ក្នុងត្រីមាសទី៣ ឆ្នាំ២០២៣ នេះ, មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានថវិកាបរិច្ចាគសរុបប្រមាណ ៨៩៨ ៤១០ ដុល្លារ និង ៥ ២៦០ ៥៩៣ ០០០ រៀល និងថវិកាចំនួន ៤៣៦ ៥០០ ដុល្លារទៀត ដែលសប្បុរសជនបានបរិច្ចាគដោយផ្ទាល់ នៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ និងគន្ធបុប្ផាសៀមរាប។
ទន្ទឹមពេលជាមួយគ្នានេះដែរ
មូលនិធិគន្ធបុប្ផាកម្ពុជា ក៏បានផ្ទេរថវិកាចំនួន ២៩៨ ៨៥៦ ដុល្លារ
ជូនមន្ទីរពេទ្យគន្ធបុប្ផា
ដើម្បីចូលរួមរក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យ
ក្នុងការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺដល់ទារក និងកុមារនៅកម្ពុជា ដោយឥតគិតថ្លៃ
និងប្រកបដោយគុណភាព។
ដោយឡែកសម្រាប់ខែកញ្ញា ឆ្នាំ២០២៣ នេះ, មូលនិធិគន្ធបុប្ផាកម្ពុជា
បានទទួលថវិកាបរិច្ចាគចំនួន ២២១ ១៥៤ ១០០ រៀល និង ៥៥ ៥៥៧ ដុល្លារ ពីសប្បុរសជន ៩ ៤៣៥
រូប ដែលរួមមានសមាជិកគាំទ្រ ៧ ៩៩៥ រូប និងសប្បុរសជនផ្សេងៗ ១ ៤៤០ រូប។
ជំនួសមុខឲ្យអាណាព្យាបាលទារក
និងកុមារនៅកម្ពុជា, មូលនិធិគន្ធបុប្ផាកម្ពុជា
សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសប្បុរសជនទាំងអស់ដែលតែងតែផ្តល់ការគាំទ្រ
និងបរិច្ចាគថវិកាសម្រាប់ចូលរួមទ្រទ្រង់ ផ្នែកហិរញ្ញវត្ថុដល់មន្ទីរពេទ្យគន្ធបុប្ផា
ក្នុងគោលដៅធានាឲ្យបាននូវកិច្ចដំណើរការប្រកបដោយចីរភាព ប្រសិទ្ធភាព និងគុណភាព
សំដៅលើកកម្ពស់សុខុមាលភាពទារក និងកុមារនៅកម្ពុជា។
មូលនិធិគន្ធបុប្ផាកម្ពុជា
សូមលើកទឹកចិត្តសាធារណជន ព្រមទាំងស្ថាប័នរដ្ឋ និងក្រុមហ៊ុន-សហគ្រាសឯកជននានា
ឱ្យបន្តចូលរួមបរិច្ចាគជូន មូលនិធិគន្ធបុប្ផាកម្ពុជា
តាមរយៈមធ្យោបាយបរិច្ចាគដោយឥតគិតថ្លៃ សេវាជាមួយធនាគារ ABA, ACLEDA, Canadia, Chip Mong, Wing, Sathapana, Vattanac,
J Trust Royal, Cambodian Public, ARDB, Bridge, Amret Microfinance និងភ្នាក់ងារ True Money ឬ តាមរយៈលេខទូរសព្ទ ០៦១
៧០ ១១១១។
សប្បុរសជននានា
ក៏អាចចូលជាសមាជិករបស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលរួមមាន សមាជិកកិត្តិយស
ដោយបរិច្ចាគចាប់ពី ២០ លានរៀល /៥ ប្រាំពាន់ដុល្លារ ក្នុងមួយឆ្នាំ ឬ សមាជិកគាំទ្រ
ដោយបរិច្ចាគចាប់ពី ៥ ប្រាំពាន់រៀល ក្នុងមួយខែ/៦ម៉ឺនរៀល ក្នុងមួយឆ្នាំ
ដើម្បីបង្ហាញពីសាមគ្គីភាពក្នុងស្មារតី «ខ្មែរជួយខ្មែរ»៕
No comments:
Post a Comment