សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ បានចេញសារលិខិតអបអរសាទរទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៤ ក្រោមប្រធានបទ «ទេសចរណ៍ និងសន្តិភាព» (Tourism and Peace) ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែកញ្ញា ជារៀងរាល់ឆ្នាំ។
យោងតាមសារលិខិតនេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ក្នុងនាមរាជរដ្ឋាភិបាល នីតិកាលទី៧ និងជនរួមជាតិកម្ពុជាទាំងមូល សម្តេច សូមសម្តែងនូវការអបអរសាទរ និងគាំទ្រយ៉ាងស្មោះស្ម័គ្រចំពោះអង្គការទេសចរណ៍សហប្រជាជាតិ (UN Tourism) ក៏ដូចជាបណ្តាប្រទេស រដ្ឋជាសមាជិក អង្គការជាតិ អន្តរជាតិ និងដៃគូអភិវឌ្ឍនានា ដែលបានយកចិត្តទុកដាក់ខ្ពស់និងទទួលខុសត្រូវលើការអភិវឌ្ឍ កសាង ពិសេសកិច្ចសហប្រតិបត្តិការភាពជាដៃគូ ជាមួយគ្រប់ស្ថាប័ន ដោយផ្តោតទៅលើតួនាទីយ៉ាងសំខាន់នៃកម្លាំងអានុភាពរបស់វិស័យទេសចរណ៍ ក្នុងការជំរុញឱ្យមាននូវឱកាសការងារ ឱកាសនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងឱកាសធ្វើឱ្យជីវភាពរស់នៅកាន់តែប្រសើរឡើងសម្រាប់យើងទាំងអស់គ្នាឆ្ពោះទៅរកការកាត់បន្ថយភាពក្រីក្រជាបណ្តើរៗ និងជាពិសេសបានរួមវិភាគទានយ៉ាងសំខាន់ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ ក៏ដូចជាវប្បធម៌ ប្រពៃណី សាសនា ទំនៀមទម្លាប់របស់យើងទាំងអស់គ្នា ឈានទៅរកសង្គមមួយមានសុខដុមនីយកម្ម ការយោគយល់គ្នា និងប្រកបទៅដោយការស្រឡាញ់ និងគាំទ្រសន្តិភាពពីគ្រប់ស្រទាប់មហាជនដែលសមស្របទៅនឹងប្រធាបទទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២៤ «ទេសចរណ៍ និងសន្តិភាព»៕
No comments:
Post a Comment