Tuesday, July 25, 2023

រដ្ឋបាលរាជធានីភ្នំពេញ ជម្រាបជូនគណៈប្រតិភូរុស្ស៊ីអំពីការរីកចំរើន និងភាពរឹងមាំ នៃប្រជាធិបតេយ្យនៅកម្ពុជា ជាពិសេសលទ្ធផល នៃការបោះឆ្នោតនៅភ្នំពេញ

 នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣នេះ លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជួបពិភាក្សាការងារជាមួយលោក Andrey Maximov ប្រធានគណៈកម្មការសភាពលរដ្ឋនៃសហព័ន្ធរុស្ស៉ី ទទួលបន្ទុកការងារអភិវឌ្ឍដែនដី បរិស្ថានទីក្រុង និងហេដ្ឋារចនាសម្ព័ន្ធ នៅសាលប្រជុំធំ នៃសាលារាជធានីភ្នំពេញ។

ជំនួបពិភាក្សាការងារនេះ ធ្វើឡើងក្នុងឱកាស នៃដំណើរបេសកកម្មរបស់គណៈប្រតិភូសភាពលរដ្ឋនៃសហព័ន្ធរុស្ស៉ី នៅកម្ពុជា ដើម្បីចូលរួមសង្កេតការណ៍ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងឱកាសនៃជំនួបពិភាក្សាការងារនេះ លោក Andrey Maximov បានជម្រាបថា នៅក្នុងដំណើរទស្សនកិច្ចនាពេលនេះ លោកបានសង្កេតឃើញអំពីការរីកចំរើន និងការអភិវឌ្ឍយ៉ាងលឿនរហ័ស ប្រកបដោយភាពរស់រវ៉ើក និងសក្តានុពលខ្ពស់របស់រាជធានីភ្នំពេញ។

លោកក៏បានឆ្លៀតកោតសរសើរដល់ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅកម្ពុជា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ នាពេលកន្លងមកថ្មីៗនេះ ដែលបានធ្វើឡើងប្រកបដោយសុវត្ថិភាព មានវិជ្ជាជីវៈ និងមានការគិតគូរដ៏ល្អ។

ឆ្លើយតបនឹងការលើកឡើងខាងលើ លោកអភិបាលរងរាជធានីភ្នំពេញ បានថ្លែងអំណរគុណ និងបានជម្រាបថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលបានប្រព្រឹត្តទៅនាពេលថ្មីៗនេះ ទទួលបានជោគជ័យខ្ពស់ ដោយមានការអញ្ជើញចូលរួមពីបងប្អូនប្រជាពលរដ្ឋអ្នកមានសិទ្ធិបោះឆ្នោតក្នុងអត្រាមួយដ៏ខ្ពស់ ក្នុងនោះអត្រានៃការចូលរួមបោះឆ្នោតធៀបនឹងបញ្ជីបោះឆ្នោតនៅរាជធានីភ្នំពេញ មានរហូតដល់ ៨៥,៧២% ដែលបានសបញ្ជាក់ យ៉ាងច្បាស់អំពីប្រជាធិបតេយ្យដែលបានចាក់គ្រឹះយ៉ាងរឹងមាំនៅកម្ពុជា។

បន្ថែមលើនោះ លោក នួន ផារ័ត្ន បានជម្រាបជូនលោកប្រធានគណៈកម្មការសភាពលរដ្ឋនៃសហព័ន្ធរុស្ស៉ី អំពីការងារអភិវឌ្ឍន៍នៅរាជធានីភ្នំពេញ ដែលមានផែនការ និងការគ្រប់គ្រង ប្រកបដោយចក្ខុវិស័យមួយច្បាស់លាស់ តាមរយៈការរៀបចំជាមុននូវផែនការមេនានា រួមមាន៖ ផែនការមេប្រើប្រាស់ដីធ្លី ២០១៥-២០៣៥, ផែនការមេស្តីពីការលើកកម្ពស់ប្រព័ន្ធប្រឡាយ-លូ និងទឹកកខ្វក់ក្នុងរាជធានីភ្នំពេញ ឆ្នាំ២០១៦, ផែនការមេស្តីពី ការគ្រប់គ្រងប្រព័ន្ធដឹកជញ្ជូន ឆ្នាំ២០១៤ និងផែនទីយុទ្ធសាស្ត្រស្តីពីទីក្រុងឆ្លាត និងមាននិរន្តរភាពរបស់រាជធានីភ្នំពេញ ឆ្នាំ២០២២-២០៣៥។

នៅក្នុងជំនួបនេះ ភាគីទាំងបានសម្លឹងឃើញអំពីលទ្ធភាពក្នុងការបង្កើតកិច្ចសហប្រតិបត្តិការរវាងគ្នា លើការងារសំខាន់ៗមួយចំនួន រួមមាន៖ ការរៀបចំទីក្រុង វិស័យទេសចរណ៍ ប្រព័ន្ធដឹកជញ្ជូនសាធារណៈ និងការងារពាក់ព័ន្ធមួយចំនួន ដែលអាចចែករំលែកបទពិសោធន៍ និងអាចរៀនសូត្រពីគ្នាបាន។

ជាលទ្ធផល គណៈប្រតិភូរុស្ស៊ីសំណូមពរឱ្យរដ្ឋបាលរាជធានីភ្នំពេញពិចារណាលើការពិនិត្យលទ្ធភាពចុះអនុស្សរណៈស្តីពីការយោគយល់លើកិច្ចសហប្រតិបត្តិការរវាងគ្នា ហើយជាមួយគ្នានោះ គណៈប្រតិភូរុស្ស៊ីក៏បានអញ្ជើញ គណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញបំពេញទស្សនកិច្ចនៅទីក្រុងសេដ្ឋកិច្ចរបស់សហព័ន្ធរុស្ស៊ីនៅពេលវេលាសមស្របខាងមុខនេះផងដែរ៕







 



No comments:

Post a Comment