Thursday, March 23, 2023

វិភាគអន្តរជាតិ៖ តើកូរ៉េខាងជើង «បានលុយពីណា» យកមកបាញ់តេស្ដមីស៊ីល?


(សេអ៊ូល)៖ បើទោះជាកំពុងប្រឈមមុខនឹងវិបត្តិស្បៀងអាហារ ព្រមទាំងបញ្ហាសេដ្ឋកិច្ចបង្កឡើងដោយទណ្ឌកម្មអន្តរជាតិគាំទ្រដោយសហរដ្ឋអាមេរិក និងជំងឺកូវី១៩ ក៏ដោយ ក៏សន្ទុះនៃកម្មវិធីអភិវឌ្ឍន៍ មីស៊ីលរបស់កូរ៉េខាងជើង មិនបានថមថយនោះទេ ផ្ទុយទៅវិញកាន់តែកើនឡើងថែមទៀតផង។ កាលពីឆ្នាំ២០២២ កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលច្រើនជាង៧០គ្រាប់ ហើយរាប់ចាប់ពីខែមករា ដើមឆ្នាំ២០២៣ រហូតដល់ខែមីនានេះ ប្រទេសក្រីក្រ និងត្រូវបានគេចាត់ទុកថារដ្ឋឯកោបំផុត នៅលើពិភពលោកមួយនេះបានធ្វើតេស្ដបាញ់មីស៊ីលច្រើនជាង ២០គ្រាប់ នៅក្នុងព្រឹត្តិការណ៍ចំនួន១០ ដាច់ដោយឡែកពីគ្នា។

ត្រូវបានគេហៅថាជាប្រទេសក្រីក្រ និងឯកោបំផុតក៏ពិតមែន តែកូរ៉េខាងជើងចាយលុយដូចព្យុះលើការអភិវឌ្ឍកម្មវិធីអាវុធ ដែលរបបដឹកនាំលោក គីម ជុងអ៊ុន ចាត់ទុកថាជាចំណុចស្លាប់រស់នៃរបបដឹកនាំ របស់លោក។ ការណ៍នេះបានបង្កឱ្យមានការចោទសួរជាច្រើនថាតើប្រទេសក្រីក្រដូចជាកូរ៉េខាងជើងបានលុយពីណា យកមកចាយវាយលើការធ្វើតេស្តមីស៊ីស?

ក្រុមអ្នកវិភាគមួយចំនួន បានវាយតម្លៃថាក្នុងការធ្វើតេស្ដមីស៊ីលមួយគ្រាប់ កូរ៉េខាងជើងអាចត្រូវចាយលុយ ពី២លាន ដល់១០លានដុល្លារ។ ប៉ុន្តែ អ្នកជំនាញខ្លះទៀតនិយាយថាគេមិនមានមធ្យោបាយ ជាក់លាក់ដើម្បីប៉ាន់ស្មានពីតម្លៃនោះទេ ដោយសារតែកូរ៉េខាងជើងទំនងជាកំពុងផលិតអាវុធ ដោយចំណាយតិចតួចបើធៀបទៅនឹងបណ្ដាប្រទេសដទៃ ពីព្រោះតែតម្លៃពលកម្មទាប និងអាចមានជំនួយគាំទ្រ ពីចិន និងរុស្ស៉ី។ កាលពីឆ្នាំ២០២២ កូរ៉េខាងជើងបានធ្វើតេស្ដមីស៊ីលច្រើនជាង ៧០គ្រាប់ ហើយក្នុងនោះភាគច្រើនត្រូវបានគេជឿជាក់ជាប្រភេទមីស៊ីលបាលិស្ទីគមានសមត្ថភាពពាំក្បាលគ្រាប់ នុយក្លេអ៊ែរ។

បើតាមអ្នកនាង ស៊ូ គីម (Soo Kim) ជាអ្នកជំនាញផ្នែកសន្តិសុខម្នាក់មកពីក្រុមហ៊ុនស្រាវជ្រាវ RAND Corporation ការធ្វើតេស្ដមីស៊ីលមួយគ្រាប់របស់កូរ៉េខាងជើងអាចនឹងចំណាយ អស់១០លានដុល្លារ ហើយការចំណាយនេះស្ថិតនៅកម្រិតទាប ធៀបទៅនឹងការធ្វើតេស្ដមីស៊ីលនៅតាមប្រទេសដទៃ។ នេះក៏ដោយសារតែនៅកូរ៉េខាងជើង កម្លាំងពលកម្មមានតម្លៃទាប។ ប៉ុន្តែ លោក លី អ៉ីល វូ (Lee Illwoo) មកពីបណ្ដាញការពារជាតិកូរ៉េ (Korea Defense Network) មានមូលដ្ឋានក្នុងប្រទេសកូរ៉េខាងត្បូង បានលើកឡើងថាវាពិតជាពិបាក ​និងសឹងតែមិនអាចទៅរួចឡើយក្នុងការវាយតម្លៃជាក់លាក់ ដ្បិត កូរ៉េខាងជើងអាចផលិតអាវុធដោយខ្លួនឯង ឬក៏ចិនអាចផ្ដល់ជំនួយជាបរិក្ខារដោយមិនគិតថ្លៃ ឬក៏លក់ក្នុងតម្លៃដ៏ថោក។ យ៉ាងណាក៏ដោយ អ្នកនាង ស៊ូ គីម បានសង្កត់ធ្ងន់ថារឿងដែលសំខាន់មួយ ដែលគេ ត្រូវយល់ដំបូងបំផុត នោះគឺថាតើកូរ៉េខាងជើងបានលុយពីណាមក យកមកផ្គត់ផ្គង់កម្មវិធីអាវុធរបស់ខ្លួន?

សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអាស៊ីដ៏សំខាន់គឺ កូរ៉េខាងត្បូង និងជប៉ុន តែងតែអំពាវនាវជារឿយៗឱ្យបណ្ដាប្រទេសទាំងអស់ពង្រឹង និងអនុវត្តតាមការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ដើម្បីទប់ស្កាត់កុំឱ្យរបបដឹកនាំ លោក គីម ជុងអ៊ុន មានលុយយកទៅអភិវឌ្ឍកម្មវិធីមីស៊ីល និងអាវុធនុយក្លេអ៊ែរ។ ប៉ុន្តែ កន្លងមក មានសេចក្ដីរាយការណ៍ជាបន្តបន្ទាប់ថាកូរ៉េខាងជើង នៅតែអាចលួចលាក់លក់ធ្យូងថ្ម និងវត្ថុធាតុដើម ដទៃទៀត ទៅកាន់ប្រទេសដទៃ និងនៅតែបន្តរក្សាទំនាក់ទំនងជាមួយប្រទេសមួយចំនួនតូចដូចជា ចិន រុស្ស៉ី ស៊ីរី និងអ៉ីរ៉ង់ ឬក៏ប្រទេសដែលមានទំនាក់ទំនងមិនសូវល្អជាមួយសហរដ្ឋអាមេរិក។ នៅក្នុង បទសម្ភាសន៍មួយកាលពីឆ្នាំ២០១៧ ជាមួយកាសែតអាមេរិក Washington Post ជនជាតិកូរ៉េខាងជើងដែលរត់គេចចេញពីប្រទេសកំណើតរបស់ខ្លួន បានរៀបរាប់ពីលំហូរចូលលុយរាប់លានដុល្លារ ក្នុងមួយឆ្នាំៗ ទៅកាន់ទីក្រុងព្យុងយ៉ាង តាមរយៈព្រំដែនចិន ឬព្រំដែនរវាងប្រទេសទាំង២។

មួយវិញទៀត បើតាមរបាយការណ៍របស់ក្រុមហ៊ុន Chainalysis ស្ដីពីឧក្រិដ្ឋកម្មរូបិយប័ណ្ឌគ្រីបតូ ឆ្នាំ២០២២ (Crypto Crime Report) កាលពីឆ្នាំ២០២១ ក្រុម Hackers កូរ៉េខាងជើងដែលមាន ទំនាក់ទំនងជាមួយរបបដឹកនាំលោក គីម ជុងអ៊ុន បានដឹកនាំការវាយប្រហារព័ត៌មានវិទ្យាដោយប្រមូលបានលុយជិត ៤០០លានដុល្លារពីក្រុមហ៊ុនវិនិយោគជាច្រើន ជាពិសេសគឺក្រុមហ៊ុននៅក្នុង រូបិយប័ណ្ឌគ្រីបតូ តែម្ដង។

គួរបញ្ជាក់ថា យោធាកូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែមីនានេះ បានអះអាងថា មីស៊ីលដែលកូរ៉េខាងជើងបានបាញ់តេស្ដមីស៊ីលទាំងនេះ ចេញពីឆ្នេរភាគខាងកើត​របស់ខ្លួនកាលពីថ្ងៃទី២២ ខែមីនា គឺជាប្រភេទមីស៉ីលគ្រូសចំនួន ៤គ្រាប់ ក្នុងនោះមានមួយគ្រាប់ហោះក្នុងរយៈចម្ងាយ ១,០០០គីឡូម៉ែត្រ។ ដោយឡែក កាលពីដើមសប្ដាហ៍កន្លងទៅនេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងក៏បានរាយការណ៍ ដែរថាទីក្រុងព្យុងយ៉ាងបានដឹកនាំការធ្វើសមយុទ្ធយោធា ជាមួយការបាញ់សាកល្បងមីស៊ីលមួយគ្រាប់មានបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរក្លែងក្លាយ ជាការហាត់សមវាយបកប្រឆាំងទៅនឹងសត្រូវ។

មីស៊ីលនេះត្រូវបានបំផ្ទុះនៅរយៈកម្ពស់ ៨០០ម៉ែត្រ ជារយៈកម្ពស់មួយដែលក្រុមអ្នកជំនាញខ្លះអាចនឹងបង្កការបំផ្លិចបំផ្លាញធ្ងន់ធ្ងរ។ នេះគឺជាលើកទីមួយដែលកូរ៉េខាងជើងឱ្យដឹងជាសាធារណៈពីរយៈកម្ពស់នៃ ការធ្វើតេស្ដបំផ្ទុះអាវុធនុយក្លេអ៊ែរបែបនេះ និងជាសារកំញើញមួយបញ្ជូនទៅកាន់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង៕



















No comments:

Post a Comment