Tuesday, April 23, 2024

ប្រធានរដ្ឋឡាវ ប្រកាសគាំទ្រពេញទំហឹងនូវគម្រោងព្រែកជីកហ្វូណន-តេជោ

 


នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអនុញ្ញាតឱ្យឯកឧត្តម ថងលុន ស៊ីសុលីត ប្រធានរដ្ឋឡាវ អញ្ជើញចូលជួបពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា។ នៅក្នុងជំនួបនោះ សម្តេចតេជោ បានថ្លែងថា គម្រោងព្រែកជីកហ្វូណន-តេជោ មិនមានប៉ះពាល់ដល់បរិស្ថាន ឬលំហូរទឹកទន្លេមេគង្គនោះទេ ប៉ុន្តែគម្រោងនេះមានតែដើរតួនាទីសំខាន់ទៅវិញ សម្រាប់ការតភ្ជាប់រវាងទន្លេទៅកាន់សមុទ្រកម្ពុជា។ 


បន្ទាប់ពីបានស្តាប់ការពន្យល់ពីលក្ខណៈបច្ចេកទេស និងសំណើគាំទ្រពីសម្តេចតេជោរួច ឯកឧត្តមប្រធានរដ្ឋឡាវ បានប្រកាសគាំទ្រគម្រោងព្រែកជីកហ្វូណន-តេជោ ដោយគ្មានការអល់ឯកឡើយ។ ការគាំទ្ររបស់ឯកឧត្តមប្រធានរដ្ឋឡាវ គឺជាផ្នែកមួយដ៏សំខាន់ ពីព្រោះថាឡាវជាប្រទេសសមាជិកគណៈកម្មការទន្លេមេគង្គ បើសិនទាមទារឱ្យមានការសម្រេចណាមួយពីបណ្តាប្រទេសតាមដងទន្លេមេគង្គ។ គម្រោងព្រែកជីកហ្វូណន-តេជោ គឺជាគម្រោងតភ្ជាប់ផ្លូវទឹករវាងទន្លេទៅកាន់សមុទ្ររបស់កម្ពុជា ដោយឆ្លងកាត់ខេត្តកណ្តាល តាកែវ កំពត និងកែប ប្រវែងប្រមាណ១៨០គីឡូម៉ែត្រ។ គម្រោងនេះគ្រោងចាយទុនប្រមាណ ១,៧០០លានដុល្លារអាមេរិក ហើយត្រូវបានសិក្សាគម្រោងល្អិតល្អន់រួចហើយ។


ទោះបីជាយ៉ាងណា គម្រោងនេះកំពុងមានការប្រតិកម្មពីប្រទេសវៀតណាម និងទាមទារឱ្យមានការពន្យល់បន្ថែមពីភាគីកម្ពុជា។ ជាមួយគ្នានោះ អ្នកវិភាគវៀតណាមមួយចំនួនបានព្យាយាមចោទថាការជីកព្រែកនេះបម្រើដល់វិស័យយោធារបស់ចិន។ សម្តេចតេជោ ហ៊ុន សែន បានចេញមកច្រានចោលរាល់ការចោទប្រកាន់ទាំងនេះ ដោយបានបញ្ជាក់ថា ព្រែកជីកហ្វូណន-តេជោ គឺជាផលប្រយោជន៍សេដ្ឋកិច្ចសង្គមសុទ្ធសាធ ដែលជួយឱ្យកម្ពជាទិសនិរតីមានផ្លូវទឹកដឹកជញ្ជូនទៅកាន់សមុទ្រ បន្ថែមលើផ្លូវដឹកជញ្ជូនតាមដងទន្លេមេគង្គដែលមានស្រាប់។


សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្ថែមថា ព្រែកជីកនេះ ជួយឱ្យប្រជាជននៅតាមព្រែកនេះ មានទឹកប្រើប្រាស់សម្រាប់បង្កបង្កើនផល ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា ជួយបង្កើនផលត្រីទឹកសាបនៅតាមព្រែក ដោយមិនប៉ះពាល់ដល់លំហូរទឹកនៃទន្លេមេគង្គនោះឡើយ ព្រោះម្យ៉ាងព្រែកនេះមិនតភ្ជាប់ពីទន្លេមេគង្គនោះទេ តែចេញពីទន្លេបាសាក់ និងម្យ៉ាងទៀតមានទ្វារទឹកមិនឱ្យទឹកសាបធ្លាក់ចូលក្នុងសមុទ្រនោះឡើយ៕






No comments:

Post a Comment