Sunday, June 02, 2024

ឯកឧត្តម ទិត សុធា និងក្រុមការងារអញ្ជើញចូលរួមពិធីប្រកាសសមាសភាពក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានឃុំទាំង១១ ក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

 


នៅព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ទិត សុធា សមាជិកគណកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានគណបក្សប្រជាជនចុះមូលដ្ឋានខេត្តកំពង់ធំ និងជាអនុប្រធាន គណបក្សប្រជាជនចុះមូលដ្ឋានស្រុកកំពង់ស្វាយ ឯកឧត្តម បួន លឹមហេង អនុប្រធានគណបក្សចុះមូលដ្ឋានស្រុកកំពង់ស្វាយ និងជាប្រធានគណបក្សចុះមូលដ្ឋានឃុំកំពង់ស្វាយ ឯកឧត្តម សេង សាវន ឯកឧត្តម ជា លីសែ លោកជំទាវ មៀច សុភាព ឯកឧត្តម អ៊ុក រិន ឯកឧត្តម កែ ក្រានីត ឯកឧត្តម ទេពកេន វណ្ណកន ឯកឧត្តម លី គាំ ឯកឧត្តម សំ អាន អនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំកំពង់ស្វាយ និងក្រុមការងារ បានអញ្ជើញចូលរួមពិធីប្រកាសសមាសភាពក្រុមការងារគណប្រជាជនកម្ពុជាចុះមូលដ្ឋានឃុំទាំង១១ ក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។


ពិធីនេះធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម សួស យ៉ារ៉ា សមាជិកគណកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានកិត្តិយសគណបក្សចុះមូលដ្ឋានស្រុកកំពង់ស្វាយ និងលោកជំទាវ ឃួន ឃុនឌី ប្រធានគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកកំពង់ស្វាយ ដែលមានសមាជិក សមាជិកា ចូលរួមប្រមាណជាង៣០០នាក់។


មានប្រសាសន៍សំណេះសំណាលក្នុងពិធីនេះ ឯកឧត្តម សួស យ៉ារ៉ា បានលើកឡើងថា ថ្នាក់ដឹកនាំនៅមូលដ្ឋានគឺត្រូវដើរតួសំខាន់ ព្រោះជាអ្នកនៅមូលដ្ឋានដឹងសុខទុក្ខប្រជាពលរដ្ឋច្បាស់ ហើយក្រុមការងារថ្នាក់ជាតិគឺជាអ្នករួមចំណែកជួយជ្រោមជ្រែងសម្របសម្រួល។ ឯកឧត្តមបន្តថា យើងត្រូវក្តាប់ឱ្យបាននូវបញ្ហាជីវភាព សេដ្ឋកិច្ចរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន បញ្ហាប្រឈមរបស់ពួកគាត់ជាពិសេសគឺបញ្ហាដីធ្លី បញ្ហាភូមិឃុំមានសុវត្ថិភាព និងជាពិសេសគឺយកចិត្តទុកដាក់លើការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ។


ជាមួយគ្នានេះលោកជំទាវ ឃួន ឃុនឌី បាន លើកឡើងថា ភាពជោគជ័យរបស់គណបក្សប្រជាជនគឺបានមកពីការចាក់គ្រឹះដ៏រឹងមាំរបស់គណបក្សតាំងពីថ្នាក់មូលដ្ឋាន ដែលមានកិច្ចសហការល្អរវាងអាជ្ញាធរមូលដ្ឋាននិងក្រុមការងារថ្នាក់ជាតិ។ លោកជំទាវក៏បានរំលឹកឱ្យក្រុមការងារចុះមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ចុះជួយប្រជាពលរដ្ឋឱ្យបានដូចភ្លៀងរលឹម ដោយប្រើបេះដូង និងធនធានដែលមានដើម្បីជួយដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ដូចភ្លៀងរលឹម ដើម្បីសម្រេចឱ្យបាននូវគោលនយោបាយរបស់គណបក្សក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និងសម្តេចធិបតីនាយករដ្ឋមន្ត្រី ធ្វើយ៉ាងណារក្សាឱ្យបាននូវសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនបន្តទៅមុខយូរអង្វែង៕

















No comments:

Post a Comment