Tuesday, August 29, 2023

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ចូលរួមជាអធិបតីនៅក្នុងកម្មវីធីសម្តែងសិល្បៈ អបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ចិន និងកម្មវិធីផ្លាស់ប្តូរវប្បធម៌ «ប្រទេសស្រស់ស្អាត-ខេត្តចម្រុះពណ៌»

 

ប្រទេសចិន គឺជាមិត្តដ៏ល្អរបស់កម្ពុជា ដែលបានចូលរួមគាំទ្រ, ជំរុញ និងលើកកម្ពស់កិច្ចការគាំពារ និងអភិរក្សបេតិកភណ្ឌវប្បធម៌ ជាតិ ព្រមទាំងកិច្ចអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជាប្រកបដោយចីរភាព និងបរិយាបន្ន តាមរយៈក្របខណ្ឌទ្វេភាគី និងពហុភាគី ជាពិសេស ក្នុងរយៈពេលជិត ៣ ទស្សវត្សរ៍ចុងក្រោយនេះ។

នេះបើតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ថ្លែងក្នុងឱកាសដែល ឯកឧត្តម ចូលរួមជាអធិបតីនៅក្នុងកម្មវីធីសម្តែងសិល្បៈ អបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ចិន និងកម្មវិធីផ្លាសប្តូរវប្បធម៌ «ប្រទេសស្រស់ស្អាត-ខេត្តចម្រុះពណ៌» ដែលរៀបចំឡើងដោយ ស្ថានទូតចិនប្រចាំនៅកម្ពុជា នៅមជ្ឈមណ្ឌលពិពណ៌ និងសន្និបាតកោះពេជ្រ នាល្ងាចថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ កន្លងទៅនេះ ដោយមានវត្តមានចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ សិស្ស-និស្សិត យ៉ាងច្រើនកុះករផងដែរ។

ក្រោយពីបានស្តាប់សុន្ទរកថាដ៏មានអត្ថន័យពោរពេញដោយភាតរភាព និងសេចក្តីសោមនស្សរីករាយរបស់ ឯកឧត្តម ឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋ ប្រជាមានិតចិនប្រចាំនៅកម្ពុជា, ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានផ្តល់ជាកិត្តិយសដ៏ខ្ពង់ខ្ពស់ ថ្លែងទៅកាន់អង្គពិធីថា ចំណងទាក់ទងល្អរវាងកម្ពុជា និងមិត្តចិន លើគ្រប់វិស័យ ក្នុងនោះមានទាំងវិស័យវប្បធម៌ សង្គម-សេដ្ឋកិច្ច និងនយោបាយ គឺមានអាយុកាលដ៏យូរណាស់មកហើយ។ ក្នុងសហសម័យនេះ ទំនាក់ទំនងមិត្តភាពដែកថែប ក៏ត្រូវបានចាក់គ្រឹះ និងកសាងឡើង ក្រោមស្នាព្រះហស្តដ៏ថ្លៃថ្លារបស់ សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ហើយបន្ទាប់មកក៏ត្រូវបានពង្រឹង និងពង្រីកឱ្យកាន់តែស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ ជាបន្តបន្ទាប់បន្ថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វរបស់ សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន ជាមួយថ្នាក់ដឹកនាំកំពូលៗ របស់មិត្តចិនជាច្រើនជំនាន់មក រហូតទទួលបានវឌ្ឍនភាពដ៏គួរឱ្យកត់សម្គាល់ និងបានបង្កើត និងបង្កើនកាលានុវត្តភាព ព្រមទាំងផលប្រយោជន៍ផ្លែផ្កា ទៅវិញទៅមកជូនប្រជាជន នៃប្រទេសទំាងពីរបានយ៉ាងច្រើន។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានមានប្រសាសន៍ថា ប្រទេសទាំងពីរបានក្លាយទៅជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយលើគ្រប់វិស័យ នៅឆ្នាំ ២០១០ និងឈានទៅបង្កើត «ក្របខណ្ឌកិច្ចសហប្រតិបត្តិការទ្វេភាគីខ្សែក្រវាត់និងផ្លូវ» នៅឆ្នាំ២០១៧ ដើម្បីជំរុញការតភ្ជាប់ហេដ្ឋារចនា-សម្ព័ន្ធ-សេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគ ជាពិសេស ការតភ្ជាប់ប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ, និងបានចាប់ផ្តើមការកសាង សហគមន៍វាសនារួមកម្ពុជា-ចិន នៅឆ្នាំ២០១៩។

ផ្អែកលើមូលដ្ឋានគ្រឹះចាក់ស្រេះដ៏រឹងម៉ាំនេះហើយ ទើបប្រទេសទាំងពីរ សម្រេចបង្កើតនូវ «ក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ» កាលពី ខែកុម្ភៈ ឆ្នាំ២០២៣  ដើម្បីចាប់យក កាលានុវត្ដភាពអភិវឌ្ឍន៍ឱ្យអស់សក្តានុពល និងឱ្យកាន់តែធំធេង ដោយផ្ដោតលើលើ វិស័យចំនួន ៦ រួមមាន (១)-កិច្ចសហប្រតិបត្តិការនយោបាយ, (២)-គុណភាព និងសមត្ថភាព ផលិតកម្ម, (៣)-កសិកម្ម,  (៤)- ថាមពល, (៥)-សន្ដិសុខ និង (៦)-ការផ្លាស់ប្ដូរប្រជាជន និងប្រជាជន ព្រមទាំងបានឯកភាពគ្នាបង្កើតច្រករបៀងសេដ្ឋកិច្ចថ្មីចំនួន ២ គឺ «ច្រករបៀងមច្ឆា និងអង្ករ» និង «ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា»។

ឯកឧត្តម បានបន្ថែមថា «កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន» ដែលចូលជាធរមាន កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ រួចហើយនោះ ក៏បានក្លាយជាកាតាលីករយ៉ាងសំខាន់ក្នុងការជំរុញ និងគាំទ្រដល់កំណើនចរន្តសេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគ ជាពិសេស ការគាំទ្រពីសំណាក់ប្រជាជនចិនលើ កសិផលកម្ពុជា ដូចជា អង្ករ ផ្លែស្វាយ ចេក និងមៀន និងផលិតផលកម្ពុជាដទៃទៀតនៅក្នុងទីផ្សារចិន ដែលបាននិងកំពុងរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍវិស័យកសិកម្មនិងការនាំចេញរបស់កម្ពុជា ដោយក្នុងនោះ គិតត្រឹមឆ្នាំ ២០២២, ទំហំពាណិជ្ជកម្មទ្វេភាគី សម្រេចបានជាង ១១ ពាន់លានដុល្លារ អាមេរិក ហើយគ្រោងពង្រីកឱ្យកើនដល់ ១៥ ពាន់លានដុល្លារអាមេរិក ឬ ច្រើនជាងនេះ នៅឆ្នាំ២០២៥ ។  

ជាមួយគ្នានេះ ប្រទេសចិន ក៏ជាប្រភពវិនិយោគដ៏សំខាន់របស់កម្ពុជាផងដែរ ក្នុងនោះ សម្រាប់ឆ្នាំ២០២២ ទំហំវិនិយោគចិន មានចំនួន ១,៥ ពាន់លានដុល្លារអាមេរិក ហើយកម្ពុជារំពឹងថា ទំហំវិនិយោគនឹងកើនឡើងជាបន្តបន្ទាប់ ស្របពេលដែលកម្ពុជា កំពុងតែយកចិត្តទុកដាក់ក្នុងការកែលម្អបរិយាកាសឱ្យកាន់ តែអំណោយផលដល់ការវិនិយោគពីបរទេស សំដៅជំរុញកំណើនសេដ្ឋកិច្ចនិងបង្កើនការងារ ជាពិសេស លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាឱ្យបានកាន់តែល្អប្រសើរ ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានបញ្ជាក់ផងដែរថា គម្រោងវិនិយោគសំខាន់ៗ របស់ចិននៅកម្ពុជា ក្នុងក្របខណ្ឌកិច្ចសហ-ប្រតិបត្តិការទ្វេភាគី ជាពិសេស ក្នុងក្របខណ្ឌខ្សែក្រវាត់ និងផ្លូវ មានដូចជា (១)-ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ, (២)-ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ហើយផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ក៏នឹងលេចរូបរាងនាពេលខាងមុខ ដែលនឹងចូលរួមលើកកម្ពស់ ការតភ្ជាប់ប៉ូលសេដ្ឋកិច្ចក្នុងស្រុក បានមួយកម្រិតទៀត, (៣)-អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី ។ល។ លើសពីនេះ មិត្តចិនក៏បានជួយការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត សម្រាប់វិស័យសង្គម-វប្បធម៌ ជាច្រើន ក្រោមជំនួយអភិវឌ្ឍន៍របស់មិត្តចិន ដែលបានរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា និងលើកស្ទួយសុខុមាលភាពរបស់ប្រជាជនកម្ពុជា ក្នុងនោះរួមមាន ពហុកីឡដ្ឋានជាតិមរតកតេជោ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនខេត្តត្បូងឃ្មុំ អគារមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ និងជំនួយអភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជា។

ទន្ទឹមនេះ ឯកឧត្តម ក៏បានកត់សម្គាល់ អំពីការរីកចម្រើនឥតឈប់ឈរ នូវការផ្លាស់ប្តូរ ខាងវប្បធម៌ មនុស្សជាតិ រវាងប្រទេសទាំងពីរ តួយ៉ាង ទំនាក់ទំនងវប្បធម៌ដែលចាប់ផ្ដើមពីការមកទស្សនារបស់ ភ្ញៀវទេសចរ ចិន នៅ កម្ពុជា ក្នុងចំនួន រហូតដល់ ទៅជាង២លាននាក់ មុនវិបត្តិកូវីដ-១៩, ហើយកម្ពុជាសង្ឃឹមថានឹងអាចទទួលភ្ញៀវទេសចរចិន ២ លាននាក់ ឬច្រើនជាងនេះ ដូចមុនវិបត្តិជំងឺកូវីដ-១៩ ក្រោយពីការបង្កើនជើងហោះហើរត្រង់បន្ថែមទៀតរវាងប្រទេសទាំងពីរ។ ជាងនេះទៀត មិត្តចិន ក៏បានចូលរួមយ៉ាងពេញទំហឹងក្នុងការស្តារ និងអភិរក្សបេតិកភណ្ឌវប្បធម៌កម្ពុជា តាមរយៈការផ្តល់នូវគម្រោងជំនួយក្នុងការ ជួសជុលប្រាសាទចៅសាយទេវតា ការជួសជុលព្រះបរមរាជវាំងនៅអង្គរ គាំពារ និងជួសជុល ប្រាសាទព្រះវិហារ និង បេតិកភណ្ឌ វប្បធម៌ នានាជាច្រើនផ្សេងទៀត។ បន្ថែមលើនេះ, ការចាត់បញ្ជូន ផ្លាស់ប្តូរ និស្សិត ឱ្យ បន្ត ការសិក្សា និង ការបណ្តុះបណ្តាល ធនធានមនុស្ស រវាង ប្រទេសទាំងពីរ ត្រូវបានកើនឡើងជាបន្តបន្ទាប់ ស្របពេលដែលមានការបណ្ដុះបណ្ដាលសិស្ស-និស្សិតកម្ពុជា ក៏មានការរីកចម្រើនឥតឈប់ឈរផងដែរ។

ឯកឧត្តម ចាត់ទុកវេទិកានេះ ជាវេទិកាប្រវត្តិសាស្រ្តមួយ ដែលអាចនឹងពង្រឹងទំនាក់ទំនងក្នុងគ្រប់វិស័យរវាងប្រទេសយើងទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត ក្នុងដំណាក់កាលនៃការធ្លាក់ចុះនៃសេដ្ឋកិច្ចសកល ជាពិសេស ក្នុងការផ្លាស់ប្តូរនូវនិម្មាបនកម្មនយោបាយ និងសេដ្ឋកិច្ចសកល ។

ជាចុងបញ្ចប់ ឯកឧត្តម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជា មានិតចិន ជាពិសេស ឯកឧត្តម វ៉ាង វិនធាន ដែលបានខិតខំជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ និង ពីមួយឆ្នាំទៅមួយឆ្នាំ៕





No comments:

Post a Comment