Thursday, June 29, 2023

សាលសហសិក្សាតេជោសែន នឹងចូលរួមលើកស្ទួយការបណ្តុះបណ្តាលធនធាន ក្នុងវិស័យសាធារណការ

 ក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្ពោធដាក់ឲ្យប្រើប្រាស់ នូវសាលសហសិក្សាតេជោសែន ដែលជាអគារសម្រាប់ជួយរៀបចំវគ្គបណ្តុះបណ្តាលបន្ថែម ទៅលើជំនាញបច្ចេកទេស និងជំនាញពាក់ព័ន្ធផ្សេងៗ ជូនដល់ថ្នាក់ដឹកនាំ និងបុគ្គលិកមន្ត្រីរាជការ ព្រមទាំងនិស្សិត នៃវិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន ។

ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់សាលសហសិក្សាតេជោសែន នៅថ្ងៃរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍ថា រាជរដ្ឋាភិបាលបានចាត់ទុកការអភិវឌ្ឍធនធានមនុស្ស គឺជាវិស័យអាទិភាពមួយនៅក្នុងចំណោមវិស័យអាទិភាពចម្បងៗ និងសំខាន់ៗ ក្នុងនោះការអភិវឌ្ឍធនធានមនុស្ស ពាក់ព័ន្ធនឹងវិស័យសាធារណការ និងដឹកជញ្ជូន គឺជាតម្រូវការចាំបាច់ដែលត្រូវយកចិត្តទុកដាក់ខ្ពស់ ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បន្តថា ការបង្កើនសមត្ថភាពធនធានមនុស្ស នៅក្នុងវិស័យមួយនេះ ជាកិច្ចការអាទិភាពដ៏ចម្បងមួយរបស់ក្រសួង ដែលថ្នាក់ដឹកនាំគ្រប់រូប ចង់ឃើញកូនខ្មែរមាន​សមត្ថភាពអាចសាងសង់ ផ្លូវថ្នល់ ស្ពានធំៗ និងបណ្តាញហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន​គ្រប់ប្រភេទបានដោយខ្លួនឯង នាពេលអនាគត។

ឯកឧត្តម ស៊ុន ចាន់ថុល បានបញ្ជាក់ថា ការបង្កើនសមត្ថភាពធនធានមនុស្សនេះ ត្រូវបានអនុវត្តដោយវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ដែលបានដាក់ចេញកម្មវិធីបណ្តុះបណ្តាលចំនួន ៣កម្រិត រួមមានទី១. កម្រិតវិស្វករ និងបណ្ឌិត, ទី២. កម្រិតអ្នកជំនាញមធ្យមបច្ចេកទេសជាន់ខ្ពស់ និងការបណ្ដុះបណ្តាលជំនាញខ្លីៗ និងទី៣. ការបណ្តុះបណ្តាលជំនាញផ្នែកទន់ ។

ក្នុងឱកាសនោះ សម្ដេចពិជ័យ ជំរុញក្រសួងសាធារណការ ឱ្យខិតខំបន្តអនុវត្តនូវគម្រោងធំៗ និងគម្រោង​ជាប្រវត្តិសាស្ត្រទាំងឡាយ ដែលបានប្រកាសដាក់ចេញ ជាពិសេសគម្រោង​ផ្លូវនាវាចរណ៍ថ្មី “ព្រែកជីកហ្វូណនតេជោ” ដែលជាគំនិតផ្តួចផ្តើមមួយដ៏ល្អ និងមានសារៈប្រយោជន៍​ដ៏ធំធេងទាំងផ្នែកនយោបាយ សេដ្ឋកិច្ច និងសង្គមពីគម្រោងជាប្រវត្តិសាស្ត្រ ។

សម្ដេច ក៏បានស្នើឱ្យបន្តខិតខំអភិវឌ្ឍន៍ធនធានមនុស្សរបស់ក្រសួង ដើម្បីរួមចំណែកក្នុងការលើកកម្ពស់​សមត្ថភាព ចំណេះដឹង និងជំនាញឱ្យកាន់តែច្បាស់លាស់​លើការកសាងហេដ្ឋារចនា សម្ព័ន្ធផ្លូវ-ស្ពានគ្រប់ប្រភេទ ។

គួរបញ្ជាក់ថា សាលសហសិក្សាតេជោសែន មានបណ្តោយ ៣១,៣ម៉ែត្រ និងទទឹង ១៨ម៉ែត្រ មានលទ្ធភាពអាចផ្ទុកអ្នកចូលរួមបានប្រមាណ ២៣០នាក់ ។ នៅចំកណ្តាលស្លាបជញ្ជាំងផ្នែកខាងកើតនៃសាល ដែលបំពាក់ទៅដោយឧបករណ៍បច្ចេកវិទ្យាទំនើបៗមួយនេះ មានការតម្លើងនូវ LED Screen ដែលមានបណ្ដោយ៧ម៉ែត្រ និងទទឹង៤ម៉ែត្រ (ស្មើនឹង ៣២៥អ៊ីញ) ។ ការសាងសង់សាលសហសិក្សានេះ បានចំណាយថវិកាអស់ប្រមាណជាង ៦៥ម៉ឺនដុល្លារអាមេរិក ដែលជាប្រភពមូលនិធិចូលរួមពីសប្បុរសជននានា ៕






No comments:

Post a Comment