Wednesday, July 26, 2023

ឯកឧត្តម សួស យ៉ារ៉ា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារពីគណៈប្រតិភូអន្តរជាតិជាអតីតមេដឹកនាំ អតីតប្រធានាធិបតី ថា្នក់ដឹកនាំសភាក្នុងតំណែង អ្នកការទូត និងតំណាងស្ថាប័នផ្សេងៗជាច្រើនរូប

 ក្នុងអំឡុងពេលនៃព្រឹត្តិការណ៍បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី ៧ នៃរដ្ឋសភា ពីថ្ងៃទី២០ ដល់ថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារពីគណៈប្រតិភូអន្តរជាតិជាអតីតមេដឹកនាំ អតីតប្រធានាធិបតី ថា្នក់ដឹកនាំសភាក្នុងតំណែង អ្នកការទូត និងតំណាងស្ថាប័នផ្សេងៗជាច្រើនរូបខណៈពេលនៃការបំពេញទស្សនកិច្ចចូលរួមសង្កេតការការបោះឆ្នោតនៅព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម ប្រធានគណៈកម្មការទី៥ នៃរដ្ឋសភា បានសម្តែងនូវការស្វាគមន៏យ៉ាងកក់ក្តៅ និងវាយតម្លៃខ្ពស់ ចំពោះដំណើរអញ្ជើញចូលរួមសង្កេតការការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី ៧ របស់គណៈប្រតិភូទាំងអស់ និងបានគូសបញ្ជាក់ថា វត្តមានរបស់គណៈប្រតិភូទាំងអស់បានចូលរួមចំណែកយ៉ាងធំធេង និងបានវាយតម្លៃប្រកបដោយភាពយុត្តិធម៌ដល់ការអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

ជាងនេះទៅទៀត ដំណើរចូលរួមសង្កេតការបោះឆ្នោតរបស់គណៈប្រតិភូអន្តរជាតិ ពិតជារួមចំណែកបន្ថែមទៀត ក្នុងការបន្តពូនជ្រុំលើកកម្ពស់ទំនាក់ទំនង មិត្តភាពប្រពៃណី និងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងប្រជាជាតិនានាលើសកលលោក ដែលនេះជាការអនុវត្តនូវស្មារតីដ៏មុះមុតរវាង ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ គ្រប់វិសយ័របស់រដ្ឋ ។

ឯកឧត្តម សួស យ៉ារ៉ា បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅដល់អ្នកសង្កេតការណ៍អន្តរជាតិ ដែលបានចូលរួមចំណែក និងគាំទ្រ ដោយបានធ្វើការវាយតម្លៃយ៉ាងសុក្រឹតនៃដំណើរការនៃការបោះឆ្នោត និងការរាប់ សន្លឹកឆ្នោតនៅក្នុងប្រទេសកម្ពុជា។

ជាការពិតណាស់ សន្តិភាពទទួលបាននាពេលនេះគឺបានមកដោយលំបាក។ ដូចនេះ បំណងប្រាថ្នារបស់ប្រជាជនកម្ពុជាគឺសន្តិភាព សម្រាប់ការអភិវឌ្ឍ សុខមាលភាព ជីវភាព និងផលប្រយោជន៍របស់ប្រជាជន។
សូមគូសបញ្ជាក់ផងដែរថា អ្នកសង្កេតការណ៍អន្តរជាតិដែលបានថ្លែងក្នុងសន្និសីទសារព័ត៌មាននាល្ងាចថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ បានបង្ហាញការយល់ឃើញថា ប្រព័ន្ធនយោបាយពហុបក្សនៅកម្ពុជា គឺជាមូលដ្ឋាននៃសន្តិភាពនិងការអភិវឌ្ឍន៍។ អ្នកសង្កេតការណ៍អន្តរជាតិទាំងអស់ខាងលើ បានធ្វើការសន្និដ្ឋានថា ការបោះឆ្នោតនៅកម្ពុជាគឺបានប្រព្រឹត្តទៅប្រកបដោយសេរី យុត្តិធម៌ និងតម្លាភាព។ លទ្ធផលនៃការបោះឆ្នោតនេះឆ្លុះបញ្ចាំងពីឆន្ទៈពិតប្រាកដរបស់ប្រជាជនកម្ពុជា ដែលមានជំនឿទុកចិត្តលើប្រព័ន្ធនយោបាយពហុបក្ស។





No comments:

Post a Comment