Wednesday, October 23, 2024

លិខិតមិត្តអ្នកអាន៖ សូមយល់ឱ្យច្បាស់ពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣តុលា មុននឹងជឿលើការបង្ហោះផ្សាយដែលប្រាសចាកពីការពិត


ជារៀងរាល់ឆ្នាំឱ្យតែដល់ថ្ងៃទី២៣តុលា យើងសង្កេតឃើញថា ក្រុមប្រឆាំងជ្រុលនិយមមួយចំនួនតូច តែងតែធ្វើការវាយប្រហារ និងទាមទារឱ្យរាជរដ្ឋាភិបាល គោរពនិងអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ហាក់ដូចជាកិច្ចព្រមព្រៀងនោះពួកគេជាអ្នកបង្កើតឡើងអ៊ីចឹង! ទាំងដែលការពិត តួអង្គសំខាន់ ដែលផ្តួចផ្តើមបង្កើតកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស គឺ «សម្តេចតេជោ ហ៊ុន សែន»។ កិច្ចព្រមព្រៀមសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ គឺកើតចេញពីការផ្តួចផ្តើមគំនិតរបស់ សម្តេចតេជោ ហ៊ុន សែន នៅឆ្នាំ១៩៨៥ ក្នុងការស្វះស្វែងរកការជួបចរចាជាមួយ សម្តេចព្រះនរោត្តម សីហនុ ក្នុងគោលដៅបញ្ចប់ជម្លោះប្រដាប់អាវុធរវាងខ្មែរ និងខ្មែរ។ ក្នុងគ្រានោះប្រសិនបើគ្មានការចរចារវាង សម្តេចតេជោ ហ៊ុន សែន និង សម្តេចព្រះនរោត្តម សីហនុ ទេ គឺពិតជាគ្មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ ឡើយ។


ក្រោយពីសម្រេចបាននូវកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣តុលា ដែលជាលិខិតូបករណ៍មានតម្លៃជាធរមាន សម្រាប់ឱ្យភាគីជម្លោះប្រដាប់អាវុធខ្មែរដែលជាហត្ថលេខី រួមមាន ភាគីរដ្ឋកម្ពុជា, ភាគីរណសិរ្សហ៊្វុនស៊ិនប៉ិច, ភាគីរណសិរ្សលោកតា សឺនសាន និងភាគីខ្មែរក្រហម រួមគ្នាបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងងាកមករកការប្រកួតប្រជែងតាមរយៈការបោះឆ្នោតវិញក៏ដោយ ក៏ប្រទេសកម្ពុជា មិនអាចសម្រេចបានទៅតាមស្មារតីនៃកិច្ចព្រមព្រៀងនេះបានទេ ពោលគឺមិនអាចស្វែងរកសន្តិភាពពេញលេញសម្រាប់ប្រជាជន ព្រោះថា ភាគីខ្មែរក្រហម មិនបានចូលរួមការបោះឆ្នោតនៅក្នុងឆ្នាំ១៩៩៣ ឡើយ។ ចំណុចនេះបញ្ជាក់យ៉ាងថា បេសកកម្មរបស់អ៊ុនតាក់ ក្នុងការអនុវត្តន៍កិច្ចព្រមព្រៀងក្រុងប៉ារីស ២៣ តុលា ១៩៩១ នាំយកមកនូវសន្តិភាពជូនប្រជាជាតិកម្ពុជា ត្រូវបានបរាជ័យតាំងពីដើមទីរួចស្រេចទៅហើយ។ បន្ទាប់ពី អ៊ុនតាក់ បានបញ្ចប់បេសកកម្មបានត្រឹមតែរៀបចំបោះឆ្នោតសភាធម្មនុញ្ញ ហើយក៏បានបោះបង់កម្ពុជាចោល ដូចនេះបេសកកម្មសន្តិភាព ត្រូវបន្តដោយខ្មែរខ្លួនឯង ពោលគឺ នៅចុងឆ្នាំ១៩៩៨ គឺការដាក់ចេញ នយោបាយឈ្នះ-ឈ្នះ របស់ សម្តេចតេជោ ហ៊ុន សែន ទើបអាចធ្វើឱ្យកម្ពុជា ទទួលបានជោគជ័យក្នុងការបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុង និងរកបានសន្តិភាពពេញលេញសម្រាប់ប្រជាជាតិកម្ពុជា ពោលគឺជាសុខសន្តិភាពពេញផ្ទៃប្រទេសដែលរកបានដោយខ្មែរខ្លួនឯង។


ទោះបីជាបែបនេះក្តី គោលការណ៍ចម្បងៗនៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ២៣ តុលា ១៩៩១ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ដាក់បញ្ចូលទៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួន ពាក់ព័ន្ធនឹងការថែរក្សាសន្តិភាព ឯករាជ្យភាព បូរណភាពទឹកដី សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ ជាដើម។ ផ្ទុយពីស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីសនេះ គឺពួកប្រឆាំងជ្រុលនិយមទៅវិញទេ ដែលព្យាយាមអះអាងទាំងបំពានក្នុងចេតនា ចង់ឱ្យប្រជាពលរដ្ឋយល់ច្រឡំលើខ្លឹមសារពិត នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងចង់ទាញភ្ជាប់ឱ្យបរទេសលូកដៃចូលជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ដែលនេះគឺជាបំណងទុច្ចរិត ព្រោះថារដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បានចែងយ៉ាងច្បាស់ពីការរក្សានូវឯករាជ្យ អធិបតេយ្យភាពជាតិកម្ពុជា ដោយពុំអនុញ្ញាតឱ្យបរទេស មកលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជាឡើយ។ 


ជារួម កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ត្រូវបានផ្តួចផ្តើមបង្កើតឡើងដោយ សម្តេចតេជោ ហ៊ុន សែន និង សម្តេចព្រះនរោត្តម សីហនុ ហើយកិច្ចព្រមព្រៀងនេះ ក៏បានអស់សុពលភាពបន្ទាប់ពីកម្ពុជា បានបង្កើតសភាធម្មនុញ្ញរបស់ខ្លួន លើកដំបូងនៅក្នុងឆ្នាំ១៩៩៣។ ថ្វីបើកិច្ចព្រមព្រៀងនេះ បានរួមចំណែកផ្សះផ្សារខ្មែរពីភាគីផ្សេងៗ ប៉ុន្តែការបញ្ចប់ជម្លោះផ្ទៃក្នុងរវាងខ្មែរ និងខ្មែរ ដែលមានច្រើនពណ៌ក្នុងដំណាក់កាលនោះ គឺមិនអាចអនុវត្តដោយជោគជ័យ តាមរយៈកិច្ចព្រមព្រៀងសន្តិភាពនេះឡើយ។ សុខសន្តិភាពពេញលេញទាមទារការឯកភាពជាតិផ្ទៃក្នុងមួយ ដែលខ្មែរខ្លួនឯងត្រូវតែស្វះស្វែងរកដោយខ្លួនឯង មិនអាចចាំឱ្យបរទេសលើកយកមកប្រគេនជូនឡើយ។ ដូច្នេះហើយទើប សម្តេចតេជោ ហ៊ុន សែន ចាំបាច់ដាក់ចេញយុទ្ធសាស្ត្រនយោបាយឈ្នះឈ្នះ ដើម្បីបញ្ចប់សង្គ្រាមទាំងស្រុង និងរួបរួមខ្មែរពីច្រើនពណ៌មកជាខ្មែរតែមួយរហូតមកដល់ពេលបច្ចុប្បន្ន។ 


សូមអ្នកសិក្សាស្រាវជ្រាវ ពិនិត្យមើលឯកសារប្រវត្តិសាស្ត្រឱ្យបានច្បាស់ និងជ្រើសរើសជឿដោយបញ្ញា ស្តាប់ការបកស្រាយឱ្យគ្រប់ជ្រុងជ្រោយ ចៀសវាងស្តាប់ការបំភ្លៃរបស់ក្រុមជ្រុលនិយមតែម្ខាង ហើយជឿងប់ងុលមិនបានពិចារណាឱ្យបានច្បាស់លាស់។ ជាពិសេសសូមកុំចោទប្រកាន់ លាបពណ៌លើអ្នកដែលមានគុណបំណាច់ លះបង់ដើម្បីបុព្វហេតុជាតិនិងប្រជាជនពិតប្រាកដ ហើយជឿក្រុមញុះញង់ ដែលអ្នកខ្លះទើបតែកើតក្រោយកិច្ចព្រមព្រៀងទីក្រុងបារីសផង តែបែរជាមកបង្រៀនឱ្យខុស តាមគំនិតជ្រុលនិយមរបស់ខ្លួនទៅវិញ នេះគឺជារឿងដែលខុសឆ្គងខ្លាំងណាស់៕


ដោយ៖ តាំង ករុណា

No comments:

Post a Comment