Tuesday, March 19, 2024

សម្តេចធិបតី ហ៊ុន ម៉ាណែត ដាក់ចេញវិធានគន្លឹះសំខាន់ៗក្នុងគោលដៅលើកកម្ពស់គុណភាពសេវាសុខាភិបាលប្រកបដោយប្រសិទ្ធភាព


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន គឺជាអាទិភាពមួយក្នុងចំណោមអាទិភាពទាំង៥ របស់រាជរដ្ឋាភិបាល សម្រាប់ការអភិវឌ្ឍមូលធនមនុស្ស ដោយមានគោលដៅយុទ្ធសាស្ត្រផ្តោតលើការកាត់បន្ថយអត្រាឈឺ និងស្លាប់បណ្តាលមកពីជំងឺមិនឆ្លង និងការលើកកម្ពស់សុខភាពម្តាយ និងទារក កុមារ និងការទទួលបានសេវាថែទាំសុខភាពទូទៅ។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញក្នុងពិធីបិទសន្និបាតបូកសរុបការងារក្រសួងសុខាភិបាលលើកទី៤៣ ដែលធ្វើឡើងនៅសណ្ឋាគារសូហ្វីតែល ភ្នំពេញភូគីត្រា។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ដើម្បីឈានឱ្យសម្រេចបាននូវគោលដៅយុទ្ធសាស្ត្រនេះ រាជរដ្ឋាភិបាល បានដាក់ចេញឱ្យអនុវត្តភ្លាមៗនូវកម្មវិធីគោលនយោបាយអាទិភាពទី១ ក្នុងចំណោមកម្មវិធីគោលនយោបាយអាទិភាពទាំង៦ គឺការផ្តល់ការថែទាំសុខភាពឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល។ 


សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល ក៏បានអនុវត្តវិធានគន្លឹះ ក្នុងវិស័យសុខាភិបាលក្នុងគោលដៅលើកកម្ពស់គុណភាពសេវាសុខាភិបាល និងពង្រឹងសមត្ថភាពផ្តល់សេវាសុខភាពបឋមនៅមូលដ្ឋាន ដែលផ្តោតជាចម្បងរួមមាន៖

ទី១- ការពង្រឹងសមត្ថភាពផ្តល់សេវានៅមូលដ្ឋានមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក 

ទី២-ការអភិវឌ្ឍសមត្ថភាពស្ថាប័នសុខាភិបាលគ្រប់លំដាប់ថ្នាក់ក្នុងការគ្រប់គ្រងធនធានមនុស្ស និងហិរញ្ញវត្ថុ ការងារនិយ័តកម្ម ដើម្បីឆ្លើយតបការគម្រាមកំហែងសុខភាពសាធារណៈ និងគ្រោះអាសន្នសុខភាព ព្រមទាំងលើកកម្ពស់សុខភាពនៃកិច្ចដំណើរការមុខងារស្ថាប័ន និងកសាងភាពជាដៃគូរឹងមាំរវាងវិស័យសុខាភិបាលសាធារណៈ និងឯកជន ដើម្បីធានាឱ្យប្រជាជនទទួលបានសេវាថែទាំសុខភាព មានគុណភាព សុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់៕

No comments:

Post a Comment