Wednesday, April 03, 2024

ឯកឧត្តម ងួន រតនៈ ជំរុញឲ្យមន្ត្រីជំនាញពន្លឿនការចុះបញ្ជីក្បាលដីជូនប្រជាពលរដ្ឋ និងបន្តរឹតបន្តឹងល្បែងខុសច្បាប់គ្រប់ប្រភេទ



 

ឯកឧត្តម ងួន រតនៈ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងជាអភិបាលខេត្តកំពង់ធំ បានថ្លែងជំរុញឲ្យមន្ត្រីជំនាញខិតខំពន្លឿនការចុះបញ្ជីក្បាលដីជូនប្រជាពលរដ្ឋ និងបន្តរឹតបន្តឹងបង្ក្រាបទីតាំងល្បែងផ្សងសំណាង បទល្មើសគ្រប់ប្រភេទ និងទីតាំងហាងបញ្ចាំដែលមិនមានច្បាប់អនុញ្ញាត ឲ្យមានប្រសិទ្ធភាព ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ឯកឧត្តម បានថ្លែងដូចនេះ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំប្រចាំខែ របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ។


នាឱកាសនោះ ឯកឧត្តមអភិបាលខេត្តកំពង់ធំ បានណែនាំដល់មន្ត្រីក្រោមឱវាទដែលពាក់ព័ន្ធជុំវិញបឹងទន្លេសាប ត្រូវសហការជាមួយមន្ត្រីជំនាញ ចុះជួបប្រជាពលរដ្ឋ និងធ្វើការផ្សព្វផ្សាយឲ្យបានច្បាស់លាស់ អំពីនីតិវិធីនៃការឆ្វៀលដីក្នុងតំបន់បី ជាពិសេសនៅឆ្នាំក្រោយ ដីតំបន់បីដែលមិនមានការឆ្វៀល ហាមដាច់ខាតមិនឲ្យមានការអាស្រ័យផលទេ  ត្រូវធ្វើការទប់ស្កាត់ដោយមានការទទួលខុសត្រូវខ្ពស់ប្រកបដោយប្រសិទ្ធភាព។


ទន្ទឹមនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានស្នើដល់គណៈកម្មការរៀបចំសង្ក្រាន្តកំពង់ធំ មន្ត្រីពាក់ព័ន្ធ អាជ្ញាធរក្រុងស្ទឹងសែន ត្រូវពន្លឿនការរៀបចំស្ដង់ពិពណ៌ទំនិញចម្រុះ កន្លែងប្រគុំតន្ត្រី និងកន្លែងកំសាន្តនានា ឱ្យមានសោភ័ណ្ឌភាព បរិស្ថានល្អ អមដោយភ្លើងបំភ្លឺសម្រាប់លម្អនៅពេលយប់ឱ្យបានស្អាត ត្រូវនាំគ្នាថែរក្សា និងសំអាតបរិស្ថាននៅក្នុងបរិវេណវិទ្យាល័យ ឲ្យបានល្អប្រសើរជាប្រចាំ ជាពិសេសត្រូវធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដើម្បីឱ្យស្រទាប់មហាជនបានជ្រួតជ្រាប អំពីកម្មវិធីសង្ក្រាន្តកំពង់ធំឆ្នាំថ្មីនេះ ដើម្បីបង្កលក្ខណៈសប្បាយរីករាយជូនប្រជាពលរដ្ឋ ទាំងក្នុងខេត្ត ក្រៅខេត្ត នាំគ្នាសប្បាយអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នាពេលខាងមុខនេះ៕





No comments:

Post a Comment