Sunday, October 29, 2023

សូមទស្សនាទិដ្ឋភាព បងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្តយ៉ាងសប្បាយរីករាយក្រោមម្លប់សន្តិភាព​ នៅក្នុងពិធីប្រណាំងទូក ក្រុងតាខ្មៅ ខេត្តកណ្តាល

(កណ្តាល)៖ បងប្អូនប្រជាពលរដ្ឋទាំងក្មេងចាស់ប្រុសស្រីនាយប់ថ្ងៃទី២៨ ខែតុលា បានដើរលេងកម្សាន្តយ៉ាងសប្បាយរីករាយ​ ជាមួយនឹងការពេញចិត្តពេញថ្លើម អមជាមួយនឹងតន្ត្រីកន្ត្រាក់ អារម្មណ៍រញ្ជួយនៅក្រុងតាខ្មៅ នៃពិធីប្រណាំងទូក ដែលធ្វើឡើងនៅថ្ងៃស្អែកនេះ។

ដោយឡែកបញ្ហាសន្តិសុខ និងសណ្តាប់ធ្នាប់ បានដំណើរទៅយ៉ាងល្អប្រសើរក្រោមកិច្ចសហការរវាងកម្លាំងនគរបាល អាវុធហត្ថ កម្លាំងយោធា និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ ដើម្បីឲ្យពលរដ្ឋដើរលេងកម្សាន្ត ប្រកបដោយសុវត្ថិភាព។

សូមបញ្ជាក់ថា នៅក្នុងព្រឹត្តិការពិធីអុំទូកនាថ្ងៃទី២៩ ខែតុលា រដ្ឋបាលខេត្តកណ្ដាល បានរៀបចំឲ្យមានការអុំទូក ដែលមានទូកមកពីបណ្ដាក្រុង-ស្រុកនានានៅក្នុងខេត្ត ហើយសុទ្ធសឹងជាទូកល្អៗមកអុំកម្សាន្ដសប្បាយនាដងទន្លេបាសាក់ក្រុងតាខ្មៅ។

ទូកដែលចូលរួមប្រណាំង មានចំនួន៧៣ទូក ក្នុងនោះមានទូកខ្នាតអន្តរជាតិនារី ចំនួន០២ទូក, ទូកខ្នាតអន្តរជាតិបុរស ចំនួន៣២ទូក, ទូកអុំបុរស ចំនួន៣៤ទូក និងទូកចែវបុរស ចំនួន០៥ទូក សរុបកម្លាំងអុំ ចំនួន៤,១៥២នាក់។ លោកអភិបាលខេត្ត បានបន្ថែមថា ក្រៅពីពិធីអុំទូក រដ្ឋបាលខេត្តកណ្ដាល បានរៀបចំសោភ័ណភាពនៅក្រុងតាខ្មៅ ព្រមទាំងរៀបចំស្តង់ពិពណ៌ ការប្រគុំតន្ត្រី ការបណ្ដែតប្រទីប និងបាញ់កាំជ្រួចនៅពេលរាត្រីផងដែរ។

រដ្ឋបាលខេត្តកណ្តាល បានណែនាំដល់គ្រប់អនុគណៈកម្មការទាំងអស់ ត្រូវអនុវត្តតាមតួនាទីភារកិច្ច ដែលបានចែងប្រកបដោយការទទួលខុសត្រូវខ្ពស់។ ជាមួយគ្នានេះ ត្រូវរៀបចំនូវកន្លែងស្នាក់នៅជូនដល់ចំណុះទូកទាំងអស់ ឲ្យបានសមរម្យ ប្រកបដោយអនាម័យត្រឹមត្រូវ។

ពាក់ព័ន្ធទៅនឹងសន្តិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលមកលេងកម្សាន្តក្នុងពិធីប្រណាំងទូកនេះដែរ អភិបាលខេត្ត បានណែនាំដល់កងកម្លាំងទាំង៣ ត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់ ហើយប្រចាំការជាប្រចាំ ដើម្បីធ្វើឲ្យពិធីប្រណាំងទូករបស់យើង មិនមានបាតុភាពអ្វីមួយកើតឡើងជាយថាហេតុណាឡើយ៕ ប្រភពៈ Fresh News

No comments:

Post a Comment