Tuesday, May 09, 2017

លោកទេសរដ្ឋមន្រ្តី លី ធុជ បើកសិក្ខាសាលាផ្សព្វផ្សាយ នូវលទ្ធផលអង្កេតសេដ្ឋកិច្ច និងសង្គមកិច្ច តំបន់អាស៊ីប៉ាស៊ីហ្វិចរបស់អង្កការសហប្រជាជាតិឆ្នាំ២០១៧

គណៈកម្មាធិការជាតិអេស្កាបបានសហការ ជាមួយគណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិច របស់អង្កការសហប្រជាជាតិ បានរៀបចំធ្វើសិក្ខាសាលាស្តីពីការផ្សព្វផ្សាយ លទ្ធផលអង្កេតសេដ្ឋកិច្ច និងសង្គមកិច្ចតំបន់អាស៊ីប៉ាស៊ីហ្វិច របស់អង្កការសហប្រជាជាតិឆ្នាំ២០១៧ ក្រោមអធិបតីភាពលោក លី ធុជ ទេសរដ្ឋមន្រ្តី ជាប្រធានគណៈកម្មាធិការជាតិ អេស្កាបកម្ពុជា និងមានការចូលរួមពីបណ្ដាក្រសួងពាក់ព័ន្ធនានា ដូចជាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងផែនការ និងមន្រ្តីជំនាញUN-ESAP មន្រ្តីជំនាញអន្តរជាតិ ប្រចាំតំបន់វិស័យឯកជននានាផងដែរ។

ការផ្សព្វផ្សាយលទ្ធផលអង្កេតនេះ ក្នុងគោលបំណងបង្ហាញនូវសមិទ្ធផលសេដ្ឋកិច្ច និងសង្គមកិច្ចតំបន់អាស៊ីប៉ាស៊ីហ្វិចក្នុងឆ្នាំ២០១៧ បញ្ហាប្រឈមមុខ និងជម្រើសគោលនយោបាយ ដើម្បីជាមគ្គទេសក៍ ចង្អុលផ្លូវប្រទេសក្នុងតំបន់យកទៅពិចារណា ដាក់ជាគោលនយោបាយ ផែនការសកម្មភាព អនុវត្តន៍ធ្វើអោយសេដ្ឋកិច្ច និងសង្គមកិច្ចនាឆ្នាំខាងមុខអោយកាន់តែមានវឌ្ឍនភាព។
លោកទេសរដ្ឋមន្រ្តី លី ធុជ មានប្រសាសន៍ទៀតថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិតរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្ហាញអោយឃើញអំពីឧត្តមគតិ និងការប្តេជ្ញាដ៏មុះមុតរបស់រាជរដ្ឋាភិបាលក្នុងការពុះពារបម្រើជាតិ និងប្រជាជន យកផលប្រយោជន៍រួមជាធំ សំដៅបន្តការពារ និងកសាងមាតុភូមិឆ្ពោះទៅអនាគតដ៏រុងរឿង ស្របតាមឆន្ទៈ និងបំណងប្រាថ្នារបស់ប្រជាជន។រាជរដ្ឋាភិបាលបានដាក់ចេញនូគោលដៅ តម្រង់ឆ្ពោះទៅជាប្រទេស ដែលមានប្រជាជនមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ ហើយនឹងទៅជាប្រទេសដែលអភិវឌ្ឍន៍នៅឆ្នាំ២០៥០ផងដែរ។
លោកទេសរដ្ឋមន្រ្តីបន្តថា លទ្ធផលអង្កេតបានបង្ហាញថា ទោះបីមានការរំពឹងវិជ្ជមានលើសេដ្ឋកិច្ចក្នុងឆ្នាំ០១៧ក្តី តំបន់អាស៊ីប៉ាស៊ីហ្វិចនៅបន្តងាយនឹងរងគ្រោះដោយសារភាពមិនច្បាស់លាស់របស់ពិភពលោក និងជំហរពាណិជ្ជកម្ម។ ជាមួយគ្នានោះដែរ មានការរកឃើញថា ការចំណាយលើហេដ្ឋារចនាសម្ព័ន្ធមានការកើនឡើង។ អង្កេតបានស្នើអោយរដ្ឋក្នុងតំបន់ពង្រឹងអភិបាលកិច្ច ការប្រើប្រាស់ធនធានអោយមានប្រសិទ្ធភាព ធ្វើការវិនិយោគ ជាបន្ថែមលើសមត្ថភាពផលិកម្ម ការគាំពាសង្គម និងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីបង្កើតការងារកាត់បន្ថយនូវគម្លាតចំណូល។

លោកទេសរដ្ឋមន្រ្តី លី ធុជ បានរំពឹងថា លទ្ធផលជាផ្លែផ្កា ពីការផ្សព្វផ្សាយ និងសិក្ខាសាលាក្នុងរយះពេលពេញមួយថ្ងៃ ដែលមន្រ្តីគោលនយោបាយកម្ពុជាទទួលបាននឹងក្លាយជាមូលដ្ឋាន ពិចារណារៀបចំយុទ្ធសាស្រ្ត និងផែនការដើម្បី អោយកម្ពុជាអាចទទួលបានជោគជ័យ និងធ្វើអោយអត្រាកំណើនសេដ្ឋកិច្ចកាន់តែខ្ពស់នាឆ្នាំខាងមុខបន្ត៕






No comments:

Post a Comment