លោក កែវ រ៉េមី បានបន្តថា សំរាប់ការធ្វើច្បាប់ និងវិសោធនកម្មច្បាប់នានា របស់កម្ពុជា គឺអាចនិយាយបានថា ជាការអនុវត្តតាមលក្ខណៈបែបបទអន្តរជាតិ ដែលមិនខុសពីបណ្តាប្រទេសនានានោះទេ ឧទាហរណ៍ដូចជា ទាក់ទងនឹងវិសោធនកម្មច្បាប់គណបក្សនយោបាយ គឹកម្ពុជាយកទម្រង់ និងលំនាំតាមច្បាប់ប្រទេស ដាណឺម៉ាក ព័រទុយហ្គាល់ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងមានតាំងពីសហគមន៍អឺរ៉ុបផងដែរ។
ជាមួយគ្នានេះ លោក កែវ រ៉េមី បានជម្រាបទៅលោក Masato OTAKA ថា ទាក់ទងច្បាប់គ្រប់គ្រងអង្គការសង្គមស៊ីវិល (NGOs) និង សមាគម គឺរដ្ឋាភិបាលបានស្រាវជ្រាវ ពីបណ្តាប្រទេសរីកចម្រើនជាច្រើន ជាពិសេសប្រទេស ដែលមានភាពចាស់ទុំខាងច្បាប់នេះ ដូចជា៖ ប្រទេសបារាំង ប្រទេសជប៉ុន ប្រទេសអូស្ត្រាលី ប្រទេសសាំងហ្គាពួរ ជាដើម។ លោកបន្ថែមថា ក្រៅពីនោះក៏មាន មានការចូលរួម ពីអ្នកជំនាញការទូតក្នុងការរៀបចំតាក់តែងច្បាប់ គ្រប់គ្រងអង្គការសង្គមស៊ីវិល (NGOs) និង សមាគមនេះ ប្រើរយៈពេលនៃការរៀបចំយ៉ាងយូរ គឺរហូតជិតដល់ម្ភៃឆ្នាំ។ លោក កែវ រ៉េមី បន្តទៀតថា ការធ្វើច្បាប់នេះចំណាយពេលយូរ ព្រោះបើគិតពីពេលដែល អង្គការសង្គមស៊ីវិល (NGOs) និងសមាគម ស្នើសុំសេចក្តីព្រៀងច្បាប់នេះ គឺចាប់តាំងពី ឆ្នាំ១៩៩៦-១៩៩៧ មកម្លេះ សេចក្តីព្រៀងច្បាប់នេះ ត្រូវបានត្រួតពិនិត្យច្រើនលើកច្រើនសារ បូករួមទាំងការពិភាក្សា ពីគ្រប់ភាគីពាក់ព័ន្ធផងដែរ ដូច្នេះច្បាប់នេះ គឺមានការចួលរួម និងប្រើពេលយូរមកហើយ រយៈពេល២០ឆ្នាំ វាសមល្មមនឹងអាចធ្វើច្បាប់នេះ បានគ្រប់ជ្រុងជ្រោយហើយ។
គួរបញ្ជាក់ថា ជំនួបសន្ទនារវាងប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងអគ្គនាយករងនៃការិយាល័យ កិច្ចការបរទេសនៃក្រសួង ការបរទេសជប៉ុន គឺផ្តោតសំខាន់ទៅលើ ស្ថានភាពសិទ្ធិមនុស្សទូទៅនៅកម្ពុជា និងយន្តការនៃការលើកកម្ពស់ និងការការពារសិទ្ធិមនុស្សនៅជប៉ុនផងដែរ៕


No comments:
Post a Comment