(ទីក្រុងតូក្យូ)៖ នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក អូកាដា ម៉ូតូយ៉ា (Okada Motoya) ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន AEON MALL ចូលជួបសម្តែងការគួរសម ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន លើកទី៥០ ចាប់ពីថ្ងៃទី១៥-១៩ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ។
ក្នុងឱកាសនៃជំនួបនេះ លោក អូកាដា ម៉ូតូយ៉ា បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម ព្រមទាំងបានជម្រាបអំពីវឌ្ឍនភាពរីកចម្រើននៃសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន និងអំពីគម្រោងនៃការពង្រីកវិនិយោគរបស់ខ្លួនបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា ។ ទន្ទឹមនេះ លោកប្រធានក្រុមហ៊ុន AEON MALL ក៏បានជម្រាបជូន សម្តេចនាយករដ្ឋមន្ត្រី អំពីការចូលរួមរបស់ក្រុមហ៊ុនក្នុងវិស័យអប់រំ តាមរយៈការកសាងសាលាបឋមសិក្សានៅតាមបណ្តាខេត្ត និងការផ្តល់អាហារូបករណ៍ជូនដល់សិស្សានុសិស្សកម្ពុជា ដើម្បីបន្តឱកាសសិក្សាឱ្យកាន់តែខ្ពង់ខ្ពស់ថែមទៀត ។ នៅក្នុងជំនួបនេះផងដែរ លោកប្រធានក្រុមហ៊ុន ក៏បានសម្តែងនូវការអរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានបង្កលក្ខណៈគ្រប់បែបយ៉ាងចំពោះដំណើរការអាជីវកម្មរបស់ក្រុមហ៊ុនឱ្យដំណើរការដោយរលូន ។
ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ចំពោះជំនួបជាមួយលោក អូកាដា ម៉ូតូយ៉ា និងសហការី ព្រមទាំងបានសម្តែងនូវការអរគុណចំពោះក្រុមហ៊ុន AEON MALL ដែលបានសម្រេចចិត្តបោះទុនវិនិយោគ និងគ្រោងវិនិយោគបន្ថែមនៅកម្ពុជា ព្រមទាំងអរគុណចំពោះការចូលរួមចំណែកក្នុងការបណ្តុះបណ្តាលធនធានមនុស្សកម្ពុជាតាមរយៈការផ្តល់អាហារូបករណ៍ និងការកសាងសាលារៀននៅតាមមូលដ្ឋាន ដែលការណ៍នេះ បានរំឭកពីគំរូវីរភាពនៃការយកចិត្តទុកដាក់របស់សម្តេចតេជោ ហ៊ុន សែន ក្នុងការកសាងធនធានមនុស្សនៅកម្ពុជា តាមរយៈការដាក់ចេញនូវគោលនយោបាយកសាងសាលារៀនគ្រប់ដណ្តប់ទូទាំងប្រទេស ដើម្បីបើកឱកាសឱ្យកូនចៅប្រជាពលរដ្ឋគ្រប់គ្នាទទួលបានការអប់រំ ។ ទន្ទឹមនេះ សម្តេចនាយករដ្ឋមន្ត្រី បានសង្កត់បញ្ជាក់ដែរថា រាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា នឹងបន្តយកចិត្តទុកដាក់បន្ថែមទៀតក្នុងការពង្រឹងការអប់រំ បណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេសចំនួន ១លាន ៥សែន នាក់ ។ លើសពីនេះ សម្តេចធិបតី ក៏បានគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បាន និងកំពុងយកចិត្តទុកដាក់នៅក្នុងការធានានិរន្តរភាពនៃបរិយាកាសអំណោយផលសម្រាប់ធុរកិច្ច និងវិនិយោគ តាមរយៈការដាក់ចេញនូវគោលនយោបាយ យន្តការអនុវត្ត និងក្របខ័ណ្ឌគតិយុត្តថ្មីៗ ព្រមជាមួយនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ និងឡូជីស្ទីកសំខាន់ៗ ដូចជា ផ្លូវល្បឿនលឿន ផ្លូវដែក និងកំពង់ផែ ជាដើម ដើម្បីជួយសម្រួល និងផ្តល់នូវការលើកទឹកចិត្តប្រកបដោយភាពអនុគ្រោះ និងភាពទាក់ទាញដល់វិនិយោគិន ដែលមកវិនិយោគនៅក្នុងប្រទេសកម្ពុជា ៕
No comments:
Post a Comment