Tuesday, March 14, 2023

សម្តេចតេជោ ហ៊ុន សែន ៖ គណបក្សប្រជាជនកម្ពុជា មិនសន្យាខ្យល់នោះទេ គឺធ្វើពិត ប្រជាជនទទួលបានផលជាក់ស្តែង

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ថ្លែងថា មនុស្សមួយចំនួន មិនហ៊ាននិយាយពីសន្តិភាពនោះទេ ដោយហេតុផលថាសន្តិភាពបានមកពីគណបក្សប្រជាជនកម្ពុជា អ្នកឯងនិយាយ ឬមិននិយាយ ក៏ប្រជាជនទាំងមូល ទទួលបានផលផ្លែផ្កាពីសុខសន្តិភាពរួចស្រេចទៅហើយ ក្នុងនោះក៏មានពួកអ្នកឯងផងដែរ។ 

សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញពិនិត្យវឌ្ឍនភាពសាងសង់វារីអគ្គិសនី ស្ទឹងពោធិ៍សាត់១ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍ។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបន្តថា បន្តិចទៀត ពួកគេដើរឃោសនាថា បោះឆ្នោតឱ្យគេទៅ គេនឹងធ្វើនេះ ធ្វើនោះឱ្យ ឥឡូវមានគណបក្សចំនួន២ ចាប់ផ្តើមដេញថ្លៃគ្នា រឿងលុយកាក ដោយចេញកម្មវិធីនយោបាយថា មនុស្សចាស់ឱ្យ២០ម៉ឺនរៀល រីឯបក្សមួយទៀត មនុស្សចាស់ឱ្យ ២៥ម៉ឺនរៀល មិនត្រឹមតែប៉ុន្នឹង ពួកគេដើរឃោសនាសន្យាថា បើបោះឆ្នោតឱ្យគេ គេនឹងឱ្យផ្ទះក្បឿង ទាំងដែលអ្នកសន្យាកំពុងនៅផ្ទះស្បូវសោះ។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបញ្ជាក់ថា បក្សនយោបាយផ្សេងៗសន្យាអ្វី សន្យាទៅ តែគណបក្សប្រជាជនកម្ពុជា ដែលដឹកនាំរាជរដ្ឋាភិបាល គឺអត់សន្យាបានទេ គឺធ្វើពិត ប្រជាជនទទួលបានផលប្រយោជន៍ជាក់ស្តែង ផលដំបូងគេគឹសន្តិភាព ដែលកាលពីមុន តំបន់ពោធិ៍សាត់ជាកន្លែងសមរភូមិប្រយុទ្ធបាញ់សម្លាប់មនុស្ស ឥឡូវនេះវិញ ជាតំបន់អភិវឌ្ឍមានប្រជាជនរស់នៅពេញ៕




No comments:

Post a Comment