Wednesday, March 22, 2023

សម្តេចតេជោ ហ៊ុន សែន ផ្ញើជូននូវក្តីនឹករលឹក និងអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបងប្អូនខ្មែរឥស្លាមកម្ពុជា ដែលបានចូលរួមថែរក្សាសុខសន្តិភាព​ សុខដុមនីយកម្មជាតិសាសន៍និងសាសនា


(ភ្នំពេញ)៖ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ​បានអបអរសាទរ និងសូមជូននូវពរជ័យ សិរីសួស្ដី សុភមង្គល ជូនដល់បងប្អូនសាសនិកខ្មែរឥស្លាមកម្ពុជានៅក្នុង និងក្រៅប្រទេស រួមទាំងបងប្អូនសាសនិកឥស្លាមនៅទូទាំងពិភពលោកផងដែរ ដែលនឹងចូលបួសខែរ៉ាម៉ាឌន ដែលនៅកម្ពុជា​យើងនឹងចាប់ផ្ដើមនៅថ្ងៃព្រហស្បតិ​ ទី១​ ខែរ៉ម៉ាឌន ឆ្នាំ ១៤៤៤ មូហាំម៉ាត់សករាជ ត្រូវនឹងថ្ងៃ​ ២ កើត ខែចេត្រ ឆ្នាំខាល​ ចត្វាស័ក ព.ស.២៥៦៦​ ត្រូវនឹងថ្ងៃទី ២៣​ ខែមីនា ឆ្នាំ២០២៣។

សម្តេចបានផ្ញើជូននូវក្តីនឹករលឹក និងអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបងប្អូនខ្មែរឥស្លាមកម្ពុជា ដែលបានចូលរួមថែរក្សា សុខសន្តិភាព​ សុខដុមនីយកម្មជាតិសាសន៍និងសាសនា ហើយមានជំនឿជឿជាក់លើការដឹកនាំរបស់ខ្ញុំ និងគណបក្សប្រជាជនកម្ពុជា តាំងពីដើមតរៀងមក រួមជាមួយនឹងប្រជាជនកម្ពុជាយើង។

ជាមួយគ្នានេះដែរ បន្ទាប់ពីបានខកខានរយៈពេល៣ឆ្នាំកន្លងមកដោយសារជំងឺកូវីដ-១៩​ ឆ្នាំនេះ​រាជរដ្ឋាភិបាល​នឹងរៀបចំឡេីងវិញ​ នូវពិធីជួបជុំពិសាអាហារស្រាយបួសខែរ៉ាម៉ាឌន​ របស់សាសនិកឥស្លាមកម្ពុជា​ ថ្នាក់ជាតិលេីកទី៧​ ឆ្នាំ២០២៣​ ដែលមានការរៀបចំអ្នកចូលរួមប្រមាណជាង៦១០០នាក់។

ឆ្នាំនេះក៏មានមិត្តភក្ដិបរទេសបានមកចូលរួមក្នុង និងក្រៅប្រទេសប្រមាណជាង ៥០០ នាក់ ពិសេស លោក Datuk Seri Anwar Ibrahim នាយករដ្ឋមន្ត្រី នៃប្រទេសម៉ាឡេស៊ី មកចូលរួមផងដែរ ។

សម្តេចតេជោ ក៏សូមថ្លែងអំណរគុណដល់បងប្អូនខ្មែរឥស្លាមកម្ពុជាដែលបានចូលរួមជាមួយរាជរដ្ឋាភិបាល​ ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩​ប្រកបដោយជោគជ័យ។ សម្តេចលើកឡើងថា ទោះបីយេីងទទួលបានជោគជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩​ក៏ដោយ​ ក៏សម្តេចសូមអំពាវនាវដល់បងប្អូន​ សុំបន្តការអនុវត្តតាមសារាចរណែនាំពីវិធីបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ក៏ដូចជាសេចក្តីណែនាំរបស់ចាងហ្វាងនៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា ទៅតាមគោលការណ៍របស់រាជរដ្ឋាភិបាល ដោយយើងមិនត្រូវភ្លេចខ្លួន និងធ្វេសប្រហេស មើលស្រាលដល់ជំងឺដ៏កាចសាហាវនេះឡើយ បើទោះជាមានការថមថយ ធូរស្រាលហើយក៏ដោយគឺត្រូវរួមគ្នាការពារជាប់ជានិច្ច ដោយសូមបងប្អូនបន្តអនុវត្តតាមវិធានការ​ កការពារឲ្យជាប់ជាប្រចាំ​ឱ្យបានខ្ជាប់ខ្ជួ​ន​ និងសូមអញ្ជើញបងប្អូនទៅចាក់វ៉ាក់សាំងដូសទី3-4-5និង ដូសទី 6 ដើម្បីប្រឆាំងជំងឺកូវីដ-១៩​ ដើម្បីបងប្អូន គ្រួសារបងប្អូន និងជាតិរបស់យើង ឱ្យបានគ្រប់ៗគ្នា៕

No comments:

Post a Comment