Wednesday, August 02, 2023

អគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ផ្ញើសារលិខិតជូន សម្ដេចតេជោ ហ៊ុន សែន អបអរសាទរចំពោះជោគជ័យ ក្នុងការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧

 (ហាណូយ)៖ លោក ង្វៀន ភូជុង (Nguyen Phu Trung) អគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម បានផ្ញើសារលិខិតមួយជូន សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ចំពោះជោគជ័យនៅក្នុងការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅនេះ។

តាមរយៈសារលិខិតដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន, លោក ង្វៀន ភូជុង បានបញ្ជាក់ថា លោកមានសេចក្តីសោមនស្សរីករាយក្រៃលែងចំពោះការបោះឆ្នោតរដ្ឋសភា នីតិកាលទី៧ អាណត្តិ ២០២៣-២០២៨ របស់កម្ពុជា ដែលបានប្រព្រឹត្តទៅ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ទទួលបានជោគជ័យត្រចះត្រចង់។

ជាមួយស្មារតីសមមិត្តដែលផ្សាភ្ជាប់យ៉ាងជិតស្និត តាងនាមគណៈកម្មាធិការមជ្ឈិមបក្សកម្មុនីស្ត វៀតណាម លោកសូមគោរពផ្ញើជូនគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន នូវមនោសញ្ចេតនាដ៏ជិតស្និត និងសូមអបអរសាទរគណបក្សប្រជាជនកម្ពុជា ដែលបានទទួលជ័យជំនះយ៉ាងធំធេង ក្នុងការបោះឆ្នោតរដ្ឋសភា នីតិកាលទី៧ ដែលលទ្ធផលនៃការបោះឆ្នោតនេះ ជាថ្មីម្ដងទៀតបានបញ្ជាក់ ពីតួនាទី និងកិត្យានុភាពរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេច។

នៅក្នុងសារលិខិតបានបញ្ជាក់ទៀតថា៖ យើងខ្ញុំមានជំនឿជឿជាក់យ៉ាងមុតមាំថា តាមរយៈភាពប្រសើរឡើង នៃលទ្ធផលសម្រេចបាន រួម ជាមួយនឹងបទពិសោធន៍ដ៏សម្បូរបែប និងការគាំទ្រដ៏លើសលុបពីសំណាក់ប្រជាជនកម្ពុជា រដ្ឋសភា និង រដ្ឋាភិបាលថ្មីនៅកម្ពុជា ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា នឹងត្រូវបានបង្កើតឡើងក្នុងពេលដ៏ឆាប់ ហើយបន្តសម្រេចបានសមិទ្ធផលថ្មីៗ និងធំធេងបន្ថែមទៀត ក្នុងបុព្វហេតុការពារ កសាង និងអភិវឌ្ឍន៍ មាតុភូមិកម្ពុជា ក្នុងសន្តិភាព ស្ថិរភាព អភិវឌ្ឍន៍ និងវិបុលភាព។

លោកបានគាំទ្រយ៉ាងពេញទំហឹងចំពោះបុព្វហេតុកសាង និងអភិវឌ្ឍន៍មាតុភូមិកម្ពុជា និងធ្វើអស់ពី កម្លាំងកាយចិត្ត រួមជាមួយកម្ពុជាថែរក្សា ពូនជ្រំ និងផ្តល់ទៅឲ្យអ្នកជំនាន់ក្រោយនូវទំនាក់ទំនងដ៏ល្អ ប្រសើររវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសយើងទាំងពីរ។

លោកសូមជូនពរឲ្យទំនាក់ទំនងនៃភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ ជ្រុងជ្រោយ រឹងមាំយូរអង្វែងរវាងវៀតណាម -កម្ពុជា ស្រស់បំព្រងជានិច្ចនិរន្តរ៍ និងរឹងមាំជាអមតៈ។ លោកអគ្គលេខាធិការ សូម ប្រសិទ្ធពរជូនចំពោះសម្តេចតេជោ ហ៊ុន សែន សូមទទួលបាននូវសុខភាពល្អបរិបូណ៍ សុភមង្គល និងជោគជ័យ ក្នុងតួនាទីដ៏ឧត្តុង្គឧត្តមផងដែរ៕




No comments:

Post a Comment