Monday, February 06, 2023

អ្នកវិភាគចៅចាក់ស្មុក៖ កម្ពុជា​គឺជាជនរងគ្រោះនៃការចេញរបាយការណ៍លាបពណ៌របស់អង្គការសង្គមស៊ីវិលស៊ីឈ្នួលបរទេស, គ្មានការបង្កាច់បង្ខូច គ្មានប្រាក់ជំនួយសម្រាប់​ពួកគេ

 ភ្នំពេញ៖ក្រុមអង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិ បើមិនធ្វើរបាយការណ៍អាក្រក់ពីកម្ពុជា ពួកគេនឹងមិនទទួលបាន​ជំនួយហិរញ្ញវត្ថុ ដើម្បីបើកប្រាក់ខែ និងដំណើរការអង្គការរបស់ខ្លួនឡើយ ហើយក៏នឹងមិនទទួលបានការធានាសិទ្ធិ​ទៅ​រស់នៅប្រទេសទីបីឡើយ ករណិពួកគេបំពានច្បាប់ធ្ងន់ធ្ងរ។ ដូច្នេះដើម្បីអង្គការខ្លួន អាចបន្តរស់ និងបក្ខពួក​ខ្លួនអាច​បានប្រាក់ខែចិញ្ចឹមជីវិតបន្តទៀត ពួកគេត្រូវតែផលិតរបាយការណ៍ផ្សេងៗអំពីកម្ពុជា តម្រូវចិត្តម្ចាស់​ជំនួយបរទេស​របស់ពួកគេ និងតម្រូវតាមទឹកប្រាក់ដែលគេដាក់លក្ខខណ្ឌឱ្យប្រើ។ របាយការណ៍ដែលពួកគេតែងតែចេញនៅអំឡុងពីខែធ្នូ ដល់ខែកុម្ភៈនៃឆ្នាំនីមួយៗ ដើម្បីបំពេញលក្ខខណ្ឌតម្រូវរបស់ម្ចាស់ជំនួយនិងដើម្បីការពារ គម្រោងស្នើសុំជំនួយហិរញ្ញវត្ថុរបស់​ខ្លួន​សម្រាប់ឆ្នាំបន្ទាប់។



របាយការណ៍ដែលពួកគេតែងតែចេញផ្សាយបង្កប់ដោយរបៀបវារៈនយោបាយទុច្ចរិតពីក្រោយមានដូចជារបាយការណ៍បរិហារអំពីការរំលោភសិទ្ធិមនុស្ស កម្រិតលទ្ធិប្រជាធិប​តេយ្យ សេរីភាពបញ្ចេញមតិ សេរីភាពសារព័ត៌មាន លំហប្រជាធិបតេយ្យ​រួមតូច របៀបដឹកនាំបែបផ្តាច់ការ អំពើពុករលួយ និងបរិហារថាកម្ពុជាជាប្រទេសកាប់បំផ្លាញព្រៃឈើច្រើនជាង គេនៅ​លើពិភពលោក ឬបរិហារថាតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាមិនបំពេញតួនាទី ការរំលោភសិទ្ធិកាន់កាប់ដីធ្លី សិទ្ធិ​ជនជាតិដើមភាគតិចជាដើម។

ទាំងនេះគឺជាប្រធានបទដែលសមាគមនិងក្រុមអង្គការសង្គមស៊ីវិលទាំងជាតិនិងអន្តរជាតិអាចយកទៅរកលុយបានពីម្ចាស់ ជំនួយបរទេសមួយចំនួនដែលមានរបៀបវារៈនយោបាយ និង ប្រើប្រាស់ប្រធានបទទាំងនេះដើម្បីវាយប្រហារដាក់សម្ពាធ គាបសង្កត់​មកលើរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយគណបក្ស ប្រជាជនកម្ពុជា និងក៏ជាការបង្កើតអាវុធឱ្យក្រុម​គណបក្សប្រឆាំងយកមកប្រើប្រាស់ដើម្បីប្រឆាំងនឹងគណបក្សប្រជាជន កម្ពុជា ប្រឆាំងនឹងការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជន, ដើម្បីគោលដៅទាញទម្លាក់ជំនឿទុកចិត្តពលរដ្ឋមកលើការ​ដឹក​នាំរបស់សម្តេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា។ របាយការណ៍ដែលពួកគេចេញ ក៏ជា​លេសមួយដ៏​ល្អសម្រាប់ បរទេសប្ចាស់ជំនួយឆ្លៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជាក្រោមលេសពាំនាំនូវក្តីព្រួយបារម្ភនេះព្រួយបារម្ភ​នោះ​ក្នុងនាមពលរដ្ឋកម្ពុជា​មក​ឱ្យរាជរដ្ឋាភិបាលដោះស្រាយ។ តាមពិត នេះគឺជាយុទ្ធសាស្ត្រដែលបរទេសមួយចំនួនចាប់​ចង​ដៃរាជរដ្ឋាភិបាលដើម្បីឱ្យក្រុមបក្សប្រឆាំងនិងអង្គការសង្គមស៊ីវិលស៊ី ឈ្នួលខ្លួនវាយប្រហារមកលើរដ្ឋាភិបាល គណបក្ស​ប្រជាជន និងថ្នាក់ដឹកនាំដើម្បីសម្រេចទិសដៅនៃការផ្តួលរំលំរបបដឹកនាំនៅកម្ពុជាតាមវិធីសាស្ត្រទុច្ចរិតនិង​មធ្យោបាយ​មិនប្រជាធិបតេយ្យបដិវត្តន៍ពណ៌ ក្រោមលេស ដើម្បីសិទ្ធិមនុស្ស សេរីភាពនិងប្រជាធិបតេយ្យដែលសូម្បីតែ​បរទេសម្ចាស់​ជំនួយខ្លួនឯងក៏មិនអាចអនុវត្តបានឥតខ្ចោះក្នុង ប្រទេសរបស់ខ្លួនដែរ។ ពេលខ្លះ បរទេសខ្លះមកបង្រៀនមេរៀនលទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្សឱ្យកម្ពុជា ខណៈក្នុងប្រទេសខ្លួនឯងដោះស្រាយមិនចេញផងនោះ។

របាយការណ៍ដែលសមាគមនិងអង្គការសង្គមស៊ីវិលចេញ សុទ្ធតែត្រូវឆ្លងកាត់នូវការពិនិត្យ​ពីម្ចាស់ជំនួយ និងពេល​ខ្លះ​តម្រូវឱ្យ សមាគមនិងអង្គការសង្គមស៊ីវិលទទួលការគាំទ្រហិរញ្ញវត្ថុពីខ្លួន សរសេរតាមអ្វីដែលខ្លួនចង់បាន ឬកែតាមអ្វី​ដែលជាគោលដៅ របស់ខ្លួន។ របាយការណ៍មានចរិតនយោបាយនិងបំផ្លាញកម្ពុជា ដែលពួកគេបានធ្វើនិងចេញផ្សាយថ្មីៗ​នេះដូចជារបាយការណ៍អង្គភាពស៊ើបអង្កេតសេដ្ឋកិច្ច (EIU)  ដែលមានមូលដ្ឋាន​នៅចក្រភពអង់គ្លេសដាក់ចំណាត់ថ្នាក់កម្ពុជាជាប់លេខ១២១ ឬ ជា ប្រទេសមានរបបដឹកនាំតាមបែបផ្តាច់ការ, របាយការណ៍របស់ អង្គការតម្លាភាពកម្ពុជាថា​កម្ពុជាជា​​ប្រទេសដែលមានអំពើពុករលួយជាងលើពិភពលោក, របាយការណ៍របស់អង្គការសង្គមស៊ីវិលក្នុងស្រុកដូច​ជាអង្គការលីកាដូ អាដហុក និងអង្គការក្នុងស្រុកនានាដែលទទួល​លុយពីបរទេសថាកម្ពុជាគ្មានការគោរពសិទ្ធិមនុស្ស និងគ្មានលំហប្រជាធិបតេយ្យជា​ដើម​។​ របាយការណ៍ និងចំណាត់ ថ្នាក់ទាំងឡាយដែលពួកគេដាក់គឺស្ថិតនៅលើបបូរមាត់​និង​អារម្មណ៍​ប្រកបដោយអគតិរបស់ពួកគេចំពោះកម្ពុជា ចំពោះរាជរដ្ឋាភិបាល និងចំពោះថ្នាក់ដឹកនាំគណបក្ស​ប្រជាជនកម្ពុជា ដោយគ្មានឈរលើការពិតជាក់ស្តែង និងគ្មានមូលដ្ឋាន មិនគ្រប់ជ្រោយឡើយ។

គណបក្សប្រជាជនកម្ពុជានិងថ្នាក់ដឹកនាំរបស់ខ្លួនដែលបានដើរតួនាទីស្នូលក្នុងការរំដោះជាតិនិងប្រជាជនចេញពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម បញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជានាំយកសុខសន្តិភាពពេញលេញតាមរយៈនយោបាយឈ្នះឈ្នះ ដាក់ចុះដោយសម្តេចតេជោ ហ៊ុន សែន និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ប្រជាពលរដ្ឋរស់ក្នុងភាពសុខសាន្ត និងប្រកបដោយកេរ្តិ៍ឈ្មោះល្អ និងមោទកភាពបំផុត។

កម្ពុជាមានរូបភាពពីរគឺ ទី១-កម្ពុជានៅក្នុងក្រសែភ្នែកនិងចិត្តរបស់ក្រុមប្រឆាំងនិងក្រុមជនបរទេសមួយចំនួនជា​កម្ពុជា​ដែល គេបានលាបពណ៌ដ៏អាក្រក់សព្វបែបយ៉ាងក្នុងនោះញឹកញាប់ជាងគេលាបពណ៌មួលបង្កាច់ថាជាប្រទេសផ្តាច់ការ គ្មានលំហរប្រជាធិប​តេយ្យ គ្មានសេរីភាពសារព័ត៌មាននិងអង្គការក្រៅ រដ្ឋាភិបាលដើម្បីតែបម្រើផលប្រយោជន៍​​ភូមិសាស្ត្រ​នយោ បាយ និងទី២-កម្ពុជាពិតដែលពោរពេញដោយសុខសន្តិភាព ស្ថិរភាពនយោបាយ ការអភិវឌ្ឍ ការគោរពសិទ្ធិមនុស្ស សេរីភាពបញ្ចេញមតិ សេរីភាពសារព័ត៌មាន និងសេរីភាពនៃអង្គការក្រៅរដ្ឋាភិបាល មានប្រជាធិបតេយ្យដែលពេលខ្លះបក្ខ​ប្រឆាំង​និងអង្គការសង្គមស៊ីវិលខ្លះបំពានច្បាប់រហូតដល់បង្កអនាធិបតេយ្យផងដែរ។

កម្ពុជាក៏នៅតែជាឋានសួគ៌នៃអង្គការសង្គមស៊ីវិល ជាកន្លែងដែល បុគ្គលមួយចំនួនបង្កើត​សហគមន៍ សមាគមនិង​អង្គការមិនមែន រដ្ឋាភិបាលនានាដើម្បីទទួលប្រាក់ជំនួយបរទេស។ គិតត្រឹមខែធ្នូ ឆ្នាំ ២០២២ មានសមាគមនិងអង្គការ​មិនមែនរដ្ឋាភិបាលក្នុង ស្រុកតម្កល់សំណុំឯកសារ និងចុះបញ្ជីសរុបចំនួន ៦.១០៩ ក្នុងនោះសមាគមចំនួន ២.៦២៣ និង​អង្គការចំនួន ៣.៤៨៦។ ក្រោយច្បាប់ស្តីពីសមាគមនិងអង្គការចេញនៅឆ្នាំ២០១៥ រហូតមកដល់ខែមករានេះ ទិន្នន័យ​បានបង្ហាញថាមានសមាគមនិងអង្គការសរុប ១.៥៥៦ ត្រូវបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ។

បន្ថែមពីនេះចំអង្គការបរទេសជាង ៣០០ ត្រូវបានចុះបញ្ជីនៅក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ។ ដោយ​មិន​និយាយ ពីសមាគមនិងអង្គការសង្គមស៊ីវិលដែលធ្វើសកម្មភាពបម្រើមនុស្សធម៌ពិតប្រាកដ និង​មានអព្យាក្រឹតភាព​ផ្នែកនយោបាយ កន្លងទៅសមាគមនិងអង្គការសង្គមស៊ីវិលមួយចំនួនបានប្រព្រឹត្តខុសពីលក្ខន្តិកៈរបស់ខ្លួន និងបង្កើត​អំពើពុករលួយក្នុងការប្រើប្រាស់ថវិកាជំនួយ ព្រមទាំងបង្កើតបក្ខពួក និងប្រើប្រាស់ជំនួយបរទេសដើម្បីប្រឆាំងនឹងកម្ពុជា។

ដូច្នេះវាមិនមែនជារឿងចំលែកឡើយដែលក្រុមអង្គការសង្គមស៊ីវិលក្នុងស្រុក និងអង្គការអន្តរជាតិមួយចំនួនត្រូវចេញ​របាយការណ៍ប្រចាំឆ្នាំរបស់ខ្លួនលើប្រធានបទមួយចំនួនអំពីប្រទេសកម្ពុជា ព្រោះពួកគេធ្វើរបាយការណ៍អាក្រក់ពីកម្ពុជា​ដើម្បីប្តូរនឹងជំនួយបរទេស។ វាកាន់តែមិនចំលែកថែមទៀត ដែលរបាយការណ៍ពួកគេនឹងមិនអាចនិយាយ​ពីការពិត និងឆ្លុះបញ្ចាំងពីចំណុចវិជ្ជមានអំពីកម្ពុជាឡើយ ព្រោះពួកគេមិនអាចដើរឃ្លាតឆ្ងាយពីបន្ទាត់ទឹកប្រាក់ដែលម្ចាស់ជំនួយ​របស់ខ្លួនបាន កំណត់ឡើយ ព្រោះបើពួកគេសរសេរ​​របាយការណ៍កោតសរសើររាជរដ្ឋាភិបាលដែលបាន​ខិតខំថែរក្សាសុខ​សន្តិភាព កម្ពុជា​មានលំហប្រជាធិបតេយ្យ និងសេរីភាពយ៉ាងទូលំ ទូលាយបើប្រៀបធៀបនឹងបណ្តាប្រទេសនានាក្នុងតំបន់ និងលើពិភពលោក, កម្ពុជាទទួលបានជោគជ័យលើការចាក់វ៉ាក់សាំង ជួយសង្គ្រោះជីវិតមនុស្សពីជ្រោះមរណៈ, កម្ពុជាទទួល ភាពជោគជ័យក្នុងការរៀបចំ​គោលនយោបាយគាំពារសង្គមក្នុងបរិបទនៃវិបត្តិកូវីដ និងកម្ពុជាមានការអភិវឌ្ឍ​លើគ្រប់វិស័យ ជាដើមនោះ គឺសហគមន៍ សមាគម និងអង្គការមិនមែនរដ្ឋាភិបាលដែលតាំងខ្លួនជាតួឯកប្រជាធិបតេយ្យ សិទ្ធិមនុស្ស បរិស្ថានព្រៃឈើ តម្លាភាពទាំងនោះនឹងបាត់បង់នូវប្រភពគាំទ្រថវិកាសម្រាប់អង្គការសង្គមស៊ីវិល​របស់ខ្លួន​ជាក់ជាមិនខាន ហើយពួកគេក៏មិនមានអាចរកការងារដោយស្រួលគ្រាន់តែអង្គុយសរសេររបាយការណ៍​រិះគន់រដ្ឋាភិបាល វាយប្រហារគណបក្សប្រជាជនកម្ពុជាជាបក្សដឹកនាំអំណាច និងថ្នាក់ដឹកនាំ គណបក្សប្រជាជនទៀតដែរ។

ដូច្នេះពួកគេត្រូវតែបន្តលាបពណ៌ និយាយបំភ្លៃ បំផ្លើស បំភ័ន្ត និងបំប៉ោងផ្ទុយពីការពិតដែល កម្ពុជាមាន ក្រោមទិសស្លោក «គ្មានការបង្កាច់បង្ខូចកម្ពុជា និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល គឺគ្មានប្រាក់ជំនួយសម្រាប់ពួកគេ៕

ដោយចៅចាក់ស្មុក

រាជធានីភ្នំពេញ, ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣

No comments:

Post a Comment