Friday, March 03, 2023

អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ៖ រឿងចិន និងបេឡារុស អំពាវនាវរួមគ្នាឲ្យស្ដារសន្តិភាពឆាប់ៗ នៅអ៊ុយក្រែន អាចជាគំនិតរុស្ស៉ី


(ភ្នំពេញ)៖ លោកបណ្ឌិត យង់ ពៅ សាស្ត្រាចារ្យជំនាញវិទ្យាសាស្ត្រនយោបាយ នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ការដែលចិន និងបេឡារុស អំពាវនាវរួមគ្នាឲ្យស្ដារសន្តិភាពឆាប់ៗនៅអ៊ុយក្រែន អាចជាគំនិតរបស់រុស្ស៉ី ដែលចង់បោះដៃចរចាសន្តិភាព។

ប្រធានាធិបតីចិន លោក ស៉ី ជិនពីង និងប្រធានាធិបតីបេឡារុស លោក អាឡិចសាន់ឌឺ លូកាសិនកូ (Alexander Lukashenko) បានអំពាវនាវឲ្យមានបទឈប់បាញ់មួយ និងកិច្ចចរចាស្វែងរកការផ្សះផ្សានយោបាយ សម្រាប់ជម្លោះអ៊ុយក្រែន នៅឯកិច្ចពិភាក្សាធ្វើឡើងក្នុងរដ្ឋធានីប៉េកាំង នៅថ្ងៃព្រហស្បតិ៍នេះ។ ការអំពាវនាវខាងលើរបស់មេដឹកនាំទាំង២ ធ្វើឡើងនៅក្នុងសេចក្ដីថ្លែងការណ៍រួមមួយ ជាមួយការសង្កត់ធ្ងន់ពីការព្រួយបារម្ភជុំវិញការវិវត្តនៃជម្លោះប្រដាប់អាវុធ នៅក្នុងតំបន់អឺរ៉ុប និងផលប្រយោជន៍ នៅក្នុងករណីដែលសន្តិភាពអាចកើតឡើងនៅអ៊ុយក្រែន កាន់តែឆាប់កាន់តែល្អ។

ថ្លែងប្រាប់បណ្តាញ Fresh News នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ លោកបណ្ឌិត យង់ ពៅ បានបញ្ជាក់យ៉ាងដូច្នេះថា «យើងដឹងហើយថា [ប្រធានាធិបតី] បេឡារុស បច្ចុប្បន្នជាសម្ព័ន្ធមិត្តជិតស្និតជាមួយរុស្ស៉ី របស់លោកប្រធានាធិបតី ពូទីន។ អាចថាលោក ពូទីន បោះដៃឲ្យប្រធានាធិបតីបេឡារុស ជជែកជាមួយប្រធានាធិបតីចិន ដើម្បីឆ្ពោះទៅរកការចរចាសន្តិភាព។ ប្រសិនបើសង្គ្រាមអូសបន្លាយយូរ បេឡារុសគាត់នឹងទទួលឥទ្ធិពល [ជាងគេ] តែម្តង ទាំងឥទ្ធិពលសង្គ្រាម និងបញ្ហាសកលផ្សេងទៀត ដូចជាការហ៊ុមព័ទ្ធរបស់បស្ចិមលោក កាន់តែយូរដោយសារតែគាត់គាំទ្ររុស្ស៉ី អញ្ចឹងបើសង្គ្រាមឆាប់ចប់ បេឡារុស បានធូរស្រាលកាន់តែលឿនដែរ។ នេះជាអ្វីដែលខ្ញុំយល់ឃើញ»។

បើតាមអ្នកជំនាញវិទ្យាសាស្ត្រនយោបាយ, ចិនក៏ចង់ដើរតួនាទីជាអ្នកសម្របសម្រួលសង្គ្រាមនេះដែរ ដើម្បីបង្ហាញភាពជាមហាអំណាចរបស់គាត់ និងដើម្បីបង្ហាញពីភាពជាអ្នកចូលរួម ក្នុងការរៀបចំសណ្តាប់ធ្នាប់ពិភពលោក ក្នុងទិដ្ឋភាពពហុប៉ូល ដែលមិនមែនជាឯកប៉ូល ដូចក្រោយសង្គ្រាមត្រជាក់ទៀតទេ។

លោកបណ្ឌិត បានបន្តថា កាលណាចិនចូលរួមជាអ្នករៀបចំសណ្តាប់ធ្នាប់ពិភពលោកថ្មី មានន័យថា ឥទ្ធិពលគាត់ស្ទុះងើបឡើងពិតប្រាកដ ហើយវាធ្វើឲ្យមានផលចំណេញទាំងការទូត ទាំងសេដ្ឋកិច្ច និងទាំងនយោបាយ។

«ខ្លួនខ្ញុំផ្ទាល់ចង់ឃើញសន្តិភាពឆាប់កើតឡើង ជុំវិញសង្គ្រាមនៅអ៊ុយក្រែន។ ទោះភាគីណាបោះដៃមុន ឬក្រោយក៏ដោយ ចូរពន្លឿនការចរចាសន្តិភាព ព្រោះការធ្វើសង្គ្រាមដោយចុងកាណុងនេះ មិនអាចបញ្ចប់សង្គ្រាមបានទេ គឺមានតែការចរចាសន្តិភាពទេ»។ នេះជាការបន្ថែមរបស់ លោកបណ្ឌិត យង់ ពៅ ដែលថ្លែងពីបំណងផ្ទាល់ខ្លួន ចង់ឲ្យពិភពលោកឆាប់មានសន្តិភាព។

គួរបញ្ជាក់ថា ជាការបញ្ជូនសារច្បាស់ទៅកាន់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត លោក ស៉ី ជិនពីង បាននិយាយថា បណ្ដាប្រទេសពាក់ព័ន្ធ គួរតែបញ្ឈប់ការប្រើជម្លោះសព្វថ្ងៃជាឧបករណ៍នយោបាយ និងបញ្ឈប់ការប្រើសេដ្ឋកិច្ចពិភពលោកជាឧបករណ៍របស់ខ្លួន ហើយចាត់វិធានការនាំទៅរកបទឈប់បាញ់យ៉ាងពិតប្រាកដ ដើម្បីបញ្ចប់សង្រ្គាម និងដោះស្រាយវិបត្តិដោយសន្តិវិធី។

កាលពីសប្ដាហ៍មុន ចិនបានបញ្ចេញផែនការសន្តិភាព ១២ចំណុចរបស់ខ្លួន ដោយអំពាវនាវឲ្យមានបទឈប់បាញ់យ៉ាងពេញលេញមួយ នៅអ៊ុយក្រែន ស្របពេលសហរដ្ឋអាមេរិក បានចោទប្រកាន់ថា ចិនកំពុងពិចារណាបញ្ជូនអាវុធឲ្យរុស្ស៉ី។

បើតាមសារព័ត៌មាន Wall Street Journal លោក ស៉ី នឹងជួបលោក ពូទីន នៅប៉ុន្មានខែខាងមុខនេះ។ ការរៀបចំសម្រាប់ដំណើរទស្សនកិច្ចរបស់លោក ស៉ី ជិនពីន ទៅកាន់ទីក្រុងមូស្គូ កំពុងស្ថិតនៅក្នុងដំណាក់កាលដំបូងនៅឡើយ រីឯកាលបរិច្ឆេទជាក់លាក់ក៏មិនទាន់មាននោះដែរ ប៉ុន្តែ Wall Street Journal ដោយផ្អែកលើប្រភពដែលខ្លួនទទួលបាន គឺបានបន្ថែមថា ដំណើរទស្សនកិច្ចរបស់លោក ស៉ី ជិនពីង អាចនឹងកើតឡើងនៅខែមេសា ឬក៏នៅដើមខែឧសភា ចំពេលដែលរុស្ស៉ីប្រារព្ធខួបជ័យជម្នះ របស់ខ្លួនលើអាល្លឺម៉ង់ នៅក្នុងសង្រ្គាមលោកលើកទី២៕




No comments:

Post a Comment