Friday, September 29, 2023

ទឹកភ្លៀងជន់លិចក្រុង និងតំបន់មួយចំនួនក្នុងខេត្តពោធិ៍សាត់, អាជ្ញាធរ កំពុងរួមគ្នាជួយពលរដ្ឋរងគ្រោះ

 (ពោធិ៍សាត់)៖ ទឹកភ្លៀងធ្លាក់ជាប់ៗគ្នាប្រមាណជាពីរថ្ងៃកន្លងមកនេះ បានបង្កជាទឹកជំនន់លិចនៅតំបន់មួយ​ចំនួនក្នុងស្រុកវាលវែង ស្រុកកណ្តៀង និងក្រុងពោធិ៍សាត់ផងដែរ។ ដោយអនុវត្តន៍តាមបទបញ្ជារបស់សម្តេច​មហា​ប​វរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អាជ្ញាធរពាក់ព័ន្ធទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បាន​ស្រាក់ដៃគ្នាចុះជួយប្រជាពលរដ្ឋ និងដោះស្រាយផលប៉ះពាល់បណ្តាលមកពីជំនន់ទឹកភ្លៀងនេះ។

ស្រុកវាលវែង ស្រុកកណ្តៀង និងក្រុងពោធិ៍សាត់ ស្ទើរតែរៀងរាល់ឆ្នាំនៅក្នុងរដូវវស្សាពេលមានភ្លៀងធ្លាក់ខ្លាំង​តែង​បង្ក​ទៅជាទឹកជំនន់ជន់លិចនៅតាមតំបន់មួយចំនួនស្ថិតតាមបណ្តោយមាត់ស្ទឹងក្នុងខេត្តពោធិ៍សាត់។ អភិបាលខេត្តពោធិ៍សាត់ លោក ខូយ រីដា បានចុះដល់ទីតាំងរងគ្រោះ និងដាក់ចេញវិធានការនានា​បង្ការ​គ្រោះដល់អាយុជីវិតពលរដ្ឋ។ ជាពិសេសដឹកនាំអាជ្ញាធរ និងកងកម្លាំងរៀបចំទប់ទឹកមាត់ស្ទឹងក្រុងពោធិ៍សាត់ បញ្ចៀសផលប៉ះពាល់ធ្ងន់ធ្ងរដល់លំនៅឋានរបស់ប្រជាពលរដ្ឋ។

នៅព្រឹកថ្ងៃសុក្រ ទី២៩ ខែកញ្ញា ឆ្នាំ២០២៣នេះ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១នៃគណៈ​កម្មា​ធិ​ការ​​ជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងលោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធាន​ក្រុម​ការ​ងាររាជរដ្ឋាភិបាលចុះជួយខេត្តពោធិ៍សាត់ បានចុះទៅដល់ខេត្តពោធិ៍សាត់ ដើម្បីពិនិត្យស្ថានភាពដោយផ្ទាល់ និងរួមគ្នាដាក់ចេញវិធានការជួយពលរដ្ឋរងគ្រោះ។

លោក ខូយ រីដា បានឱ្យដឹងថា ការជន់លិចនៅស្រុកកណ្តៀង និងក្រុងពោធិ៍សាត់នេះ ដោយសារកាលពីពីរថ្ងៃ​មុន​​ភ្លៀងបានធ្លាក់ខ្លាំងនៅជួរភ្នំក្រវាញ ហើយទឹកក៏បានលិចនៅស្រុកវាលវែង។ បន្ទាប់ពីភ្លៀងរាំង ទឹកស្រក​នៅ​ផ្នែកខាងលើ ទឹកក៏ហូរទាក់មកស្ទឹងពោធិ៍សាត់ និងលិចផ្នែកខ្លះក្នុងក្រុងពោធិ៍សាត់ និងស្រុកកណ្តៀង។

ទេសរដ្ឋមន្ត្រី គន់ គីម បានវាយតម្លៃថា ប្រសិនបើមិនមានភ្លៀងធ្លាក់ផ្នែកខាងលើទៀតទេនោះ ស្ថានភាពនៃការ​ជន់​លិច​ក្នុងក្រុងពោធិ៍សាត់ និងស្រុកកណ្តៀង នឹងធូរស្រាលក្នុងពេលឆាប់ៗខាងមុខនេះ។ ទោះបីយ៉ាងណា ក្រោមបទបញ្ជារបស់សម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា រូបលោកផ្ទាល់ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់បន្ត​តាម​ដានស្ថានការណ៍ ហើយដាក់ចេញវិធានការមួយចំនួនបញ្ចៀសផលប៉ះពាល់កុំឱ្យធ្ងន់ធ្ងរ។ ជាពិសេសការ​ពារ​អាយុជីវិតរបស់ប្រជាពលរដ្ឋ។

លោកទេសរដ្ឋមន្ត្រី គន់ គីម បានអរគុណដល់អាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធ ដែលបានរួមគ្នាយ៉ាង​សស្រាក់​​សស្រាំជួយដល់ប្រជាពលរដ្ឋរងគ្រោះ។ លោកទេសរដ្ឋមន្ត្រី ក៏បានណែនាំដល់អាជ្ញាធរពាក់ព័ន្ធបន្ត​អនុវត្តន៍តាមបទបញ្ជាសម្តេចធិបតីនាយករដ្ឋមន្ត្រីឱ្យបានម៉ឺងម៉ាត់ជួយប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ក្នុងរដូវវស្សានេះ៕






No comments:

Post a Comment