Thursday, July 27, 2023

លោក ហ៊ុន ម៉ានី៖ «បងណែត! ពួកយើងជឿជាក់លើបង!»

 (ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី កូនប្រុសពៅរបស់សម្តេចតេជោ ហ៊ុន សែន បានបង្ហាញការជឿជាក់យ៉ាងមុតមាំថា ការឡើងមកគ្រងតំណែងជានាយក​រដ្ឋ​មន្ត្រីរបស់លោក ហ៊ុន ម៉ាណែត ប្រទេសកម្ពុជានឹងនៅតែបន្តដំណើរទៅមុខ​ប្រកបដោយសុទិដ្ឋិនិយម មោទនភាព ភាពជឿជាក់ ភាពស្វាហាប់ និង​ការ​ប្តេជ្ញា​ចិត្តខ្ពស់ ដើម្បីបុព្វហេតុជាតិ និងប្រជាជនឆ្ពោះទៅមុខ។

លោក ហ៊ុន ម៉ានី បានចេញមកបង្ហាញទស្សនៈ និងការជឿជាក់បែបនេះ បន្ទាប់​ពីសម្តេចតេជោ ហ៊ុន សែន បានចេញមកប្រកាសជាសាធារណៈ ក្នុងការផ្ទេរតំណែងនាយករដ្ឋមន្ត្រីទៅឱ្យលោក ហ៊ុន ម៉ាណែត ចាប់ពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣តទៅ។

លោក ហ៊ុន ម៉ានី បានគូសបញ្ជាក់បែបនេះ «ការបន្តវេន មុន និងក្រោយគង់​តែ​ត្រូវមកដល់ក៏ពិតមែន តែច្បាស់ណាស់ថា ក្រោមការដឹកនាំរបស់បងប្រុស ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាលនឹងនៅតែបន្តបម្រើ​ដោយ​ស្មោះ​ស្ម័គ្រចំពោះជាតិ និងប្រជាជន ឥតងាករេ និងមានតែប្រឹងប្រែង​ទ្វេដង​ថែម​ទៀត»

ទន្ទឹមនឹងការបង្ហាញទស្សនៈ និងជឿជាក់លើការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត ហើយនោះ លោក ហ៊ុន ម៉ានី ក៏បានលើកបង្ហាញនូវគំរូវីរភាពដ៏​អស្ចារ្យរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងបុព្វហេតុជាតិ និងប្រជាជនផងដែរ។

លោក ហ៊ុន ម៉ានី បានចាត់ទុកសម្តេចតេជោ ជាឪពុកដែលតែងតែផ្តល់​ក្តី​ស្រលាញ់ដល់កូនៗ ជាគ្រូ និងជាអ្នកដឹកនាំឆ្នើម និងជាគំរូ។

ខាងក្រោមនេះ ជាសារទាំងស្រុងរបស់លោក ហ៊ុន ម៉ានី៖

#លើសពីឪពុក…
- ជាឪពុកដែលតែងតែផ្តល់ក្តីស្រលាញ់ដល់កូនៗ
- ជាគ្រូ
- ជាអ្នកដឹកនាំឆ្នើម និងជាគម្រូ

មានរឿងរ៉ាវជាច្រើនដែលយើងត្រូវនិយាយ និងរៀនសូត្រពីការលះបង់ ជាច្រើនរាប់មិនអស់របស់ ពុក/សម្តេចតេជោនាយករដ្ឋមន្រ្តី សម្រាប់ជាតិ មាតុភូមិ និងប្រជាជនតាំងពីយុវវ័យ រហូតដល់បច្ចុប្បន្នដែលមិនអាច មាន ពាក្យអ្វីនឹងថ្លែងអស់។ អ្នកដទៃអាចមិនយល់ស្របជាមួយគាត់ ក្រុមមួយក្តាប់ តូច (មិនថាខ្មែរ ឬបរទេស) អាចមិនគាំទ្រគាត់ តែពួកគេមិនអាចប្រកែក បាន ឡើយពីស្នាដៃដ៏ធំធេង ដែលពុក/សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏ដូចជា​ថ្នាក់​ដឹក​នាំនៃគណបក្សប្រជាជនកម្ពុជាទូទាំងប្រទេសបានលះបង់ជូនជាតិ និង​ប្រជា​ជនបាននោះទេ។

បងប្អូនជនរួមជាតិប្រាកដជាបានស្តាប់នូវប្រសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កាលពីរសៀលថ្ងៃនេះហើយ។ នេះជាការលះ​បង់​ដ៏​ធំ​ធេងមួយទៀតរបស់លោក ក្នុងការមិនបន្តកាន់តំណែងជានាយករដ្ឋមន្ត្រី (បើ​ទោះបីជាលោកនៅអាចបន្តធ្វើបាន) ដើម្បីបម្រើដល់ទស្សនវិស័យវែងឆ្ងាយ ក្នុងការត្រួសត្រាយផ្លូវឱ្យអ្នកបន្តវេនបន្តទទួលខុសត្រូវលើជោគវាសនាប្រទេសជាតិ និងប្រជាជន ដោយគ្មានស្ទាក់ស្ទើរ និងមិនចុះចាញ់ចំពោះឧបសគ្គ។
ការបន្តវេន មុន និងក្រោយគង់តែត្រូវមកដល់ក៏ពិតមែន តែច្បាស់ណាស់ថា ក្រោមការដឹកនាំរបស់បងប្រុស ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី រាជរដ្ឋា​ភិបាល​នឹងនៅតែបន្តបម្រើដោយស្មោះស្ម័គ្រចំពោះជាតិ និងប្រជាជន ឥតងាករេ និងមានតែប្រឹងប្រែងទ្វេដងថែមទៀត។

លើសពីឪពុក …

១) ការបម្រើជាតិ និងប្រជាជនដោយស្មោះស្ម័គ្រឥតងាករេពេញមួយជីវិត
២) ការតម្កល់ «ជាតិ និងប្រជាជនជាចម្បង» មិនត្រឹមតែជាពាក្យ​សម្រាប់​តែ​និយាយ ដើម្បីគ្រាន់តែស្តាប់ពិរោះប៉ុណ្ណោះទេ តែវាបានកើតចេញពីការសង្កេត ការរៀនសូត្រ និងការហ្វឹកហាត់ខ្លួន ដើម្បីក្លាយខ្លួនជាបុគ្គលមួយ​រូបដែល​មាន​ជំនឿជាក់ និងការលះបង់ដូចសព្វថ្ងៃ។
៣) សិល្បៈនៃការដឹកនាំ ដែលមានទាំងចក្ខុវិស័យ និងភាពជាក់ស្តែង​និយម​ក្នុង​ការអនុវត្ត​ បត់បែនទៅតាមដំណាក់កាលនៃការវិវឌ្ឍសង្គមចាប់តាំងពីឆ្នាំ ១៩៨០ រហូតមកដល់បច្ចុប្បន្ន ប្រកបដោយភាពម៉ឺងម៉ាត់ និងជំហររឹងមាំ​លើ​ឆាក​អន្តរជាតិ តែទន់ភ្លន់ កក់ក្តៅជាមួយប្រជាជនគ្រប់ស្រទាប់វណ្ណៈក្នុងសង្គម ជាពិសេសគឺជនរួមជាតិកម្ពុជា។

ក្នុងស្មារតីនេះ ក្នុងនាមជាយុវជនកម្ពុជាមួយរូប ខ្ញុំសូមសម្តែងនូវសេច​ក្តីថ្លែង​អំណរ​គុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ ពុក/សម្តេចតេជោ ថ្នាក់ដឹក​នាំ​គណ​បក្ស និងរាជរដ្ឋាភិបាលទាំងអស់ដែលបានលះបង់ស្ទើរពេញមួយជីវិត ជាពិសេសលះបង់យុវវ័យរបស់ខ្លួនដើម្បីជាតិ ស្រោចស្រង់ចេញពីគំនរផេះផង់​នៃសង្រ្គាមផ្ទៃក្នុង ទៅកាន់ត្រើយសន្តិភាព ដឹកនាំប្រទេសពីបាតដៃទទេ ក្លាយ​ទៅ​ជាប្រទេសមានចំណូលមធ្យមកម្រិតទាប ពីប្រទេសដែលយុវជន​ស្ទើរតែ​គ្មាន​ឱកាសសោះ ទៅជាប្រទេសដែលបង្កើតឱកាសជាច្រើន ក្នុងបរិយាកាស​មិន​ចាញ់ប្រទេសដទៃ ក៏ដូចជាបណ្តាស្នាដៃជាច្រើនរាប់មិនអស់ផ្សេងទៀត។ ក្នុងនាមខ្ញុំជាកូនខ្មែរមួយរូប ខ្ញុំគ្មានពាក្យអ្វីក្រៅពីសូមថ្លែងអំណរ​គុណយ៉ាង​ជ្រាលជ្រៅបំផុតអស់ពីដួងចិត្ត នូវពលិកម្មដ៏ធំធេងរបស់លោក​ក្នុងបេសក​កម្ម​បម្រើជាតិមាតុភូមិ និងប្រជាជន។ សូមអរគុណចំពោះការប្រែក្លាយកម្ពុជា ពីកម្ពុជា៤ទសវត្សមុនឱ្យទៅជាកម្ពុជាដែលពោរពេញដោយឱកាសដើម្បីលូតលាស់ក្រោមម្លប់នៃសន្តិភាព ស្ថិរភាព និងចំពោះការបង្ហាញផ្លូវ និងផ្តល់ភាពជាគម្រូដល់កូនចៅជំនាន់ក្រោយដើម្បីបន្តទទួលខុសត្រូវលើជោគវាសនាប្រទេសជាតិតទៅមុខ។

ព្រះរាជាណាចក្រកម្ពុជានឹងបន្តដំណើរទៅមុខប្រកបដោយសុទិដ្ឋិនិយម មោទ​កភាព ភាពជឿជាក់ ភាពស្វាហាប់ និងការប្តេជ្ញាចិត្តខ្ពស់ដើម្បីបុព្វហេតុជាតិ និងប្រជាជនឆ្ពោះទៅមុខទៀត។ បងណែត! ពួកយើងជឿជាក់លើបង!


No comments:

Post a Comment