(អាស៊ីអាគ្នេយ៍)៖ ព្រែកជីកហ្វូណនតេជោ នឹងបម្រើប្រយោជន៍ដល់សេដ្ឋកិច្ចរបស់កម្ពុជា ហើយព្រែកជីកនេះនឹងមិនមានគោលដៅសម្រាប់វិស័យយោធានោះទេ។ និយាយពីសេដ្ឋកិច្ច ព្រែកជីកនេះនឹងជួយកាត់បន្ថយបានមួយផ្នែកធំ នៃការពឹងផ្អែករបស់កម្ពុជាលើកំពង់ផែវៀតណាម។
ព្រែកជីកហ្វូណនតេជោនឹងតភ្ជាប់ពីកំពង់ផែស្វយ័តភ្នំពេញ ទៅកាន់កំពង់ផែទឹកជ្រៅដែលកំពុង ស្ថិតក្រោមគម្រោងសាងសង់នៅក្នុងខេត្តកែប និងកំពង់ផែទឹកជ្រៅដែលត្រូវបានសាងសង់រួចរាល់ នៅក្នុងខេត្តព្រះសីហនុ។ បច្ចុប្បន្នពាណិជ្ជកម្មមួយភាគធំរបស់កម្ពុជា ជាពិសេស ចេញនិងចូលទីក្រុងភ្នំពេញ គឺត្រូវធ្វើឡើងកាត់តាមកំពង់ផែភាគខាងត្បូងរបស់វៀតណាម តួយ៉ាងដូចជាកំពង់ផែ Cai Mep។
រដ្ឋាភិបាលកម្ពុជា បានគណនាយ៉ាងលម្អិតថា ព្រែកជីកហ្វូណនតេជោនឹងជួយកាត់បន្ថយការពឹងផ្អែកលើកំពង់ផែវៀតណាម បានរហូតដល់ទៅ៧០ភាគរយ។ នាពេលបច្ចុប្បន្នកំពង់ផែរបស់កម្ពុជាមិនសូវទទួលបានការធ្វើពាណិជ្ជកម្មច្រើននោះទេ ហើយក៏មិនសូវប្រមូលពន្ធបានច្រើននោះដែរ។
ដូច្នេះហើយវាជាប្រយោជន៍សេដ្ឋកិច្ចមួយសម្រាប់កម្ពុជា ដែលត្រូវជំរុញឱ្យពាណិជ្ជកម្មហូរកាត់តាមកំពង់ផែរបស់ខ្លួនដោយផ្ទាល់។ លើសពីនេះទៅទៀត វាក៏អាចទប់ស្កាត់ផងដែរនូវហានិភ័យ នៃការបិទខ្ទប់កំពង់ផែដោយប្រការណាមួយពីសំណាក់វៀតណាម ដោយមិនឱ្យទំនិញកម្ពុជាឆ្លងកាត់កំពង់ផែរបស់ពួកគេ។ រឿងបែបនេះធ្លាប់កើតឡើងរយៈពេលខ្លីរួចហើយកាលពីដើមទសវត្សរ៍ឆ្នាំ១៩៩០។ ម្យ៉ាងវិញទៀត បើគិតលើប្រយោជន៍ យុទ្ធសាស្ត្រវិញកម្ពុជាយល់យ៉ាងច្បាស់ថា គ្មានឡើយការធានាថា សន្តិភាពនៅក្នុងតំបន់ទន្លេមេគង្គនឹងមានជាអចិន្ត្រៃយ៍រហូតទេ ហើយកម្ពុជាខ្លួនឯងត្រូវតែធានាឱ្យបានថា «ពាណិជ្ជកម្មរបស់ខ្លួននឹងមិនពឹងផ្អែកលើប្រទេសដទៃណាមួយនោះទេ»។
បើពិនិត្យលើផលប្រយោជន៍ទាំងនេះ វាជារឿងចម្លែកដែលលោក សម រង្ស៉ី ដែលតែងតែអះអាងប្រាប់ប្រជាជនខ្មែរថា លោកចង់បិទបញ្ចប់ឥទ្ធិពលវៀតណាមលើកម្ពុជានោះ បែរជាមើលរំលងផលប្រយោជន៍បែបនេះទៅវិញ។ តាមរយៈគម្រោងព្រែកជីកហ្វូណនតេជោ វាបានបង្ហាញពីភាពផ្ទុយទាំងស្រុងទៅនឹងការអះអាងរបស់មនុស្សមួយចំនួន ដែលនៅតែយល់ថា គ្រួសារត្រកូលហ៊ុន គឺជាអាយ៉ងរបស់យួន។ ការសាងសង់កំពង់ផែ ឬព្រែកជីកមិនមែនរឿងចម្លែកអ្វីនោះទេ នៅក្នុងតំបន់។ ជាឧទាហរណ៍ នៅម៉ាឡេស៊ី ពួកគេក៏កំពុងប្រឹងប្រែងទ្វេដង ក្នុងការពង្រីកសមត្ថភាពកំពង់ផែ Klang ដែលជាកំពង់ផែធំទី២ នៅក្នុងតំបន់។
ចំណែក កំពង់ផែ Sapangar Bay Container Port នៅក្នុងរដ្ឋ Sabah ក៏នឹងត្រូវបានពង្រីកឱ្យធំជាងមុនដែរ។ នៅឯថៃវិញក៏មិនខុសគ្នាដែរ ដោយពួកគេកំពុងជំរុញការអភិវឌ្ឍ កំពង់ផែដ៏ធំមួយ ក្រោមក្របខណ្ឌនៃច្រករបៀងភាគខាងត្បូងរបស់ខ្លួន ខណៈគំនិតជីកព្រែកជីក Kra មិនបានរលាយបាត់ពីគំនិតរបស់ថ្នាក់ដឹកនាំថៃនោះទេ។ ដូច្នេះមិនមែនមានតែ កម្ពុជាម្នាក់ឯងនោះទេដែលមានមហិច្ឆតាអភិវឌ្ឍព្រែកជីក ឬពង្រីកសមត្ថភាពកំពង់ផែរបស់ខ្លួន នៅក្នុងបរិបទនៃការប្រកួតប្រជែងគ្នា កាន់តែខ្លាំងនៅក្នុងចំណោមកំពង់ផែនានានៃ តំបន់អាស៊ីអាគ្នេយ៍។ លោក សម រង្ស៉ី បាននិយាយថា ព្រែកជីកហ្វូណនតេជោ នឹងផ្ដល់ឱ្យចិននូវផ្លូវទឹកដែលតភ្ជាប់ពីភាគខាងត្បូងប្រទេសចិន ទៅកាន់ឈូងសមុទ្រថៃ ឆ្លងកាត់តាម ប្រទេសឡាវ និងប្រទេសកម្ពុជា...ហើយផ្លូវទឹកនេះគឺស័ក្តិសម្រាប់ការដឹកជញ្ជូនទំនិញ ក្នុងនោះរួមមានអាវុធ និងគ្រាប់រំសេវ ពីចិនឆ្ពោះទៅកាន់ឈូងសមុទ្រថៃ។
ប៉ុន្តែ សម្រាប់អ្នកជំនាញដូចជាលោក David Hutt មកពី Central European Institute of Asian Studies (CEIAS) លោកយល់ថា ប្រសិនបើគេអាចស្រមៃបានថាកម្ពុជាអាចនឹងអនុញ្ញាតឱ្យចិនប្រើប្រាស់ព្រែកជីកហ្វូណនតេជោ ចុះហេតុអ្វីគេមិនស្រមៃដែរទៅថា កម្ពុជានឹងអនុញ្ញាតឱ្យចិនប្រើប្រាស់ផ្លូវល្បឿនលឿន និងស្ពាន ឬផ្លូវដែកដែលចិនជាអ្នកជួយសាងសង់ ដើម្បីឈ្លានពានវៀតណាម? លោក David Hutt បន្ថែមថា ប្រសិនបើអ្នកមានផ្នត់គំនិតបែបនេះ នោះផ្លូវដែក ផ្លូវថ្នល់ រួមទាំង មូលដ្ឋានទ័ពជើងទឹក ឬក៏ព្រែកជីករបស់កម្ពុជាសុទ្ធតែជាគំរាមកំហែងទាំងអស់។
បើតាមលោក David Hutt ក្នុងករណីជម្លោះផ្ទុះឡើងរវាងចិន និងវៀតណាម ទីក្រុងប៉េកាំងមិនអាចដឹកជញ្ជូនអាវុធ ឬគ្រាប់រំសេវឆ្លងកាត់តាមសមុទ្រចិនខាងត្បូង បញ្ជូនទៅឱ្យកងទ័ពរបស់ខ្លួនដែលត្រូវបានគេប៉ាន់ស្មានថា នឹងត្រូវដាក់ឱ្យឈរជើងនៅមូលដ្ឋានទ័ពជើងទឹករាមបាននោះទេ។ ប៉ុន្តែហេតុអ្វីបានជាគេថា ត្រូវដឹកជញ្ជូនតាមទន្លេទៅវិញ? បើគិតពីព្រំដែន ចិនជាប់ជាមួយឡាវ ទៅកាន់កម្ពុជា ទន្លេមេគង្គមានប្រវែងប្រហែល១០០០គីឡូម៉ែត្រ។ តើវាឆ្ងាយពេក ឬក៏ជិតពេក។ ដូច្នេះតើកប៉ាល់មួយត្រូវចំណាយពេលប៉ុន្មានដើម្បីធ្វើដំណើរតាមផ្លូវនេះ? តើត្រូវចំណាយពេលមួយសប្ដាហ៍ ឬក៏ច្រើនជាងនេះ? ជាការពិតណាស់ វាមិនមែនចំណាយពេលខ្លីនោះទេ។ ប្រសិនបើអ្នកសម្រេចចិត្តធ្វើដំណើរតាមផ្លូវនេះ នោះកប៉ាល់របស់អ្នកនឹងត្រូវធ្វើដំណើរកាត់តាមច្រក ទន្លេមេគង្គរបស់ប្រទេសឡាវទាំងស្រុង ដែលនេះអាចនឹងបង្កជាជម្លោះការទូតរវាងឡាវ និងវៀតណាម។ ថៃវិញក៏ប្រហែលជា មានរឿងត្រូវនិយាយដែរ។ ម្យ៉ាងបើក្បួននាវាចិនធ្វើដំណើរកាត់តាមទន្លេនោះវៀតណាម ក៏អាចដឹង និងត្រៀមខ្លួនទុកជាមុនដែរ។
ចុងក្រោយគេ តើអាវុធប្រភេទដែលគេកំពុងនិយាយ? នៅត្រង់ចំណុចនេះ គំនិតដែលថាចិនអាចនឹងដឹកបរិក្ខារយោធាតាមបណ្ដោយទន្លេមេគង្គទៅកាន់ភ្នំពេញ រួច កាត់តាមព្រែកជីក ហ្វូណនតេជោ ទៅកាន់មូលដ្ឋានទ័ពជើងទឹករាមនោះអ្វីដែលគេត្រូវនិយាយគឺអាវុធ និងគ្រាប់រំសេវសម្រាប់កងទ័ពជើងទឹក។ ប៉ុន្តែអាវុធទាំងនេះមិនមែនស្រាលនោះទេ ហើយការដឹកជញ្ជូនតាមទន្លេក៏មិនអាចធ្វើទៅកើតដែរ។ ទន្លេមេគង្គគឺមានទំហំតូចពេកសម្រាប់នាវាដែលដឹកអាវុធប្រភេទនេះ ហើយបើដូច្នេះការដឹកតាមព្រែកជីក ក៏មិនអាចធ្វើទៅកើត នោះដែរ។
គួរបញ្ជាក់ថា តាមកាសែត Financial Times វៀតណាម បានគណនាថាទីក្រុងហាណូយនៅតែមានប្រៀបលើកម្ពុជា ពីព្រោះនាវាដែលអាចដឹកទម្ងន់លើស ១០០០តោន មិនអាចធ្វើដំណើរឆ្លងកាត់តាមព្រែកជីកបានទេ ដែលនេះមានន័យថា នាវាធ្ងន់ៗនឹងនៅតែត្រូវពឹងផ្អែកលើកំពង់ផែវៀតណាមដដែល៕
ដោយ៖ សារព័ត៌មាន The Diplomat
លោក David Hutt
Central European Institute of Asian Studies
No comments:
Post a Comment