Saturday, February 18, 2023

វិភាគអន្តរជាតិ៖ រុស្ស៉ី និងអ៉ីរ៉ង់, «បង្កើតសត្រូវរួម» ដើម្បីក្លាយជាមិត្ត


(វ៉ាស៊ីនតោន)៖ កាលពីខែកក្កដា ឆ្នាំ២០២២កន្លងទៅ នៅពេលដែលការវាយលុករបស់រុស្ស៉ីនៅអ៊ុយក្រែនជាប់គាំង ហើយអាវុធនៅក្នុងស្ដុកបានធ្លាក់ចុះ សហរដ្ឋអាមេរិក បានចោទប្រកាន់ថាអ៉ីរ៉ង់បានផ្គត់ផ្គង់យន្ដហោះដ្រូនឱ្យរុស្ស៉ី។ ភ្លាមៗនោះទីក្រុងតេហេរ៉ង់បានចេញមុខបដិសេធ ក៏ប៉ុន្តែក្រោយមក ការចោទប្រកាន់របស់អាមេរិកបានក្លាយជា ការពិត នៅពេលក្រុមមន្ត្រីអ៉ីរ៉ង់ទទួលស្គាល់ថាពិតជាបានលក់យន្ដហោះដ្រូនឱ្យទីក្រុងមូស្គូមែន តែធ្វើឡើងតាំងតែពីមុនសង្រ្គាមផ្ទុះឡើងមកម្ល៉េះ។ បើតាមសេតវិមាន នៅចន្លោះពីខែកញ្ញា និងខែវិច្ឆិកា ឆ្នាំដដែល រុស្ស៉ីបានទិញយន្ដហោះដ្រូនអត្តឃាត Shahed-136 ពីអ៉ីរ៉ង់រាប់រយគ្រឿង ហើយយោធារុស្ស៉ីបានប្រើយន្ដហោះដ្រូនទាំងនេះ ក្នុងការវាយប្រហារយ៉ាងមានប្រសិទ្ធភាពលើហេដ្ឋារចនាសម្ព័ន្ធថាមពលសំខាន់ៗនៅទូទាំងប្រទេសអ៊ុយក្រែន ដោយធ្វើឱ្យការផ្គត់ផ្គង់អគ្គិសនីស្ទើរតែជាងពាក់កណ្ដាលរបស់ អ៊ុយក្រែនត្រូវបានកាត់ផ្ដាច់ នាពេលនោះ។

មិនតែប៉ុណ្ណោះ យន្ដហោះដ្រូនទាំងនេះក៏បានជួយឱ្យរុស្ស៉ីកាត់បន្ថយការចំណាយមួយផ្នែក ខណៈធ្វើឱ្យអ៊ុយក្រែនត្រូវបង្កើនធនធានដើម្បីបាញ់ទម្លាក់យន្ដហោះដ្រូន។ តាមរយៈការចូលរួមរបស់អ៉ីរ៉ង់ វាបានធ្វើឱ្យទំនាក់ទំនងរវាងរុស្ស៉ី និងអ៉ីរ៉ង់កាន់តែមានភាពល្អប្រសើរឡើងគួរឱ្យកត់សម្គាល់។ ប្រទេសទាំង២ ធ្លាប់មានជម្លោះ និងសង្រ្គាម នឹងគ្នាជាច្រើនលើកកាលពីអតីតកាល ហើយសូម្បីតែខាងភូមិសាស្ត្រនយោបាយនៅស៊ីរី ក៏រុស្ស៉ី និងអ៉ីរ៉ង់ធ្វើកិច្ចសហប្រតិបត្តិការនឹងគ្នាទាំងដែលមានការខ្វែងគំនិតច្រើនជាង ការឯកភាពគ្នាដែរ។ ពិតណាស់ បច្ចុប្បន្នទំនាក់ទំនងរវាងរុស្ស៉ី និងអ៉ីរ៉ង់មិនទាន់មានភាពកក់ក្ដៅពិតប្រាកដក៏ពិតមែន ហើយបើទោះជាការបង្កើតសម្ព័ន្ធភាពផ្លូវការរវាង ប្រទេសទាំង២ នៅតែស្ថិតនៅលើផ្លូវដ៏វែងឆ្ងាយក៏ដោយ ក៏អ៉ីរ៉ង់ និងរុស្ស៉ីត្រូវបានគេមើលឃើញថាកាន់តែពង្រីកទំនាក់ទំនងនឹងគ្នារាប់ចាប់ពីសេដ្ឋកិច្ច នយោបាយ រហូតដល់ យោធា ដោយអាចទម្លាក់ចោលជាបណ្ដើរៗនូវការខ្វែងគំនិតគ្នា តាមរយៈការបង្កើត «សត្រូវរួមរបស់ពួកគេ» គឺសហរដ្ឋអាមេរិក និងលោកខាងលិច។

* «បង្កើតសត្រូវរួម»

ទំនាក់ទំនងនៃភាពជាដៃគូរវាងរុស្ស៉ី និងអ៉ីរ៉ង់ នៅតែជាផលិតនៃកាលៈទេសៈនៅឡើយ។ បានន័យថាទីក្រុងមូស្គូទំនងជានឹងមិនងាកមួយទំហឹងទៅរកអ៉ីរ៉ង់ដូចសព្វថ្ងៃទេ ប្រសិនបើគ្មានសង្រ្គាមអ៊ុយក្រែន។ សង្រ្គាមអ៊ុយក្រែនបានធ្វើឱ្យរុស្ស៉ីត្រូវជាប់ទណ្ឌកម្មពីសំណាក់លោកខាងលិច ដែលបានបង្កការលំបាកយ៉ាងខ្លាំងដល់ទីក្រុងមូស្គូ ក្នុងការស្វែងរកបរិក្ខារ បច្ចេកវិទ្យា និងវត្ថុធាតុដើមសំខាន់សម្រាប់ផលិតអាវុធថ្មីបន្ថែមសម្រាប់ទាហានរបស់ខ្លួន ដែលកំពុងប្រយុទ្ធនៅលើសមរភូមិ។ ចំណែកឯ អ៉ីរ៉ង់វិញក៏ កំពុងរងសម្ពាធពីខាងក្រៅដូចគ្នាដែរ។ ខណៈកិច្ចចរចាស្ដីពីការស្ដារកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ឡើងវិញ បានជាប់គាំងចាប់តាំងពីឆ្នាំ២០២១មក ទីក្រុងតេហេរ៉ង់ បានធ្លាក់ចូលទៅក្នុងភាពឯកោ និងទណ្ឌកម្មសេដ្ឋកិច្ចពីសហរដ្ឋអាមេរិក និងលោកខាងលិច។ ជាងនេះទៅទៀត បន្ថែមសម្ពាធពីលើភាពឯកោនេះ រដ្ឋាភិបាលទីក្រុងតេហេរ៉ង់ ក៏កំពុងក្រពុលមុខផងដែរ ដោយសារតែបាតុកម្មតវ៉ាដែលបានផ្ទុះឡើងដោយសារមរណភាពរបស់ស្ត្រីវ័យក្មេងម្នាក់ឈ្មោះ Mahsa Amini នៅក្រោមកណ្ដាប់ ដៃប៉ូលិសសីលធម៌អ៉ីរ៉ង់កាលពីខែកញ្ញា ឆ្នាំ២០២២។

សម្រាប់អ៉ីរ៉ង់ និងរុស្ស៉ី ទណ្ឌកម្មសេដ្ឋកិច្ចរបស់លោកខាងលិច បានធ្វើឱ្យពួកគេយល់ថាកំពុងជិះនៅលើទូកតែមួយ ដែលចាំបាច់ត្រូវតែពឹងផ្អែក និងជួយគ្នាទៅវិញទៅមក ដើម្បីកុំឱ្យទូកនេះលិច។ ជាឧទាហរណ៍ អ៉ីរ៉ង់អាចបង្រៀនរុស្ស៉ី ពីរបៀបរៀនរស់ ឬទប់ទល់នឹងទណ្ឌកម្មរបស់លោកខាងលិច ក្នុងនោះមានដូចជាការបង្កើតកិច្ចព្រមព្រៀង មួយចំនួនដែលមេដឹកនាំនៃប្រទេសទាំង២ បានពិភាក្សាគ្នា កាលពីខែឧសភា ឆ្នាំ២០២២ នោះគឺអ៉ីរ៉ង់នឹងនាំចូលដែកពីរុស្ស៉ី ដើម្បីដោះដូរជាមួយបរិក្ខាររថយន្ដ និងតួប៊ីនឧស្ម័ន។ អ៉ីរ៉ង់មានរោងចក្រផលិតអាវុធជាច្រើនដែលខ្លួនបានអភិវឌ្ឍឡើងក្នុងពេលកំពុងជាប់ទណ្ឌកម្មលោកខាងលិច និងអាចផ្គត់ផ្គង់អាវុធសម្រាប់រុស្ស៉ី ដែលឥលូវ ជាបានក្លាយជាទីផ្សារដ៏សំខាន់មួយសម្រាប់វិស័យយោធាអ៉ីរ៉ង់។ ដោយឡែក ចំពោះរុស្ស៉ីវិញ រុស្ស៉ីមានសន្លឹកបៀដ៏សំខាន់នៅក្នុងដៃ ដែលអាចការពារអ៉ីរ៉ង់នៅឯ អង្គការសហប្រជាជាតិ (UN) នោះគឺ «អំណាចវេតូ» នៅក្នុងករណីដែលសំណុំរឿងនុយក្លេអ៊ែរអ៉ីរ៉ង់ត្រូវបានលោកខាងលិច ឬសហរដ្ឋអាមេរិកលើកយកទៅដោះស្រាយនៅឯ ក្រុមប្រឹក្សាសន្តិសុខ UN។

ប៉ុន្តែ នេះមិនមែនមានន័យថាភាពជាដៃគូរវាងរុស្ស៉ី និងអ៉ីរ៉ង់ នឹងដំណើរការទៅដោយរលូននោះទេ។ រុស្ស៉ី និងអ៉ីរ៉ង់នៅតែមានបញ្ហាស្មុគស្មាញនឹងគ្នាជាច្រើនដែលអាចធ្វើឱ្យ ល្អក់កករដល់ទំនាក់ទំនងគ្រប់ពេលវេលា។ នៅត្រង់ចំណុចនេះ​ រុស្ស៉ីត្រូវព្យាយាមរក្សាតុល្យភាពទំនាក់ទំនងទាំងជាមួយអ៉ីរ៉ង់ និងអ៉ីស្រាអែល រួមទាំងទំនាក់ទំនងជាមួយ បណ្ដាប្រទេសអារ៉ាប់ដែលជាគូសត្រូវរបស់អ៉ីរ៉ង់ ព្រមទាំងត្រូវដោះស្រាយបញ្ហាមួយចំនួនទៀតដូចជាខាងវិស័យថាមពលផងដែរ។ នៅក្រោយ លោកខាងលិចបង្កើនការដាក់ ទណ្ឌកម្មលើរុស្ស៉ី ទីក្រុងមូស្គូបានបង្កើនការលក់ប្រេងរបស់ខ្លួនទៅឱ្យចិន ដែលនេះជាការកាត់មុខ និងធ្វើឱ្យការលក់ប្រេងដែលជាប្រភពចំណូលដ៏សំខាន់របស់អ៉ីរ៉ង់ មានការថយចុះ ហើយតម្រូវឱ្យអ៉ីរ៉ង់ត្រូវបញ្ចុះតម្លៃប្រេងរបស់ខ្លួនជាការឆ្លើយតបទៀតផង។

តែទោះជាយ៉ាងណាក៏ដោយ អ៉ីរ៉ង់ និងរុស្ស៉ី ហាក់ដូចជាកំពុងឈានទៅរកច្រកចេញ ដោយពួកគេព្យាយាមធ្វើការជាមួយគ្នានៅពេលដែលធ្វើការជាមួយគ្នាបាន ឬមាន ប្រយោជន៍ទាំងសងខាង ដោយទុកការខ្វែងគំនិតគ្នាមួយឡែកសិន។ នេះជាអ្វីដែលរុស្ស៉ី និងអ៉ីរ៉ង់អាចនឹងបន្តអនុវត្ត ដើម្បីប្រយុទ្ធប្រឆាំងនឹងឥទ្ធិពលលោកខាងលិច ជម្នះភាពឯកោ និងបង្កើតក្រុមចម្រុះជំនួសសណ្ដាប់ធ្នាប់ដឹកនាំដោយអាមេរិក នៅពេលដែលអាចធ្វើទៅបាន។ រុស្ស៉ី និងអ៉ីរ៉ង់ប្រហែលជាមិនទុកចិត្ត ឬក៏ចូលចិត្តគ្នា ទៅវិញទៅមកក៏ថាបាន ប៉ុន្តែពួកគេដឹងច្បាស់ថាតើត្រូវសហការគ្នារបៀបណាដែលអាចផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ប៉ុន្មានឆ្នាំទៅមុខ៕

(Fresh News)



No comments:

Post a Comment