ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ ទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី បានផ្ដល់នូវអនុសាសន៍ចំនួន ៧ចំណុច ដល់សមាគមឧកញ៉ាកម្ពុជា ដែលត្រូវបានទទួលស្គាល់ជាដៃគូរបស់រាជរដ្ឋាភិបាល ក្នុងការចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច សង្គមកម្ពុជា។
ការផ្ដល់អនុសាសន៍ និងស្នើសុំកិច្ចសហការរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ធ្វើឡើងនៅក្នុងឱកាសដែលឯកឧត្តម ចូលរួមជាតំណាងដ៏ខ្ពស់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុង «ពិធីបិទសន្និបាតលើកទី១ ឆ្នាំ២០២៣ និងទិសដៅផែនការ ឆ្នាំ២០២៤» របស់សមាគមឧកញ៉ាកម្ពុជា ដែលបានរៀបចំឡើងកាលពីថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០២៤ នៅសណ្ឋាគារហ្គាឌិនស៊ីធី។
ដោយសង្កេតឃើញពីតួនាទី និងមុខងារដ៏សំខាន់របស់សមាគមឧកញ៉ាកម្ពុជា និងក្នុងនាមជាប្រធានគណៈកម្មការអន្តរក្រសួងពិនិត្យ និងវាយតម្លៃលើសំណើសុំគោរមងារនិងការបញ្ចប់គោរមងារឧកញ៉ា ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានផ្ដល់នូវអនុសាសន៍មួយចំនួន និងស្នើសុំកិច្ចសហការពីសមាគមឧកញ៉ាកម្ពុជា ដូចខាងក្រោម ៖
១. គោរមវន្តទាំងអស់ត្រូវគោរពរដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា របស់ព្រះរាជាណាចក្រកម្ពុជា ប្រកាន់ខ្ជាប់នូវសីលធម៌ល្អ ប្រកបមុខរបរស្របច្បាប់ និងចៀសវាងសកម្មភាពណា ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយសនិងសេចក្ដីថ្លៃថ្នូររបស់គោរមងារឧកញ៉ា។
២. ចលនាគោរមវន្តដែលជាសមាជិករបស់សមាគម ឱ្យចូលរួមកាន់តែសកម្មភាពថែមទៀត ក្នុងការអភិវឌ្ឍ និងកសាងជាតិ មានជាអាទិ៍ ការផ្តល់អំណោយជាថវិកា និងការចូលរួមបរិច្ចាគធនធានទ្រព្យសម្បត្តិ សម្ភារៈបរិក្ខារនានាជូនរដ្ឋ ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តនានាដែលក្នុងនោះមានដូចជា ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ប្រព័ន្ធធារាសាស្ដ្រ វត្តអារាម អគារសាធារណៈជាដើម។
៣. ជួយរាជរដ្ឋាភិបាលលើការពិនិត្យ និងវាយតម្លៃចំពោះសំណើសុំផ្តល់គោរមងារឧកញ៉ា ឱ្យស័ក្កិសមស្របតាមគុណបំណាច់របស់គោរមវន្ត ក្នុងការចូលរួមអភិវឌ្ឍ និងកសាងជាតិ ក៏ដូចការបញ្ចប់គោរមងារឧកញ៉ា ក្នុងករណីប្រព្រឹត្តល្មើសនឹងបញ្ញាត្តិនៃព្រះរាជក្រឹត្យលេខ នស/រកត/១០២៣/២២៥០ ចុះថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ ស្ដីពីគោរមងារឧកញ៉ា ដើម្បីការពារកិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ឧកញ៉ា។
៤. ក្នុងនាមជាស្ថាប័នតែមួយគត់ដែលតំណាងឱ្យគោរមវន្តទាំងអស់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា សមាគមឧកញ៉ាកម្ពុជាត្រូវខិតខំប្រឹងប្រែងលើកកម្ពស់កិត្យានុភាពរបស់ខ្លួន ដើម្បីកៀរគរសមាជិកឱ្យកាន់តែច្រើន និងលើកកម្ពស់ភាពជាតំណាង (representativeness) របស់ខ្លួនជូនសហគមន៍ឧកញ៉ាទាំងមូល។
៥. សមាគមឧកញ៉ាកម្ពុជាត្រូវរៀបចំផែនការសកម្មភាពការងារសង្គម និងសប្បុរសធម៌ ជាពិសេសពន្លឿនការបង្កើតមូលនិធិសមាគមឧកញ៉ាកម្ពុជា ដោយធានាឱ្យសមាជិក-សមាជិកាគ្រប់រូប មានឱកាសចូលរួមក្នុងសកម្មភាពទាំងនោះ ហើយមានអ្នកទទួលផលច្រើនពីគ្រប់មជ្ឈដ្ឋាន ដើម្បីលើកកម្ពស់សក្តានុពល និងកិត្យានុភាពរបស់សមាគម។
៦. សមាគមឧកញ៉ាកម្ពុជាត្រូវរៀបចំយន្តការ និងមានកម្មវិធីច្បាស់លាស់ ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងផង និងភាពជាដៃគូផង នៅក្នុងទីផ្សារ សកម្មភាពពាណិជ្ជកម្ម និងការវិនិយោគក្នុងស្រុក និងទាក់ទាញការវិនិយោគពីក្រៅប្រទេសមកប្រទេសកម្ពុជា។
៧. សមាគមឧកញ៉ាកម្ពុជាគួរបន្តសហការឱ្យកាន់តែសកម្មជាមួយរាជរដ្ឋាភិបាល ដើម្បីចូលរួមក្នុងការកែលម្អបរិយាកាសធុរកិច្ច និងកសាងបរិយាកាសដែលមានភាពទាក់ទាញ និងអំណោយផលដល់សកម្មភាពអាជីវកម្ម សំដៅលើកកម្ពស់កំណើនសេដ្ឋកិច្ច ប្រកបដោយភាពធន់ និងបរិយាបន្ន។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការបានបន្ថែមថា ការរៀបចំ និងកិច្ចដំណើរការសន្និបាតលើកទី១ របស់សមាគមឧកញ៉ាកម្ពុជា ប្រកបដោយភាពជោគជ័យនាពេលនេះ គឺជាបង្គោលចរសំខាន់មួយ ដែលឆ្លុះបញ្ចាំងពីឧត្តមភាពនិងវឌ្ឍនភាពគួរជាទីមោទននៃការកសាង និងចងក្រងសហគមន៍ឧកញ៉ា ដែលជាគំនិតផ្តួចផ្តើមរបស់អ្នកឧកញ៉ា លី យ៉ុងផាត់ និងបាននិងកំពុងក្លាយជាសសរស្តម្ភដ៏សំខាន់មួយក្នុងការចូលរួមអភិវឌ្ឍ និងកសាងជាតិ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានសម្ដែងនូវការអបអរសាទរ និងការវាយតម្លៃខ្ពស់ជូនចំពោះសមាគមឧកញ៉ាកម្ពុជា ដែលបានបន្តរីកលូតលាស់ជាលំដាប់ ដោយផ្តើមពីសមាជិកត្រឹម ៣២រូប នៅចុងឆ្នាំ២០២២ មកដល់ ៣៦៥រូប ត្រឹមថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ និងជាពិសេសបានសម្រេចនូវសមិទ្ធផលជាច្រើនជូនសង្គមជាតិ តាមរយៈកិច្ចសហការក្នុងភាពជាដៃគូរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញលើកកម្ពស់សេដ្ឋកិច្ច សកម្មភាពពាណិជ្ជកម្ម និងវិនិយោគ ព្រមទាំងសកម្មភាពផ្សេងៗទៀត រួមទាំងសកម្មភាពមនុស្សធម៌នានា ដើម្បីជាប្រយោជន៍ដល់សង្គមជាតិ។
តាមការលើកឡើងរបស់ឯកឧត្តម វង្សី វិស្សុត ឧកញ៉ា ជាគោរមងារដ៏ឧត្តុង្គឧត្តម ដែលបានចាក់ឬសជ្រៅនៅក្នុងប្រវត្តិសាស្ត្រ និងសង្គមខ្មែរយើងយូរលុងណាស់មកហើយ។ ក្នុងដំណើរនៃការស្តារ, ការកសាង និងការអភិវឌ្ឍកម្ពុជា ចាប់តាំងពីបាតដៃទទេ រហូតសម្រេចបាននូវវិបុលភាព និងវឌ្ឍនភាពរីកចម្រើនដូចបច្ចុប្បន្ន ក្រោមអគ្គមគ្គុទេសន៍ដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាអគ្គមហាបុរសរដ្ឋគ្មានពីររបស់កម្ពុជា និងការនាំមកជូនប្រទេសជាតិនូវសុខសន្តិភាព ជាពិសេសក្នុងរយៈពេលជាង ២ទស្សវត្សរ៍មុនវិបត្តិកូវីដ-១៩ បន្ទាប់ពីកម្ពុជាទទួលបានសន្តិភាពពេញលេញ តាមរយៈនយោបាយ ឈ្នះ-ឈ្នះ, ការកសាង និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដើម្បីជំរុញកំណើនសេដ្ឋកិច្ច បង្កើតការងារ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន បានក្លាយជាអាទិភាពសំខាន់មួយរបស់រាជរដ្ឋាភិបាល ហើយក៏បានក្លាយជាសមរភូមិថ្មីមួយ ដែលនាំឱ្យគោរមងារឧកញ៉ាបន្តមានតម្លៃបន្ថែមទៀត។ ពិតណាស់ ការសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ជាមធ្យម ៧% ក្នុងមួយឆ្នាំ រហូតជាប់ឯក្តទកម្មជាប្រទេសមួយក្នុងចំណោមប្រទេសដែលអភិវឌ្ឍលឿនជាងគេក្នុងសកលលោក ក្នុងអំឡុងពេលនោះ គឺពិតជាពុំអាចកាត់ផ្តាច់បានពីចូលរួមពីសំណាក់គោរមវន្ត ដែលភាគច្រើនជាអាជីវករ ពាណិជ្ជករ និងវិនិយោគិន ដែលកំពុងមានវត្តមាននៅទីនេះនោះទេ។
ឯកឧត្តមក៏បានគូសរំលេចអំពី ការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានព្រឹទ្ធសភា ដែលប្រកបទៅដោយចក្ខុវិស័យវែងឆ្ងាយ និងបានចាត់វិស័យឯកជនជាក្បាលម៉ាស៊ីននៃកំណើន និងជាដៃគូសំខាន់បំផុត ដើម្បីជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ច, ការបង្កើតការងារ, នវានុវត្តន៍, ការរលើកកម្ពស់ភាពប្រកួតប្រជែង និងការបង្កើនផលិតភាព និងតម្លៃបន្ថែមក្នុងសេដ្ឋកិច្ច។ រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ បានបន្តអនុវត្តនូវចក្ខុវិស័យនេះ ដោយចាត់ទុកការអភិវឌ្ឍវិស័យឯកជន ជារបៀបវារៈគោលនយោបាយដ៏សំខាន់សម្រាប់ជំរុញកំណើន នៅក្នុងបរិការណ៍នៃដំណើរការបរិវត្តកម្មសង្គម សេដ្ឋកិច្ចកម្ពុជា នាពេលបច្ចុប្បន្ន និងសម្រាប់រយៈពេល ២៥ឆ្នាំទៅមុខ ជាពិសេសការពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជានៅក្នុងទីផ្សារ តំបន់ និងសកល ដូចមានគូសបញ្ជាក់ក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។
លើសពីនេះ សកម្មភាពរបស់ សម្តេចមហាបវរធិបតី ផ្ទាល់ ដូចជាការដាក់ចេញនូវវិធានការមុតស្រួចជាច្រើននៅក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន និងជាបន្តបន្ទាប់ និងការដឹកនាំគណៈប្រតិភូផ្ទាល់ក្នុងបេសកកម្មក្រៅប្រទេសជាច្រើនលើកច្រើនសារ ដើម្បីទាក់ទាញនិងកៀរគរវិនិយោគិន បានបង្ហាញពីស្មារតីបុរេសកម្ម និងការយកចិត្តទុកដាក់របស់ សម្តេចមហាបវរធិបតី ចំពោះវិស័យឯកជន។
ស្របពេលដែល ស្ថានភាពសេដ្ឋកិច្ចសកលកំពុងប្រឈមនឹងភាពមិនប្រាកដប្រជាខ្ពស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានចាត់ទុក វិស័យឯកជន ជាពិសេសអ្នកឧកញ៉ា ឧកញ៉ា និងពាណិជ្ជករទាំងអស់ គឺជាប្រភពមិនចេះរីងស្ងួតនៃចលនាមនុស្សធម៌ផង និងជាខែលសំខាន់មួយក្នុងការការពារសេដ្ឋកិច្ចកម្ពុជាពីវិបត្តិខាងក្រៅផង ហើយថែមទាំងជាកាតាលីករកជួយធ្វើឱ្យសេដ្ឋកិច្ចយើងកាន់តែមានភាពធន់ និងចីរភាពទៀតផង។ ឯកឧត្តម បានគូសបញ្ជាក់ទៀតថា ការត្រៀមខ្លួនរួចរាល់របស់រាជរដ្ឋាភិបាល ជាពិសេស សម្តេចមហាបវរធិបតី ក្នុងការសហការជាមួយវិស័យឯកជន ដើម្បីគាំទ្រដល់សកម្មភាពសេដ្ឋកិច្ចនានាក្នុងព្រះរាជាណាចក្រកម្ពុជា នឹងអាចប្រែក្លាយកាលៈទេសៈលំបាកនេះ ទៅជាឱកាសសម្រាប់ការបន្តលូតលាស់ រីកចម្រើនជូនប្រជាជន សេដ្ឋកិច្ចជាតិ និងជាតិទាំងមូល។
No comments:
Post a Comment