Wednesday, May 03, 2023

រដ្ឋមន្រ្ដី ជា វ៉ាន់ដេត៖ គម្រោងខ្សែកាបអុបទិកក្រោមបាតសមុទ្រហុងកុង-ភ្នំពេញ តម្លៃ១៦៥លានដុល្លារនឹងបញ្ចប់ក្នុងឆ្នាំ២០២៤ ឆ្លើយតបគ្រប់គ្រាន់តម្រូវការ Internet របស់កម្ពុជា

 (ភ្នំពេញ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឲ្យបញ្ជាក់ថា គម្រោងតបណ្ដាញខ្សែកាបអុបកទិកក្រោមបាតសមុទ្រហុងកុង-រាជធានីភ្នំពេញ មានតម្លៃ ១៦៥លានដុល្លារ នឹងឆ្លើយតបបានគ្រប់គ្រាន់ ចំពោះតម្រូវការប្រើប្រាស់អ៊ីនធឺណេតនៅកម្ពុជា។

ការលើកឡើងរបស់លោករដ្ឋមន្ត្រី ជា វ៉ាន់ដេត ធ្វើឡើងក្នុងពិធីចុះហេត្ថលេខាលើអនុស្សរណៈនៃការយោគយល់ សម្រាប់កិច្ចសហប្រតិបត្តិការ ដាក់ឲ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verfy.gov.kh ការរៀបចំប្រព័ន្ធបច្ចេកវិទ្យាឌីជីថល និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់អ៊ីនធឺណេត រវាងក្រសួងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣នេះ។

លោក ជា វ៉ាន់ដេត បានថ្លែងថា «ចំពោះគម្រោងតបណ្ដាញខ្សែកាបអុបទិក ក្រោមបាតសមុទ្រហុងកុង-រាជធានីភ្នំពេញ មានតម្លៃប្រមាណ ១៦៥លានដុល្លារ ក្រសួងបានកំពុងបន្ដកិច្ចការងារលើគម្រោងនេះ ដោយបាន និងកំពុងសាងសង់ហើយ។ ដូច្នេះក្នុងឆ្នាំ២០២៤ យើងជឿជាក់ថា នឹងមានខ្សែបណ្ដាញក្រោមបាតសមុទ្រ ចូលមកដល់ប្រទេសកម្ពុជាជាមួយសមត្ថភាពធំ ល្បឿនលឿន ដែលនឹងឆ្លើយតបគ្រប់គ្រាន់ នឹងតម្រូវការបច្ចុប្បន្នរបស់កម្ពុជា»

លោកបន្ថែមថា​ កម្ពុជាបានតភ្ជាប់ខ្សែកាបតាំងពី ១៥ឆ្នាំមុន ដែលឆ្លើយតបនឹងតម្រូវការតាំងពីពេលតភ្ជាប់រហូតដល់បច្ចុប្បន្ន ដូច្នេះចាប់ពីពេលនេះទៅថ្ងៃអនាគត កម្ពុជាត្រូវការប្រើប្រាស់ទិន្នន័យច្រើន ដូច្នេះកម្ពុជាត្រូវការខ្សែកាប មានសមត្ថភាពធំ ល្បឿនលឿន ដើម្បីឆ្លើយតបនឹងតម្រូវការនៃការប្រើប្រាស់។

លោករដ្ឋមន្ត្រីបានបន្ដទៀតថា ចំពោះទឹកប្រាក់ដែលត្រូវបានប្រើប្រាស់ ដើម្បីតភ្ជាប់បណ្ដាញខ្សែកាបអុបទិក ក្រោមបាតសមុទ្រហុងកុង-រាជធានីភ្នំពេញ គឺកម្ពុជាបានកម្ចីពីរដ្ឋាភិបាលចិន ហើយកម្ពុជានឹងប្រើប្រាស់ផលចំណេញ ពីការលក់សេវាអ៊ីធើណេតនេះ ដើម្បីសងត្រឡប់ទៅកាន់រដ្ឋាភិបាលចិនវិញ ដោយឡែកចំពោះរយៈពេលនៃការអនុវត្តគម្រោងនេះ មានរយៈពេល៣០ឆ្នាំ។

លោកបានបញ្ជាក់ថា ចំពោះបណ្ដាញខ្សែកាបអុបទិក ក្រោមបាតសមុទ្រហុងកុង-រាជធានីភ្នំពេញនេះ មានតម្លៃធូរថ្លៃ មានល្បឿនលឿន-រហ័ស ឆ្លើយតបបានគ្រប់គ្រាន់តម្រូវការ ចំពោះការប្រើប្រាស់របស់សាធារណជន។

សូមជម្រាបថា គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៣ កម្ពុជាមានអ្នកប្រើប្រាស់សេវាអ៊ីនធឺណិតចល័តជាង ១៧លានស៊ីម និងសេវាអ៊ីនធឺណិតអចល័តជាង ៣១ម៉ឺន ប្រតិបត្តិករផ្តល់សេវាអ៊ីនធឺណិតចំនួន ៣៨ ប្រតិបត្តិករ ហេដ្ឋារចនាសម្ព័ន្ធខ្សែកាបអុបទិកលើគោក និងខ្សែកាបអុបទិក ក្រោមបាតសមុទ្រចំនួន ៥ និងបណ្តាញខ្សែកាបអុបទិកក្រោមបាតសមុទ្រ ក្នុងដែនសមុទ្រកម្ពុជាមានប្រវែង ៦៤០គីឡូម៉ែត្រ៕






No comments:

Post a Comment