Wednesday, October 18, 2023

សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើប្រធានរដ្ឋវៀតណាម តភ្ជាប់ផ្លូវល្បឿនលឿនកម្ពុជា និងវៀតណាម ដើម្បីសម្រួលការផ្លាស់ប្តូរពាណិជ្ជកម្ម និងទេសចរណ៍

(ប៉េកាំង, ចិន)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើទៅ​ប្រមុខ​រដ្ឋវៀតណាម ឱ្យពន្លឿនកិច្ចព្រមព្រៀងនានា ដើម្បីបើកផ្លូវឱ្យមានការ​តភ្ជាប់គ្នារវាងផ្លូវ​ល្បឿនលឿនរបស់កម្ពុជា (ភ្នំពេញ-បាវិត) ជាមួយផ្លូវល្បឿនលឿនរបស់វៀតណាម (ម៉ុក​បាយ-ហូជីមិញ) ដើម្បីសម្រួលការធ្វើពាណិជ្ជកម្ម និងទេសចរណ៍។

សំណើខាងលើនេះ បានធ្វើឡើងនៅក្នុងជំនួបរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត ជាមួយ​លោក វ៉ វ៉ាន់ធឿង (Vo Van Thuong) ប្រធានរដ្ឋវៀតណាម នាព្រឹកថ្ងៃពុធ ទី១៨ ខែ​តុលា ឆ្នាំ២០២៣នេះ នៅរដ្ឋធានីប៉េកាំង ប្រទេសចិន ទីដែលមេដឹកនាំ​ទាំង​ពីរ​អញ្ជើញ​ចូល​រួមវេទិកា «ខ្សែក្រវាត់និងផ្លូវ» លើកទី៣។

ក្នុងឱកាសជំនួបនោះ លោក វ៉ វ៉ាន់ធឿង បានអបអរសាទរសម្តេចធិបតី ទទួលបានការ​គាំទ្រឱ្យដឹកនាំរាជរដ្ឋាភិបាលនីតិកាលថ្មី។ លោកប្រមុខរដ្ឋវៀតណាម បានសម្តែងសុទិដ្ឋិ​និយម​ថា ក្រោមការដឹកនាំរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី នឹងធ្វើឱ្យកម្ពុជាអនុវត្តដោយ​ជោគជ័យរាល់គោលនយោបាយនានា ដែលបានដាក់ចេញទាំងក្នុងក្របខណ្ឌ​ជាតិ និង​អន្តរជាតិ។

លោក វ៉ វ៉ាន់ធឿង ក៏បានបញ្ជាក់បន្ថែមថា ប្រទេសវៀតណាមនៅតែរក្សាចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយកម្ពុជា ដើម្បីផលប្រយោជន៍រួមសម្រាប់ជាតិ និង​ប្រជាជនទាំងពីរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះជំនួបនេះ និងបានរំឭកអំពីជំនួប​ជាមួយប្រធានរដ្ឋវៀតណាម កាលពីបួនឆ្នាំមុន ដែលទាំងនេះ គឺសុទ្ធសឹងជាឱកាស​នៃការ​ពិភាក្សា ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានកត់សម្គាល់ដោយក្តីរីករាយចំពោះការរីកចម្រើន​នៃទំនាក់​ទំនងលើគ្រប់វិស័យ។ ក្នុងនោះទំហំពាណិជ្ជកម្មទ្វេភាគី និងចំនួនភ្ញៀវទេសចរ​រវាង​ប្រទេស​ទាំងពីរ ក៏មានការកើនឡើងជាលំដាប់ ហើយកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ និងការបណ្តុះបណ្តាលធនធានមនុស្ស ក៏មានភាពសកម្មជិតស្និទ្ធផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានស្នើប្រធានរដ្ឋវៀតណាម ពន្លឿនកិច្ចចរចាតភ្ជាប់ផ្លូវ​ល្បឿន​ភ្នំពេញ-បាវិត របស់កម្ពុជា ជាមួយផ្លូវល្បឿនលឿនម៉ុកបាយ-ហូជីមិញ របស់វៀតណាម ដើម្បីសម្រួលការផ្លាស់ប្តូរពាណិជ្ជកម្ម និងទេសចរណ៍។

ក្នុងជំនួបនោះសម្តេចធិបតី ហ៊ុន ម៉ាណែត និងប្រធានរដ្ឋវៀតណាម បានវាយតម្លៃខ្ពស់​ចំពោះ​វឌ្ឍន​ភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ ជាពិសេស វិស័យការពារជាតិ, សន្តិសុខ, ពាណិជ្ជកម្ម, វិនិយោគ, អប់រំ, ទេសចរណ៍ និងការផ្លាស់​ប្តូរ​រវាងប្រជាជន និងប្រជាជន។

ប្រធានរដ្ឋវៀតណាម ក៏បានស្នើបង្កើនការផ្លាស់ប្តូរទស្សនកិច្ចថ្នាក់ដឹកនាំជាន់ខ្ពស់ ដោយ​បាន​បង្ហាញបំណងយាងព្រះមហាក្សត្រ ក៏ដូចជាអញ្ជើញសម្តេចតេជោ ហ៊ុន សែន និង​សម្តេចធិបតី ទៅបំពេញទស្សនកិច្ចនៅវៀតណាម។ សម្តេចធិបតី បានទទួលយក​ការអញ្ជើញនេះ ដោយនឹងកំណត់កាលបរិច្ឆេទសមស្របនាពេលឆាប់ៗខាងមុខ៕









 

No comments:

Post a Comment