើការជួសជុលឡើងវិញផងដែរ ៕





កម្ពុជារៀបចំបញ្ជូនកងទ័ពមួកខៀវ ២១៦នាក់ទៀត ទៅបំពេញបេសកកម្មរក្សាសន្តិភាព នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល

នៅថ្ងៃទី២ ខែវិចិ្ឆកា ឆ្នាំ២០១៨នេះ កម្ពុជាបានបញ្ជូនកងវិស្វកម្មលេខ៥៩៤ ចំនួន២១៦នាក់ទៀត ទៅចូលរួមបេសកកម្មរក្សាសន្តិភាព ក្រោមស្លាកអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល។ ក្នុងចំណោម កងវិស្វកម្មលេខ៥៩៤ ចំនួន២១៦នាក់ មានកងនារី១០នាក់ផងដែរ។
ពិធីជូនដំណើរកងវិស្វកម្មលេខ៥៩៤ ទាំង២១៦នាក់ ប្រព្រឹត្តទៅក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ប៉ុល សារឿន ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស នៅមូលដ្ឋានទ័ពអាកាសពោធិ៍ចិនតុង រាជធានីភ្នំពេញ។
ក្រៅពីរៀបចំពិធីជូនដំណើរដល់កងវិស្វកម្មលេខ៥៩៤ កម្ពុជាក៏រៀបចំកម្មវិធីមាតុភូមិនិវត្តន៍ នៃកងវិស្វកម្មលេខ៩៥៤ ចំនួន២១៦នាក់ ពីសាធាណរដ្ឋអាហ្វ្រិកកណ្តាល និងកងរាជអាវុធហត្ថ លេខ៦១៨ ចំនួន៧៣នាក់ ពីសាធារណរដ្ឋស៊ូដង់ខាងត្បូងផងដែរ។
កម្មវិធីពិធីមាតុភូមិនិវត្តន៍ នឹងត្រូវបានរៀបចំឡើង ក្រោមអធិបតីភាព លោកឧបនាយករដ្ឋមន្រ្ដី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ តំណាង លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នៅវេលាម៉ោង ៨:០០នាទីព្រឹក ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅមូលដ្ឋានទ័ពអាកាសពោធិ័ចិនតុង រាជធានីភ្នំពេញ។
បើតាមសេចក្តីប្រកាសដែលចេញដោយ នាយឧត្តមសេនីយ៍ ឈុំ សុជាត, កងវិស្វកម្ម លេខ៥៩៤ គឺជាកងវិស្វកម្ម លើកទី៥ហើយ ដែលត្រូវបញ្ជូន ទៅចូលរួមបេសកកម្មរក្សាសន្តិភាព នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល ហើយកងនេះ នឹងត្រូវទៅប្តូរវេនជំនួសកងវិស្វកម្មលេខ៩៥៤ ដែលបានសម្រេចភារកិច្ចដោយជោគជ័យ ក្នុងបេសកកម្មរក្សាសន្តិភាព អាណត្តិ១ឆ្នាំរបស់ខ្លួន នៅសាធាណរដ្ឋអាហ្វ្រិកកណ្តាល ៕







ខេត្តកំពត បើកសិក្ខាសាលាផ្សព្វផ្សាយប្រកាសស្ដីពីការអភិវឌ្ឍដី និងឯកសារគតិយុត្ត​ ពាក់ព័ន្ធ​ និងការងាររៀបចំ​ដែនដីនគរូបនីយកម្ម​ សំណង់ ​និងសុរិយោដី​

កំពត៖ នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ នៅសាលាខេត្តកំពត លោក ប៉ឹល កុសល អភិបាលរងខេត្ត តំណាងលោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញជាអធិបតី ក្នុងអង្គសិក្ខាសាលាផ្សព្វផ្សាយប្រកាសស្ដីពីការអភិវឌ្ឍដី និងឯកសារគតិយុត្ត ពាក់ព័ន្ធ និងការងាររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី។
សិក្ខាសាលានេះ ក៏មានការអញ្ជើញចូលរួមពីនាយករដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ មន្ត្រីរាជការ មន្ទីរអង្គភាពពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនក្នុងខេត្តសរុបប្រមាណ២៥០នាក់៕


លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ចុះសួរសុខទុក្ខ និងចែកអំណោយ ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះ ជិត២ពាន់គ្រួសារ នៅខេត្ដកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងគណៈប្រតិភូអមដំណើរ នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ អញ្ជើញ ចុះសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយ ជូនប្រជាពលរដ្ឋ ចាស់ជរាគ្មានទីពឹង ស្ដ្រីមេម៉ាយកូនច្រើន កុមារកំព្រា ជនពិការ និងអ្នកកើត ឬអ្នកផ្ទុយមេរោគអេដស៍ចំនួន ១,៦៣៦គ្រួសារដែលមកពីចំនួន៧១ភូមិ ១១ឃុំ និងមកពីស្រុកចំនួន៤ ខេត្តកំពង់ឆ្នាំង។
ការអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយរបស់ប្រធាន កាកបាទក្រហមកម្ពុជា បានធ្វើឡើងនៅភូមិស្រែសាន ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្ដកំពង់ឆ្នាំង។
សូមជម្រាបថា កាកបាទក្រហមកម្ពុជា ដែលមានលោកស្រី ជាប្រធាន, លោកតែង តែយកចិត្ដទុកដាក់ និងដោះស្រាយរាល់បញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ គ្រប់មជ្ឈ ដ្ឋានដោយក្តីមេត្តា ករុណា គិតគូរ និងផ្តល់ក្តីសង្ឃឹម ជំនឿចិត្តដល់ប្រជាជនទូទៅ ដែលជួបការលំបាកដោយគ្មានការរើសអើង មិនប្រកាន់វណ្ណៈ ពូជសាសន៍ ពណ៌សម្បុរ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ នៅទីកន្លែងណាមានទុក្ខលំបាក គឺមានកាក បាទក្រហមកម្ពុជា ៕