Tuesday, May 21, 2024

ធុរកិច្ចក្នុងវិស័យចំនួន៥ ក្រសួងពាណិជ្ជកម្ម ផ្ដល់អទិភាពខ្ពស់ក្នុងការចូលរួមតាំងពិព័រណ៍ពាណិជ្ជកម្មទំនិញនាំចូលអន្តរជាតិចិនលើកទី៧ នៅប្រទេសចិន


ក្រសួងពាណិជ្ជកម្ម នឹងផ្ដល់អទិភាពខ្ពស់ចំពោះវិស័យចំនួន៥រួមមាន វិស័យកែច្នៃកសិផលដូចជា អង្ករ ស្វាយចន្ទី ម្រេចនិងគ្រឿងទេស, ម្ហូបអាហារកែច្នៃ, គម្រោងវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេស, វិស័យដឹកជញ្ជូននិងភស្តុភាកម្ម និងវិស័យពាក់ព័ន្ធផ្សេងៗទៀតដែលទើបបង្កើតថ្មី។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤។


តាមសេចក្ដីជូនដំណឹងនេះ ក្រសួងពាណិជ្ជកម្ម បានជូនដំណឹងដល់បណ្តាធុរជន សហគ្រិន វិនិយោគិន និងផលិតករទាំងអស់ ដែលកំពុងធ្វើធុរកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា ថា ក្រសួងនឹងបន្តដឹកនាំ ប្រតិភូពាណិជ្ជកម្មទៅរៀបចំនិងចូលរួម ពិព័រណ៍ពាណិជ្ជកម្មទំនិញនាំចូលអន្តរជាតិចិនលើក ទី៧ «The 7th China International Import Expo (CIIE)» ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥-១០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន។


ពិព័រណ៍ពាណិជ្ជកម្មទំនិញនាំចូលអន្តរជាតិចិន គឺជាព្រឹត្តិការណ៍ពាណិជ្ជកម្មដ៏ធំមួយរបស់ប្រទេសចិន និងជាវេទិកាធុរកិច្ចដ៏សំខាន់សម្រាប់កិច្ចសហប្រតិបត្តិជាអន្តរជាតិលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទំនាក់ទំនងការទូតរវាងបណ្តាប្រទេសចូលរួមទាំងអស់ក្នុងពិភពលោក ជាមួយប្រទេសចិន។


ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងបន្ថែមទៀតថា ដើម្បីចាប់យកឱកាសដ៏អស្ចារ្យនេះ ក្រសួងស្នើដល់បណ្តាធុរជន សហគ្រិន វិនិយោគិន និងផលិតករកម្ពុជា ដែលមានបំណងស្វែងរកដៃគូពាណិជ្ជកម្មថ្មីៗ និង/ឬមានបំណងតភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្ម ជាមួយពាណិជ្ជករចិន និងអន្តរជាតិ ត្រូវរៀបចំដាក់ពាក្យចូលរួមព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មខាងលើ ចាប់ពីថ្ងៃផ្សាយដំណឹងនេះ រហូតដល់ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ ជាកំណត់។ ក្នុងការចូលរួមនេះ ក្រសួងនឹងមានរៀបចំពន្លាជាតិមួយ ស្តង់ពាណិជ្ជកម្ម និងរៀបចំកម្មវិធីអមមួយចំនួន។ 


ទន្ទឹមនឹងនេះ ក្រសួង នឹងផ្តល់អាទិភាពខ្ពស់ដល់ធុរកិច្ចក្នុងវិស័យកែច្នៃកសិផលដូចជាអង្គរ ស្វាយចន្ទី ម្រេចនិងគ្រឿងទេសជាដើម ម្ហូបអាហារកែច្នៃ គម្រោងវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេស វិស័យដឹកជញ្ជូននិងភស្តុភាកម្ម និងវិស័យ ពាក់ព័ន្ធផ្សេងៗទៀតដែលទើបបង្កើតថ្មី៕





No comments:

Post a Comment