Saturday, October 07, 2023

អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដ៏ថ្មីស្រឡាង ទំនើប និងស្រស់ស្អាត បានត្រៀមខ្លួនរួចរាល់ហើយ សម្រាប់ទទួលស្វាគមន៍ជើងហោះហើរ មកពីគ្រប់គោលដៅទាំងអស់ ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣



ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងមានការចូលរួមពីឯកឧត្តមជារដ្ឋលេខាធិការតាមបណ្តាក្រសួងនានា​ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប អញ្ជើញទស្សនកិច្ចនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី។

ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ មានសេចក្តីសោមន្សរីករាយ​ ដែលបាន​មកដល់​ការដ្ឋាន​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាបអង្គរថ្មី ដែលគ្រោងនឹងបើកដំណើរការជាផ្លូវការនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣។ ឯកឧត្តមបានកោតសរសើរ និងវាយតម្លៃខ្ពស់​ដល់ក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានអន្តរជាតិអង្គរ (
Angkor International Airport Investment (AIAI)) ដែលបាន​សាងសង់ និងអភិវឌ្ឍអាកាសយានដ្ឋានសៀមរាបអង្គរថ្មីដ៏ធំ ទំនើប និងប្រកបដោយភាពទាក់ទាញ។ ទោះបីជាការសាងសង់ប្រលានយន្តហោះនេះ បានធ្វើឡើងនៅក្នុងដំណាក់កាលវិបត្តិកូវីដ-១៩ ក៏ដោយ ក៏ក្រុមហ៊ុននៅតែខិតខំប្រឹងប្រែងសាងសង់ និងអភិវឌ្ឍអាកាសយានដ្ឋាននេះ ប្រកបដោយជោគជ័យ ដែលសរបញ្ជាក់យ៉ាងច្បាស់ពីភាពខ្លាំងរបស់ក្រុមហ៊ុន ក៏ដូចជា ការខិតខំប្រឹងប្រែងរបស់វិស្វករ កម្មករ និងបុគ្គលិកទាំងអស់។

អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរដ៏ស្កឹមស្កៃនេះ ជាសក្ខីកម្មគួរជាទីមោទកៈ និងប្រកបដោយក្តីសង្ឃឹមខ្ពស់សម្រាប់អនាគតដ៏រុងរឿងរបស់កម្ពុជា។ សមិទ្ធផលថ្មីមួយនេះ​ពិតជាមានសក្តានុពលក្រៃលែងដែលអាចជួយបង្កើនភាពទាក់ទាញទេសចរណ៍បន្ថែមទៀតមកកាន់ទឹកដីខេត្តសៀមរាប ដែលជាគោលដៅទេសចរណ៍ដ៏សំខាន់មួយនៅក្នុងប្រទេសយើង​​ និងអាចទាក់ទាញសក្តានុពល
   ​​វិនិយោគមកកាន់ទឹកដីខេត្តសៀមរាប និងប្រទេសកម្ពុជាទាំងមូលផងដែរ។ អាកាសយាន​ដ្ឋាន​ថ្មីនេះ ពិតជាបានបង្កើតការងារដោយផ្ទាល់ និងប្រយោលជាច្រើនកន្លែង ទាំងនៅក្នុងដំណាក់កាលសាងសង់ និងប្រតិបត្តិការ ដែលរួមចំណែកបង្កើនប្រាក់ចំណូលជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ជាពិសេសអ្នករស់នៅក្នុងខេត្តសៀមរាប​។ ឯកឧត្តមរដ្ឋមន្ត្រី ជឿជាក់ថា អាកាសយានដ្ឋាននេះ នឹងជួយទាក់ទាញភ្ញៀវទេសចរណ៍ ដែលនឹងរួមចំណែកក្នុងការឈានទៅសម្រេចឱ្យបាននូវចំនួនភ្ញៀវទេសចរណ៍​អន្តរជាតិ ប្រមាណ ៨លាននាក់ នៅឆ្នាំ២០២៨  តាមរយៈការបង្កើនការតភ្ជាប់ជើងហោះហើរត្រង់ទាំងនៅក្នុងតំបន់ និងពិភពលោក។ កត្តានេះ នឹងរួមចំណែកលើកកម្ពស់មុខមាត់ សក្តានុពល និងកិត្យានុភាព​របស់កម្ពជា។ ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងទេសចរណ៍ យល់ឃើញថា ការដាក់បញ្ចូល និងការរចនាឱ្យមានលក្ខណៈ ជាខ្មែរ/ភាព​ជាខ្មែរ  និងការដាក់តាំងបង្ហាញ និងលក់ផលិតផលខ្មែរក្នុងតម្លៃសមរម្យនៅក្នុង អាកាសយានដ្ឋាន ពិតជានឹងរួមចំណែកក្នុងការលើកកម្ពស់ការច្នៃប្រឌិត និងការផលិតផលិតផលនៅក្នុងស្រុក ការថែរក្សានិងលើកស្ទួយអត្តសញ្ញាណជាតិ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី សូមសម្តែងការនឹករលឹកដល់វីរភាពរបស់លោកឪពុក គឺ
សម្តេចវិបុលបញ្ញា សុខ អាន ដែលជាឥស្សរជនដ៏ឆ្នើមមួយរូប ក្នុងចំណោមថ្នាក់ដឹកនាំ ដែលជាស្ថាបនិកជាតិ ដែលបានចូលរួមចំណែកកែ​លម្អឡើងវិ​ញ និងអភិវឌ្ឍន៍អាកា​សយានដ្ឋាន អន្ដរ​ជាតិទាំង៣ ទីតាំងដំបូងរបស់​កម្ពុជា បន្ទាប់ពីសង្គ្រាម។ ការបើកឱ្យដំណើរការ​អាកាសយានដ្ឋាន អន្តរជាតិឡើងវិញ គឺជាការឆ្លើយតប​ទៅនឹងត​ម្រូវកា​រចាំបា​ច់នៃ​ការ​កើនឡើងនូវចំនួន​អ្នកដំណើរ​ជាតិ និងអន្ដ​រជាតិពីគ្រប់ទិសទី។

ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ បានចង្អុលបង្ហាញការងារជាអាទិភាពក្នុងការបង្កើត កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព កសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ដោយកំណត់យកអាទិភាពគន្លឹះ៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។

ស្របពេលដែលយើងមានអាកាសយានដ្ឋានថ្មី ដែលរចនា​ឡើង​​ស្របតាម​ស្តង់ដារកម្រិត អន្តរជាតិ ​ និងមានការគិតគូរពីសុវត្ថិភាព ប្រសិទ្ធភាព និង​និរន្តរភាព​ ក៏ដូចជាបានបំពាក់ដោយគ្រឿងបរិក្ខារ និងបច្ចេកវិទ្យាទំនើប យើងក៏ត្រូវយកចិត្តទុកដាក់ត្រៀមខ្លួនឱ្យកាន់តែប្រសើរជាងពេលណាៗទាំងអស់ ដើម្បីបង្ហាញពីវប្បធម៌ដ៏សម្បូរបែបរបស់ប្រទេសកម្ពុជាទៅកាន់ពិភពលោក។

ក្នុងន័យនេះ យើងគួរពិចារណាដល់​ការលើកកម្ពស់សេវាកម្មនានា​ ជាពិសេស​សេវាកម្ម​ទេសចរណ៍​ឱ្យ​មាន​កម្រិត​អន្តរជាតិ​ មានន័យថាទាំងហេដ្ឋារចនាសម្ព័ន្ធរឹង​ និងទន់ ត្រូវតែដើរទៅទន្ទឹមគ្នាដោយមិនអាចខ្វះបាន។

តាមរយៈកិច្ចសហការ និងការចូលរួមរបស់ស្ថាប័នពាក់ព័ន្ធ យើងនឹងអាចពង្រឹងយន្តការ នៃការសម្របសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនភ្ញៀវទេសចរ និងអ្នកដំណើរនៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិទូទាំងប្រទេសឱ្យមានប្រសិទ្ធិភាពខ្ពស់ និងភាពកក់ក្ដៅបំផុត ដែលអាចធ្វើឱ្យកម្ពុជាទទួលបានកំណើននៃភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិយ៉ាងឆាប់រហ័សនាពេលខាងមុខនេះ។

 












 

No comments:

Post a Comment