Wednesday, August 16, 2017

លោកនា​យក​រដ្ឋមន្រ្តី ហ៊ុន សែន ចុះសំណេះ​សំណាល​សាកសួរ​សុខទុក្ខ កងទ័ព​នៅយោ​ធ​ភូមិ​ភាគ​ទី១ ខេត្តស្ទឹង​ត្រែង

នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានធ្វើដំណើរ ទៅកាន់ខេត្តស្ទឹងត្រែង ដើម្បីជួបសំណេះសំណាលសាកសួរសុខទុក្ខ កងទ័ពនៃបញ្ជាការដ្ឋានយោធភូមិភាគទី១ នៅខេត្តស្ទឹងត្រែង។

នាឱកាសនោះផងដែរ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មានប្រសាសន៍ថា គោលបំណងនៃការ ចុះមកកាន់ខេត្តស្ទឹងត្រែងនៅថ្ងៃនេះ គឺដើម្បីជួបសំណេះសំណាលជាមួយបងប្អូននាយទាហាន ពលទាហានទាំងអស់ នៃយោធភូមិភាគទី១ ដែលបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ពិសេសការអត់ធ្មត់ប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការការពារបូរណភាពទឹកដី ក្នុងដំណាក់កាលដែលកងទ័ពឡាវធ្វើការឈ្លានពានចូលទឹកដីកម្ពុជា នៅតំបន់ព្រំដែនខេត្តស្ទឹងត្រែងកាលពីដើមឆ្នាំ២០១៧កន្លងទៅ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មានប្រសាសន៍បន្តថា ក្រៅពីការជួបសំណេះសំណាលនិងសាកសួរសុខទុក្ខចំពោះបងប្អូនទាំងអស់ លោកនឹងធ្វើការដោះស្រាយនូវ រាល់ការលំបាករបស់បងប្អូន ពិសេសការបង្កើតឡើងនូវកងពលតូចអន្តរាគមន៍ថ្មីមួយទៀត នៅខេត្តស្ទឹងត្រែងដែលមានឈ្មោះថា កងពលតូចអន្តរាគមន៍ថ្មើរជើងលេខ១២៨ ចំណុះឲ្យយោធភូមិភាគទី១។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ការរៀបចំនេះមិនមែនសំដៅដល់ការធ្វើសង្រ្គាមជាមួយប្រទេសជិតខាងនោះទេ ផ្ទុយទៅវិញសំដៅលើការពង្រឹងកិច្ចការការពារជាតិ ការពារប្រជាជន និងទំនាក់ទំនងល្អជាមួយប្រទេសជិតខាង។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានសំដែងនូវការវាយតម្លៃខ្ពស់ និងកោតសរសើរចំ ពោះនាយទាហាន និងពលទាហានទាំងអស់ ដែលបានគោរពនូវបទបញ្ជារបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ក្នុងការរក្សានូវភាពអត់ធ្មត់បំផុត មិនមានការផ្ទុះអាវុធបង្ហូរឈាមគ្នា ក្នុងដំណាក់កាលដែលមានការចូលឈ្លានពានទឹកដីពីសំណាក់កងទ័ពឡាវ។
សូមជម្រាបផងដែរថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចំណាយពេលប្រមាណ៥ម៉ោង រួមទាំងការទទួលទានអាហារថ្ងៃត្រង់រួមគ្នាជាមួយនឹង កងទ័ពនៃយោធភូមិភាគទី១ មុនពេលធ្វើដំណើរ វិលត្រឡប់មកកាន់រាជធានីភ្នំពេញវិញនៅរសៀលថ្ងៃដដែលនេះ៕










លោក ម៉ម ប៊ុនហេង អញ្ជើញទៅចូលរួមវេទិកា ស្ដីពីខ្សែក្រវ៉ាត់ និងផ្លូវ កិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាលឆ្ពោះទៅរកផ្លូវសុខភាព នៅប្រទេសចិន

លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល នឹងអញ្ជើញទៅចូលរួមវេទិកាថ្នាក់រដ្ឋមន្ដ្រី ស្ដីពីខ្សែក្រវ៉ាត់ និងផ្លូវ សម្រាប់កិច្ចសហប្រតិបត្តិការវិស័យសុខាភិបាលឆ្ពោះទៅរកផ្លូវសុខភាព នៅប្រទេសចិន ពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧ នៅទីក្រុងប៉េកាំង ប្រទេសចិន។

តាមសេចក្ដីជូនដំណឹងដែលទទួលបាននៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧នេះ លោក នឹងចេញដំណើរនៅវេលាម៉ោង០៩៖១៥នាទីយប់នេះ។

វេទិកាថ្នាក់រដ្ឋមន្ដ្រីសុខាភិបាល នៃប្រទេសជាសមាជិកគនិតផ្ដួចផ្ដើមផ្លូវមួយ ខ្សែក្រវ៉ាត់មួយ និងសាធារណរដ្ឋប្រជាមានិតចិន ដែលត្រូវបានរៀបចំឡើងដោយភាគីមិត្តចិន ក្រោមប្រធានបទ «ការកសាងផ្លូវ និងខ្សែក្រវ៉ាត់សុខភាព ការចែករំលែកការអភិវឌ្ឍន៍សុខភាព» ដែលវេទិកានេះ ត្រូវបានរៀបចំឡើង ដោយចែកចេញពី៣ផ្នែក៕

សូមអានសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល៖


លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងធ្វើដំណើរចុះសាកសួរសុខទុក្ខ កងទ័ពនៅយោធភូមិភាគទី១ ខេត្តស្ទឹងត្រែង ដើម្បីដោះស្រាយការលំបាក របស់កម្លាំងប្រដាប់អាវុធ

លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃទី១៦ ខែសីហានេះ បាននិងកំពុងធ្វើដំណើរសួរសុខទុក្ខកងទ័ព នៅយោធភូមិភាគទី១ ដែលមានទីបញ្ជាការដ្ឋាន នៅខេត្តស្ទឹងត្រែង។

លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរក្នុង Facebook របស់លោកថា គោលបំណងរបស់លោក ចុះជួបសំណេះសំណាល សាកសួរសុខទុក្ខកងទ័ពយោធភូមិភាគទី១នេះ ដើម្បីដោះស្រាយការលំបាក របស់កងកម្លាំងប្រដាប់អាវុធ។

លោកបានបញ្ជាក់ថា លោកនឹងបង្កើតកងពលតូចអន្តរាគមន៍ថ្មីមួយ មានលេខ១២៨ ឬហៅថាកងពលតូច ថ្មើរជើងលេខ១២៨ ចំណុះឱ្យយោធភូមិភាគទី១ ដែលការរៀបចំនេះ មិនសំដៅធ្វើសង្គ្រាមជាមួយប្រទេសជិត ខាងនោះទេ តែសំដៅលើកិច្ចការពារជាតិ ការពារប្រជាជន និងទំនាក់ទំនងល្អជា មួយប្រទេស ជិតខាង។

លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរទាំងស្រុងយ៉ាងដូច្នេះថា « ថ្ងៃនេះខ្ញុំឆ្លៀតពេលមកសួរសុខ ទុក្ខកងទ័ព នៅយោធភូមិភាគទី១ ដែលមានទីបញ្ជាការដ្ឋាន នៅខេត្តស្ទឹងត្រែង។ គោលបំណងសំខាន់ គឺពិនិត្យដោះស្រាយការលំបាក របស់កងកម្លាំងប្រដាប់អាវុធ។ យើងនឹងបង្កើតកងពលតូចអន្តរាគមន៍ថ្មីមួយ មានលេខ១២៨ ឬហៅថាកងពលតូចថ្មើរជើងលេខ១២៨ ចំណុះឲ្យយោធភូមិភាគទី១។ យើងនឹងដាក់ទីតាំងកងទ័ពជើងទឹក ឲ្យប្រចាំការនៅខេត្តស្ទឹងត្រែងផងដែរ។ ការរៀបចំទាំងអស់មិនសំដៅធ្វើសង្រ្គាមជាមួយប្រទេសជិតខាងនោះទេ តែសំដៅលើ កិច្ចការពារជាតិ ការពារប្រជាជន និងទំនាក់ទំនងល្អជាមួយប្រទេសជិតខាង »៕




ស្ថានទូតឥណ្ឌាប្រចាំកម្ពុជា រៀបចំទិវាឯករាជ្យលើកទី៧០ ដើម្បីចែករំលែករឿងរ៉ាវនៃប្រទេសឥណ្ឌា

ស្ថានទូតឥណ្ឌាប្រចាំកម្ពុជា នៅយប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ បានរៀបចំទិវាឯករាជ្យលើកទី៧០របស់ ប្រទេសឥណ្ឌា ដើម្បីចែករំលែករឿងរ៉ាវនៃប្រទេសឥណ្ឌា។

ទិវាឯករាជ្យលើកទី៧០ របស់ប្រទេសឥណ្ឌានេះ បានរៀបចំធ្វើឡើងនៅសណ្ឋាគារអាំងទែកង់ទីណង់តាល ក្នុងរាជធានីភ្នំពេញ ដែលមានការចូលរួមពីលោក លី ធុជ អនុប្រធានទី២ និងអគ្គលេខាធិការនៃអាជ្ញាធរមីន លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សមាជិក នៃ Indian Diaspora ឯកអគ្គរាជទូត និងមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ជារូបច្រើនរូបទៀតផងដែរ។

តំណាងឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា បានថ្លែងថា « ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ភ្ញៀវកិត្តិយសទាំងអស់ ដែលមានវត្តមាននៅទីនេះ ដែលបានទុកពេលវេលាដ៏មានតម្លៃ ដើម្បីចែក រំលែករឿងរ៉ាវនៃប្រទេសឥណ្ឌា »។

តំណាងឯកអគ្គរដ្ឋទូត បានបន្ថែមទៀតថា « នៅក្នុងកម្មវិធីរបស់យើង យើងនឹងបង្ហាញពីអ្វីដែលយើងបាន សម្រេចកន្លងមក និងអ្វីដែលយើងមាននៅពេលបច្ចុប្បន្ននេះ។ យើងចង់បានសន្តិភាព និងភាពសុខដុម ភាពរុងរឿង និងសុខុមាលភាពរបស់អាស៊ាន និងសហគមន៍ពិភពលោកទាំងមូល »។

តំណាងឯកអគ្គរដ្ឋទូត បានបន្ថែមទៀតថា ដើម្បីអបអរសាទរដល់រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋជាសមាជិក អាស៊ានទាំងអស់ សម្រាប់ការប្រារព្ធខួបលើកទី៥០ នៃអាស៊ាន។ ឆ្នាំនេះ ក៏មានលក្ខណៈពិសេសសម្រាប់ ប្រទេសឥណ្ឌាផងដែរ ព្រោះវាជាខួបអនុស្សាវរីយ៍លើកទី២៥ នៃទំនាក់ទំនងឥណ្ឌា និងសមាជិកអាស៊ាន ក្រោមប្រធានបទ « Shared Value Common Destiny »។

លោកបន្ដថា នៅក្នុងប្រទេសឥណ្ឌា ក៏ដូចជានៅក្នុងបណ្តាប្រទេសអាស៊ាន ដែលនឹងបញ្ចប់នៅក្នុងកិច្ចប្រជុំ ពិសេសរំលឹកខួប អនុស្សាវរីយ៍អាស៊ានឥណ្ឌា។ កិច្ចប្រជុំកំពូលនេះ គឺជាការបញ្ជាក់ពីបេសកកម្ម រួមគ្នារបស់ យើង សម្រាប់ភាពរុងរឿងស្ថេរភាព និងសន្តិសុខ ៕









ស្ថានភាពកំពស់ទឹក នៅតាមស្ថានីយជលសាស្ត្រនានា ប្រចាំថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧នេះ

ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧នេះ បានចេញព្រឹត្តបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ នៅតាមបណ្តាស្ថានីយជលសាស្ត្រទាំង៨ រួមមានស្ថានីយ៖
១-ទន្លេមេគង្គ-ស្ទឹងត្រែង
២-ទន្លេមេគង្គ-ក្រចេះ
៣-ទន្លេមេគង្គ-កំពង់ចាម
៤-ទន្លេបាសាក់-ចតុមុខ
៥-ទន្លេមេគង្គ-អ្នកលឿង
៦-ទន្លេបាសាក់-កោះខែល
៧-ទន្លេសាប-ព្រែកក្តាម
៨-ទន្លេសាប-កំពង់លួង

សូមអានព្រឹត្តបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ របស់ក្រសួងធនធានទឹក ពីស្ថានភាពកំពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រ ដូចខាងក្រោម៖


លោក កែវ រ៉េមី៖ ការតាក់តែងច្បាប់ និងវិសោធនកម្មច្បាប់នានា របស់កម្ពុជា គឺផ្អែកលើបែបបទអន្តរជាតិ

លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្នុងជំនួបសន្ទនាការងារ រវាងភាគី កម្ពុជា និងជប៉ុនលើកទី៨ ស្តីពីសិទ្ធិមនុស្ស នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ លោកបាន ជម្រាបជូនទៅលោក Masato OTAKA អគ្គនាយករងនៃការិយាល័យ កិច្ចការបរទេសនៃក្រសួង ការបរទេសជប៉ុនថា «ទាក់ទងនឹងការធ្វើវិសោធនកម្មច្បាប់ នយោបាយ ឬទាក់ទងនឹងការធ្វើច្បាប់គ្រប់គ្រងអង្គការសង្គមស៊ីវិល (NGOs) គឺជាដំណើរការមួយ ក្នុងការស្រាវជាវយ៉ាងម៉ត់ចត់ពីរាជរដ្ឋាភិបាល ដែលយកលំនាំតាមបណ្តាប្រទេសមួយចំនួន នៅលើសកលលោក»។

លោក កែវ រ៉េមី បានបន្តថា សំរាប់ការធ្វើច្បាប់ និងវិសោធនកម្មច្បាប់នានា របស់កម្ពុជា គឺអាចនិយាយបានថា ជាការអនុវត្តតាមលក្ខណៈបែបបទអន្តរជាតិ ដែលមិនខុសពីបណ្តាប្រទេសនានានោះទេ ឧទាហរណ៍ដូចជា ទាក់ទងនឹងវិសោធនកម្មច្បាប់គណបក្សនយោបាយ គឹកម្ពុជាយកទម្រង់ និងលំនាំតាមច្បាប់ប្រទេស ដាណឺម៉ាក ព័រទុយហ្គាល់ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងមានតាំងពីសហគមន៍អឺរ៉ុបផងដែរ។

ជាមួយគ្នានេះ លោក កែវ រ៉េមី បានជម្រាបទៅលោក Masato OTAKA ថា ទាក់ទងច្បាប់គ្រប់គ្រងអង្គការសង្គមស៊ីវិល (NGOs) និង សមាគម គឺរដ្ឋាភិបាលបានស្រាវជ្រាវ ពីបណ្តាប្រទេសរីកចម្រើនជាច្រើន ជាពិសេសប្រទេស ដែលមានភាពចាស់ទុំខាងច្បាប់នេះ ដូចជា៖ ប្រទេសបារាំង ប្រទេសជប៉ុន ប្រទេសអូស្ត្រាលី ប្រទេសសាំងហ្គាពួរ ជាដើម។ លោកបន្ថែមថា ក្រៅពីនោះក៏មាន មានការចូលរួម ពីអ្នកជំនាញការទូតក្នុងការរៀបចំតាក់តែងច្បាប់ គ្រប់គ្រងអង្គការសង្គមស៊ីវិល (NGOs) និង សមាគមនេះ ប្រើរយៈពេលនៃការរៀបចំយ៉ាងយូរ គឺរហូតជិតដល់ម្ភៃឆ្នាំ។ លោក កែវ រ៉េមី បន្តទៀតថា ការធ្វើច្បាប់នេះចំណាយពេលយូរ ព្រោះបើគិតពីពេលដែល អង្គការសង្គមស៊ីវិល (NGOs) និងសមាគម ស្នើសុំសេចក្តីព្រៀងច្បាប់នេះ គឺចាប់តាំងពី ឆ្នាំ១៩៩៦-១៩៩៧ មកម្លេះ សេចក្តីព្រៀងច្បាប់នេះ ត្រូវបានត្រួតពិនិត្យច្រើនលើកច្រើនសារ បូករួមទាំងការពិភាក្សា ពីគ្រប់ភាគីពាក់ព័ន្ធផងដែរ ដូច្នេះច្បាប់នេះ គឺមានការចួលរួម និងប្រើពេលយូរមកហើយ រយៈពេល២០ឆ្នាំ វាសមល្មមនឹងអាចធ្វើច្បាប់នេះ បានគ្រប់ជ្រុងជ្រោយហើយ។

គួរបញ្ជាក់ថា ជំនួបសន្ទនារវាងប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងអគ្គនាយករងនៃការិយាល័យ កិច្ចការបរទេសនៃក្រសួង ការបរទេសជប៉ុន គឺផ្តោតសំខាន់ទៅលើ ស្ថានភាពសិទ្ធិមនុស្សទូទៅនៅកម្ពុជា និងយន្តការនៃការលើកកម្ពស់ និងការការពារសិទ្ធិមនុស្សនៅជប៉ុនផងដែរ៕











បង់ក្លាដេស ព្រមព្រៀងទិញអង្ករពីកម្ពុជាចំនួន២៥ម៉ឺនតោន

គណៈប្រតិភូក្រសួងពាណិជ្ជកម្ម ដែលមានក្រុមហ៊ុន ហ្រ្គីនត្រេដ ជាសេនាធិការ សហការជាមួយ សហព័ន្ធស្រូវអង្ករកម្ពុជា បានអញ្ជើញទៅប្រទេសបង់ក្លាដេស ដើម្បីធ្វើការពិភាក្សាលម្អិត ស្តីពីពាណិជ្ជកម្មអង្ករជាមួយគណៈប្រតិភូអន្តរក្រសួងនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដេស កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧។

សូមជម្រាបផងដែរថា ក្រោយពីកិច្ចពិភាក្សាបានបញ្ចប់ ប្រទេសបង់ក្លាដេស បានយល់ព្រមទទួលទិញអង្ករសបាក់បែកចំនួន ១០% ក្នុងបរិមាណចំនួន ២៥០,​០០០តោន ចាប់ពីថ្ងៃចុះហត្ថលេខាលើកិច្ចសន្យាទិញដូរ នៅក្រោមទិដ្ឋភាពរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល ដើម្បីពង្រីកការនាំចេញអង្ករទៅបរទេស ក៏ដូចជាអនុវត្តន៍នូវគោលនយោបាយនាំចេញអង្កររបស់រាជរដ្ឋាភិបាលអោយបាន ១លានតោន។

គួររំលឹកដែរថា នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៧ កន្លងទៅនេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងពាណិជ្ជកម្ម ដែលជាសេនាធិការ បានចុះអនុស្សរណៈយោគយល់ ជាមួយរដ្ឋាភិបាលបង់ក្លាដេស លើការលក់អង្ករចំនួន ១លានតោន នៅក្នុងរយៈពេល ៥ឆ្នាំ (២០១៧-២០២២) ក្នុងគោលបំណងធ្វើពិពិធកម្មទំហំពាណិជ្ជកម្ម និងជំរុញកំណើនសេដ្ឋកិច្ច ពិសេសធានាបាននូវស្ថិរភាពវិស័យស្រូវ-អង្ករ ក៏ដូចជាប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយនាំចេញអង្ករឲ្យបាន ១លានតោនក្នុងមួយឆ្នាំ របស់រាជរដ្ឋាភិបាល៕