Thursday, February 09, 2023

វិភាគអន្តរជាតិ៖ តើយោធាមីយ៉ាន់ម៉ា អាចក្ដាប់អំណាចជាប់ក្នុងដៃ ទោះជាប់ទណ្ឌកម្ម បានយ៉ាងដូចម្ដេច?


(វ៉ាស៊ីនតោន)៖ យោធាមីយ៉ាន់ម៉ា ដែលបានក្រសោបយកអំណាចតាមរយៈការធ្វើរដ្ឋប្រហារ កាលពីខែកុម្ភៈ ឆ្នាំ២០២១ ធ្លាប់បានសន្យាម្ដងហើយម្ដងទៀតពីការវិលត្រឡប់ទៅរក ការដឹកនាំដោយរដ្ឋាភិបាលស៊ីវិល និងប្រជាធិបតេយ្យ។ មកទល់នឹងពេលនេះ ពាក្យសន្យាទាំងនោះនៅតែមិនទាន់ត្រូវបានអនុវត្តឡើយ រីឯអតីតមេដឹកនាំមីយ៉ាន់ម៉ា លោកស្រី អោង សានស៊ូជី មានអាយុ៧៧ឆ្នាំ និងជាជ័យលាភីពានរង្វាន់ណូបែលសន្តិភាពផងនោះ ត្រូវបានគេរំពឹងថាអាចនឹងចំណាយពេលនៃជីវិតចុងក្រោយរបស់លោកស្រី នៅក្រោមការឃុំឃាំង។

យោធាមីយ៉ាន់ម៉ា ឬគេស្គាល់ជាទូទៅថា តាតម៉ាដាវ (Tatmadaw) តែងតែប្រើប្រាស់យុទ្ធសាស្ត្រកណ្ដាប់ដៃដែកគ្មានត្រាប្រណីឡើយ ដើម្បីកម្ចាត់ ឬផ្ដួលសត្រូវរបស់ខ្លួន ក្នុងនោះរួមមានទាំងការយកច្បាប់កាត់ទោសប្រហារជីវិតមកអនុវត្តឡើងវិញជាលើកដំបូង ក្នុងរយៈពេលជាង៣ទសវត្សរ៍មកនេះ។ ដោយសារតែស្នាដៃរបស់ខ្លួន ទឹកដីជិតពាក់កណ្ដាលនៃប្រទេសកំពុងស្ថិតនៅក្នុងអស្ថិរភាពដោយសារតែជម្លោះប្រដាប់អាវុធ ហើយបើតាមធនាគារពិភពលោក (World Bank) កំណើនសេដ្ឋកិច្ចមីយ៉ាន់ម៉ា ក៏មានភាពទន់ខ្សោយដែរ ខណៈអាមេរិក និងសម្ព័ន្ធមិត្ត នៅក្នុងឆ្នាំ២០២៣នេះបានដាក់ទណ្ឌកម្មថ្មីបន្ថែមដោយមានគោលដៅលើមន្ត្រីយោធា និងបុត្រសម្ព័ន្ធរបស់ពួកគេ។ ក៏ប៉ុន្តែ របបយោធាមីយ៉ាន់ម៉ានៅតែអាចដង្ហើមបាន និងគ្រប់ទ្រព្យសម្បតិ្តជាតិមួយផ្នែកធំ តួយ៉ាងដូចជាក្រុមហ៊ុនរដ្ឋនានា ការនាំចេញឧស្ម័នធម្មជាតិ និងថែមទាំងអាចរកបានខ្នងបង្អែក ក៏ដូចជាអ្នកគាំទ្រក្រៅពីបណ្ដាប្រទេសលោកខាងលិចទៀតផង។ ខាងក្រោមនេះគឺជាចំណុចសំខាន់ៗទាំង៨ ដែលគួរឈ្វេងយល់៖

១. តើមានអ្វីកើតឡើងចំពោះលោកស្រី អោង សានស៊ូជី?

លោកស្រី អោង សានស៊ូជី និងលោក Win Myint ដែលធ្លាប់កាន់តំណែងជាប្រធានាធិបតីនៃរដ្ឋាភិបាលស៊ីវិលរបស់លោកស្រី ត្រូវបានតុលាការនៃរបបយោធាមីយ៉ាន់ម៉ា ប្រកាសពី ការរកឃើញទោសកំហុសភ្លាមៗ ក្រោយរដ្ឋប្រហារផ្ទុះឡើង ពីបទបំពានវិធានការរឹតត្បិតប្រឆាំងកូវីដ១៩ អំឡុងការធ្វើយុទ្ធនាការឃោសនាបោះឆ្នោតកាលពីខែវិច្ឆិកា ឆ្នាំ២០២០។ លោកស្រី ត្រូវបានតុលាការរបបយោធាផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារជាបន្តបន្ទាប់ ក្រោមការចោទប្រកាន់ពីការប្រព្រឹត្តបទល្មើសជាច្រើនដូចជា ពុករលួយ និងការបំពានច្បាប់ កិច្ចការសម្ងាត់ជាតិសល់ពីសម័យអាណានិគមជាដើម ដោយគិតជាសរុប លោកស្រី ស៊ូជីត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគាររយៈពេល ៣៣ឆ្នាំ។ តែក្រុមមេធាវីការពារក្ដីរបស់ លោកស្រីបានលើកឡើងការកាត់ទោសទាំងនេះ ធ្វើឡើងដោយគ្មានមូលដ្ឋានអ្វីទាំងអស់ និងមានចេតនានយោបាយតែប៉ុណ្ណោះ។

២. ហេតុអ្វីបានជាមានរដ្ឋប្រហារ?

គណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) របស់លោកស្រី អោង សានស៊ូជី ទទួលបានជ័យជម្នះក្នុងការបោះឆ្នោតសកល ដោយឈ្នះអាសនៈ ៨៣ភាគរយនៃអាសនៈសរុប របស់សភាកាលពីឆ្នាំ២០២០ ហើយដែលនេះជាជ័យជម្នះធំធេងជាងការបោះឆ្នោតសកលកាលពីឆ្នាំ២០១៥ទៅទៀត។ គណៈកម្មការរៀបចំការបោះឆ្នោតមីយ៉ាន់ម៉ា និងក្រុមអ្នកអង្កេតការអន្តរជាតិ នៅពេលនោះសុទ្ធតែបានចាត់ទុកថាការបោះឆ្នោតនេះប្រព្រឹត្តទៅដោយយុត្តិធម៌ និងត្រឹមត្រូវ។ ប៉ុន្តែ យោធាមីយ៉ាន់ម៉ាបានចោទប្រកាន់ថាមាន ការលួចបន្លំសន្លឹកឆ្នោត។ នៅថ្ងៃធ្វើរដ្ឋប្រហារ យោធាបាននិយាយថាវាជារឿងចាំបាច់ដែលពួកគេត្រូវធ្វើសកម្មភាព នៅមុនសភាបើកសម័យប្រជុំ ហើយចាប់តាំងពីពេលនោះមកដែរ យោធាមីយ៉ាន់ម៉ាបានក្ដាប់អំណាច និងសេដ្ឋកិច្ចជាតិស្ទើរតែទាំងស្រុង។ បើតាមក្រុមអ្នកជំនាញ ជ័យជម្នះដ៏ធំធេងរបស់លោកស្រី អោង សានស៊ូជី បានជំរុញឱ្យមានការភ័យខ្លាច នៅក្នុងចំណោមឧត្តមសេនីយ៍ធំៗ នៅមីយ៉ាន់ម៉ាពីការបាត់បង់អំណាច ជាពិសេសនៅក្រោយគណបក្សដែលខ្លួនគាំទ្រចាញ់ឆ្នោតយ៉ាងអាម៉ាស់។

៣. តើមានផែនការរៀបចំការបោះឆ្នោតជាថ្មី ឬទេ?

កាលពីឆ្នាំ២០២១ យោធាមីយ៉ាន់ម៉ាបានប្រកាសពីផែនការរៀបចំការបោះឆ្នោតសកលមួយ នៅខែសីហា ឆ្នាំ២០២៣នេះ រីឯលោក មីន អោងឡាំង នឹងធ្វើជាប្រមុខរដ្ឋាភិបាល បណ្ដោះអាសន្នមួយ។ ពីដំបូងឡើយ របបយោធាមីយ៉ាន់ម៉ាត្រូវបានគេរំពឹងថាប្រគល់អំណាចទៅឱ្យរដ្ឋាភិបាលបណ្ដោះអាសន្ន នៅពេលដែលការដាក់ប្រទេសក្នុងភាពអាសន្ន អស់សុពលភាពកាលពីខែមករា កន្លងទៅនេះ។ តែផ្ទុយទៅវិញ យោធាបានប្រកាសដាក់ប្រទេសក្នុងភាពអាសន្នរយៈពេល ៦ខែបន្ថែមទៀត ក្រោមការបន្ទរពីក្រោយដោយតុលាការ ថាការពន្យារនេះស្របតាមរដ្ឋធម្មនុញ្ញ។ ជាជំហានដំបូងនៅក្នុងដំណើរការបោះឆ្នោត ស្ថាប័នរៀបចំការបោះឆ្នោតជ្រើសតាំងដោយយោធា បានជំរុញឱ្យគណបក្សនយោបាយ ទាំងអស់ចុះឈ្មោះសាជាថ្មីនៅក្រោមច្បាប់ថ្មី ហើយច្បាប់ថ្មីនេះឯង មានបទបញ្ញត្តស្មុគស្មាញជាច្រើនដែលអាចនឹងរារាំងមិនឱ្យគណបក្ស NLD ចូលរួមក្នុងការបោះឆ្នោត។

៤. ស្ថានភាពជម្លោះនៅមីយ៉ាន់ម៉ា

អំពើហិង្សាបានផ្ទុះឡើងភ្លាមៗ ក្រោយរដ្ឋប្រហារកើតឡើង។ ក្រុមអ្នកគាំទ្រលោកស្រី ស៊ូជី បានធ្វើបាតុកម្មតវ៉ាទាមទារឱ្យដោះលែងលោកស្រី និងប្រគល់ជ័យជម្នះទៅឱ្យគណបក្ស NLD វិញ។ បើតាមអង្គការសិទ្ធិមនុស្ស Assistance Association for Political Prisoners កងកម្លាំងនៃរបបយោធាមីយ៉ាន់ម៉ាបានសម្លាប់មនុស្សច្រើនជាង ២,៩០០នាក់ និងចាប់ឃុំខ្លួនមនុស្សរាប់ពាន់នាក់ផ្សេងទៀត។ ក្រុមប្រឹក្សាសិទ្ធិមនុស្ស UN ក៏បានអះអាងផងដែរថាការវាយដុំ និងការធ្វើទារុណកម្មបានធ្វើឱ្យមនុស្សជាច្រើននាក់ស្លាប់ នៅក្នុង ពន្ធនាគារ។ ក្រុមអ្នកគាំទ្រលោកស្រី ស៊ូជី មួយចំនួនបានបង្កើត «រដ្ឋាភិបាលរួបរួមជាតិ» មួយឡើយ ដោយមានកងកម្លាំងប្រដាប់អាវុធមួយមានឈ្មោះថា «កងកម្លាំងការពារប្រជាជន» និងបានចងសម្ព័ន្ធមិត្តជាមួយក្រុមប្រដាប់អាវុធជនជាតិដើមភាគតិច ដែលមានជម្លោះប្រដាប់អាវុធជាមួយយោធាមីយ៉ាន់ម៉ា ជុំវិញសិទ្ធិគ្រប់គ្រងទឹកដី និងធនធានធម្មជាតិរបស់ពួកគេ។ នៅក្រោមការអូសបន្លាយការដាក់ប្រទេសក្នុងភាពអាសន្ន មេដឹកនាំយោធាមីយ៉ាន់ម៉ាបាននិយាយថា ៤០ភាគរយនៃទីក្រុងនៅទូទាំងប្រទេសកំពុងប្រឈមមុខនឹងអស្ថិរភាព ខណៈ ក្រុមអ្នកជំនាញអន្តរជាតិខ្លះថាយោធាទឹកដីដែលយោធាមីយ៉ាន់ម៉ា កំពុងគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពមានតិចជាងការអះអាង។

៥. អ្វីទៅជាឧបសគ្គធំ?

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានអនុម័តដំណោះស្រាយមួយកាលពីខែធ្នូ ឆ្នាំ២០២២ ដោយអំពាវនាវឱ្យមានការបិទបញ្ចប់អំពើហិង្សានៅមីយ៉ាន់ម៉ាជាបន្ទាន់ និងដោះលែងអ្នកទោសនយោបាយទាំងអស់ឱ្យមានសេរីភាពឡើងវិញ។ ប៉ុន្តែ ចិន រុស្ស៉ី និងឥណ្ឌា បានបោះឆ្នោតអនុបវាទ ដែលធ្វើឱ្យដំណោះស្រាយនេះមានប្រសិទ្ធភាពតិចតួច។ សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស កាណាដា និងអូស្ត្រាលី បានដាក់ទណ្ឌកម្មសេដ្ឋកិច្ចរបស់ពួកគេឡើងវិញក្នុងឆ្នាំ២០២១ ពោលតែ៥ឆ្នាំ បន្ទាប់ពីបានដកទណ្ឌកម្មចេញ បើទោះជា មិនច្បាស់ថាតើទណ្ឌកម្មមានប្រសិទ្ធភាពប៉ុនណាក៏ដោយ។ សហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មបន្ថែមជាបន្តបន្ទាប់ ក្នុងនោះរួមមានទាំងទណ្ឌកម្មថ្មីមួយកាលពីខែមករាកន្លងទៅនេះ។ យ៉ាងនេះក្ដី ចិនដែលជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់មីយ៉ាន់ម៉ា បានច្រានចោលការអំពាវនាវឱ្យដាក់ទណ្ឌកម្ម UN ហាមឃាត់ការនាំចេញអាវុធ និងបានអះអាងឡើងវិញពីការគាំទ្រ របស់ខ្លួនដល់របបយោធាមីយ៉ាន់ម៉ា។ ក្នុងករណីនេះដែរ ជប៉ុន និងឥណ្ឌា មានការព្រួយបារម្ភខ្លាចក្រែងថាការដាក់ទណ្ឌកម្មធ្ងន់ធ្ងរពេកលើរបបយោធា អាចនឹងកាន់តែត្រួសត្រាយផ្លូវ ឱ្យចិនពង្រីកឥទ្ធិពលកាន់តែខ្លាំងនៅមីយ៉ាន់ម៉ា។ មិនតែប៉ុណ្ណោះ របបយោធាមីយ៉ាន់ម៉ា ក៏បានសាងទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយរុស្ស៉ីផងដែរ អំឡុងសង្រ្គាមនៅអ៊ុយក្រែន។ លោក មីង អោងឡាំង បានកោតសរសើរលោកប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ ពូទីន ពេញៗមាត់ក្នុងនាមជាមេដឹកនាំពិភពលោកម្នាក់ ស្របពេលនាយករដ្ឋមន្ត្រីសិង្ហបុរី លោក លី សៀនឡុង ដែលប្រទេសរបស់លោកជាអ្នកវិនិយោគបរទេសដ៏ធំមួយនៅមីយ៉ាន់ម៉ា បានកត់សម្គាល់ថាទណ្ឌកម្មគឺមានតែធ្វើឱ្យប្រជាជនមីយ៉ាន់ម៉ាឈឺចាប់តែប៉ុណ្ណោះ។

៦. ប្រវត្តិសាស្ត្រមីយ៉ាន់ម៉ា

នៅក្រោយសង្រ្គាមលោកលើកទី២, មីយ៉ាន់ម៉ាដែលពេលនោះមានឈ្មោះថាភូមាបានទទួលឯករាជ្យពីចក្រភពអង់គ្លេស តែក៏បានធ្លាក់ចូលទៅក្នុងជម្លោះស៊ីវិលផងដែរ។ ជនជាតិដើម ភាគតិចមានប្រហែលជាមួយភាគបី នៃប្រជាជនមីយ៉ាន់ម៉ាសរុបជាង ៥៥លាននាក់ និងកំពុងគ្រប់គ្រងទឹកដីជិតពាក់កណ្ដាល ក្នុងនោះរួមមានទាំងតំបន់សម្បូរទៅដោយធនធានធម្មជាតិ ដូចជាត្បូង និងមាសជាដើម។ តែកិច្ចព្រមព្រៀងមួយដែលផ្ដល់ឱ្យជនជាតិដើមភាគយតិចនូវស្វ័យភាព បានរលាយបាត់ ក្រោយលោក អោង សាន ជាឪពុករបស់លោកស្រី ស៊ូជី ត្រូវបានគេបាញសម្លាប់ក្នុងឆ្នាំ១៩៤៧។ ក្រោយមក រដ្ឋប្រហារមួយដឹកនាំដោយមេយោធាមីយ៉ាន់ម៉ា លោក Ne Win ក្នុងឆ្នាំ១៩៦២ បានធ្វើឱ្យប្រជាជនមីយ៉ាន់ម៉ារស់នៅក្រោម ការដឹកនាំដោយកណ្ដាប់ដែកជាងកន្លះស.វ និងធ្វើឱ្យប្រទេសធ្លាក់ក្នុងភាពក្រីក្រ។ នៅឆ្នាំ១៩៨៨ យោធាបានធ្វើការបង្រ្កាបយ៉ាងបង្ហូរឈាម លើក្រុមបាតុករគាំទ្រប្រជាធិបតេយ្យ និង២ឆ្នាំក្រោយមកទៀត យោធាបានលុបចោលជ័យជម្នះក្នុងការបោះឆ្នោតសកលរបស់គណបក្សលោកស្រី ស៊ូជី ហើយឃុំខ្លួនលោកស្រី នៅក្នុងផ្ទះអស់រយៈពេល២០ឆ្នាំ។ លោកស្រី ស៊ូជី ទទួលបានជ័យលាភីពានរង្វាន់ណូបែលសន្តិភាពនៅឆ្នាំ១៩៩១។

៧. តើលោកស្រី ស៊ូជី អាចបង្កើតរដ្ឋាភិបាលស៊ីវិលដោយរបៀបណា?

របបយោធាមីយ៉ាន់ម៉ា បានបោះជំហានទៅរកការដឹកនាំប្រទេសដោយរដ្ឋាភិបាលស៊ីវិល ជាមួយការតាក់តែងរដ្ឋធម្មនុញ្ញថ្មីមួយឡើងក្នុងឆ្នាំ២០០៨។ នៅក្រោមរដ្ឋធម្មនុញ្ញថ្មីនេះ ២៥ភាគរយនៃអាសនៈនៅក្នុងសភា ត្រូវផ្ដល់ឱ្យយោធាដោយស្វ័យប្រវត្តិ ហើយដែលសំឡេងនេះគឺគ្រប់គ្រាន់អាចរារាំងការធ្វើវិសោធនកម្មច្បាប់នានា។ តែទោះជាបែបនេះក្ដី គណបក្សរបស់លោកស្រី ស៊ូជី នៅតែចូលរួមក្នុងការបោះឆ្នោតសកលកាលពីឆ្នាំ២០១២ បន្ទាប់ពីរដ្ឋាភិបាលបានយល់ព្រមដោះលែងអ្នកទោសនយោបាយ អនុញ្ញាតឱ្យមានកជួបជុំ និងបើកចំហប្រទេសសម្រាប់អ្នកវិនិយោគបរទេស។ គណបក្សលោកស្រី ស៊ូជី បានទទួលជ័យជម្នះនៅក្នុងការបោះឆ្នោតក្នុងឆ្នាំ២០១៥ ប៉ុន្តែរដ្ឋធម្មនុញ្ញមីយ៉ាន់ម៉ាបានហាមលោកស្រី កាន់តំណែងជាប្រធានាធិបតី ដោយសារតែលោកស្រីមានកូនជាពលរដ្ឋអង់គ្លេស។ រហូតដល់ឆ្នាំ២០១៦ លោកស្រី ស៊ូជី បានក្លាយជាទីប្រឹក្សារដ្ឋ ជាតំណែងថ្មីមួយត្រូវបានបង្កើតឡើង សម្រាប់លោកស្រី ក្នុងការដើរតួនាទីដូចជានាយករដ្ឋមន្ត្រី រួមទាំងរដ្ឋមន្ត្រីការបរទេស។

៨.​ តើលោកស្រី ស៊ូជី បានធ្វើអ្វីខ្លះ?

រដ្ឋាភិបាលរបស់លោកស្រី ស៊ូជី បានបន្ធូរបន្ថយការរឹតត្បិតលើវិស័យធនាគារ ធានារ៉ាប់រង និងការអប់រំ ព្រមទាំងដោះស្រាយបញ្ហាអតិផរណា។ ប៉ុន្តែ មួយភាគបីនៃប្រជាជនមីយ៉ាន់ម៉ា នៅតែបន្តរស់នៅក្នុងភាពក្រីក្រ ហើយវិស័យពាណិជ្ជកម្មនៅតែស្ថិតក្រោមការរឹតត្បិត។ ចំណែកឯ ខាងយោធាវិញបន្តគ្រប់គ្រងវិស័យការពារជាតិ មហាផ្ទៃ ឬកិច្ចការក្នុងប្រទេស និងកិច្ចការព្រំដែន រួមទាំងក្រសួងមួយចំនួនធំ។ កងកម្លាំងប្រដាប់អាវុធនៃយោធាមីយ៉ាន់ម៉ា ត្រូវបានក្រុមអ្នកស៊ើបអង្កេត UN​ ចោទប្រកាន់ថាបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិដោយសម្លាប់ជនជាតិរ៉ូហ៊ីងយ៉ារាប់ពាន់នាក់ និងជាង ៧០០,០០០នាក់ទៀត រត់ភៀសខ្លួនទៅកាន់បង់ក្លាដែសចាប់តាំងពីឆ្នាំ២០១៧។

គួរបញ្ជាក់ថា នៅចំពោះមុខការថ្កោលទោស និងការធ្លាក់ចុះការវិនិយោគបរទេសពី ៤.៧ពាន់លានដុល្លារកាលពីឆ្នាំ២០១៧ មកនៅត្រឹម ២.៣ពាន់លានដុល្លារក្នុងឆ្នាំ២០១៩ យោធាមីយ៉ាន់ម៉ា បានបោះដៃទៅរកលោកស្រី អោង សានស៊ូជី ឱ្យចេញមុខការពារពួកគេ ក្នុងឆ្នាំ២០១៩ នៅឯតុលាការយុត្តិធម៌អន្តរជាតិ ប្រឆាំងនឹងការចោទប្រកាន់ពីការប្រព្រឹត្ត អំពើប្រល័យពូជសាសន៍ និងលើកប្រជាប្រិយភាពរបស់លោកស្រីនៅក្នុងស្រុក បើទោះជាកេរ្តិ៍ឈ្មោះលោកស្រីនៅលើឆាកអន្តរជាតិបានរង្គោះរង្គើដោយសារភាពអសកម្ម ក្នុងការទប់ស្កាត់អំពើហិង្សានៅពេលនោះក៏ដោយ៕



No comments:

Post a Comment