Tuesday, March 07, 2023

វិភាគអន្តរជាតិ៖ សង្រ្គាមអ៊ុយក្រែនរបស់លោក ពូទីន និងក្ដីសុបិនរបស់រុស្ស៉ី នៅឥណ្ឌូប៉ាស៊ីហ្វិក


(វ៉ាស៊ីនតោន)៖ សង្រ្គាមឈ្លានពានរបស់លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានដុតបញ្ឆេះក្ដីសង្ឃឹមរបស់រុស្ស៉ីក្នុងដំណើរផ្លូវឆ្ពោះទៅរកទីផ្សារក្នុងតំបន់អាស៊ី ខណៈព្រមពេលជាមួយគ្នា វាក៏ បានបង្កើតជាឧបសគ្គដែលរារាំងដល់ទំនាក់ទំនងរបស់រុស្ស៉ី ជាមួយបណ្ដាប្រទេសជាច្រើនក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកផងដែរ។ ឥណ្ឌូប៉ាស៊ីហ្វិក ស្ថិតនៅឆ្ងាយពីសង្រ្គាមអ៊ុយក្រែនក៏ពិតមែន ប៉ុន្តែ សង្រ្គាមរបស់លោក ពូទីន បានជះឥទ្ធិពល និងការប្រែប្រួលជាច្រើនលើសន្តិសុខថាមពល សន្តិសុខស្បៀងអាហារ ទំនាក់ទំនងទ្វេភាគី និងភូមិសាស្ត្រនយោបាយ ហើយដែលការប្រែប្រួល ទាំងនេះសុទ្ធតែអាចបង្កផលប៉ះពាល់ដល់អនាគត និងផលប្រយោជន៍សម្រាប់រុស្ស៉ី នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ ខាងក្រោមនេះគឺជាចំណុចដែលគួរស្វែងយល់ពីសង្រ្គាមរបស់លោក ពូទីន និងអនាគតរបស់រុស្ស៉ីនៅឥណ្ឌូប៉ាស៊ីហ្វិក៖



* រុស្ស៉ីសម្លឹងឆ្ពោះទៅទិសខាងកើត

ដោយមានទឹកដីជាង ៣ភាគ៤ ស្ថិតនៅក្នុងទ្វីបអាស៊ី រុស្ស៉ីបានព្យាយាមពង្រីកតួនាទីរបស់ខ្លួននៅក្នុងតំបន់អាស៊ីប៉ាស៉ីហ្វិក អស់រយៈពេលជាយូរមកហើយ។ ចាប់ផ្ដើមមុនគេដោយ អតីតមេដឹកនាំសូវៀត លោក Nikita Khrushchev មេដឹកនាំរុស្ស៉ីក្រោយៗមកទៀតបានធ្វើទស្សនកិច្ចជាញឹកញាប់ពីទីក្រុងមូស្គូ ឆ្ពោះទៅកាន់ទីក្រុង Vladivostok ដើម្បីបង្ហាញពីការចូលរួម យ៉ាងសកម្មរបស់ពួកគេនៅក្នុងតំបន់។ ប៉ុន្តែ ភាពតានតឹងក្នុងសង្រ្គាមត្រជាក់ និងភាពទន់ខ្សោយខាងសេដ្ឋកិច្ចនៃតំបន់ចុងបូព៌ារបស់រុស្ស៉ី បានបង្កការរាំងស្ទះដល់មហិច្ឆតានេះ។

ក្នុងឆ្នាំ២០១២ នៅពេលដែលរុស្ស៉ីធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលកិច្ចសហប្រតិបតិ្តការអាស៊ីប៉ាស៊ីហ្វិក ឬហៅកាត់ថា APEC នៅឯទីក្រុង Vladivostok មហិច្ឆតា និងក្ដីសុបិនងាកទៅរក តំបន់អាស៊ីបានលេចចេញជារូបរាងកាន់តែច្បាស់ឡើងវិញ។ តែក្នុងរយៈពេល៥ឆ្នាំក្រោយមកទៀត «យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ» ដាក់ចេញដោយរដ្ឋបាល អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្កជាឧបសគ្គរាំងស្ទះសាជាថ្មី ដល់មហិច្ឆតាពង្រីកឥទ្ធិពលនៅអាស៊ីរបស់រុស្ស៉ី ដោយអាមេរិកបានបញ្ចុះបញ្ចូលឱ្យឥណ្ឌាដែលជាដៃគូ ដ៏សំខាន់របស់រុស្ស៉ី ចូលរួមក្នុងក្រុមប្រទេសក្វាដ (Quad) ដែលផ្ដោតជាសំខាន់លើការខ្ទប់ការកើនឡើងឥទ្ធិពលចិនដែលជាដៃគូយុទ្ធសាស្រ្តសម្រាប់រុស្ស៉ី។ នៅក្រោមហេតុផលនេះហើយ​ ទីក្រុងមូស្គូ បានប្រឆាំងជំទាស់នឹង «យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក» របស់សហរដ្ឋអាមេរិក ដោយមើលឃើញថាវាជាកិច្ចប្រឹងប្រែងខ្ទប់តួនាទីរុស្ស៉ីក្នុងតំបន់ ហើយចាប់ពីពេលនោះមកដែរ រុស្ស៉ី បានងាកមកនិយាយផ្ដោតតែទៅលើផលប្រយោជន៍របស់ខ្លួនក្នុងតំបន់អាស៊ីប៉ាស៉ីហ្វិក។

* លំហូរចូលថាមពលថ្មីមកកាន់តំបន់អាស៊ី

ចាប់តាំងពីសង្រ្គាមនៅអ៊ុយក្រែន ផ្ទុះឡើងកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២មក រុស្ស៉ីបានបង្កើនការនាំចេញប្រេង និងឧស្ម័នចូលទៅកាន់ទីផ្សារអាស៊ី ជាពិសេសគឺទីផ្សារចិន និងឥណ្ឌា ដើម្បីប៉ះប៉ូវការធ្លាក់ចុះនៃការលក់ថាមពលទៅកាន់ទីផ្សារអឺរ៉ុប។ ការងាកទៅរកទីផ្សារអាស៊ី ពិតជាមានសារៈសំខាន់បំផុតចំពោះរុស្ស៉ី ដែលមានសេដ្ឋកិច្ចពឹងផ្អែកយ៉ាងខ្លាំងលើប្រភពចំណូល បានមកពីការនាំចេញថាមពល។ រុស្ស៉ីអាចរកប្រាក់ចំណូលបានពីការលក់ថាមពលស្មើនឹង១៥ភាគរយនៃផលិតផលនៅក្នុងស្រុកសរុប (GDP) និងស្មើនឹងពាក់កណ្ដាលនៃប្រាក់ចំណូល បានមកពីវិស័យនាំចេញ។

កាលពីឆ្នាំ២០២១ ប្រេងឆៅរបស់រុស្ស៉ីជិតពាក់កណ្ដាល ព្រមទាំង៧៤ភាគរយនៃឧស្ម័ន និង៣២ភាគរយនៃធ្យូងថ្ម ត្រូវបាននាំចេញទៅកាន់ទីផ្សារអឺរ៉ុប។ ប៉ុន្តែចាប់តាំងពីផ្ទុះសង្រ្គាមឈ្លានពាន អ៊ុយក្រែនមក ការនាំចេញប្រេងរុស្ស៉ីទៅកាន់អឺរ៉ុបបានធ្លាក់ចុះមកនៅត្រឹម ៣៥ភាគរយ ហើយប្រេងរុស្ស៉ីច្រើនជាងពាក់កណ្ដាលក្នុងពេលបច្ចុប្បន្ន បន្តហូរចូលទៅកាន់បណ្ដាប្រទេសស្ថិត នៅក្រៅទ្វីបអឺរ៉ុប។ ក្នុងនោះចិនបានក្លាយជាទីផ្សារនាំចូលប្រេង ឧស្ម័ន និងធ្យូងថ្មី ធំជាងគេបំផុតពីរុស្ស៉ី ដោយការនាំចូលប្រភពថាមពលទាំងនេះបានកើនឡើងពី៤១ភាគរយ ឬគិតជា ទឹកប្រាក់ស្មើនឹង ៤១ពាន់លានដុល្លារ ក្នុងឆ្នាំ២០២១ ដល់៦៨ពាន់លានដុល្លារគិតត្រឹមខែធ្នូ ឆ្នាំ២០២២ ស្របពេលដែលឥណ្ឌាក៏បានបង្កើនការទិញប្រេងពីរុស្ស៉ីផងដែរ ក្រោមការលក់បញ្ចុះ តម្លៃ។

នៅក្រោមការលក់បញ្ចុះតម្លៃ បណ្ដាប្រទេសជាច្រើនក្នុងតំបន់អាស៊ី បាននិងកំពុងបង្កើនការនាំចូលប្រេង និងឧស្ម័នពីរុស្ស៉ី ដែលនេះអាចជួយឱ្យទីក្រុងមូស្គូបង្កើនតុល្យភាពទំនាក់ទំនងជាមួយ បណ្ដាប្រទេសក្នុងតំបន់អាស៊ី និងលោកខាងលិច។ រុស្ស៉ីបានចំណាយពេលរាប់ទសវត្សរ៍ ដើម្បីសាងសង់បំពង់បង្ហូរថាមពលដំបូងទៅកាន់ប្រទេសចិន តែគិតត្រឹមឆ្នាំ២០២២កន្លងទៅ ការនាំចេញថាមពលរបស់រុស្ស៉ីនៅតែបន្តផ្ដោតទៅលើទីផ្សារអឺរ៉ុបនៅឡើយ។ ឧស្ម័នរុស្ស៉ីនាំចេញទៅកាន់អឺរ៉ុបមួយភាគធំ ធ្វើឡើងតាមរយៈបំពង់ឧស្ម័នដែលនេះមិនអាចឱ្យរុស្ស៉ីបង្វែរឧស្ម័ន មកកាន់តំបន់អាស៊ីវិញក្នុងពេលភ្លាមៗនោះទេ។ បណ្ដាប្រទេសក្នុងតំបន់អាស៊ីបានសម្រេចចិត្តឧស្ម័នប្រភេទ LNG ដឹកតាមកប៉ាល់ ហើយបើទោះជាចិនបង្កើនការនាំចូល ឧស្ម័នពីរុស្ស៉ីក៏ពិតមែន តែបច្ចុប្បន្នក៏ការនាំចេញនេះមានត្រឹមតែ១ភាគ៣ប៉ុណ្ណោះ នៃឧស្ម័នដែលរុស្ស៉ីនាំចេញទៅអឺរ៉ុប។

* រុស្ស៉ី ឥណ្ឌា និងចិន ក្នុងទំនាក់ទំនងត្រីកោណ

ចិន និងឥណ្ឌា សព្វថ្ងៃជាដៃគូដ៏សំខាន់បំផុតសម្រាប់រុស្ស៉ី។ ប៉ុន្តែ រុស្ស៉ីក៏ត្រូវជួបនឹងផលវិបាកជាច្រើនផងដែរ ក្នុងការរក្សាតុល្យភាពទំនាក់ទំនងទាំងជាមួយចិន និងឥណ្ឌា ដែលកំពុងមាន ជម្លោះព្រំដែននឹងគ្នាស្រាប់។ ក្នុងន័យនេះសម្រាប់រុស្ស៉ី «បាតដៃក៏សាច់ ខ្នងដៃក៏សាច់» ពោលគឺប្រសិនបើរុស្ស៉ីងាកទៅរកចិនខ្លាំងពេក នោះវានឹងធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនង ក៏ដូចជា បង្កការសង្ស័យដល់ទំនុកចិត្តរបស់ឥណ្ឌាចំពោះរុស្ស៉ី ជាពិសេសក្នុងករណីជម្លោះ ឬសង្រ្គាមផ្ទុះឡើងរវាងឥណ្ឌា និងចិន។ ម្យ៉ាងវិញទៀត បើរុស្ស៉ីពឹងផ្អែករឹតតែខ្លាំងទៅលើចិន នោះវាក៏អាច នឹងជំរុញឱ្យឥណ្ឌាដោះដៃពីរុស្ស៉ីបន្តិចម្ដងៗងាកទៅរកសហរដ្ឋអាមេរិកវិញផងដែរ។ ដូចគ្នាដែរ បើរុស្ស៉ីងាកទៅរកឥណ្ឌាខ្លាំងពេក នោះចង់ ឬមិនចង់វាអាចធ្វើឱ្យរង្គោះរង្គើរដល់ទំនាក់ទំនង ជាមួយចិន។

* ការសម្របខ្លួនរបស់បណ្ដាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍

នៅមុនសង្រ្គាមអ៊ុយក្រែនផ្ទុះឡើង ក្រៅតែពីចិន ឥណ្ឌា និងវៀតណាមដែលជាដៃគូយូរអង្វែង រុស្ស៉ីក៏បានព្យាយាមពង្រឹងទំនាក់ទំនងជាមួយបណ្ដាប្រទេសដទៃក្នុងតំបន់អាស៊ីប៉ាសីហ្វិក ផងដែរ។ ដើម្បីអាចធ្វើបែបនេះបាន ទោះមានទំនាក់ទំនងផ្អែមល្ហែមជាមួយចិន ក៏ពិតមែន ក៏លោក ពូទីន នៅតែផ្ដល់ការគាំទ្រមានដែនកំណត់ចំពោះចិន ជុំវិញសំណុំរឿងសមុទ្រចិនខាងត្បូង ហើយមានពេលខ្លះ ចិន និងរុស្ស៉ីថែមទាំងប្រជែងគ្នាក្នុងការលក់អាវុធ និងបរិក្ខារយោធាសម្រាប់ទីផ្សារអាស៊ីអាគ្នេយ៍ទៀតផង។

ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ភាគច្រើន លើកលែងតែឡាវ និងវៀតណាមដែលបានបោះឆ្នោតអនុបវាទ សុទ្ធតែបានបោះឆ្នោតគាំទ្រដំណោះស្រាយ UN ថ្កោលទោសសង្រ្គាមឈ្លានពានរុស្ស៉ី ប៉ុន្តែក្នុងចំណោមពួកគេមានតែសិង្ហបុរីតែមួយគត់បានចូលរួមជាមួយសហរដ្ឋអាមេរិក និងលោកខាងលិចក្នុងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងទីក្រុងមូស្គូ ហើយសេចក្ដីថ្លែងការណ៍អាស៊ាន ក៏មិនបានថ្កោលទោស ឬរិះគន់រុស្ស៉ីចំៗនោះដែរ។ សម្រាប់បណ្ដាប្រទេសភាគច្រើនក្នុងតំបន់អាស៊ីអាគ្នេយ៍ សង្រ្គាមនៅអ៊ុយក្រែន បានធ្វើឱ្យពួកគេជួបបញ្ហាស្មុគស្មាញជាច្រើនដូចជាការឡើងថ្លៃ តម្លៃប្រេង និងស្បៀងអាហារ រីឯការដាក់ទណ្ឌកម្ម និងការកើនឡើងនៃការប្រជែងឥទ្ធិពលគ្នារវាងពួកមហាអំណាចនឹងមានតែបង្កឱ្យភាពអាប់អួរដល់បរិយាកាសសន្តិសុខនៅក្នុងតំបន់។

ខណៈការប្រកួតប្រជែងដណ្ដើមឥទ្ធិពលគ្នារវាងពួកមហាអំណាច តួយ៉ាងដូចជាចិន និងរុស្ស៉ី បានកើនឡើងជាលំដាប់ នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បណ្ដាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ បានព្យាយាមរក្សាជំហរអព្យាក្រឹត និងប្រឹងប្រែងបញ្ចៀសកុំឱ្យខ្លួនឯងត្រូវធ្លាក់ចូលក្នុងស្ថានភាពត្រូវបង្ខំចិត្តជ្រើសរើសរវាងចិន និងអាមេរិក។

* តំបន់អាស៊ីបូព៌ា ត្រៀមលក្ខណៈសម្រាប់សេណារីយ៉ូអាក្រក់

ប្រទេសក្នុងតំបន់អាស៊ី ដែលរងផលប៉ះពាល់ទាំងល្អ និងអាក្រក់ ខ្លាំងជាងគេពីសង្រ្គាមឈ្លានពានរបស់រុស្ស៉ី នៅអ៊ុយក្រែនរួមមានជប៉ុន កូរ៉េខាងត្បូង និងកូរ៉េខាងជើងជាដើម។ កូរ៉េខាងត្បូង និងជប៉ុន មានការព្រួយបារម្ភដូចគ្នាចំពោះអស្ថិរភាពនៅក្នុងតំបន់ឥណ្ឌូប៉ាស៉ីហ្វិក តែទីក្រុងសេអ៊ូល និងទីក្រុងតូក្យូ បានប្រកាន់ជំហរផ្សេងៗគ្នាឆ្លើយតបទៅនឹងរុស្ស៉ី។ ជប៉ុនបានថ្កោលទោស និងដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងរុស្ស៉ីដោយត្រង់ៗ រីឯកូរ៉េខាងត្បូងមិនបានប្រកាន់ជំហរដាច់ណាច់ប្រឆាំងរុស្ស៉ីដូចជាជប៉ុននោះទេ។ ពីព្រោះថាជំហររបស់ជប៉ុនមានគោលដៅផ្ញើសារទៅកាន់ចិន ខណៈកូរ៉េខាងត្បូងវិញ មានគោលដៅទៅលើកូរ៉េខាងជើង។ នៅក្នុងការបញ្ចេញប្រតិកម្មចំពោះរុស្ស៉ី កូរ៉េខាងត្បូងក៏កំពុងស្វែងយល់ផងដែរថាតើកូរ៉េខាងជើងបានទាញយកមេរៀនអ្វីខ្លះពីសង្រ្គាម នៅអ៊ុយក្រែន ដូចជាការសម្លុតគំរាមប្រើអាវុធនុយក្លេអ៊ែរជាដើម។ បន្ថែមពីលើនេះ ក្នុងបរិបទដែលសង្រ្គាមនៅអ៊ុយក្រែននៅតែបន្តអូសបន្លាយ កូរ៉េខាងជើងនៅតែអាចទាញយកប្រយោជន៍ ជាច្រើនតាមរយៈការកាត់បន្ថយសម្ពាធរបស់រុស្ស៉ីលើបញ្ហានុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង ហើយអាចពង្រឹងទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយរុស្ស៉ីដែលនេះជាក្ដីកង្វល់ដ៏ធំសម្រាប់កូរ៉េខាងត្បូង និងជាហេតុផលមួយជំរុញឱ្យលោក យូន ស៊ុកយុល ស្នើឱ្យសហរដ្ឋអាមេរិកដាក់ពង្រាយអាវុធនុយក្លេអ៊ែរឡើងវិញនៅកូរ៉េខាងត្បូង ឬក៏ទីក្រុងសេអ៊ូលត្រូវអភិវឌ្ឍអាវុធនុយក្លេអ៊ែរផ្ទាល់ខ្លួនតែម្ដង។

គួរបញ្ជាក់ថា សង្រ្គាមរបស់លោក ពូទីន នៅអ៊ុយក្រែន បាន និងកំពុងបង្កព្រួយបារម្ភយ៉ាងខ្លាំងចំពោះសហរដ្ឋអាមេរិក ជុំវិញការខិតកាន់តែជិតគ្នារវាងរុស្ស៉ី និងចិន ជាពិសេសពាក់ព័ន្ធនឹងតួនាទី របស់រុស្ស៉ី នៅពេលអនាគត ក្នុងករណីចិនសម្រេចចិត្តប្រើកម្លាំងយោធាលើតៃវ៉ាន់។ ប៉ុន្តែ ដោយសារតែសង្រ្គាមនេះ រុស្ស៉ីក៏នឹងត្រូវប្រឈមមុខនឹងផលវិបាកជាច្រើនដែលជះឥទ្ធិពលដល់ក្ដីសុបិន ដែលទីក្រុងមូស្គូចង់ដើរតួនាទីយ៉ាងសំខាន់នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ទាំងសេដ្ឋកិច្ច និងសន្តិសុខនៅក្នុងតំបន់៕ (Frsh News)

No comments:

Post a Comment