Thursday, February 23, 2023

ស្ត្រីមេបញ្ជាការកងទ័ពមួកខៀវកម្ពុជា ប្តេជ្ញានាំកិត្យានុភាពជូនមាតុភូមិ ពេលទៅបំពេញបេសកកម្មមនុស្សធម៌ នៅអាហ្វ្រិកកណ្តាល

 (ភ្នំពេញ)៖ លោកស្រីវរសេនីយ៍ឯក កឹម បូរ៉ានី ជាមេបញ្ជាការស្ត្រីដំបូង នៃមេបញ្ជាការកងកម្ទេចគ្រឿងផ្ទុះលេខ៩៨ បានដឹកនាំកងកម្លាំងចេញបំពេញបេសកកម្មនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល (MINUSCA)។ ស្រ្តីមេបញ្ជាការ បានប្តេជ្ញាចិត្តយ៉ាងមុតមាំ បំពេញភារកិច្ចឱ្យបានល្អ និងនាំកិត្យានុភាពជូនមាតុភូមិកម្ពុជា អំឡុងដំណើរបំពេញបេសកកម្មមនុស្សធម៌ ក្រោមឆត្រអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល។

បញ្ជាក់ប្រាប់អ្នកសារព័ត៌មាន នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ លោកស្រីវរសេនីយ៍ទោ កឹម បូរ៉ានី បានបញ្ជាក់ថា កងកម្លាំងដែលចេញទៅបំពេញបេសកកម្មនេះ គឺពួកគាត់ទទួលបានការបណ្តុះបណ្តាលលើជំនាញ បានយ៉ាងច្បាស់លាស់ ដើម្បីធ្វើយ៉ាងណាឱ្យភារកិច្ចទទួលបានជោគជ័យ។

លោកស្រីវរសេនីយ៍ទោ កឹម បូរ៉ានី បានបញ្ជាក់យ៉ាងដូច្នេះថា៖ «យើងខ្ញុំទាំងអស់គ្នាប្តេជ្ញាមិត្តយ៉ាងមោះមុត ទាំងកម្លាំងចិត្ត កម្លាំងកាយ និងស្មារតី ដើម្បីសម្រេចឱ្យបានដែលថ្នាក់លើប្រគល់ជូន ជាពិសេសនាំមកនូវសេចក្តីសុខជូនប្រជាជននៅក្នុងតំបន់បេសកកម្ម ក្នុងនាមនាងខ្ញុំជាស្ត្រីម្នាក់ដំបូង ដែលទទួលតួនាទីជាប្រធានកងពិតជាមានមោទនភាពណាស់សម្រាប់ប្រទេសជាតិ ដែលបានបង្ហាញនៅលើឆាកអន្តរជាតិ»

លោកស្រីវរសេនីយ៍ទោ កឹម បូរ៉ានី ក៏បានផ្ញើសារ និងលើកទឹកចិត្តដល់ស្ត្រីទាំងអស់ ត្រូវមានភាពក្លាហាន និងជំនៈឧបសគ្គដែលនៅចំពោះមុខ ហើយគ្មានកិច្ចការងារអ្វីដែលស្ត្រីមិនអាចធ្វើបានដូចបុរសនោះទេ ហើយស្ថានភាពមួយចំនួនគឺស្ត្រីអាចធ្វើបានយ៉ាងល្អជាងបុរសជាដើម។

ទាក់ទងនឹងបេសកកម្មរក្សាសន្តិភាព កម្ពុជាបានបញ្ជូនកងកម្លាំងរាប់ពាន់នាក់ ដើម្បីទៅបំពេញបេសកកម្មក្នុងបណ្តាប្រទេសដែលកំពុងជួបវិបត្តិ។ ជាង១៥% នៃកងកម្លាំងកម្ពុជា ដែលចូលរួមក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ គឺជាស្ត្រី។ បច្ចុប្បន្ន ពួកគាត់បានដើរតួជាគំរូ និងជំរុញទឹកចិត្តដល់ស្ត្រី និងយុវនារីក្នុងសង្គម ដែលគ្របដណ្ដប់ដោយបុរស ដើម្បីទាមទារសិទ្ធិ និងការរួមចំណែកក្នុងកិច្ចដំណើរការរក្សាសន្តិភាព។

រាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជំរុញបង្កើនការប្រើប្រាស់កម្លាំងជានារី «យេនឌ័រ» សម្រាប់ធានានិរន្តភាព នៃការចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពយូរអង្វែង ដោយផ្តោតសំខាន់ទៅលើសកម្មភាពក្នុងវិស័យមួយចំនួនដែលកម្ពុជាមានលទ្ធភាពចូលរួម ព្រមទាំងខិតខំធ្វើការកែលម្អលើការងារគ្រប់គ្រង ការពង្រឹងធនធានមនុស្ស ពិសេសការបង្កើនចំនួនចូលរួមជាស្ត្រី ដើម្បីឱ្យស្របទៅនឹងទស្សនៈយេនឌ័រ បញ្ចូលគ្នានៅក្នុងប្រតិបត្តិការរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ។

សូមជម្រាបថា ដល់ឆ្នាំ២០២៣នេះ កម្លាំងកម្ពុជាសរុបចំនួន ៨,៨៥៩នាក់ ក្នុងនោះនារី ចំនួន៦៨១នាក់ បានចេញបំពេញបេសកកម្មចំនួន១១ ក្នុង ប្រទេសចំនួន៩ មានជាអាទិ៍៖ សាធារណ រដ្ឋស៊ូដង់ ស៊ូដង់ ខាងត្បូង ឆាដ អាហ្វ្រិក កណ្តាល លីបង់ ម៉ាលី ស៊ីរី សាយប្រឺស និងយេមែន លើជំនាញបោសសំអាតមីន វិស្វកម្ម សំណង់ផ្តេក-បញ្ឈរ អាវុធហត្ថ មន្ទីរពេទ្យកម្រិត២ វិស្វកម្ម ព្រលានយន្តហោះ កំទេចគ្រាប់ មិនទាន់ផ្ទុះ នាយទាហាន សេនាធិការ និងសង្កេតការណ៍យោធា។ បច្ចុប្បន្នកម្លាំងកម្ពុជាចំនួន ៧៨៨នាក់ ក្នុងនោះនារី ចំនួន១៣០នាក់ កំពុងបំពេញបេសកកម្ម នៅប្រទេសចំនួន៤ រួមមាន៖ សាធារណរដ្ឋស៊ូដង់ខាងត្បូង លីបង់ អាហ្វ្រិកកណ្តាល និងម៉ាលី៕




No comments:

Post a Comment