Tuesday, May 09, 2017

លោកទេសរដ្ឋមន្រ្តី លី ធុជ បើកសិក្ខាសាលាផ្សព្វផ្សាយ នូវលទ្ធផលអង្កេតសេដ្ឋកិច្ច និងសង្គមកិច្ច តំបន់អាស៊ីប៉ាស៊ីហ្វិចរបស់អង្កការសហប្រជាជាតិឆ្នាំ២០១៧

គណៈកម្មាធិការជាតិអេស្កាបបានសហការ ជាមួយគណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិច របស់អង្កការសហប្រជាជាតិ បានរៀបចំធ្វើសិក្ខាសាលាស្តីពីការផ្សព្វផ្សាយ លទ្ធផលអង្កេតសេដ្ឋកិច្ច និងសង្គមកិច្ចតំបន់អាស៊ីប៉ាស៊ីហ្វិច របស់អង្កការសហប្រជាជាតិឆ្នាំ២០១៧ ក្រោមអធិបតីភាពលោក លី ធុជ ទេសរដ្ឋមន្រ្តី ជាប្រធានគណៈកម្មាធិការជាតិ អេស្កាបកម្ពុជា និងមានការចូលរួមពីបណ្ដាក្រសួងពាក់ព័ន្ធនានា ដូចជាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងផែនការ និងមន្រ្តីជំនាញUN-ESAP មន្រ្តីជំនាញអន្តរជាតិ ប្រចាំតំបន់វិស័យឯកជននានាផងដែរ។

ការផ្សព្វផ្សាយលទ្ធផលអង្កេតនេះ ក្នុងគោលបំណងបង្ហាញនូវសមិទ្ធផលសេដ្ឋកិច្ច និងសង្គមកិច្ចតំបន់អាស៊ីប៉ាស៊ីហ្វិចក្នុងឆ្នាំ២០១៧ បញ្ហាប្រឈមមុខ និងជម្រើសគោលនយោបាយ ដើម្បីជាមគ្គទេសក៍ ចង្អុលផ្លូវប្រទេសក្នុងតំបន់យកទៅពិចារណា ដាក់ជាគោលនយោបាយ ផែនការសកម្មភាព អនុវត្តន៍ធ្វើអោយសេដ្ឋកិច្ច និងសង្គមកិច្ចនាឆ្នាំខាងមុខអោយកាន់តែមានវឌ្ឍនភាព។
លោកទេសរដ្ឋមន្រ្តី លី ធុជ មានប្រសាសន៍ទៀតថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិតរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្ហាញអោយឃើញអំពីឧត្តមគតិ និងការប្តេជ្ញាដ៏មុះមុតរបស់រាជរដ្ឋាភិបាលក្នុងការពុះពារបម្រើជាតិ និងប្រជាជន យកផលប្រយោជន៍រួមជាធំ សំដៅបន្តការពារ និងកសាងមាតុភូមិឆ្ពោះទៅអនាគតដ៏រុងរឿង ស្របតាមឆន្ទៈ និងបំណងប្រាថ្នារបស់ប្រជាជន។រាជរដ្ឋាភិបាលបានដាក់ចេញនូគោលដៅ តម្រង់ឆ្ពោះទៅជាប្រទេស ដែលមានប្រជាជនមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ ហើយនឹងទៅជាប្រទេសដែលអភិវឌ្ឍន៍នៅឆ្នាំ២០៥០ផងដែរ។
លោកទេសរដ្ឋមន្រ្តីបន្តថា លទ្ធផលអង្កេតបានបង្ហាញថា ទោះបីមានការរំពឹងវិជ្ជមានលើសេដ្ឋកិច្ចក្នុងឆ្នាំ០១៧ក្តី តំបន់អាស៊ីប៉ាស៊ីហ្វិចនៅបន្តងាយនឹងរងគ្រោះដោយសារភាពមិនច្បាស់លាស់របស់ពិភពលោក និងជំហរពាណិជ្ជកម្ម។ ជាមួយគ្នានោះដែរ មានការរកឃើញថា ការចំណាយលើហេដ្ឋារចនាសម្ព័ន្ធមានការកើនឡើង។ អង្កេតបានស្នើអោយរដ្ឋក្នុងតំបន់ពង្រឹងអភិបាលកិច្ច ការប្រើប្រាស់ធនធានអោយមានប្រសិទ្ធភាព ធ្វើការវិនិយោគ ជាបន្ថែមលើសមត្ថភាពផលិកម្ម ការគាំពាសង្គម និងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីបង្កើតការងារកាត់បន្ថយនូវគម្លាតចំណូល។

លោកទេសរដ្ឋមន្រ្តី លី ធុជ បានរំពឹងថា លទ្ធផលជាផ្លែផ្កា ពីការផ្សព្វផ្សាយ និងសិក្ខាសាលាក្នុងរយះពេលពេញមួយថ្ងៃ ដែលមន្រ្តីគោលនយោបាយកម្ពុជាទទួលបាននឹងក្លាយជាមូលដ្ឋាន ពិចារណារៀបចំយុទ្ធសាស្រ្ត និងផែនការដើម្បី អោយកម្ពុជាអាចទទួលបានជោគជ័យ និងធ្វើអោយអត្រាកំណើនសេដ្ឋកិច្ចកាន់តែខ្ពស់នាឆ្នាំខាងមុខបន្ត៕






លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ​ នូវអគារ​សាលាខេត្ត ​អគាររដ្ឋបាល​ និងប្រព័ន្ធ​ហេដ្ឋារចនា​សម្ព័ន្ធ ​នៅទីរួម​ខេត្តត្បូងឃ្មុំ​

នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្ពោធដាក់ ឲ្យប្រើប្រាស់ជាផ្លូវការហើយ នូវអគារសាលាខេត្ត អគាររដ្ឋបាល និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធថ្មីសន្លាងនៅទីរួមខេត្តត្បូងឃ្មុំ ដែលជាខេត្តថ្មីរបស់កម្ពុជា។ លោក ប្រាជ្ញ ច័ន្ទ អភិបាលខេត្តត្បូងឃ្មុំ បានឲ្យដឹងថា សមិទ្ធផលស្ថិតនៅទីរួមខេត្តត្បូងឃ្មុំ ដែលត្រូវបើកសម្ពោធដាក់ឲ្យ ប្រាស់នោះរួមមាន៖
– អគាររដ្ឋបាលប្រមូលផ្តុំ និងអគារស្នាក់នៅរបស់មន្រ្តីរាជការ
– ប្រព័ន្ធផ្លូវដោយមានការរៀបចំបណ្តាញលូទឹកភ្លៀង ទឹកកខ្វក់ ក្នុងនោះផ្លូវប្រភេទ «ក» ចំនួនពីរខ្សែ (កទទឹង និងកបណ្តោយ) ប្រវែងសរុប ៥,៥០០ម៉ែត្រ មានគន្លង០៣ ទៅ០៣មក មានទំហំផ្លូវសរុប ១៥១,២៥០ម៉ែត្រក្រឡា ជាប្រភេទផ្លូវភ្លោះ មានសួនកណ្តាលទទឹង ៨០ម៉ែត្រ។ ផ្លូវប្រភេទ «ខ១» ពីខ្សែ (ខ១បណ្តោយ និងខ១ទទឹង) ប្រវែងសរុប ៩,២៥០ម៉ែត្រ មានគន្លង ៣ទៅ ៣មក ទំហំផ្លូវសរុប២៥៤,៣៧៥ម៉ែត្រ និងមានសួនកណ្តាលទទឹង ៤ម៉ែត្រ ផ្លូវប្រភេទ «ខ» ចំនួនមួយខ្សែជាផ្លូវវាងក្រុង ប្រវែង ៨៦៦០ម៉ែត្រ មានគន្លង០២ទៅ ០២មក ទំហំផ្លូវសរុប ១៧៣,២០០ម៉ែត្រក្រឡា និងមានសួនកណ្តាលទទឹង ១០ម៉ែត្រ និងផ្លូវប្រភេទ «គ» ចំនួនពីរខ្សែ មានគន្លង ០២ ទៅ ០២មក មានប្រវែងសរុប ៣,២៥០ម៉ែត្រ និងទំហំផ្លូវសរុប ៦៥,០០០ម៉ែត្រក្រឡា។
– អាងស្តុកទឹកប្រើប្រាស់ ដែលអាចស្តុកទឹកបានប្រមាណបីលានម៉ែត្រគូប និងស្ថានីយ៍ផលិតទឹកស្អាត ដែលមានសមត្ថភាពផលិតទឹកស្អាត ២០៨ម៉ែត្រគូប ក្នុងមួយម៉ោង។
ខេត្តត្បូងឃ្មុំ ត្រូវបានប្រកាសដាក់ឲ្យដំណើរការជាផ្លូវការនៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៤ ក្រោមអធិបតីភាពលោក ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ បន្ទាប់ពីខេត្តត្បូងឃ្មុំត្រូវបានប្រកាសដាក់ឲ្យដំណើរការជាផ្លូវការ រាជរដ្ឋាភិបាលបានសម្រេចកំណត់ប្លង់គោល កសាងទីក្រុងនៃទីរួមខេត្តលើផ្ទៃដីទំហំប្រមាណពីរពាន់ហិកតា ក្នុងនោះមានដីរបស់រដ្ឋស្ថិតក្នុងចំការព្រៃម៉ៃសាក់ចំនួន៣២២ហិកតា។ ហើយហេដ្ឋារចនាសម្ព័ន្ធ និងគម្រោងអាទិភាពទីក្រុងនៃទីរួមខេត្តត្បូងឃ្មុំ ត្រូវបានបើកដ្ឋានសាងសង់កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៥ ក្រោមអធិបតីភាពលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។
សូមរំលឹកផងដែរថា ខេត្តត្បូងឃ្មុំ គឺជាខេត្តថ្មីមួយរបស់កម្ពុជា ដែលបានបំបែកចេញពីខេត្តកំពង់ចាម មានផ្ទៃដីសរុប ៥,២៥០.៥១គីឡូម៉ែត្រក្រឡា មានព្រំប្រទល់ខាងលិចជាប់នឹងខេត្តកំពង់ចាម ខាងត្បូងជាប់នឹងខេត្តព្រៃវែង ខាងជើងជាប់នឹងខេត្តក្រចេះ ខាងកើតជាប់ប្រទេសវៀតណាម ចែកចេញជា ៦ស្រុក ០១ក្រុង ៦២ឃុំ ០២សង្កាត់ ៨៧៣ភូមិ មានប្រជាពលរដ្ឋសរុប ១៨៤,០០០គ្រួសារ ស្មើនិង ៨៤៤,០០០នាក់។ បច្ចុប្បន្នខេត្តត្បូងឃ្មុំ មានសាកលវិទ្យាល័យចំនួនមួយ វិទ្យាល័យចំនួន ២៣កន្លែង អនុវិទ្យាល័យ៥៤កន្លែង និងបឋមសិក្សាចំនួន ៣៩៥កន្លែងផងដែរ៕






ទេសរដ្ឋមន្រ្តី យឹម ណុលឡា៖ សន្តិភាព ធ្វើឱ្យកម្ពុជាសម្រេចបាននូវសមិទ្ធផលជាច្រើនសម្រាប់ជាតិ និងប្រជាជន

លោកទេសរដ្ឋមន្រ្តី យឹម ណុលឡា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តតាកែវ និងជាសហប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកព្រៃកប្បាស ខេត្តតាកែវ បានថ្លែងថា ព្រោះតែការរក្សា បាននូវសុខសន្តិភាព បានធ្វើឱ្យកម្ពុជាសម្រេចបាននូវសមិទ្ធផលជាច្រើនសម្រាប់ជាតិ និងប្រជាជនផ្ទុយស្រឡះពីស្ថានភាពក្នុងពេលប្រទេសជួបភ្លើងសង្រ្គាមកាលពីអតីតកាល។

លោក យឹម ណុលឡា ថ្លែងដូច្នេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីឆ្លងស្រះទឹកទំហំ ១២៨មx៤៥ម ជំរៅ ៨ម នៅវត្តអង្គអណ្តែត និងពិធីសំណេះសំណាលជាមួយប្រធានអនុប្រធានក្រុមបក្ស មេភូមិ អនុប្រធានភូមិ សមាជិកភូមិ បេក្ខជនក្រុមប្រឹក្សាឃុំទាំងពេញសិទ្ធិ ត្រៀម និងបម្រុង ប្រជាការពារភូមិ លោកគ្រូអ្នកគ្រូព្រមទាំងសិស្សានុសិស្ស ជាង៦០០នាក់ នៃឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ខេត្តតាកែវ នាព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៦ ដោយមានការចូលរួមពីលោក កែវ រ៉េមី អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកព្រៃកប្បាស លោក ជីវ សុងហាក់ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំតាំងយ៉ាប និងក្រុមការងារថ្នាក់ឃុំស្រុកផងដែរ។

លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា រាជរដ្ឋាភិបាលដែលដឹកនាំដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានធ្វើឱ្យប្រទេសកម្ពុជាមានការរីកចម្រើនជាលំដាប់លើគ្រប់វិស័យ ដែលកំណើនសេដ្ឋកិច្ចមានថេរជាមធ្យមប្រចាំឆ្នាំ៧% ហើយផលិតផលសរុបក្នុងស្រុកជាមធ្យមសម្រាប់មនុស្សម្នាក់ៗកើនពី៥៥៨ដុល្លារអាមេរិកក្នុងឆ្នាំ២០០៦ ដល់១៣០០ដុល្លារអាមេរិកក្នុងឆ្នាំ២០១៦។ នេះក៏អាស្រ័យដោយកម្ពុជា មានសុខសន្តិភាពពេញលេញ និងដោយសាររាជរដ្ឋាភិបាលមានចក្ខុវិស័យ និងមានគោលនយោបាយជាអាទិភាព ៤ត្រឹមត្រូវគឺ ទឹក, ផ្លូវ, ភ្លើង និងធនធានមនុស្ស។ ដោយសារកម្ពុជាមានកំណើនសេដ្ឋកិច្ច ដូច្នេះទើបហេដ្ឋារចនាសម្ព័ន្ធផ្លូវស្ពានបានស្ថាបនាតាំងពីជនបទដាច់ស្រយោល រហូតដល់ពីប្រជុំជនភូមិឃុំស្រុកខេត្តរាជធានី ព្រមជាមួយនោះបៀវត្សមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធបានកើនឡើង រីឯតម្លៃអគ្គីសនី និងទឹកក៏ត្រូវបានចុះថ្លៃដែរ។

នៅក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តី ក៏បានបញ្ជាក់បន្ថែមថា ដើម្បីឈ្នះឆ្នោតក្រមប្រឹក្សាឃុំនាថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះ លោកទេសរដ្ឋមន្រ្តី យឹម ណុលឡា បានក្រើនរំលឹកដល់ប្រធានក្រុមបក្ស អនុប្រធានក្រុមបក្ស មេភូមិ អនុប្រធានភូមិ សមាជិកភូមិ និងបេក្ខជនក្រុមប្រឹក្សាឃុំទាំងអស់ ត្រូវបម្រើប្រជាជនឱ្យអស់ពីចិត្តពីថ្លើមហើយធ្វើតែអំពើល្អជានិច្ច៕




លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន៖ ការបន្តពង្រឹងភាពជាដៃគូយុទ្ធសាស្រ្តអាស៊ាន-អាមេរិក គឺដើម្បីជាគុណប្រយោជន៍ដល់សន្តិភាព សន្តិសុខ និងវិបុលភាពនៅក្នុងតំបន់

លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានលើកឡើងថាការបន្តពង្រឹងភាពជាដៃគូយុទ្ធសាស្រ្តអាស៊ាន-អាមេរិក គឺដើម្បីជាគុណប្រយោជន៍ដល់សន្តិភាព សន្តិសុខ និងវិបុលភាពនៅក្នុងតំបន់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេសអាស៊ាន-អាមេរិក និងកិច្ចប្រជុំពាក់ព័ន្ធ របស់ក្រសួងការបរទេសចុះថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៧។
សេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ថា រដ្ឋមន្រ្តីការបរទេសអាស៊ាន បានស្វាគមន៍ចំពោះការ ប្រកាសថា ប្រធានាធិបតី ដូណាល់ ត្រាំ នឹងអញ្ជើញមកចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន- សហរដ្ឋអាមេរិក លើកទី៥ និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១២ ដែលនឹងប្រព្រឹត្តទៅនៅខែ វិច្ឆិកា ឆ្នាំ២០១៧នៅប្រទេសហ្វីលីពីន ដែលនឹងអះអាងឡើងវិញពីការបន្តការប្តេជ្ញាចិត្តរបស់អាមេរិកចំពោះតំបន់ និងការធ្វើឱ្យស៊ីជម្រៅភាពជាដៃគូយុទ្ធសាស្រ្តអាស៊ាន-អាមេរិក។
នៅក្នុងសេចក្តីប្រកាសព័ត៌មាន ក៏បានបញ្ជាក់ថា រដ្ឋមន្រ្តីការបរទេសអាស៊ាន ក៏បានសម្តែងអំណរសាទរចំពោះការគោរព និងការគាំទ្ររបស់អាមេរិកចំពោះតួនាទីស្នូលរបស់អាស៊ាន និងរាល់យន្តការនានាដែលដឹកនាំដោយអាស៊ាន នៅក្នុងដំណើរវិវឌ្ឍនិម្មាបនកម្មនៅតំបន់អាស៊ីប៉ាស៊ីហ្វីក៕





យុវជនក្នុង Facebook មួយរូប បានសរសេររៀបរាប់ ពីការរីកចំរើនរបស់កម្ពុជា ដែលខ្លួនបានមើលឃើញជាក់ស្តែង

កាលពីល្ងាចថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៧ Account Facebook មួយដែលដាក់ឈ្មោះថា ការងារ និង ជីវិត បាន Post នៅលើ Timeline របស់ខ្លួន ដោយបានធ្វើការរៀបរាប់អំពីការមើលឃើញជាក់ស្តែង ជុំវិញការផ្លាស់ប្តូរជាវិជ្ជមានរបស់កម្ពុជា ពោលគឺការរីកចំរើនពីមួយថ្ងៃទៅមួយថ្ងៃ ជាពិសេសគឺបានផ្តល់នូវផលប្រយោជន៍ដោយផ្ទាល់ចំពោះរូបលោក ដែលជាម្ចាស់ Account Facebook ខាងលើ។
Facebook ការងារ និង ជីវិត បានរៀបរាប់ថា៖
«អ្វីដែលខ្ញុំមើលឃើញ គឺប្រាក់ខែកម្មករប្រសើរជាងមុន, ឡានម៉ូតូច្រើនជាងមុន, ផ្លូវស្ពានល្អជាងមុន, ផ្ទះគេផ្ទះខ្ញុំធំជាងមុន, ស្រីៗស្អាតៗជាងមុន, ទូរសព្វ័ទំនើបៗជាងមុន, សម្ភារៈប្រើប្រាស់ច្រើនជាងមុន, ខោអាវថ្មីៗជាងមុន, មានលុយចាយច្រើនជាងមុន, បាយ ម្ហូបឆ្ងាញ់ៗជាងមុន, ទៅណាមកណាលឿនជាងមុន, សាលារៀនល្អៗច្រើនជាងមុន, មន្ទីពេទ្យជឹតជាងមុន, ធ្វើស្រែលែងហត់ដូចមុន, ពុក ម៉ែខ្ញុំស្រួលជាងមុន, មានទឹក ភ្លើងប្រើស្រូលជាងមុន, ប្អូនៗខ្ញុំធំជាងមុន, ទូរទស្សន៍ វិទ្យុ ច្រើនជាងមុន, កន្លែងកំសាន្តច្រើនជាងមុន ហើយខ្ញុំកាន់តែសង្ហារជាងមុន។

Facebook ការងារ និង ជិវិត បានបន្ថែមថា ខ្លួនបានមើលឃើញច្រើនជាងនេះ តែនឹកឃើញសរសេរបានតែប៉ុណ្ណឹង។ ការរៀបរាប់ការខាងនេះ បង្ហាញអោយឃើញពីការពិតនៃកម្ពុជាបច្ចុប្បន្ន ដែលពោលពេញទៅដោយការអភិវឌ្ឍគ្រប់វិស័យ ហើយមិនត្រឹមតែម្ចាស់គណនី Facebook ខាងលើម្នាក់ទេ ដែលបានមើលឃើញ និងដែលទទួលបានផលប្រយោជន៍ ពីការអភិវឌ្ឍរបស់កម្ពុជា តែពលរដ្ឋកម្ពុជាទូទាំងប្រទេស កំពុងតែស្រូបយកផលប្រយោជន៍ពីការអភិវឌ្ឍប្រទេសយ៉ាងពិតប្រាកដ៕


លោក សុខ លូ ៖ រាជរដ្ឋាភិបាលធ្វើអ្វីៗ ដើម្បីប្រយោជន៍ប្រជាជន និងប្រជាជន

លោក សុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ បានជម្រាបបងប្អូនប្រជាពលរដ្ឋនៅឃុំដូង ស្រុកបា្រសាទបល្ល័ង្គ ខេត្តកំពង់ធំថា រាជរដ្ឋាភិបាលធ្វើអ្វីៗទាំងអស់ដើម្បីប្រយោជន៍ប្រជាជន និងដើម្បីប្រជាជន សូមបងប្អូនកុំជឿក្រុមញុះញង់ថា អាជ្ញាធរដកដីបងប្អូនដើម្បីយកមកធ្វើជាសម្បទានដីសង្គមកិច្ចឲ្យសោះ។
លោក សុខ លូ ថ្លែងបែបនេះទៅកាន់បងប្អូនប្រជាពលរដ្ឋចំនួន ៥១០នាក់ នៅឃុំដូង ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំកាលពីព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៧ ក្នុងឱកាសដែលលោកបានចុះទៅជួបសំណេះសំណាលបងប្អូនប្រជាពលរដ្ឋនៅទីនោះ។
លោកអភិបាលខេត្តកំពង់ធំបានមានប្រសាសន៍ថា សូមបងប្អូនមានភាពនឹងនក្នុងចិត្ត ហើយកុំជឿក្រុមមកឃោសនាញុះញង់ថា រដ្ឋនឹងដកដីពីបងប្អូន ដើម្បីយកមកធ្វើជាដីសម្បទានសង្គមកិច្ច គឺមិនពិតទេ។ គម្រោងសម្បទានដីសង្គមកិច្ច LASED II នៅទីនេះ គឺជាគម្រោងរបស់រាជរដ្ឋាភិបាល ដោយមានការគាំទ្រថវិកាពីធនាគារពិភពលោក។ គម្រោងនេះ ធ្វើឡើងដើម្បីផ្តល់ដីលំនៅដ្ឋាន និងដីបង្កបង្កើនផលជូនបងប្អូនដែលខ្វះខាតហើយអត់ដី ដោយយកដីរដ្ឋដែលទំនេរមកចែកជូន គឺមិនមែនដកដីដែលបងប្អូនកំពុងកាន់កាប់អាស្រ័យផលនោះទេ ពោលគឺ ដីដែលបងប្អូនកំពុងប្រើប្រាស់រាល់ថ្ងៃនឹងត្រូវឆ្វៀលចេញជូនបងប្អូនវិញ និងចេញប័ណ្ណកម្មសិទ្ធិជូនចំពោះដីណាដែលបងប្អូនធ្លាប់បានប្រើប្រាស់អាស្រ័យផលជាក់ស្តែង។ គម្រោងនេះទើបតែចាប់ផ្តើមតែប៉ុណ្ណោះ រីឯជំហ៊ានដែលត្រូវធ្វើ គឺនៅច្រើនទៀត។
លោក សុខ លូ បន្តថា ការហ៊ុមដីដែលក្រុមការងារបានធ្វើកន្លងមក គឺធ្វើឡើង សម្រាប់កំណត់អត្តសញ្ញាណកម្មដីឲ្យដឹងច្បាស់ថា ដីរបស់បងប្អូនដែលបានកាន់កាប់អាស្រ័យផលជាក់ស្តែងមានប៉ុន្មាន? នៅត្រង់ណាខ្លះ? ដីណាខ្លះជាដីទំនេរ? ដើម្បីឆ្វៀលជូនបងប្អូនវិញ និងពិនិត្យមើលលទ្ធភាពក្នុងការផ្តល់ដីទំនេរ ជូនបងប្អូនណាដែលខ្វះខាតដីប្រើប្រាស់ពិតប្រាកដតែប៉ុណ្ណោះ មិនមែនដូចអ្វីដែលជនអគតិមួយចំនួននិយាយបំភ្លើស ឃោសនាបោកប្រាស់ដើម្បីកេងចំនេញនយោបាយថា នឹងមានការដកហូតដីពីបងប្អូនដូចកាលពីថ្ងៃមុននោះទេ។ លោកថា ជំហ៊ាននៃការអនុវត្តគម្រោងនេះ នៅមានច្រើនទៀត ហើយក្រុមការងារនឹងធ្វើដោយច្បាស់លាស់ ប្រាកដប្រជា ប្រកបដោយតម្លាភាព សមភាព និងយុត្តិធម៌ជាទីបំផុត ដើម្បីជាប្រយោជន៍ពិតប្រាកដរបស់ប្រជាជននៅឃុំដូងយើងនេះ។
បន្ទាប់ពីបានស្តាប់ក្រុមការងារបច្ចេកទេស និងបានសាកសួរសំនួរជាច្រើនរួចមក បងប្អូនប្រជាពលរដ្ឋបានយល់ និងជឿជាក់លើគម្រោងនេះថា ពិតជានឹងបានជួយបងប្អូននៅឃុំដូងនេះយ៉ាងពិតប្រាកដ មិនដូចពួកអ្នកនយោបាយសន្យាខ្យល់ដែលបានមកកុហកបោកប្រាស់ពួកគាត់កាលពីថ្ងៃមុននោះទេ។
ចុងក្រោយបងប្អូនបានថ្លែងអំណរគុណដល់លោកអភិបាលខេត្ត ដែលបានមកជួបផ្ទាល់ផ្តល់ភាពកក់ក្តៅដល់ពួកគាត់ ហើយពួកគាត់ប្តេជ្ញាដើរតាម និងគោរពតាមគោលនយោបាយរបស់រាជរដា្ឋភិបាលដែលដឹកនាំដោយសម្តេចតេជោហ៊ុនសែន ដែលបាននាំមកនូវសុខសន្តិភាពនិងការអភិវឌ្ឍ ទៅមុខជានិច្ច៕





ហ្វេសប៊ុកចៅចាក់ស្មុក៖ ខុសពិធីការហើយទាន!

ហ្វេសប៊ុកចៅចាក់ស្មុក៖ ខុសពិធីការហើយទាន!នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៧នេះ ទំព័រហ្វេសប៊ុកចៅចាក់ស្មុក បានបង្ហោះផ្សាយនូវអត្ថបទមួយក្រោមចំណងជើងថា «ខុសពិធីការហើយទាន!» ដែលមានខ្លឹមសារដូចខាងក្រោម៖
មិនចាំបាច់ទៅដឹកនាំប្រទេសបានដឹងថាមានចំណេះឬការពូកែបោកប្រាស កុហក បំភ្លៃ បំផ្លើស បំប៉ោង និងបំភាន់ទេ គ្រាន់តែក្រឡេកមើលការរៀបចំឆាកពីក្រោយក៏គេអាចវាយ តម្លៃថាជាអ្នកមានចំណេះដឹងចេះពិធីការឬមិនចេះពិធីការ។ ធ្វើជាតំណាងបក្សមួយ ដែល មានសុបិន្តចង់ដឹកនាំប្រទេស មិនមែនគិតតែពីគោលដៅនោះទេ ប៉ុន្តែត្រូវគិតរាប់ចាប់តាំង ពីរឿងតូចតាចមួយឡើងទៅដើម្បីធ្វើឱ្យសកម្មភាពរបស់ខ្លួនត្រឹមត្រូវ និងស្របតាមច្បាប់ និងទំនៀមទម្លាប់ជាតិ និងអន្តរជាតិ។ មិនមែនចេះតែឆិនឆៅ ធ្វើលំៗ ប្រមូលតែលុយដាក់ហិប ដើរចេញ បន្សល់ទុកនូវគម្រូដ៏អាក្រក់សម្រាប់ជាតិ និងសម្រាប់រាស្ត្រខ្មែរនោះទេ។
ឥឡូវ សូមក្រឡេកមកមើលទាំងអស់គ្នានៅបដាដែលគណបក្សសង្គ្រោះជាតិបានចងពីក្រោយក្រុមមន្ត្រីរបស់ខ្លួននៅអំឡុងពេលនៃពិធីជួបសំណេះសំណាលដ៏សោះកក្រោះមួយ នៅប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ ២០១៧ កន្លងទៅ តើមានអ្វីខុសប្លែក?
គណបក្សសង្គ្រោះជាតិ បានរៀបចំបដាខាងក្រោយរបស់ខ្លួនដោយយកទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជាដាក់ជាប់ស្មើគ្នានឹងទង់ជាតិរបស់សាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) និងអមដោយព្រះឆាយលក្ខណ៍ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងព្រះឆាយលក្ខណ៍របស់សម្តេចព្រះវររាជមាតាជាតិខ្មែរ និងព្រះឆាយាលក្ខណ៍ព្រះបរមរតនកោដ្ឋនរោត្តម សីហនុ ។ តើត្រឹមត្រូវដែរឬទេ បើពិនិត្យលើពិធីការ?
ទី១-ទង់ជាតិពីរដែលដាក់ទន្ទឹមគ្នា ទាល់តែមានតំណាងសាធារណរដ្ឋកូរ៉េចូលរួមជាអធិបតី ផ្លូវការ។ តែជំនួបដែលគណបក្សសង្គ្រោះធ្វើនេះជាជំនួបក្រៅផ្លូវការ ដើម្បីរៃអង្គាសប្រាក់តែ ប៉ុណ្ណោះ មិនបានតំណាងឱ្យជាតិខ្មែរឡើយ និងក៏មិនមានមន្ត្រីជាន់ខ្ពស់របស់កូរ៉េខាងត្បូង មកចូលរួមជាមួយដែរ ធ្វើតែគ្នាឯងតែប៉ុណ្ណោះ។ អាសូរតែពិធីធំដុំទៅ គ្រោងមនុស្សរាប់ពាន់ នាក់ តែទីបំផុតមួយរយនាក់មិនចង់គ្រប់ផង នៅសល់កៅអីសន្ធឹក ព្រោះបាត់បង់អ្នកគាំទ្រច្រើន។
ទី២-ព្រះឆាយលក្ខណ៍ព្រះមហាក្សត្រខ្មែរ ដាក់តាំងអមទង់ជាតិរបស់កម្ពុជា និងកូរ៉េខាងត្បូង ត្រូវបានគេពន្យល់ថា មានន័យថាសាធារណរដ្ឋកូរ៉េស្ថិតក្រោមការគ្រប់គ្រងរបស់ ព្រះមហាក្សត្រខ្មែរ ឬកូរ៉េមានព្រះមហាក្សត្រដូចខ្មែរដែរ។
ដូច្នេះ បើអាណិតជាតិខ្មែរ សូមកុំយកកេរ្តិ៍ឈ្មោះប្រទេសជាតិ រាស្ត្រខ្មែរទៅចោលនៅ បរទេស។ ធ្វើបក្សនយោបាយ មិនគួរយកអង្គព្រះមហាក្សត្រ និងជាតិទៅលេងសើចនោះទេ។ បដារបៀបនេះមិនមែនជាលើកទី១ទេដែលគណបក្សសង្គ្រោះជាតិបានធ្វើ នៅតាមប្រទេស ផ្សេងៗ ក៏មានធ្វើដូច្នេះដែរ ជួនកាលលើកទង់ជាតិប្រទេសគេខ្ពស់ជាងទង់ជាតិកម្ពុជាទៅទៀត។ នេះឬអ្នកស្នេហាជាតិ ស្រឡាញ់កេរ្តិ៍ឈ្មោះជាតិនោះ? យកកេរ្តិ៍ឈ្មោះជាតិទៅចោលកណ្តាលខ្មាស់ និងសំឡឹងតែផលប្រយោជន៍ផ្ទាល់ខ្លួន។
ពិតជាគួរឱ្យសង្វេគណាស់ ហើយគួរឱ្យ ខ្មាស់គេដែរដែលមានមន្ត្រីបក្សប្រឆាំងមានតួនាទីរហូតដល់តំណាងរាស្ត្រ ប៉ុន្តែហាក់ដូចជា មិនបានការពារភាពថ្លៃថ្នូរ និងភាពត្រឹមត្រូវនាំពិធីការដែលទំនៀមទម្លាប់ជាតិ និងអន្តរជាតិអនុវត្ត។ តើឱ្យរាស្ត្រខ្មែរទុកចិត្តម្តេចនឹងកើត! ហើយបដារបស់គណបក្សសង្គ្រោះជាតិនៅកូរ៉េនេះអាចជាឧទាហរណ៍ដ៏ល្អមួយសម្រាប់អ្នករៀនផ្នែកពិធីការដើម្បីពិចារណា៕
ដោយ៖ចៅ ចាក់ស្មុក