Tuesday, June 27, 2023

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ ពុទ្ធចក្រ និងអាណាចក្រមានការរីកចម្រើនព្រមៗគ្នា ខណៈដែលប្រទសជាតិមានសុខសន្តិភាពពេញលេញ

 សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានថ្លែងថា ពុទ្ធចក្រ និងអាណាចក្រមានការរីកចម្រើនព្រមៗគ្នា ខណៈដែលប្រទេសជាតិមានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ។ 

សម្តេចកិត្តិសង្គហបណ្ឌិត ថ្លែងបែបនេះខណៈដែលសម្តេចបាន អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារ និងឆ្លងសមិទ្ធិផលនានា ក្នុងវត្តអណ្តូងពោធិ៍ ស្ថិតនៅភូមិត្រពាំងបុស្ស ឃុំអណ្តូងពោធិ៍ ស្រុករមាសហែក ខេត្តស្វាយរៀង នាព្រឹកថ្ងៃអង្គារ ១០កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ ។

សម្តេចកិត្តិសង្គហបណ្ឌិត បានមានប្រសាសនថា សមិទ្ធិផលដែលដាក់សម្ពោធឲ្យប្រើប្រាស់ក្នុងថ្ងៃនេះគឺជា ទឹកចិត្តសទ្ធាជ្រះថ្លារបស់ ឯកឧត្តម មាស សារិន និងលោកជំទាវ សុខ ផល្លី, ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា និងលោកជំទាវ, ឯកឧត្តម ម៉ែន វិបុល និងលោកជំទាវ ឯកឧត្តម ព្រាប គារ៉ាត់ និងក្រុមការងារ ដែលបានចំណាយថវិកាសាងសង់អស់ជាង ៦៣០លានរៀល ។ សម្តេចកិត្តិសង្គហបណ្ឌិត បានបន្តទៀតថា វិស័យព្រះពុទ្ធសាសនា បានចូលរួមចំណែក និងដើរតួនាទីយ៉ាងសំខាន់ ជាមួយរាជរដ្ឋាភិបាល ក្នុងការអប់រំដល់ប្រជាពលរដ្ឋជាពុទ្ធបរិស័ទ ឲ្យបានយល់ដឹងនូវអំពើល្អ និងអំពើអាក្រក់ជៀសបានការប្រព្រឹត្តនូវអំពើអបាយមុខផ្សេងៗនៅក្នុងសង្គម និងបានចូលរួមអភិវឌ្ឍជាតិឲ្យមានការីកចម្រើន។

សម្តេចកិត្តិសង្គហបណ្ឌិត បានបន្តថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានខិតខំថែរក្សាការពារឱ្យបាននូវសុខសនិ្តភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍលើគ្រប់វិស័យ ទាំងក្នុងផ្នែកអាណាចក្រ និងពុទ្ធចក្រ ។ ជាក់ស្តែង សុខសន្តិភាពដែលប្រជាពលរដ្ឋទទួលបានមកដល់សព្វថ្ងៃនេះ ពិតជាមានតម្លៃដែលមិនអាចកាត់ថ្លៃបាននោះទេ។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន មានឆន្ទៈការប្តេជ្ញាចិត្តខ្ពស់ ថែរក្សាការពារបុព្វហេតុរួមគឺការកសាង ការពារ និងអភិវឌ្ឍប្រទេស ដោយនាំមកនូវអនាគតដ៏ត្រចះត្រចង់ជូនប្រជាពលរដ្ឋ។

ជាចុងក្រោយ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ក៏បានយល់ព្រមទទួលយកសំណើរបិណ្ឌបាត្ររបស់ព្រះចៅអធិការវត្តទួលតាធន់ ដើម្បីកសាងរបងវត្ត ដោយត្រូវចំណាយថវិកាអស់ ៣១លានរៀល ។





No comments:

Post a Comment