Tuesday, February 28, 2017

លិខិត​មិត្តអ្នក​អាន៖ ភ្លើង​ក្នុងប​ន្ទាយ​កំពុង​ឆេះងំ​

ភ្នំពេញ៖ ធ្វើល្អបានល្អធ្វើអាក្រក់បានអាក្រក់! ភូតច្រើន ចាញ់អាត្មា! ពិតដូចជាទេវតាចារគូថមែន! ទោះបីជាខំប្រឹងកែខៃវាសនារបស់ខ្លួនយ៉ាងណា ក៏ពុំបានល្អ ក៏ព្រោះតែព្រហ្មលិខិតបានកំណត់រួចហើយ។ បុរសពីរនាក់រកស៊ីខាងនយោបាយដោយដាក់បក្សចូលគ្នា ទីបំផុតឈ្មួញនយោបាយមួយ ដែលបានដាក់ទុន៣កៅអី បានរកស៊ីចំណេញកប់ក្តោង ឡើងធ្វើប្រធាន ក្តោបក្តាប់ក្រុមហ៊ុននយោបាយមួយនេះ ដោយងាយៗដោយសារជាមនុស្ស សំណាងគ្រាន់បើ ព្រោះគាត់រកស៊ីប៉ះចំដៃគូដែលជាឈ្មួញនយោបាយល្ងង់ចាស់វស្សា និងមានរាសីអន់ ដោយកើតចំថ្ងៃខែដែលតាមជើងលេខ គឺស៊យមួយជីវិត។ ពាក្យដំណាលតគ្នាថា យីអ៊ុនក៏ដាក់ អារក្ខក៏ជាន់។ មនុស្សដែលមានរាសីបែបនេះ គឺស៊យណាស់ ស៊យដល់អ្នកនៅជាមួយទៀតផង ហើយបើមិនស្រួលនាំគ្រោះធំឱ្យគេទៀត។
ទីបំផុត ដោយសារភាពឆោតខាងយុទ្ធសាស្រ្តនយោបាយ លោក សម រង្ស៊ី ដែលល្បីល្បាញជាអ្នកនយោបាយចាញ់ចាស់វស្សាបានជួបគ្រោះធំ ដែលអាចបញ្ចប់ជីវិតនយោបាយរបស់ខ្លួន និងនាំស៊យដល់ក្រុមរបស់គាត់ ហើយនាំភាពច្របូកច្របល់ដល់បន្ទាយព្រះអាទិត្យទៀតផង។
វីរៈបុរសខុសរបៀបមួយនេះ ក្រោយពេលលាលែងពីប្រធានបក្សដោយឆោតល្ងង់ ឬដោយសារចាញ់បោកគេរួចមក បានធ្វើឱ្យភ្លើងក្នុងបន្ទាយព្រះអាទិត្យ ចាប់ផ្តើមឆេះយ៉ាងសន្ធោរសន្ធៅ ធ្វើឱ្យមេទ័ព និងកូនទាហានក្នុងបន្ទាយភ័យស្លន់ស្លោ ច្របូកច្របល់ បាត់ម្ចាស់ការ និងបាត់ទិសដៅមិនដឹងថាទៅណាមកណា។
ឥឡូវមេទ័ពធំរង ដែលមានមហិច្ឆតាចង់ក្តោបក្តាប់បន្ទាយនេះយូរមកហើយនោះ បានកំពុងបង្ហាញតួ ដើម្បីពន្លត់ភ្លើងក្នុងបន្ទាយដោយខំរកយុទ្ធសាស្ត្រ យ៉ាងណា ដើម្បីម្យ៉ាងឡើងធ្វើមេទ័ពធំពេញសិទ្ធិពេញអំណាច នៅថ្ងៃទី០២ ខែមីនា និងម្យ៉ាងទៀត ដើម្បីកុំឱ្យមេទ័ព និងកូនទាហានបះបោរផ្ទុះការតវ៉ាកាន់តែខ្លាំងពិសេសថ្នាក់ក្រោម ព្រោះប៉ុន្មានថ្ងៃមកនេះ ទាហានថ្នាក់ក្រោមតាមតំបន់មួយចំនួន បានចាប់ផ្តើមទម្លាក់ស្លាកព្រះអាទិត្យ ដែលកំពុងលិចនេះជាបណ្តើរៗដោយសារតែអស់ជំនឿលើមេទ័ពធំមុន និងមិនសូវជឿមេទ័ពធំថ្មី។
ការតវ៉ាទម្លាក់ស្លាកបក្សនេះត្រូវបានទេវតាប្រមើលមើលថា នៅមានច្រើនទៀតក្រោយរៀបចំមេដឹកនាំបន្ទាយថ្មី ព្រោះផ្ទៃក្នុងបក្សកាន់តែរង្គោះរង្គើខ្លាំង។ ក្រុមស្មោះស្ម័គ្រនឹងមេទ័ពធំមុន និងក្រុមដែលស្មោះនឹងមេទ័ពធំរង កំពុងតែញេញធ្មេញដាក់គ្នា ហើយខ្លះមិនដឹងជាត្រូវដើរតាមអ្នកណា បើមេចាស់ខ្លួន អស់ឥទ្ធិពល រីឯមេថ្មីមិនមែនជារបស់ខ្លួន។ ទេវតាកំណត់រួចទៅហើយ យីអ៊ុនក៏ដាក់អារក្ខក៏ជាន់ ទោះបីលក្ខន្តិកៈបក្សក៏មិនអាចទប់ទល់នឹងច្បាប់ស្តីពី គណបក្សនយោបាយ ដូច្នេះធ្វើយ៉ាងណារក្សាបន្ទាយសិន ហើយអ្នកដែលទេវតាប្រទានពរ គឺជាមនុស្សមានសំណាង និងរកស៊ីមួយជើងនេះបានចំណេញ ច្រើនណាស់។
ក្រុមដែលដាក់ទុន៣កៅអីឈ្នះបាន៥៥កៅអីរួមនឹងបក្សទាំងមូល រីឯមេទ័ពធំដែលមានរាសីដូចទៀនជិតរលត់ នឹងត្រូវបញ្ចប់ជីវិតនយោបាយរបស់ខ្លួនដោយគ្មានន័យ និងស្ពាយទោសជាប់ខ្លួនរហូត នៅថ្ងៃទី០២ ខែមីនាខាងមុខនេះ ពិបាកនឹងស្រោចស្រង់ខ្លួនឯង និងក្រុមខ្លួនឯងណាស់ព្រោះគ្មានសិទ្ធិចាត់ចែងបន្ទាយដូចមុនទេ។
ទោះចង់នាំ សម រង្ស៊ី មកវិញក៏មិនបាន ចង់ដកកឹម សុខា ពីមេបក្សក៏មិនរួច។ ដើរជំហាននយោបាយមរណៈម្តងហើយម្តងទៀត! យើងរង់ចាំមើលថ្ងៃទី ០២ ខែមីនាខាងមុខនេះទាំងអស់គ្នា ថាតើភ្លើងដែលកំពុងឆេះក្នុងបន្ទាយនេះ គឺជាភ្លើងមរណៈរបស់មេទ័ពធំ ឬភ្លើងនឹងបន្តឆេះបំផ្លាញបន្ទាយ រហូតដល់កំទេចបន្ទាយតែម្តង? តើជាថ្ងៃអន្សារបស់លោកមេទ័ពធំ ឬជាថ្ងៃអន្សារបស់បន្ទាយព្រះអាទិត្យដែលជិតអស្តង្គត!?
ដោយ៖ អ្នកប្រយុទ្ធ


លោកនាយករដ្ឋមន្រី្ត ហ៊ុន សែន អញ្ជើញជួបនាយកធនាគារជប៉ុន MIZUHO ប្រចាំតំបន់អាស៊ី និង​អូសេអានី នៅវិមានសន្តិភាព

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីបានអនុញ្ញាតអោយលោក Imai Seiji នាយកប្រតិបត្តិនៃធនាគារ MIZUHO ប្រចាំតំបន់អាស៊ី និងអូសេអានីចូលជួបសំដែងការគួរសម និងពិភាក្សាការងារនារសៀលថ្ងៃទី ២៧ ខែកុម្ភៈឆ្នាំ ២០១៧ នៅវិមានសន្តិភាព ។
លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់លោកនាយករដ្ឋមន្ត្រីបានប្រាប់អ្នកសារព័ត៌នៅក្រោយជំនួបថា លោក Imai Seiji អរគុណ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន​ ដែលបានផ្តល់ពេលវេលា និងកិត្តិយស​អោយ​ក្រុមការងារ​លោកបានចូលជួបពិភាក្សាការងារវិនិយោគ។ ទន្ទឹមនឹងនេះ លោកនាយក​បានកោត​សរសើរ លោកនាយករដ្ឋមន្ត្រី ដែលបាន​ខិតខំដឹកនាំប្រទេសកម្ពុជារ​ហូតមានការរីកចម្រើន​មកទល់​សព្វ​ថ្ងៃ។ ធនាគារ MIZUHO គឺជាធនាគារខ្នាតធំជប៉ុនលើកទី១ មកកាន់កម្ពុជាដែលមានសាខា​នៅក្នុង​ប្រទេស​​ចំនួន៣០។ តាមរយៈធនាគារនេះ គឺនឹងសម្រួលដល់ការ​ផ្តល់សេវា​ហិរញ្ញវត្ថុ​ទៅដល់អ្នក​វិនិយោគ​ទាំង​ជនជាតិជប៉ុន កម្ពុជា និងអ្នកវិនិយោគដទៃ​ទៀតដែលមក​បណ្តាក់ទុននៅ​ក្នុងប្រទេស​យើង​ឱ្យកាន់តែងាយស្រួលឡើងថែមទៀត។
ទន្ទឹមនឹងនេះ វត្តមានធនាគារ MIZUHO នឹងនាំមក​នូវអ្នក​វិនិយោគ​ជប៉ុនជាច្រើនមកកម្ពុជានៅពេល​អនាគតខាងមុខនេះ។ លោកនាយកក៏បានថ្លែងអំណរគុណ លោកនាយករដ្ឋមន្រី្ត ហ៊ុន សែន  ធនាគារ​ជាតិ​កម្ពុជា និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដែលបានគាំទ្រ និងជំរុញដល់ការ​វិនិយោគ​របស់ធនាគារ​លោក​នៅកម្ពុជា។
លោកនាយករដ្ឋមន្រី្ត ហ៊ុន សែន ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជន​ជប៉ុន​ដែលជួយកម្ពុជាកន្លងមក រួមទាំងការនាំមកនូវសុខសន្តិភាព ការកៀរគរជំនួយ និងការ​ផ្តល់​នូវថវិកា​ជំនួយឥតសំណងចូលរួមស្តារ កសាង និងអភិវឌ្ឍន៍ប្រទេស ហើយក្នុងពេលនេះទៀតសោត គឺកំពុង​តែជួយ​ទាក់ទាញ និងជំរុញអ្នកវិនិយោគជប៉ុនមកកាន់កម្ពុជាកាន់តែច្រើនឡើងថែមទៀតផង។
លោកនាយករដ្ឋមន្រី្ត បានបញ្ជាក់ផងដែរថា ឆ្នាំ២០១៦ កន្លងទៅនេះ គឺមានក្រុមហ៊ុន​អាកាស​ចរណ៍ជប៉ុនខ្នាតធំ Anna Air ដែលបានមកវិនិយោគនៅកម្ពុជា ហើយនៅឆ្នាំ ២០១៧ នេះ គឺមានធនាគារ​​ខ្នាតធំជប៉ុន MIZOHO មកកម្ពុជាទៀត។
ទាំងនេះ បញ្ជាក់ប្រាប់ដល់អ្នកវិនិយោគជប៉ុនអោយមានភាពកក់ក្តៅ និងជំនឿទុកចិត្តក្នុង​ការវិនិយោគ​នៅកម្ពុជា។
លោកនាយករដ្ឋមន្រី្ត ហ៊ុន សែន បានជូនពរឱ្យធនាគារ MIZUHO ទទួលបានជោគជ័យ​ក្នុងការ​បណ្តាក់ទុននៅកម្ពុជា នឹងសង្ឃឹមយ៉ាងមុតមាំថា ធនាគារនឹងបន្តជួយផ្សព្វផ្សាយ ទាក់ទាញអ្នកវិនិយោគ​ទុនជប៉ុន​កាន់​តែច្រើនថែមទៀតមកបណ្តាក់ទុនធ្វើអាជីវកម្ម និងវិនិយោគនៅក្នុងប្រទេសកម្ពុជា៕


គណបក្សប្រជាជនកម្ពុជា ចេញសេចក្តីថ្លែងការណ៍ ថ្កោលទោសយ៉ាងខ្លាំង ប្រធានសាខាគណបក្សសង្រ្គោះជាតិខេត្តលីយ៉ុង ប្រទេសបារាំង ដែលចោទប្រកាន់ដ៏ខ្មៅងងឹងលើរាជរដ្ឋាភិបាល

គណបក្សប្រជាជនកម្ពុជា បានចាត់ទុកថា ការចោទប្រកាន់ដ៏ខ្មៅងងឹតនេះ ធ្វើឱ្យប៉ះពាល់ដល់គណបក្សប្រជាជនកម្ពុជា និង​សេច​ក្តីថ្លៃថ្នូរបស់ក្រុមគ្រួសារ សម្តៅញុះញង់ឱ្យមានការរើសអើង ស្ពប់ខ្ពើមរវាងខ្មែរនិងខ្មែរ បង្កឱ្យមានភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់សន្តិសុខសង្គម និងបង្កភាពបែកបាក់សង្គម ដែលគំរាមកំហែងដល់សន្តិភាពនៅកម្ពុជា។
សេចក្តីថ្លែងការណ៍របស់គណបក្សប្រជាជនកម្ពុជា បានធ្វើឡើងបន្ទាប់ពី លោក លី ពឿង បានធ្វើការអំពាវនាវ នៅទីខេត្ត​លីយ៉ុង ប្រទេសបារាំង ដោយបានប្រើប្រាស់ពាក្យអសុរសគ្រប់ម៉ាត់ និងគ្មានមូលដ្ឋានដូចជាការប្រើពាក្យ របបតិរច្ឆាន សត្វតិរិច្ឆាន ជនពាល ល្ងង់ខ្លៅ អាយ៉ងវៀតណាម បំផ្លិចបំផ្លាញជាតិ សម្លាប់ប្រជាជនខ្មែរសាហាវជាងរបបខ្មែរក្រហម លួចសន្លឹកឆ្នោត ប្លន់ប្រជាជន សំឡុតបាញ់ប្រហារ និងភ្នែកខ្វាក់មួយចំហៀងជាដើម។
សូមអានសេចក្តីថ្លែងការណ៍របស់ គណបក្សប្រជាជនកម្ពុជា ខាងក្រោមនេះ៖

Friday, February 24, 2017

« គ្រឹះស្ថាន​​មីក្រូ​​ហិរញ្ញ​វត្ថុ​​ទាំង​អស់​​នៅ​​កម្ពុជា គឺ​ជា​​​របស់​​ឯកជន មិន​មែន​​ជា​​របស់​រដ្ឋទេ »

ប្រសាសន៍​​ សម្តេច​​តេជោ ហ៊ុន សែន ថ្លែង​​ជូន​​សាធា​រណ​​ជន​​បាន​​ជ្រាប​​ថា « គ្រឹះស្ថាន​​មីក្រូ​​ហិរញ្ញ​វត្ថុ​​ទាំង​អស់​​នៅ​​កម្ពុជា គឺ​ជា​​​របស់​​ឯកជន មិន​មែន​​ជា​​របស់​រដ្ឋទេ » សូម​បង​​ប្អូន​​ប្រជា​ពល​​រដ្ឋ​​កុំយល់​ច្រឡំ…







ប្រសាសន៍​​ សម្តេច​​តេជោ ហ៊ុន សែន ថ្លែង​​ជូន​​សាធា​រណ​​ជន​​បាន​​ជ្រាប​​ថា « គ្រឹះស្ថាន​​មីក្រូ​​ហិរញ្ញ​វត្ថុ​​ទាំង​អស់​​នៅ​​កម្ពុជា គឺ​ជា​​​របស់​​ឯកជន មិន​មែន​​ជា​​របស់​រដ្ឋទេ » សូម​បង​​ប្អូន​​ប្រជា​ពល​​រដ្ឋ​​កុំយល់​ច្រឡំ…





Thursday, February 23, 2017

ឡេង គឹមទាង នារីខ្មែរមួយរូបដែលនិយាយបានរហូតដល់ទៅ៧ភាសា

ដោយផ្តើមចេញពីការស្រឡាញ់ភាសាបរទេស និងចង់ក្លាយជាអ្នកទំនាក់ទំនងការបរទេសមួយរូប គួបផ្សំនឹងទេពកោសល្យរបស់ខ្លួនផងនោះ កញ្ញា ឡេង គឹមទាង បានស្រវាស្រទេញសិក្សារៀនសូត្រភាសាបរទេស យ៉ាងហោចណាស់៦ភាសា ដោយក្នុងនោះរួមមានភាសាអង់គ្លេស ថៃ កូរ៉េ ជប៉ុន ចិន និងភាសាអាល្លឺម៉ង់ផងដែរ។ ហេតុតែចំណង់ចង់ក្លាយជា អ្នកទំនាក់ទំនងការបរទេសដែលជាគោលបំណងចម្បង ក្នុងជីវិត បានជំរុញទឹកចិត្តកញ្ញាឱ្យតស៊ូជម្នះរាល់ការលំបាកនានា រហូតទទួលបានជោគជ័យខាងប្រើប្រាស់ភាសាបរទេសម្តងបន្តិចៗដោយឥតដឹងខ្លួន។
ថ្វីបើអ្នកអាចនិយាយបានច្រើនភាសាពុំមែនជារឿងអស្ចារ្យសម្រាប់សាធារណជនទូទៅក៏ដោយចុះ ក៏ប៉ុន្តែអ្វីដែលប្លែកនិងគួរឱ្យចាប់អារម្មណ៍នោះគឺ ប្រវត្តិសិក្សាដ៏លំបាករបស់កញ្ញា ឡេង គឹមទាង ឯណោះទៅវិញទេ។ មែនទែនទៅ ការសិក្សាត្រឹមតែមួយភាសាគឺវាពិបាកណាស់ទៅហើយ ចុះទម្រាំអ្នករៀនរហូតដល់ទៅ៧ភាសាលំបាកកម្រិតណាដែរ? ទាក់ទិននឹងដំណើរជីវិតនិងការសិក្សា កញ្ញាចេះនិយាយច្រើនភាសារូបនេះ ថ្លែងដោយសម្តីត្អូញត្អែរថា ការសិក្សាលើមុខវិជ្ជាណាក៏ដូចជាមុខវិជ្ជាណាដែរ គឺមិនស្រួលទេ ហើយប្រសិនបើប៉ះចំលើបុគ្គលណាដែលមានជីវភាពខ្សត់ខ្សោយ និងគ្មានការតស៊ូក្នុងការស្វាធ្យាយសិក្សារៀនសូត្រផងនោះគឺស្ទើរតែមិនអាចទ្រាំបាន។ ប៉ុន្តែដោយសារតែការចង់ចេះភាសាទាំងនោះ នារីខ្មែររូបនេះ ស្ទើរតែហ៊ានលះបង់គ្រប់បែបយ៉ាងចំពោះអ្វីដែលខ្លួនមាននៅក្នុងជីវិត ដើម្បីតែការសិក្សានេះ។ គេបានលះបង់ភាពសុខស្រួលដោយរស់នៅអណ្តែតត្រសែតឆ្ងាយ ពីម្តាយឪពុក ហើយក៏ព្រោះតែការចង់ចេះភាសាទាំងនេះដែរ ដែលធ្វើឱ្យនារីគ្មានភាពក្លាហានរូបនេះក្លាយទៅជា នារីម្នាក់ដ៏ស្វាហាប់ រហ័សរហួន និងហ្មត់ចត់ទៅលើកិច្ចការផងដែរ។ ក្រៅតែពីការលះបង់ច្រើន ក៏ទាមទារឱ្យមានការស្រឡាញ់ ការយកចិត្តទុកដាក់ និងទេពកោសល្យផងដែរ ទើបកញ្ញាអាចរៀនសូត្របានច្រើនភាសាយ៉ាងដូច្នេះ។
កញ្ញា ឡេង គឹមទាង បន្តថា កាលខ្លួនរៀននៅសាកលវិទ្យាល័យបាន ចាប់យកជំនាញអក្សរសាស្រ្តអង់គ្លេសផង ហើយឆ្លៀតរៀនភាសាផ្សេងៗទៀតផង។ ទន្ទឹមនឹងនោះ កញ្ញាក៏ថែមទាំងឆ្លៀតរៀនជំនាញប្រវត្តិសាស្រ្តខ្មែរផងដែរ។ ការសិក្សាបែបនេះបានធ្វើឱ្យខ្លួនរវល់ជាប់ជានិច្ច កុំថាឡើយពេលកម្សាន្ត សូម្បីតែពេលញ៉ាំបាយ និងគេងក៏សឹងតែគ្មានដែរ។
មានពេលខ្លះនោះ នាងថែមទាំងឆ្លៀតធ្វើការក្រៅម៉ោងសិក្សា ដើម្បីយកថវិកាមកផ្គត់ផ្គង់ការសិក្សារបស់ខ្លួនផង និងដើម្បីដកបទពិសោធការងារក្នុងសង្គមផង។ តាមរយៈការជម្នះឧបសគ្គទាំងនេះ បានធ្វើឱ្យនាងក្លាយទៅជាបុគ្គលម្នាក់ថ្នឹកក្នុងការសិក្សា រហូតទទួលបានជោគជ័យខាងការប្រើប្រាស់ភាសាបរទេសដែលខ្លួនបានរៀននោះម្តងបន្តិចៗដោយឥតដឹងខ្លួន។
ដ្បិតកញ្ញារូបស្រស់នេះ មានទេពកោសល្យក្នុងការប្រើប្រាស់ភាសាទាំងនេះក្តី ក៏បំណងចម្បងក្នុងជីវិតនាងនៅពុំទាន់ជោគជ័យនៅឡើយដែរ។ ទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្ននេះ នាងបានសម្រេចគោលបំណងជីវិត ដែលជាជម្រើសទី២បានយ៉ាងល្អប្រសើរដែរ។ ពោលគឺ ឡេង គឹមទាង បានក្លាយទៅជានាយិការងនៃវិទ្យាស្ថាន អន្តរទ្វីប អាមេរិកាំង ដែលជាគ្រឹះស្ថានមួយមានឈ្មោះបោះសំឡេងខ្លាំង ក្នុងព្រះរាជាណាចក្រកម្ពុជា ខាងបណ្តុះបណ្តាលផ្នែកភាសាបរទេសដែរ៕



ធនាគារជាតិនៃកម្ពុជា បើកកិច្ចប្រជុំជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងប្រតិបត្តិករឥណទានជនបទ

(ភ្នំពេញ)៖ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ធនាគារជាតិនៃកម្ពុជា បានរៀបចំកិច្ចប្រជុំមួយក្រោមអធិបតីភាព លោកស្រី អ៊ុក ម៉ាលី ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ដោយមានការចូលរួមពីតំណាង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនទទួលប្រាក់បញ្ញើ និងប្រតិបត្តិករឥណទានជនបទ ប្រមាណ៣០០នាក់ ។
គោលបំណងនៃកិច្ចប្រជុំនេះគឺ ១). ផ្សព្វផ្សាយសេចក្តីថ្លែងការណ៍រួមរវាងធនាគារជាតិនៃកម្ពុជា និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ និង ២). ការអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទាក់ទងនឹងការផ្សព្វផ្សាយខ្លឹមសារ “គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់នៅកម្ពុជាជារបស់ឯកជន មិនមែនជារបស់រដ្ឋ” ការបន្ថែមពាក្យ “ឯកជន” និងការប្តូរនិមិត្តសញ្ញា (Logo) របស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ។
ធនាគារជាតិនៃកម្ពុជា ក៏បានផ្តល់ Poster សេចក្តីថ្លែងការណ៍រួមដល់តំណាងគ្រឹះស្ថានដែលបានចូលរួម ដើម្បីបិទផ្សាយនៅទីស្នាក់ការកណ្តាល និងសាខារបស់ខ្លួននៅទូទាំងប្រទេស៕


រដ្ឋមន្រ្តីក្រសួងការងារ ប្រកាសសមាសភាពក្រុមការងារកសាងកម្រងព័ត៌មានជាតិស្តីពីសារធាតុអាសបេស្តុស

កិច្ចប្រជុំនាពេលនេះ រៀបចំឡើងដើម្បីប្រកាសសមាសភាព និងប្រគល់ភារកិច្ចជូនសមាជិកក្រុមការងារ ដើម្បីប្រមូល និងចងក្រងព័ត៌មានជាតិស្តីពីសារធាតុអាសបេស្តុសនៅកម្ពុជារបស់ក្រសួង ស្ថាប័នតាមវិស័យរួមមាន៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងផែនការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម ក្រសួងសុខាភិបាល ក្រសួងឧស្សាហកម្មនិងសិប្បកម្ម ក្រសួងរ៉ែនិងថាមពល ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ក្រសួងបរិស្ថាន ក្រសួងសាធារណៈការនិងដឹកជញ្ជូន ក្រសួងអប់រំយុវជន និងកីឡា និងមានសមាជិកមកពីអង្គការសហប្រជាជាតិ អង្គការអន្តរជាតិ អង្គការជាតិ និងសង្គមស៊ីវិល ដែលចូលរួមតាមការស្ម័គ្រចិត្ត និងមានតួនាទីជាទីប្រឹក្សា និងជួយទ្រទ្រង់ ដូចជា អង្គការពលកម្មអន្តរជាតិILO, អង្គការសុខភាពពិភពលោកWHO, អង្គការអូស្ត្រាលីសម្រាប់សុខភាព អប់រំ និងអភិវឌ្ឍក្រៅប្រទេស APHEDA។

ថ្លែងក្នុងពិធីនេះ លោករដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់ក្រសួង ស្ថាប័ន អង្គការជាតិ អន្តរជាតិ និងសហជីព ដែលបានគាំទ្រដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការបង្កើតឱ្យមានក្រុមការងារនេះឡើង ដើម្បីរៀបចំចងក្រងកម្រងព័ត៌មាន ផែនការជាតិ និងកម្មវិធីជាតិ សម្រាប់ជាឧបករណ៍ ឬមធ្យោបាយដែលអាចប្រើជាផលប្រយោជន៍ដ៏មានប្រសិទ្ធភាព និងស័ក្តសិទ្ធ សម្រាប់ពង្រីកចក្ខុវិស័យស្តីពីការបង្ការទប់ស្កាត់ហានិភ័យនានាដែលបណ្តាលមកពីសារធាតុអាសបេស្តុស និងជាឧត្តមប្រយោជន៍ដល់ការលើកកម្ពស់សុខភាព សុវត្ថិភាពការងារដល់កម្មករនិយោជិត និងប្រជាជនទូទៅ។
សូមបញ្ជាក់ជូនថា ឧបករណ៍ និងសម្ភារៈ ដែលមានផ្ទុកសារធាតុអាសបេស្តុស រួមមាន៖ ស៊ីម៉ង់ត៍ ក្បឿង ហ្វ៊ឺប្រូស៊ីម៉ង់ត៍ ពិដានម្នាងសិលា ស្បែកហ្រាំងយានយន្ត ស្បែកអំប្រ៊ីយ៉ា រ៉ងម៉ាស៊ីន អ៊ីសូឡង់ដែលការពារកំដៅ ការពារធាតុត្រជាក់ ទប់សំឡេង គ្រឿងម៉ាស៊ីន និងបំពង់ជ័រ។ល។ សារធាតុទាំងនេះ មានផលប៉ះពាល់យ៉ាងខ្លាំងដល់សុខភាព ដែលទាមទារឱ្យមានការស្រាវជ្រាវ និងចងក្រងព័ត៌មានទាក់ទងនឹងការប្រើប្រាស់សារធាតុនេះឱ្យបានជាក់លាក់ ដើម្បីគ្រប់គ្រង បង្ការ ទប់ស្កាត់ កុំឱ្យមានផលប៉ះពាល់ដល់សុខភាព និងប្រើប្រាស់សារធាតុនេះឱ្យបានត្រឹមត្រូវប្រកបដោយសុវត្តិភាព៕