Monday, October 09, 2023

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការកសាងមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍នៅតាមវិទ្យាល័យសាធារណៈរវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រសួងអប់រំ យុវជន និងកីឡា



នាព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍
  និង ទូរគមនាគមន៍  បានអញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេ ខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីការកសាងមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍នៅតាមវិទ្យាល័យសាធារណៈ ដែលមានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ ជាថ្នាក់ដឹកនាំ មន្រ្តីរាជការ តំណាងក្រសួងទាំងពីរ ព្រមទាំងតំណាងគ្រឹះស្ថានឧត្ដមសិក្សា និងមធ្យមសិក្សាទុតិយភូមិ និងវិស័យឯកជន ដែលមានចំនួនសរុបប្រមាណ ២៧០ នាក់។

នៅក្នុងឱកាសនោះ លោកជំទាវ ហ៊ាន ប៉ូលីណេ អនុរដ្ឋលេខាធិការ ក.ប.ទ. បានជម្រាបជូនអំពីវត្ថុបំណងនៃការបង្កើត “មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍” (ម.ប.ស.) នៅតាមវិទ្យាល័យសាធារណៈ ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានចក្ខុវិស័យចម្បងចំនួន ៣ រួមមាន៖ (១) ការចូលរួមអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា 2022-2035 (២) ការលើកកម្ពស់បរិវត្តកម្មវិស័យអប់រំ និងអក្ខរកម្មឌីជីថល និង (៣) ការគាំទ្រដល់ដំណើរការអភិវឌ្ឍមូលធនមនុស្សឌីជីថល។ បន្ថែមពីលើនេះ លោកនាយកវិទ្យាល័យ ហ៊ុន សែន ១មិថុនា បានលើកឡើងថា តាមរយៈគំនិតផ្តួចផ្តើមបង្កើត ម.ប.ស. នេះ សហគមន៍ទាំងមូលនឹងមានឱកាសទទួលបានជំនាញបច្ចេកវិទ្យា និងសេវាចាំបាច់នានា ក្នុងយុគសម័យឌីជីថល។

ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានមានប្រសាសន៍ថា ដើម្បីកសាងរដ្ឋាភិបាល សេដ្ឋកិច្ច សង្គម និងពលរដ្ឋឌីជីថល តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថល ការតភ្ជាប់ឌីជីថល ការរៀបចំប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ការតភ្ជាប់អ៊ីនធឺណិត និងការបង្កើត “មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍” នៅតាមវិទ្យាល័យសាធារណៈ គឺជាកាតាលីករថ្មីដ៏មានសារៈសំខាន់ ប្រកបដោយសក្ដានុពល និងកាលានុវត្តភាព ក្នុងការជំរុញការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីនៃការអប់រំបែបឌីជីថលឱ្យរឹងមាំ និងអំណោយផលដល់ការធ្វើបរិវត្តកម្មឌីជីថលលើគ្រប់វិស័យ។ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមថា ពិធីចុះហត្ថលេខានេះ គឺពិតជាឆ្លុះបញ្ចាំងអំពីវឌ្ឍនភាពបន្ថែមថ្មីមួយទៀតរវាងក្រសួងទាំងពីរ ក្នុងការធ្វើបរិវត្តកម្មឌីជីថលបម្រើដល់ការអប់រំ ដើម្បីបន្តអភិវឌ្ឍធនធានមនុស្សបច្ចេកវិទ្យាឌីជីថល ក្នុងការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានថ្លែងអំណរគុណដល់ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ដែលបានផ្តួចផ្តើមបង្កើត មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍(ម.ប.ស. ) ដើម្បីរួមចំណែកដល់ការលើកកម្ពស់អក្ខរកម្មនិងបំណិនឌីជីថល និងការធ្វើសមាហរណកម្មបច្ចេកវិទ្យាអប់រំ ដើម្បីការអប់រំឌីជីថលនៅក្នុងថ្នាក់រៀន សាលារៀន និងសហគមន៍ទាំងមូល។ ម្យ៉ាងទៀត អនុស្សរណៈនៃការយោគយល់គ្នានេះ ពិតជាមានសារៈសំខាន់ ទាន់ពេលនិងចំគោលដៅ ដែលគាំទ្រដល់ដំណើរអភិវឌ្ឍន៍ការអប់រំឌីជីថល ក្នុងគោលដៅជំរុញកំណើន ការលើកកម្ពស់ផលិតភាព និងប្រសិទ្ធភាពនៃការកសាងអនាគតពលរដ្ឋឌីជីថលកម្ពុជា។

នៅក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា  និងឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការកសាងមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍នៅតាមវិទ្យាល័យសាធារណៈរវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រសួងអប់រំ យុវជន និងកីឡា។

គួរបញ្ជាក់ថា មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ បានចាប់ផ្តើមសាងសង់នៅ វិទ្យាល័យ ហ៊ុន សែន ១ មិថុនា នៅឃុំពារាម ស្រុកបាទី ខេត្តតាកែវ ដែលជាវិទ្យាល័យឈានមុខគេនៅស្រុកបាទី ខេត្តតាកែវ ហើយនាយកវិទ្យាល័យបានទទួលពានរង្វាន់លេខ២ ក្នុងការគ្រប់គ្រងល្អ នៅទូទាំងប្រទេស។ គម្រោង ម.ប.ស. នឹងត្រូវចាប់ផ្តើមសាងសង់នៅគ្រប់វិទ្យាល័យនៃខេត្តតាកែវ នៅដើមខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខ ព្រមទាំងបន្តសាងសង់នៅទូទាំងប្រទេស៕








 

No comments:

Post a Comment