ទាក់ទិននឹងការសួរថា តើព្រែកនេះ អាចធ្វើឳ្យបាត់បង់ទឹកដីឬព្រែកនេះក្លាយជាខ្សែបន្ទាត់ព្រំដែនថ្មីរវាងកម្ពុជា វៀតណាមដូចក្រុមប្រឆាំងចោទមួយលបង្កាច់ដែរឬទែ? លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងថា គម្រោងព្រែកជីកហ្វូណន-តេជោ មិនធ្វើឱ្យបាត់បង់ទឹកដី ដូចក្រុមប្រឆាំងលើកឡើងនោះទេ ហើយក្នុងនោះកម្ពុជាដាច់ខាតមិនយកដីអ្នកណាមួយចង្អាម ហើយកម្ពុជាក៏មិនអនុញ្ញាតឱ្យប្រទេសណាយកទឹកដីកម្ពុជាមួយចង្អាមដូចគ្នាដែរ។
លោកបានថ្លែងថា «សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក៏ដូចជាសម្តេចមហាបវរធិបតី និងប្រជាពលរដ្ឋខ្មែរទាំងមូល កម្ពុជាមិនយកដីអ្នកណាមួយចង្អាម ហើយកម្ពុជាក៏មិនអនុញ្ញាតឱ្យប្រទេសណាយកទឹកដីកម្ពុជាមួយចង្អាមដូចគ្នា»។
នេះជាការការពារបូរណៈភាពទឹកដីកម្ពុជា យើងជាកូនខ្មែរគឺមានភារកិច្ចការពារបូរណៈភាពទឹកដីរបស់កម្ពុជាយើង ។
ហើយលោកជឿជាក់ថា គ្មានបានបាត់ដីមួយចង្អាមណានោះទេ ហើយក៏គ្មានការតមកដូរដាក់ផែនទី មកដាក់នៅព្រែកជីកហ្វូណន តេជោ ជាព្រំប្រទល់ជាមួយនឹងវៀតណាមនោះទេ។
លោកបញ្ជាក់ថា «យើងខ្ញុំក៏ចេះស្នេហាជាតិ ស្រលាញ់ជាតិដូចអស់លោកដែរ កុំថាយើងល្ងង់មិនការពារប្រយោជន៍ជាតិនោះ ។ចឹងសូមកុំបារម្ភអត់បាត់មួយចង្អាមនោះទេ»។
លោកបន្តថា នៅពេលព្រែកជីកហ្វូណនតេជោចាប់ដំណើរការហើយនោះ ប្រជាពលរដ្ឋដែលអាស្រ័យនឹងទឹកព្រែកនេះអាចប្រកបរបរនេសាទ ប្រើប្រាស់ទឹកស្រោចស្រពដំណាំកសិកម្មនិងប្រើប្រាស់ជាប្រយោជន៍ផ្សេងៗបាន ខណៈតាមការប៉ាន់ស្មានរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ព្រែកជីកនេះនឹងផ្ដល់ផលត្រីបានប្រមាណ៥៤០តោនក្នុងមួយឆ្នាំ ។
នៅពេលចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន គឺភាគីរាជរដ្ឋាភិបាលកម្ពុជាបានហាមដាច់ខាតមិនឱ្យក្រុមហ៊ុនទារកម្រៃ ឬភាស៊ីពីប្រជាពលរដ្ឋដែលចូលទៅនេសាទក្នុងព្រែកជីកនេះឡើយ ។
ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងថា តាមរយៈការបញ្ជាក់របស់លោក ផាទ្រីក មូរហ្វ៊ី (Patrick Murphy) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ភាគីសហរដ្ឋអាមេរិកគ្មានជំទាស់នឹងគម្រោងព្រែកជីកហ្វ៊ូណនតេជោរបស់កម្ពុជានោះឡើយ ព្រោះគម្រោងនេះធ្វើនៅក្នុងអធិបតេយ្យកម្ពុជាសុទ្ធសាធ ៕
No comments:
Post a Comment