Sunday, September 24, 2023

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ អញ្ជើញជួបសំណេះសំណាលជាមួយ បងបង្អូនសហគមន៍ខ្មែរ នៅអាមេរិក និងកាណាដា នាទីក្រុងញូវយ៉ក


នៅថ្ងៃទី២៣ ខែកញ្ញា ២០២៣ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ៤៖០០នាទីព្រឹកនៅកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នីហ៊ុនម៉ាណែត បានអញ្ជើញជួបសំណេះសំណាល ជាមួយ បងប្អូនសហគមន៍ខ្មែរ នៅសហរដ្ឋអាមេរិក និងកាណាដា នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ២៥០០នាក់។ 

ជាកិច្ចចាប់ផ្ដើម សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដោយក្តីរីករាយ ដែលបានជួបជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរដែលរស់នៅអាមេរិក និងកាណាដា។ ហើយក៏បានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ដែលឆ្លៀតពេលយ៉ាងមមាមញឹកក្នុងការអញ្ជើញមកគាំទ្រ និងអបអរសាទរសម្ដេចនាពេលនេះ។ 

សម្តេចធិបតីបានមានប្រសាសន៍ថា រាល់ដងធ្លាប់តែនៅក្រោយឆាករៀបចំឱ្យតែសម្តេចតេជោ តែ ថ្ងៃនេះឡើងវេទិកាមុខប្រជាពលរដ្ឋជាង២ពាន់នាក់។ 

សម្តេចធិបតី បានបន្តថា ការស្កាត់ជួបជុំគ្នានៅអាមេរិកពេលនេះ គឺជាការបង្ហាញឱ្យ​ឃើញពីសាមគ្គីរវាងខ្មែរ និងខ្មែរ។

ហើយឆ្លៀតនៅក្នុងឱកាសនេះ សម្តេចធិបតី ក៏បាននាំយកការផ្តាំផ្ញើនឹករលឹក និងសួរសុខទុក្ខពីសម្តេចតេជោ ជូនចំពោះបងប្អូនប្រជាពលរដ្ឋខ្មែរយើងទាំងអស់គ្នាដែលរស់នៅក្រៅប្រទេស។ សម្តេចតេជោ តែងតែនឹករលឹក និងគិតគូរប្រជាពលរដ្ឋគ្រប់ទីកន្លែង។

សម្តេចធិបតីនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលថ្មី អត់ចាំរយៈពេល១០០ថ្ងៃ គឺចាប់ផ្តើមបម្រើរាជរដ្ឋាភិបាលសស្រាក់សស្រាំតាំងពីរថ្ងៃទី១មកម្ល៉េះ។ កាលពី ថ្ងៃទី២២ សីហា ជាសារចាប់ផ្តើមរាជរដ្ឋាភិបាលបង្ហាញពីគោលនយោបាយបម្រើជាតិ។  ថ្ងៃទី២២ ខែកញ្ញា រយៈពេលមួយខែនៃការកាន់អំណាច សម្តេចធិបតី ស្ថិតនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ​ នាទីក្រុងញ៉ូយ៉ក​ សហរដ្ឋអាមេរិក តំណាងឲ្យកម្ពុជា​ ថ្លែងសារនយោបាយរបស់កម្ពុជា ទៅកាន់ពិភពលោក។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ទៀតថា ដំណើរចេញក្រៅប្រទេសរបស់សម្តេចមានបេសកកម្មចំនួន៣ រួមមាន៖ ការងារការទូត នយោបាយ និងសេដ្ឋកិច្ច។ វត្តមានរបស់សម្តេចនៅអង្គការសហប្រជាជាតិ គេអត់មានចាត់ទុកសម្តេចជានាយករដ្ឋមន្ត្រីខុសច្បាប់ ឬជាប្រទេសកម្រិតពីរនោះទេ គឺស្មើសិទ្ធិ ស្មើមុខស្មើមុខជាមួយប្រទេសជាសមាជិកដទៃទៀតដែរ។

ជំហររបស់កម្ពុជា នៅអង្គការសហប្រជាជាតិ គឺចង់ឱ្យពិភពលោកមានសុខសន្តិភាព ព្រោះបើពិភពលោកមិនមានសុខសន្តិភាព កម្ពុជាក៏មានបញ្ហាដូចគ្នាដែរ។

សម្តេចធិបតី បានមានប្រសាសន៍បន្តទៀតថា ការប្រឹងប្រែងរកទីផ្សារក្រៅប្រទេសមិនមែនដើម្បីប្រយោជន៍សម្តេចនោះទេ គឺដើម្បីប្រជាពលរដ្ឋ និងដើម្បីសេដ្ឋកិច្ចជាតិទាំងអស់គ្នា។ ជាក់ស្តែង តាមរយៈវេទិកាធុរកិច្ចអាមេរិក-កម្ពុជា សម្តេចរំពឹងថា នឹងមានការវិនិយោគពីអាមេរិកនៅកម្ពុជាថែមទៀត។សម្តេចធិបតីបានមានប្រសាសន៍ថា បើអង្គការសហប្រជាជាតិ មិនទទួលស្គាល់រាជរដ្ឋាភិបាល គេមិនឱ្យសម្តេចឡើងថ្លែងនៅអង្គការសហប្រជាជាតិនោះឡើយ ហើយអង្គការសហប្រជាជាតិក៏មិនឧទ្ទេសនាមសម្តេចជានាយករដ្ឋមន្ត្រីកម្ពុជាដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ពេលនេះមានមេដឹកនាំប្រទេសជាមិត្តរហូតដល់ទៅប្រមាណ ៥៩ប្រទេស បានផ្ញើសារអបអរសាទរសម្តេចឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី។

ក្នុងឱកាសសំណេះសំណាលនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការជួបជាមួយអនុរដ្ឋមន្ត្រីការបរទេសស្តីទីរបស់អាមេរិក គឺដើម្បីពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ។សម្តេចបានចោទសួរទៅក្រុមប្រឆាំង តើយល់យ៉ាងណានៅពេលអាមេរិក ផ្តល់ជំនួយអភិវឌ្ឍន៍១៨លានដុល្លារមកកម្ពុជាឡើងវិញ?។ សម្តេចធិបតីបានថ្លែងថា ជំហររបស់រាជរដ្ឋាភិបាល គឺដើម្បីជាតិ និងប្រជាជន។ 

សម្ដេចនាយករដ្ឋមន្ត្រីបានរំលឹកទៀតថា ចំនួនពលរដ្ឋជាង៨លាន ២សែននាក់ ដែលចេញទៅបោះឆ្នោត គឺបានបង្ហាញភាពត្រឹមត្រូវ និងភាពស្របច្បាប់នៃការបង្កើតរាជរដ្ឋាភិបាលនៅកម្ពុជា។ចំនួនពលរដ្ឋច្រើនលើសលប់ចេញទៅបោះឆ្នោត គឺបានបង្ហាញថា ពលរដ្ឋត្រូវការដំណើរប្រជាធិបតេយ្យ មិនត្រូវការសង្គ្រាមនោះឡើយ ព្រោះកម្ពុជា បានឆ្អែតឆ្អន់នឹងសង្គ្រាមអស់ហើយ។ ពលរដ្ឋខ្មែរភាគច្រើនដែលធ្លាក់ខ្លួនដល់អាមេរិកគឺដោយតែដោយសារតែសង្គ្រាម។

ទាក់ទងទៅនឹងកិច្ចការបន្តអភិវឌ្ឍន៍ប្រទេសជាតិ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ចន្លោះខែវិច្ឆិកា និងខែធ្នូ សម្តេចនឹងអញ្ជើញសម្ពោធព្រលានយន្តហោះនៅសៀមរាប ដែលជាព្រលានយន្តហោះថ្មី ដែលនឹងរួមចំណែកទាក់ទាញវិស័យទេសចរណ៍បន្ថែមទៀតនាពេលខាងមុខ ហើយនៅដើមឆ្នាំ២០២៤ សម្តេចនឹងអញ្ជើញសម្ពោធព្រលានយន្តហោះថ្មីនៅក្រុងតាខ្មៅផងដែរ។

សម្តេចធិបតីបានមានប្រសាសន៍រំលឹកថា ការបោះឆ្នោតមុនៗពលរដ្ឋភ័យ នាំគ្នាដកលុយពីធនាគារ ប៉ុន្តែបោះឆ្នោតឆ្នាំ២០២៣ ពលរដ្ឋអត់ភ័យ បោះឆ្នោតហើយនាំគ្នាចេញទៅលេងព្រះសីហនុ និងបណ្ដាតំបន់ទេសចរណ៍ផ្សេងៗឡើងស្ទះផ្លូវតែម្ដង ដែលនេះបញ្ជាក់អំពីភាពសប្បាយរីករាយ ភាពពេញចិត្តនិងអ្វីដែលកម្ពុជាមានសុខសន្តិភាពពេញផ្ទៃប្រទេស។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានពន្យល់រឿងគេចោទថា សម្តេចបោកពលរដ្ឋមុនបោះឆ្នោតដាក់បេក្ខភាពសម្តេចតេជោ ក្រោយបោះឆ្នោតបែរជាសម្តេចធិបតីឡើងដឹកនាំប្រទេស។

សម្តេចធិបតីបានថ្លែងថា បេក្ខភាពរបស់សម្តេចជានាយករដ្ឋមន្ត្រីបន្តវេនត្រូវបានបង្ហាញតាំងពីមុនពេលបោះឆ្នោត។

លទ្ធផលឆ្នោត បានបង្ហាញថា ពលរដ្ឋពេញចិត្តការដឹកនាំសម្តេច ហើយក៏ពេញចិត្តចំពោះអ្នកបន្តវេនផងដែរ។សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងតបទៅអ្នកនយោបាយនៅបារាំងថា សម្តេចមិនមែនក្មេងមិនទាន់ជ្រុះពន្លីពីក្បាលនោះទេ សក់ស្កូវអស់ហើយ ហើយសម្តេចក៏បងប្រធានាធិបតីបារាំងផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចកំពុងសិក្សាគោលនយោបាយផ្តល់អាហារូបត្ថម្ភដល់កូនខ្មែរពីមត្តេយ្យសិក្សា។នៅកម្ពុជាបច្ចុប្បន្នមិនមែនធ្វើតែការងារកាត់ដេរនោះទេ គឺអាចធ្វើការងារខាងពេជ្រ សឡា ដំឡើងរថយន្ត និងដំឡើងគ្រឿងបង្គំអេឡិចត្រូនិកផងដែរ។ពីមុននៅអាមេរិក មានតែផលិតផលដែលផលិតពីប្រទេសថៃ និងប្រទេសផ្សេងៗ តែបច្ចុប្បន្នក៏មានផលិតផលផលិតពីខ្មែរលើទីផ្សារអាមេរិកផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលនឹងប្រឹងប្រែងរុញឱ្យអត្រាភាពក្រីក្រធ្លាក់ចុះបន្តទៀត។សម្ដេចក៏បានពន្យល់ខ្មែរនៅអាមេរិក ពីនយោបាយកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។ ឆ្នាំ១៩៩៧ កម្ពុជា មានអត្រាភាពក្រីក្រ ប្រមាណ ៥៤ភាគរយ ពោល១០០នាក់ ៥៤នាក់។ បច្ចុប្បន្នអត្រាភាពក្រីក្រ មានតែ១៧ភាគរយ។

កម្ពុជា នៅតែបន្តមហិច្ឆតាប្រែក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។កម្ពុជា មិនទុកពលរដ្ឋក្រីក្រចោលនោះឡើយ ក្នុងនោះរាជរដ្ឋាភិបាល បានផ្តល់បណ្ណក្រីក្រជូនពលរដ្ឋមានជីវភាពខ្វះខាត ដើម្បីសម្រាលការលំបាករបស់ពួកគាត់។ ដរាបណាបក្សប្រជាជនកម្ពុជា បន្តដឹកនាំប្រទេស គឺមិនយកពន្ធដីស្រែចម្ការបស់កសិករនោះឡើយ។

រាជរដ្ឋាភិបាលកំពុងសិក្សាដាក់ឱ្យមានកម្មវិធីគាំពារផ្នែក​សុខ​ភាព​ដល់​សមាជិក​គ្រួសារកម្មករ និយោជិត ដោយតម្រូវឱ្យបង់ថវិកាប្រមាណ ១ម៉ឺន ៦ពាន់រៀលក្នុងមួយខែ។ រាជរដ្ឋាភិបាល​ក៏បានត្រៀមថវិកា ១០០លានដុល្លារ ធានាតម្លៃកសិផលរបស់ប្រជាកសិករផងដែរ។ ដល់ដំណាច់ឆ្នាំ២០២៣ យើងនឹងជ្រើសរើសមន្ត្រីបង្គោលផ្នែកកសិកម្ម ២៥០នាក់ ចុះធ្វើការតាមឃុំ ដើម្បីលើកទឹកចិត្តប្រជាកសិករនិងជំរុញកសិករឲ្យចេះធ្វើកសិកម្មបែបទំនើបឲ្យបានកាន់តែច្រើន។ 

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការអប់រំគុណធម៌ សីលធម៌ និងឥរិយាបថនេះ គឺត្រូវបណ្តុះបណ្តាលតាំងពីថ្នាក់មត្តេយ្យ។ ឪពុកម្តាយកាន់តែរវល់ អត់សូវមានពេលអប់រំកូននោះទេ ដូច្នេះក្រសួងអប់រំ ត្រូវបង្កើនតួនាទីនៃការអប់រំឱ្យបានច្រើន។ 

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងច្បាស់លាស់ថា រាជរដ្ឋាភិបាលនីតិកាលថ្មីនេះ មិនធ្វើបាបពលរដ្ឋ មិនធ្វើឱ្យពលរដ្ឋខកបំណងនោះឡើយ៕










































No comments:

Post a Comment